អ្នកទាំងអស់គ្នា មិនថាក្មេងចាស់ប្រុសស្រី តែងមានអារម្មណ៍ខឹងតាមពេលវេលា។ តាមធម្មតា អារម្មណ៍ពេលខឹងគឺជាអារម្មណ៍ដែលគួរឲ្យខ្លាចជាទីបំផុត។ កំហឹងអាចនឹងកើតឡើងគ្រប់ពេលវេលា ជួនកាលពេលស្ទះចរាចរណ៍ ពេលការងារធ្វើមិនសម្រេច ឬមានជម្លោះក្នុងគ្រួសារជាដើម។ ពេលអ្នកខឹង អ្នកមិនត្រឹមតែបានបំផ្លាញសុខភាពផ្លូវចិត្តរបស់អ្នកទេ តែអ្នកថែមទាំងអាចបំផ្លាញទំនាក់ទំនងល្អៗណាមួយដែលមានជាមួយអ្នកជុំវិញខ្លួនទៀតផង។ ហេតុនេះហើយបានជាការគ្រប់គ្រងអារម្មណ៍ កំហឹង គឺជារឿងសំខាន់ដែលអ្នកគួរតែបានដឹងនិងធ្វើ ដើម្បីជាប្រយោជន៍ដល់ខ្លួនអ្នកផង និង មនុស្សជុំវិញខ្លួនផង។ អត្ថបទខាងក្រោមនេះនឹងបា្រប់អ្នកពីវិធីខ្លះៗអាចជួយឲ្យទប់កំហឹងបាន។
- ស្វែងរករឿងផ្សេងមកគិតជំនួសវិញ
ជាជាងយករឿងដែលធ្វើឲ្យអ្នកខឹងនោះយកមកគិតជារឿយៗ អ្នកគួរស្វែងរកដំណោះស្រាយសម្រាប់វា ឬក៏គ្រាន់តែងាកទៅគិតរឿងល្អៗផ្សេងវិញ។ អ្នកគួរធ្វើយ៉ាងណាឲ្យខ្លួនឯងរវល់ធ្វើការងារនេះនោះ ហើយធ្វើបែបនេះគឺជួយឲ្យអ្នកបំភ្លេចអារម្មណ៍ខឹងបានចាប់ជាងគេ។
- គួរសម្រាកមួយភ្លែត
ជួនកាល ការខឹងក៏អាចកើតឡើងពីភាពធុញថប់ដែរ ហេតុនេះ ពេលខ្លះអ្នកគួរតែសម្រាក គេចចេញពីការគិតបានមួយរយៈ។ អ្នកអាចក្រោកដើរទៅខាងក្រៅ ស្រូបយកខ្យល់បរិសុទ្ធ ស្តាប់ចម្រៀង ឬទៅកន្លែងស្ងាត់។ អ្នកធ្វើយ៉ាងណាក៏បានដែលជាទម្លាប់និងវិធីសាស្ត្ររបស់អ្នក។
- អត់ទោសឲ្យ ឬបើអាចគួរបំភ្លេចវាចោលតែម្តងទៅ
ជួនកាល ការអត់ទោសឲ្យគឺជាឱសថដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលកំហឹងនិងអារម្មណ៍មិនល្អណាមួយ។ បើសិនជាអ្នកឲ្យគំនិតអវិជ្ជមានរបស់អ្នកគ្រប់ដណ្តប់លើខ្លួនឯងនោះ អ្នកនឹងមិនមានសេចក្តីស្ងប់នោះទេ។ កំហឹង ការឈឺចាប់ និងអារម្មណ៍មិនល្អផ្សេងៗនឹងកើតឡើងចំពោះអ្នកជាលំដាប់។ មិនតែប៉ុណ្ណោះ ទាំងសងខាងនឹងរៀនបានមេរៀនជីវិតមួយយ៉ាងសំខាន់។
- និយាយប្រាប់មនុស្សដែលអ្នកទុកចិត្ត
ការចែករំលែង ការនិយាយចេញមកក្រៅ ការបង្ហាញពីអារម្មណ៍របស់អ្នក គឺជាវិធីដ៏ល្អមួយក្នុងការបញ្ឈប់កំហឹង។ ពេលដែលបានប្រាប់នរណាម្នាក់ឲ្យដឹងហើយ អ្នកនឹងមានអារម្មណ៍ធូស្រាល ហើយអាចនឹងធូស្រាលបានច្រើនបើសិនជាអ្នកស្តាប់នោះបង្ហាញកាយវិការអាណិត ឬការចង់ជួយណាមួយ។ ចែករំលែកជាមួយមនុស្សដែលយើងទុកចិត្តគឺជាការល្អយ៉ាងខ្លាំង។
- ដកដង្ហើមវែងៗ និងសម្រាកចិត្តរបស់អ្នក
នេះមានន័យថា ពេលអារម្មណ៍មិនល្អណាមួយក្នុងខ្លួនកើតឡើង អ្នកត្រូវដឹងពីវិធីធ្វើឲ្យចិត្តបានស្ងប់។ តាមការសិក្សាបានបង្ហាញថា ការដកដង្ហើមវែងៗ ការធ្វើសមាធិចិត្តគំនិត ការស្រមើស្រមៃ ក៏ជាវិធីល្អក្នុងការបង្ក្រាបកំហឹងបានយ៉ាងល្អដែរ។
- ផ្លាស់ប្តូរការគិតមកវិជ្ជមានវិញ
ជំនួសឲ្យការគិតតែអំពីបញ្ហា រឿងអវិជ្ជមាន អ្នកគួរផ្លាស់ប្តូរការគិតរបស់អ្នកបន្តិចម្តងៗ។ ការគិតមកជាវិជ្ជមានវិញបានគឺជាវីធីសាស្ត្រដ៏ល្អក្នុងការព្យាបាលកំហឹង។ បន្ទាប់ពីបន្ធូរអារម្មណ៍ខ្លះបានហើយ អ្នកក៏គួរតែពិភាក្សា ឬក៏និយាយជាមួយខ្លួនឯងពិបញ្ហាដែលបានកើតឡើង និងស្វែងរកដំណោះស្រាយផង។ ពេលបាននិយាយជាមួយខ្លួនឯង អ្នកប្រាកដជាមានអារម្មណ៍ធូរស្បើយមិនខាន។