Untitled-1 (28)

របៀបរស់នៅជាមនុស្សមានក្តីសុខ

មនុស្ស​កាន់​តែ​ចាស់​ កាន់​តែ​មិន​សូវ​មាន​ក្តី​សុខ​ដោយ​សារ​បាន​ជួប​ប្រ​ទះ​បទ​ពិសោធន៍ និង​រឿង​ជា​ច្រើន​មក​ហើយ។ មាន​ការ​សិក្សា​មួយ​បាន​និយាយ​ថា​ សេច​ក្តី​សុខ​​៥០%​គឺ​កំណត់​ដោយ​តំណរ​ពូជ និង​៥០%​ទៀត​កើត​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​មនុស្សខ្លួន​ឯង​ផ្ទាល់។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កំរិត​នៃ​សេចក្តី​សុខ​របស់​មនុស្ស​រាល់​គ្នា​ គឺ​អា​ស្រ័យ​លើ​ការ​កំណត់​ដោយ​បុគ្គល​ផ្ទាល់។ នៅ​ក្នុង​ខ្សែរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ កត្តា​៦​ចំនុច​ដែល​ធ្វើ​ឲ្យ​មនុស្ស​រក​សេច​ក្តី​សុខ​ក្នុង​ជីវិត​បាន គឹ​អាស្រ័យ​លើ​ការ​គ្រប់​គ្រង​របស់​បុគ្គល​៖

១. ធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ

ចាំ​ថា ​កុំ​ប្រៀប​ធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នក​ដ៏​ទៃ​ដាច់​ខាត។ ចូរ​ប្រៀប​ធៀប​រឿង​មួយ​ក្នុង​ស្ថាន​ភាព​ពីរ​ផ្សេង​គ្នា៖

អ្នក​ត្រូវ​បាន​ផ្តល់​ជំរើស​២ គឺ​ទី១​៖ អ្នក​ត្រូវ​រស់​នៅ​ជាមួយ​ម្តាយ​របស់​​អ្នក​ក្នុង​រយៈ​ពេល​១០​ថ្ងៃ ដោយ​អ្នក​បាន​ដឹង​ថា​ម្តាយ​របស់​អ្នក​នឹង​ទទួល​មរណះ​ភាព​បន្ទាប់​ពី​រយៈ​ពេល​១០​ថ្ងៃ​នោះ រឺ​ទី២៖ អ្នក​​ត្រូវ​ជ្រើស​រើស​ចំណាយ​រយៈពេល​១០​ថ្ងៃ​នោះ​ដើម្បី​រក​ប្រាក់​បាន​១០០០០ ដុល្លា​សំរាប់​បង្កើន​ជីវភាព​របស់​អ្នក។ ក្នុង​ករណី​ដែល​ស្ថាន​ភាព​ទាំង​២​ អាច​កើត​ឡើង​១០០% តើ​អ្នក​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ចំណាយ​ពេល​១០​ថ្ងៃ​ជា​​មួយ​ជំរើស​មួយ​ណា? បើ​សិន​ជា​សួរ​ខ្ញុំ​ដែល​ជា​អ្នក​សរសេរ​អត្ថបទ​នេះ ខ្ញុំ​នឹង​ជ្រើស​រើស​ជំរើស​ទី​២ ព្រោះ​ខ្ញុំ​គឺ​ជា​ខ្ញុំ។ បើ​សិន​ជា​អ្នក អ្នក​ប្រ​ហែល​ជា​ជ្រើស​រើស​ជំរើស​ទី១។

ជា​ទូ​ទៅ​មនុស្ស​មាន​សេខ​ក្តី​សុខ​ខុស​គ្នា​​ដោយ​សារ​ពួកគេ​មើល​ឃើញ​តម្លៃ​ខុស​ៗ​គ្នា។ តើ​អ្នក​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​ជាង​គំនូរ​មួយ​រូប​ ទម្រាំ​គូរ​បាន​រូប​មួយ ត្រូវ​ចំណាយ​ពេល​វេលា​ជា​ច្រើន​ប៉ុន្តែ​ទទួល​បាន​ប្រាក់​កំរៃ​តិច នៅ​តែ​បន្ត​ការងារ​របស់​គេ? នេះ​ក៏​ដោយ​សារ​តែ​​​គេ​មើល​ឃើញ​ភាព​ស្រស់​ស្អាត​​​នៅ​លើ​រូប​ផ្ទាំង​គំនូរ​នោះ ទោះ​បី​អ្នក​ផ្សេង​មើល​មិន​ឃើញ​ភាព​ស្អាត​លើ​រូប​គំនូរ​នោះ​​ក៏​​ដោយ។ សេចក្តី​សុខ​ពិត​ប្រាកដ​មិន​មែន​ស្ថិត​នៅ​លើ​ប្រាក់​តែ​មួយ​នោះ​ទេ​។ មាន​អ្នក​ជំនួញ​ម្នាក់​​មើល​មិន​​ឃើញ​សេច​ក្តី​សុខ​នៅ​លើ​រូប​គំនូរ​ ប៉ុន្តែមើល​ឃើញ​តែ​ជំនួញ​ដែល​អាច​រក​ប្រាក់​បាន​ច្រើន​​ថា​ជា​សេច​ក្តី​សុខ​​​ទៅ​វិញ។ ផ្ទុយ​ទៅ​វិញ​ វិចិត្រ​ករ​មើល​ឃើញ​សេច​ក្តី​សុខ​របស់​ខ្លួន​នៅ​លើ​រូប​គំនូរ​ដែល​អ្នក​ផ្សេង​មើល​មិន​ឃើញ​​ទៅ​វិញ។ មិន​ថា​អ្នក​ជា​នរណា មក​ពី​ណា ធ្វើ​អ្វី​នោះ​ទេ ចូរ​អ្នក​​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ហើយ​កុំ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដ៏​ទៃ ព្រោះ​សេខ​ក្តី​សុខ​របស់​មនុស្ស​ម្នាក់​ៗ​អាច​ជា​គោល​ដៅ​​ផ្សេង​ៗ​គ្នា។​

២. បង្កើត​មិត្ត​ឲ្យ​បាន​ច្រើន

អ្នក​ខ្លះ​បង្កើត​មិត្ត​ក្នុង​គោល​បំណង​ចង់​បង្កើត​បណ្តាញឲ្យ​បាន​ច្រើន​ដើម្បី​ងាយ​ស្រួល​រក​ផល​ប្រ​យោជន៍​មក​វិញ។​ ប្រាកដ​ណាស់ អ្នក​អាច​បាន​លាភ​ដោយ​សារ​មិត្ត។ លើស​ពី​នោះ​ទៅ ទៀត អ្នក​អាច​ទទួល​បាន​ភាព​រីក​រាយ​ជា​មួយ​មិត្ត​ និង​ចែក​ភាព​ជូចត់​​ជាមួយ​គ្នា​។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​រស់​នៅ​ជា​ក្រុម​មាន​ក្តី​សុខ​ច្រើន ពី​ព្រោះ​ពួកគេ​អាច​បញ្ចេញ​មតិ អារម្មណ៍ សេចក្តី​ស្រលាញ់ សេច​ក្តី​ស្អប់ ស្ត្រេស (stress) ដល់​គ្នា​ទៅ​វិញ​ទៅ​មកដោយ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​។ ដូច​នេះ បើ​អ្នក​មាន​មិត្ត​កាន់​តែ​ច្រើន​ កាន់​តែ​បង្កើន​សេខ​ក្តី​សុខ​របស់​អ្នក។ អ្នក​គួរ​​បង្កើត​មិត្ត​នៅ​កន្លែង​ធ្វើ​ការ នៅ​ជិត​ផ្ទះ មិត្ត​ជិត​ស្និទ្ធ និង​មិត្ត​ដែល​អ្នក​ស្អប់​ គ្រប់​ពេល​ និង​គ្រប់​ទី​កន្លែង។​

៣. ចេះ​ឲ្យ​តម្លៃ​​អ្វី​ដែល​អ្នក​មាន

សេចក្តី​សុខ​កើត​មក​ពី​ចិត្ត។ បើ​អ្នក​គិត​ច្រើន​ពី​អ្វី​ដែល​អ្នក​មិន​មាន វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មិន​មាន​ក្តី​សុខ។ ចូរ​អ្នក​កុំ​ធ្វើ​ដូច្នោះ។​ អ្នក​ត្រូវ​រីក​រាយ​នឹង​អ្វី​ដែល​អ្នក​មាន។ មធ្យោបាយ​ល្អ​មួយ​គឺ​អ្នក​អាច​​ធ្វើ​កំណត់​ត្រា​លើ​អ្វី​ដែល​អ្នក​បាន​សម្រេច​ជា​រៀង​រាល់​យប់។ ការ​សិក្សា​មួយ​បង្ហាញ​ថា មនុស្ស​ដែល​សរសេរ​ទុក​នូវ​អ្វី​ដែល​ពួក​គេ​សម្រេច​បានម្តង​ក្នុង​មួយ​សប្តាហ៍​ អាច​ធ្វើ​អោយ​ពួកគេ​​​បង្កើន​សេច​ក្តី​សុខ​២៥% បន្ទាប់​ពី​ការ​បន្ត​ធ្វើ​ដូច​នោះ​បាន​១០​សប្តាហ៍​។ អ្នក​គួរ​តែ​មាន​មោទនភាព​លើ​ខ្លួន​ឯង​ដែល​បាន​ព្យាយាម​ យ៉ាង​ហើច​ណាស់​អ្នក​កំពុង​ទទួល​បាន​អ្វី​ ដែល​អ្នក​ដ៏​ទៃ​មិន​មាន​ដូច​អ្នក។

៤. បន្តធ្វើ​ការ​ដើម្បី​សម្រេច​​ក្តី​ស្រមៃ

សេចក្តី​សុខ​មួយ​អាច​កើត​មាន​ប្រសិន​បើ​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​សម្រេច​ក្តី​ស្រ​មៃ​មួយ​ដែល​អ្នក​ប៉ង។ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថាបាន​ត្រឹម​តែ​ប្រាថ្នា​ ហើយ​មិន​ធ្វើ​នោះ​ទេ។​ ប្រ​សិន​បើ​អ្នក​កំពុង​ចង់​បាន​ក្តី​ស្រមៃ​ដោយ​​កំពុង​តែ​ខិត​ខំ​សំរាប់​ខ្លួន​ឯង អ្នក​អាច​បង្កើន​សេច​ក្តី​សុខ​១៩% ព្រោះ​អ្នក​​កំពុង​តែ​រីក​រាយ​នឹង​ទន្ទឹង​រង់​ចាំ​​ក្តី​ស្រមៃ​នោះ​ក្លាយ​មក​ជា​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ។

ក្នុង​នោះ​ដែរ​ អ្នក​ក៏​មិន​ត្រូវ​ប្រៀប​ធៀប​​ខ្លួន​អ្នក​ជា​មួយ​អ្នក​ដ៏​ទៃ​​ដែរ។ ផ្ទុយ​ទៅ​វិញ​ អ្នក​គួរ​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​ម្សិល​មិញ រឺ​ប៉ុន្មាន​សប្តាហ៍​មុខ។ អ្វី​ៗ​នឹង​បង្ហាញ​ថា អ្នក​កំពុង​តែ​មាន​ការ​ផ្លាស់​ប្តូរ និង​រីក​ចម្រើន​ជាង​មុន​ជាក់​ជា​មិន​ខាន។​

៥. ចែក​រំលែក

នៅ​ពេល​អ្នក​ចេះ​ជួយ​ដល់​អ្នក​ដ៏​ទៃ​ គេ​និយាយ​ថា​អ្នក​ជា​មនុស្ស​ល្អ។ តើ​អ្នក​សប្បាយ​ចិត្ត​ទេ? បើ​អ្នក​គិត​អោយ​បាន​ជ្រៅ​ជាង​នេះ​ទៅ​ទៀត អ្នក​មិន​មែន​សប្បាយ​ចិត្ត​ដោយ​មាន​មនុស្ស​និយាយ​សរសើរ​អ្នក​បែប​នោះ​ទេ តាម​ពិត​នៅ​ពេល​អ្នក​ចេះ​ចែក​រំលែក អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ក្តី​សុខ​ជាង​គេ គឺ​មាន​ក្តី​សុខ​ជាង​មនុស្ស​ដែល​ត្រូវ​បាន​អ្នក​ជួយ​ទៅ​ទៀត។ អ្នក​មាន​សេច​ក្តី​សុខ មនុស្ស​ដែល​អ្នក​ជួយ​ក៏​មាន​ក្តី​សុខ រីឯ​មនុស្ស​ដែល​មើល​ឃើញ​អ្នក​ជួយ​ក៏​មាន​ក្តី​សុខ។ ដូច​នេះ​ហេតុ​អ្វី​យើង​មិន​ចែក​រំលែក​គ្នា?

៦​. កុំ​ព្យា​យាម​ចង់​បាន​ច្រើន​ពេក

ប្រាកដ​ណាស់​ មាន​ក្តី​ស្រ​មៃ​គឺ​បន្ថែម​សេច​ក្តី​សុខ​​ក្នុង​លក្ខ​ខណ្ឌ​ដែល​អ្នក​កំពុង​រីក​រាយ​ជា​មួយ​ការ​ខិត​ខំ​ធ្វើការ​ដើម្បី​សម្រេច​ក្តី​ស្រ​មៃ​នោះ។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ចង់​បាន​ច្រើន​ពេក​នោះ​ទេ។ ការ​ដេញ​តាម​វត្ថុ​ដែល​អ្នក​ត្រូវ​ការ​ច្រើន​ពេក​ មិន​មែន​ជា​ក្តី​សុខ​ពិត​ប្រាកដ​នោះ​ទេ។ ឧទាហរណ៍​ អ្នក​ចង់​ទិញ​ផ្ទះ​ធំ​មួយ ហើយ​អ្នក​បាន​ព្យា​យាម​រាប់​​ឆ្នាំ​ដើម្បី​សន្សំ​លុយ​ទិញ​ផ្ទះ​នោះ​បាន។ ក្រោយ​ពី​រស់​នៅ​ផ្ទះ​នោះ​អស់​រយៈ​ពេល​​ជា​ច្រើន​ខែ អ្នក​នឹង​មាន​អារម្មណ៍​ធម្មតា។ បើ​អ្នក​ដេញ​តាម​របស់​ អ្នក​នឹង​មាន​ក្តី​សុខ​នៅ​ពេល​អ្នក​ទទួល​បាន​វា ប៉ុន្តែ​​វា​​នឹង​អ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​គ្មាន​ក្តី​សុខ​បើ​សិន​ជា​អ្នក​មិន​ទទួល​បាន​វា។ ហេតុ​អ្វី? ពីព្រោះ​រាល់​វត្ថុ​ទាំង​អស់​អាច​ផ្តល់​ក្តី​សុខ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ មាន​តែ​ខ្លួន​អ្នក​ទេ​ (គឺ​ចិត្ត) ​ដែល​ជា​អ្នក​កំណត់​សេច​ក្តី​សុខ​យូរ​អង្វែង។

Post By ahladang
Untitled-1
Untitled-1
Untitled-1-Recovered