Untitled-1 (18)

តើធ្វើយ៉ាងណាអាចគ្រប់គ្រងអារម្មណ៍ខឹងរបស់អ្នកបាន?

អ្នក​ទាំង​អស់​គ្នា មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី តែង​មាន​អារម្មណ៍​ខឹង​តាម​ពេល​វេលា។ តាម​ធម្មតា អារម្មណ៍​ពេល​ខឹង​គឺ​ជា​អារម្មណ៍​ដែល​គួរ​ឲ្យ​ខ្លាច​ជា​ទី​បំផុត។ កំហឹង​អាច​នឹង​កើត​ឡើង​គ្រប់​ពេល​វេលា ជួន​កាល​ពេល​ស្ទះ​ចរាចរណ៍ ពេល​ការ​ងារ​ធ្វើ​មិន​សម្រេច ឬមាន​ជម្លោះ​ក្នុង​គ្រួសារជាដើម​។ ពេល​អ្នក​ខឹង អ្នក​មិន​ត្រឹម​តែ​បាន​បំផ្លាញ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ទេ តែ​អ្នក​ថែម​ទាំង​អាច​បំផ្លាញ​ទំនាក់​ទំនង​ល្អ​ៗ​ណា​មួយ​ដែល​មាន​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​​ការ​គ្រប់​គ្រង​អារម្មណ៍ កំហឹង គឺ​ជា​រឿង​សំខាន់​ដែល​អ្នក​គួរ​តែ​បាន​ដឹង​និង​ធ្វើ ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​អ្នក​ផង និង មនុស្ស​ជុំវិញ​ខ្លួន​ផង។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បា្រប់​អ្នក​ពី​វិធី​ខ្លះ​ៗ​អាច​ជួយ​ឲ្យ​ទប់​កំហឹង​បាន។

  1. ស្វែង​រក​រឿង​ផ្សេង​មក​គិត​ជំនួស​វិញ

ជាជាង​យក​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ខឹង​នោះ​យក​មក​គិត​ជា​រឿយៗ អ្នក​គួរ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​វា ឬ​ក៏​គ្រាន់​តែ​ងាក​ទៅ​គិត​រឿងល្អៗ​ផ្សេង​វិញ។ អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​រវល់​ធ្វើ​ការងារ​នេះ​នោះ ហើយ​ធ្វើ​បែប​នេះ​គឺ​ជួយ​ឲ្យ​អ្នក​បំភ្លេច​អារម្មណ៍​ខឹង​បាន​ចាប់​ជាង​គេ។

  1. គួរ​សម្រាក​មួយ​ភ្លែត

ជួន​កាល​ ការ​ខឹង​ក៏​អាច​កើត​ឡើង​ពីភាព​ធុញ​ថប់​ដែរ ហេតុ​នេះ ពេល​ខ្លះ​អ្នក​គួរ​តែ​សម្រាក គេច​ចេញ​ពី​ការ​គិត​បាន​មួយ​រយៈ។ អ្នក​អាច​ក្រោក​ដើរ​ទៅ​ខាង​ក្រៅ ស្រូប​យក​ខ្យល់​បរិសុទ្ធ ស្តាប់​ចម្រៀង ឬទៅ​កន្លែង​ស្ងាត់។ អ្នក​ធ្វើ​យ៉ាង​ណា​ក៏​បាន​ដែល​ជា​ទម្លាប់​និង​វិធីសាស្ត្រ​របស់​អ្នក។

  1. អត់​ទោស​ឲ្យ ឬ​បើ​អាច​គួរ​បំភ្លេច​វា​ចោល​តែ​ម្តង​ទៅ

ជួនកាល​ ការ​អត់​ទោស​ឲ្យ​គឺ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​កំហឹង​និង​អារម្មណ៍​មិន​ល្អ​ណា​មួយ។ បើ​សិន​ជា​អ្នក​ឲ្យ​គំនិត​អវិជ្ជមាន​របស់​អ្នក​គ្រប់​ដណ្តប់​លើ​ខ្លួន​ឯង​នោះ អ្នក​នឹង​មិន​មាន​សេច​ក្តី​ស្ងប់​នោះ​ទេ។ កំហឹង​ ការឈឺចាប់ និង​អារម្មណ៍​មិន​ល្អ​ផ្សេងៗ​នឹង​កើត​ឡើង​ចំពោះ​អ្នក​ជា​លំដាប់។ មិន​តែ​ប៉ុណ្ណោះ ទាំង​សង​ខាង​នឹង​រៀន​បាន​មេរៀន​ជីវិត​មួយ​យ៉ាង​សំខាន់។

  1. និយាយ​ប្រាប់​មនុស្ស​ដែល​អ្នកទុក​ចិត្ត

ការ​ចែក​រំលែង ការ​និយាយ​ចេញ​មក​ក្រៅ ការ​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បញ្ឈប់​កំហឹង។ ពេល​ដែល​បាន​ប្រាប់​នរណា​ម្នាក់​ឲ្យ​ដឹង​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ធូ​ស្រាល ហើយ​អាច​​នឹង​ធូ​ស្រាល​បាន​ច្រើន​បើ​សិន​ជា​អ្នក​ស្តាប់​នោះ​បង្ហាញ​កាយ​វិការ​អាណិត ឬ​ការ​ចង់​ជួយ​ណា​មួយ។ ចែក​រំលែក​ជា​មួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត​គឺ​ជា​ការ​ល្អ​យ៉ាង​ខ្លាំង។

  1. ដក​ដង្ហើម​វែង​ៗ និង​សម្រាក​ចិត្ត​របស់​អ្នក​

នេះ​មាន​ន័យ​ថា ពេល​អារម្មណ៍​មិនល្អ​ណា​មួយ​ក្នុង​ខ្លួន​កើត​ឡើង អ្នក​ត្រូវ​ដឹង​ពី​វិធី​ធ្វើ​ឲ្យ​ចិត្ត​បាន​ស្ងប់។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ដក​ដង្ហើម​វែងៗ ការ​ធ្វើ​សមាធិ​ចិត្ត​គំនិត ការ​ស្រមើ​ស្រមៃ​ ក៏​ជា​វិធី​ល្អ​ក្នុង​ការ​បង្ក្រាប​កំហឹង​បាន​យ៉ាង​ល្អ​ដែរ។

  1. ផ្លាស់​ប្តូរ​ការ​គិត​មក​វិជ្ជមាន​វិញ

ជំនួស​ឲ្យ​ការ​គិតតែ​អំពី​បញ្ហា រឿង​អវិជ្ជមាន​ អ្នក​គួរ​ផ្លាស់​ប្តូរ​ការ​គិត​របស់​អ្នក​បន្តិច​ម្តង​ៗ។ ការ​គិត​មក​ជា​វិជ្ជមាន​វិញ​បាន​គឺ​ជា​វីធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​កំហឹង។ បន្ទាប់​ពី​បន្ធូរ​អារម្មណ៍​ខ្លះ​បាន​ហើយ អ្នក​ក៏​គួរ​តែ​ពិភាក្សា ឬ​ក៏​និយាយ​​ជា​មួយ​ខ្លួន​ឯង​ពិ​បញ្ហា​ដែល​បាន​កើត​ឡើង និង​ស្វែង​រក​ដំណោះ​ស្រាយ​ផង។ ពេល​បាន​និយាយ​ជា​មួយ​ខ្លួន​ឯង អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ធូរ​ស្បើយ​មិន​ខាន។

Post By ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered