Untitled-2

ជា ច័ន្ទរក្សា សិស្សពូកែគណិតវិទ្យា

ខេត្តសៀមរាប គឺជាទឹកដីនៃតំបន់ទេសចរណ៍មួយ ដែលសំបូរទៅដោយរមណីយដ្ឋានប្រវត្តិសាស្ត្រ និង ប្រាង្គប្រាសាទបុរាណជាច្រើនពោលគឺ ប្រាសាទអង្គរវត្តដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ បុព្វបុរសខ្មែរតាំងពីយូរលង់ណាស់មកហើយ និងជាតំណាងឱ្យជាតិខ្មែរ ជាពិសេសវាជាសម្បត្តិវប្បធម៌ បេតិកភណ្ឌពិភពលោក ។

ថ្មីៗនេះ នៅក្នុងវិទ្យាល័យអង្គរ មានកុមារីម្នាក់ ឈ្មោះ ជា ច័ន្ទរក្សា រៀននៅថ្នាក់ទី  ១២ ច មានអាយុ ប្រហែល ១៧ ឆ្នាំ  រស់នៅក្នុងគ្រួសារជីវភាពមធ្យម ក្នុងខេត្តសៀមរាប ដែលមានបងប្អូន ២នាក់  (ស្រីទាំងពីរ ) នាងជាកូនទី១។ ឪពុកនាងឈ្មោះ  ជា  វុទ្ឋី  ជាគ្រូបង្រៀនថ្នាក់ទី ៨ មុខវិជ្ជាគណិតវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ រីឯម្តាយនាងឈ្មោះ  ទឹម  ង៉ាក់ ជាមេផ្ទះ  ។

កាលពីឆ្នាំមុនៗ នាងរៀនមិនសូវពូកែ មុខវិជ្ជាគណិតវិទ្យាទេ  តែក្រោយមក  ឪពុកនាងបានប្រាប់ថា  ឱ្យតែកូនខិតខំតស៊ូប្រឹងប្រែងតស៊ូរៀនសូត្រ  ព្យាយាមសិក្សាស្រាវជ្រាវ  ធ្វើលំហាត់ដែលគ្រូដាក់ឱ្យ នោះកូននឹងរៀនបានពូកែ  មុខវិជ្ជានេះជាមិនខាន ។  គួបផ្សំនឹងទស្សនៈអគតិមួយចំនួនដែលបានលើកឡើងថា  ៖

–   ស្រ្តីខំប្រឺងរៀនសូត្រពូកែក៏គ្មានបានធ្វើអ្វី  ធ្វើការក៏មិនបានធំដុំដូចបុរសដែរ

–   ស្រ្តីវិលជុំវិញចង្ក្រាន   មានន័យថា ជានិច្ចកាល នៅតែចង្ក្រានបាយ

–   ពឹងផ្អែកតែលើបុរស ស្ត្រីបានត្រឹមតែមើលកូន និង បំបៅកូន

–    សក់វែងបញ្ញាខ្លី  សក់ខ្លីបញ្ញាវែង  មានន័យថា ស្ត្រីបញ្ញាអន់រៀនមិនបានពូកែដូចបុរស

ទន្ទឹមនឹងនេះ  នាងក៏មានចម្ងល់គិតថា ៖  ប្រុសៗអាចរៀនពូកែគណិតវិទ្យា  ចុះហេតុអ្វីបានជាស្រីៗ មិនអាច រៀន ពូកែគណិតវិទ្យា ដូចប្រុសៗនោះ ?  ហើយការរៀនពូកែ បណ្តាលមកពីពូជ  ប្ញុ មកពីការខិតខំ ប្រឹងប្រែងសិក្សា។ តាមរយៈនៃការពន្យល់ណែនាំរបស់ឪពុក ចម្ងល់ និងការឈឺចាប់ចំពោះទស្សនៈអគតិខាងលើ  បានធ្វើឱ្យកុមារី ជា ច័ន្ទរក្សា មានឆន្ទៈពុះកញ្ជ្រោល ហើយប្រែក្លាយការឈឺចាប់ឱ្យទៅជាការខិតខំប្រឹងប្រែងតស៊ូ ព្យាយាមរៀនសូត្រ  ដោយជំនះបាននូវរាល់ការលំបាកគ្រប់បែបយ៉ាង។ ក្នុងនោះនាងបានសិក្សាស្រាវជ្រាវរាល់ ឯកសារនានា  វិញ្ញាសាគ្រប់ ប្រភេទ ពីលោកគ្រូ អ្នកគ្រូ  ជាពិសេស នាងបានរៀននៅសាលារដ្ឋ រៀនគួរ  ស្វ័យសិក្សានៅផ្ទះ និង បើកក្លឹបជួយ បង្រៀនមិត្តភក្តិនៅផ្ទះទៀត  ហើយចំណុចណាដែលនាងមិនយល់  នាងតែងតែកត់ត្រាទុកនូវចម្ងល់ទាំង នោះ ដើម្បី សួរ លោកគ្រូ អ្នកគ្រូឱ្យជួយពន្យល់បកស្រាយ ។  ម្យ៉ាងទៀត  រាល់ពេលដែលនាងសិក្សារៀនសូត្រ នាងតែង តែ ហ្វឹកហាត់ធ្វើលំហាត់ដោយខ្លួនឯងនៅផ្ទះ និងសាកសួរគ្រូជា ប្រចាំ  ហើយនាងតែងតែបានចូលរួមយ៉ាងសកម្មក្នុងការសិក្សាជាមួយមិត្តភក្តិទាំងនៅក្នុងថ្នាក់ និងនៅក្នុងក្រុម ព្រមទាំង ជួយពន្យល់ណែនាំដល់សិស្សផ្សេងៗទៀត។ ជាពិសេស លោកគ្រូទទួលបន្ទុកមុខវិជ្ជាគណិតវិទ្យា បានដាក់លំហាត់បន្ថែម ឱ្យនាងធ្វើនៅផ្ទះ ។

ក្រៅពីការសិក្សារៀនសូត្រ នាងតែងតែឆ្លៀតជួយធ្វើការងារឪពុកម្តាយនៅផ្ទះពេលម៉ោងទំនេរ   ដូចជា ជួយរៀបចំបរិស្ថានក្នុងផ្ទះ និងក្រៅផ្ទះឱ្យបានស្អាត។  តាមដានលទ្ឋផលនៃការសិក្សារបស់ប្អូនស្រី ជួយរៀបចំចាត់ចែងបាយ ទឹក ម្ហូបអារហារ មើលថែទាំដាក់ចំណីឱ្យមាន់ ទា និង ស្រោចទឹកដំណាំជុំវិញផ្ទះ  ។

លើសពីនេះ នាងតែងតែឆ្លៀតស្វ័យសិក្សារាល់ពេលយប់ចាប់ពីម៉ោង ២០ ៖ ០០ ដល់ ម៉ោង ២២ ៖ ០០ ថែមទៀត។ កុមារី  ជា  ច័ន្ទរក្សា  មិនមែនត្រឹមតែរៀនពូកែ មុខវិជ្ជាគណិតវិទ្យាប៉ុណ្ណោះ ទេ តែនាងថែម ទាំងរៀន បានពិន្ទុល្អមុខវិជ្ជាផ្សេងៗទៀត  ជាពិសេស មុខវិជ្ជាភាសាខ្មែរ  ។

នៅដំណាត់ឆមាសទី ១ នាឆ្នាំសិក្សា ២០១០ – ២០១១ បាន​បង្ហាញឱ្យ ឃើញថា  នាងបានទទួល ចំណាត់ ថ្នាក់ លេខ ១  មាននិទ្ទេសល្អ ហើយពិន្ទុមធ្យមភាគ ៤៣.១៤  និង ប្រឡង ជាប់ជាសិស្ស ពូកែ មុខវិជ្ជា គណិតវិទ្យា ប្រចាំខេត្តសៀមរាប ។

លទ្ឋផលនៃការសិក្សាខាងលើនេះ គឺបានប្រឆាំងតបទៅនឹងគំនិត/ទស្សនៈអគតិមួយចំនួនដែលពោល ខាងលើ ពិសេស លទ្ឋផលនៃការសិក្សានេះ  បានរីកសាយភាយដល់អ្នកជិតខាង  ឪពុកម្តាយ  នាយកសាលា និង លោកគ្រូ អ្នកគ្រូផ្សេងៗទៀត  ហើយបានធ្វើឱ្យនាងមានអារម្មណ៍សប្បាយរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន រីឯឪពុកម្តាយរបស់នាងក៏សប្បាយចិត្តណាស់ដែរ ដោយឃើញកូនរៀនពូកែ  ហើយក៏បានលើកទឹកចិត្តនាងឱ្យ ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត។ នាពេលអនាគត បើសិនជានាងមានឱកាសប្រឡងជាប់អាហា រូបករណ៍ បានទៅរៀននៅបរទេស  នាងនឹងជ្រើសរើសមុខវិជ្ជាពេទ្យដើម្បីមកបម្រើដល់សុខុមាលភាពរបស់ ប្រជាជនកម្ខុជា  ។

ជាចុងក្រោយ  កុមារី  ជា  ច័ន្ទរក្សា  នាងមានគំនិតចង់ផ្តាំផ្ញើ ដល់ប្អូនៗជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែង រៀនសូត្រឱ្យបានពូកែ បើទោះបីយើងជាស្រីក៏ដោយតែបើយើងប្រឹងប្រែងរៀនសូត្របន្តនោះ​ យើង​នឹងអាច ពូកែ និង ទទួលបាននិទ្ទេសល្អ  ចៀសវាងការចំណាយពេលវេលាខ្ជះខ្ជាយ  ខ្ជិល  ដើរលេងឥតប្រយោជន៍ សេពគប់ មិត្តអាក្រក់ ជក់គ្រឿងញៀន មានស្នេហានាំឱ្យ ក្លាយជាជនអនាថា គ្មានគោលដៅ ។

លើសពីនេះទៅទៀតកុមារី  ជា  ច័ន្ទរក្សា បានសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា  សូមជួយ ផ្តល់អាហារូបករណ៍ដល់សិស្សស្រីក្រីក្របានចូលរៀននៅមហាវិទ្យាល័យពេទ្យឱ្យបានច្រើននិងជួយផ្តល់អន្តេវា សិកដ្ឋាន ដល់ និស្សិតនារី ដែលមកពីខេត្តផ្សេងៗឱ្យបានស្នាក់នៅរាជធានីភ្នំពេញផង ។

កុមារីក៏អាចរៀនពូកែមុខវិទ្យាវិទ្យាសាស្ត្រដូចកុមារាដែរ

***

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered