Untitled-1 (16)

កំហុសអចេតនា៥យ៉ាងដែលឪពុកម្តាយធ្វើចំពោះកូន

នៅលើលោកនេះ គ្មានឪពុកម្តាយឯណាមិនស្រលាញ់កូនរបស់ខ្លួននោះទេ ហើយក៏គ្មានឪពុកម្តាយឯណាដែលចង់ឲ្យកូនរបស់ខ្លួនអាក្រក់នោះដែរ។ ប៉ុន្តែអ្វីៗដែលពួកគាត់បានធ្វើចំពោះកូនមិនមែនសុទ្ធតែត្រូវដូចគ្នា ពេលខ្លះអាចខុសដោយអចេតនា ហើយពេលខ្លះទៀតអាចនឹងមិនដឹងថាអ្វីដែលពួកគាត់កំពុងធ្វើគឺជាកំហុសឡើយ។

ខាងក្រោមនេះជាកំហុសមួយចំនួនដែលឪពុកម្តាយភាគច្រើនបានធ្វើ៖

១.​ ធ្វើគ្រប់យ៉ាងជំនួសកូនៗរបស់ខ្លួន

ពួកគាត់តែងតែមិនចង់ឲ្យកូនជួបប្រទះការលំបាកទេ គាត់តែងតែដោះស្រាយបញ្ហាជំនួសកូនជានិច្ច។ ការធ្វើបែបនេះល្អតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែទៅថ្ងៃអនាគតពួកគាត់មិនអាចដោះស្រាយបញ្ហាទាំងនោះជំនួសកូនៗរបស់គាត់ទៀតទេ ដូច្នេះហើយប្រសិនបើអ្នកស្រលាញ់កូនរបស់អ្នកយ៉ាងពិតប្រាកដ អ្នកគួរបណ្តោយឲ្យគេធ្វើ ឲ្យគេដួល ឲ្យគេចេះរកវិធីដោះស្រាយបញ្ហា ធ្វើបែបនេះអាចឲ្យគេដឹងថា លំបាក ស្រណុកយ៉ាងណា ហើយអាចក្លាយជាមនុស្សម្នាក់ដែលអាចធ្វើអ្វីៗដោយខ្លួនឯងបាន។

២. មិនចង់លឺពីចំណុចអាក្រក់របស់កូនខ្លួន

ពេលលឺអ្នកដ៏ទៃនិយាយមិនល្អពីកូនរបស់ខ្លួន មិនពិចារណាអ្វីច្រើនទេ គឺគិតតែពីខឹងតែម្តង។ មិនទទួលស្គាល់ពីចំណុចខ្សោយរបស់កូនខ្លួនឯង តែប្រសិនបើអ្នកជាឪពុកម្តាយប្រភេទនេះ សូមកែទម្លាប់ទាំងនេះចេញទៅ ព្រោះថាយើងគួរតែទទួលស្គាល់នូវចំណុចមិនល្អរបស់កូនហើយគួរជួយកែនូវចំណុចទាំងនោះជាការល្អជាង។

៣. តឹងរឹងខ្លាំងពេក

ពេលខ្លះការតឹងរឹងខ្លាំងពេកមិនមែនជាការល្អនោះឡើយ យើងគួរបណ្តោយតាមអ្វីដែលគេចង់ធ្វើខ្លះ។ លើសពីនេះទៅទៀត ពេលខ្លះ ឪពុកម្តាយគួរតែធ្វើខ្លួនដូចជាមិត្តភក្តិរបស់កូនផងដែរ។ ពួកគាត់អាចចំណាយពេលលេងសើចជាមួយកូន ធ្វើឲ្យកូនមានអារម្មណ៍ថាជិតស្និត និងកក់ក្តៅ។ ពេលនោះកូនក៏អាចនិយាយរឿងនៅក្នុងចិត្ត ឬរឿងផ្ទាល់ខ្លួនគ្រប់យ៉ាងរបស់ពួកគេឲ្យឪពុកម្តាយស្តាប់ នេះក៏ជាវិធីសាស្ត្រមួយដែលជួយឲ្យឪពុកម្តាយដឹងពីរឿងរ៉ាវរបស់កូន ហើយអាចផ្តល់យោបល់ល្អៗដល់កូនរបស់ពួកគេផងដែរ។

៤.  មិនជឿជាក់លើកូនរបស់ខ្លួន

កំហុសដ៏ធំរបស់ឪពុកម្តាយគឺមិនមានភាពជឿជាក់លើកូន មិនសរសើរកូននៅពេលដែលកូនធ្វើអ្វីមួយបានល្អ ចូលចិត្តបន្តុះបង្អាប់កូននៅមុខអ្នកដ៏ទៃ។ អ្វីទាំងនេះអាចថាជាការលេងសើច តែវាពិតមានឥទ្ធិពលខ្លាំងណាស់មកដល់កូនៗរបស់ខ្លួន ព្រោះនៅពេលដែលឪពុកម្តាយធ្វើបែបនេះ ធ្វើឲ្យកូនបាក់ទឹកចិត្ត។ ក្នុងនាមជាឪពុកម្តាយ គួរតែគាំទ្រ ផ្តល់កម្លាំងចិត្តដល់កូន និងជឿជាក់លើសមត្ថភាពរបស់កូនខ្លួន ទើបជាការល្អ។

៥.  បង្ខំកូនឲ្យធ្វើអ្វីតាមខ្លួន

មនុស្សភាគច្រើនចូលចិត្តចង់ឲ្យកូនខ្លួនធ្វើអ្វីតាមចិត្តរបស់ខ្លួន ដឹងហើយថាពួកគាត់ចង់ឲ្យកូនដើរផ្លូវត្រូវ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងត្រូវគោរពនូវការសម្រេចចិត្តរបស់កូនដែរ។ ឧទាហរណ៍ អ្នកខ្លះយល់ថាធ្វើពេទ្យបានលុយច្រើនទៅថ្ងៃមុខ ក៏ប្រាប់ឲ្យកូនរៀនពេទ្យ។ ទង្វើបែបនេះពិតជាមិនត្រឹមត្រូវទេ ព្រោះជីវិតគឺជារបស់កូន គេមានសិទ្ធក្នុងការជ្រើសរើសអ្វីដែលគេពេញចិត្ត ព្រោះបើគេធ្វើអ្វីមួយដោយបង្ខំ គេមិនអាចទទួលបានលទ្ធផលល្អនោះទេ។

ដោយ ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered