Untitled-8

ជីវិតត្រូវមានការតស៊ូ និងក្លាហាន

«ក្នុងវ័យ២០ឆ្នាំ គួន សុខណាន​ ជាស្រ្តីក្មេងម្នាក់ដែលគួរឱ្យចាប់អារម្មណ៍។ ទោះបីជា​នាងស្ថិត​ក្នុងភាពពិការពីកំណើតក៏ដោយ នាងនៅតែបង្ហាញពីភាព​រឹងប៉ឹងរបស់​នាងជានិច្ច។ នាងបានរៀប​រាប់​អំពី​ឆាកជីវិត និងក្ដីសុបិន្តរបស់នាងដោយមិន​ដែលខ្វល់​ពីភាព​ពិការសូម្បី​តែ​បន្តិច។ នាងជាមនុស្សសុទិដ្ឋិនិយម និងមានការតស៊ូធ្វើការជាមួយ​មនុស្ស​ពិការដែលជា​គោល​ដៅ​ចម្បងតែមួយគត់នៅក្នុងជីវិតរបស់នាង។»

ភាពសុទិដ្ឋិនិយមក្នុងជីវិតរបស់នាងសុខណានពិតជាគួរឱ្យភ្ញាក់ផ្អើល។ នាងបាន​និយាយ ដោយប្តេជ្ញាក្នុងចិត្តថា​«មនុស្សម្នាក់ៗអាច​កំណត់ជោគ​វាសនា​ដោយ​ខ្លួនឯង ដោយសារ​តែនៅក្នុងជីវិតរបស់មនុស្សយើង ម្នាក់ៗមាន​ចំនុចខ្លះយើង​អាច​កែប្រែបាន និងចំណុចខ្លះមិន អាចកែប្រែបាន»។ នាងបានបន្តរៀបរាប់​ប្រាប់​ពីជីវិត​នាងថា៖

នាងខ្ញុំកើតនៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ១៩៩០ នៅក្នុងគ្រួសារមួយដែល​ឪពុក​ម្ដាយ​ជាអនក្ខរជន។ ឪពុករបស់ខ្ញុំជាទាហ៊ាន។ ប៉ុន្តែដោយ​សារតែ​សុខភាពរបស់គាត់មិនល្អ គាត់ក៏បានសម្រេចចិត្តចាកចេញពីជួរកងទ័ព។ ជីវិត​​របស់​ក្រុមគ្រួសារខ្ញុំ បានជួបប្រទះការលំបាកជារៀងរាល់ថ្ងៃ ដោយសារតែ​គ្មាន​ការងារធ្វើ និងមានសមាជិកដល់ទៅប្រាំបី​​​​​នាក់​​។ ដោយសារតែស្ថានភាព​ដ៏សែនលំបាកនេះ គ្រួសារ​ខ្ញុំមិនដែលនឹកនា ឬខ្វល់ខ្វាយ ពីតម្លៃ នៃការសិក្សានោះទេ។ ជាលទ្ធផល​បង​ប្រុស​បីនាក់របស់ខ្ញុំ បានបង្ខំចិត្តបោះបង់ការ​សិក្សា​ដើម្បីធើ្វការងារកំប៉ិកកំប៉ុក។ ទោះបីជាយ៉ាងនេះក្ដី ប្អូនស្រី​របស់ខ្ញុំ នឹងខ្ញុំមានសំណាង​មិនត្រូវបាន​បង្ខំ​ឱ្យពួកខ្ញុំឈប់រៀន​នោះ​ឡើយ។ យើងទាំងពីរនាក់មិនមែនជាកូនស្រីទំយើរនោះទេ។ ពួកយើងទាំងពីរនាក់មាន​ឱកាស​ចូល​​ សាលារៀន​ដោយសារតែឪពុកម្ដាយរបស់យើងមិនចាំបាច់បង់ថ្លៃសាលា​ ហើយសាលារៀន​ទៀត​សោធក៏ស្ថិតនៅពីក្រោយ ផ្ទះតែម្ដង។

​នៅ​ពេល​​​​​ដែលយើងទាំងពីរធ្វើការងារផ្ទះរួច​​ ពួកយើងត្រូវបានអនុញ្ញាត្តឱ្យទៅសាលា​រៀន​ដូចកុមារីដទៃ ទៀតនៅក្នុងភូមិដែរ។​ ខ្ញុំដឹងថា ឪពុក​ម្ដាយរបស់ខ្ញុំមានការ​ហត់​នឿយ និងមានការព្រួយបារម្ភពីជីវភាពគ្រួសារ និងអនាគតរបស់ខ្ញុំ។ ខ្ញុំបានរៀន​ចប់ថ្នាក់ទី​ប្រាំ​ខណៈ​ពេលដែល​ឪពុកម្ដាយរបស់ខ្ញុំ ត្រូវធ្វើការយ៉ាងលំបាកលំបិនដើម្បីដោះស្រាយជីវភាពគ្រួសារ​ គឺធ្វើមួយថ្ងៃដើម្បី​រស់មួយថ្ងៃ។ ខ្លួនខ្ញុំផ្ទាល់ក៏ធ្វើការ យ៉ាងលំបាក​ដូចគ្នា​​ ហើយខ្ញុំដឹងតាំងពីក្មេងមកម៉្លេះថា មានតែ​​ការ​អប់រំទេដែលអាចជួយឱ្យជីវិត​របស់​ខ្ញុំរួចផុតពី​​​ភាពលំបាកលំបិននេះ។

អំឡុងពេលសន្ទនាជាមួយនាង សុខណានបាននិយាយថា​«ខ្ញុំមានបញ្ហាក្នុង​ការ​ធ្វើដំណើរ ព្រោះ​ ខ្ញុំពឹងផ្អែកទាំងស្រុងទៅ​លើអ្នកដទៃ​ពេលធ្វើដំណើរ​ទៅសាលាម្ដងៗ។ ពេលខ្ញុំ​រៀននៅសាលាបឋម សិក្សា ប្អូនស្រីរបស់ខ្ញុំជាអ្នក​រុញរទេះធ្វើពី​ឈើដែលអង្គការ​មួយបាន​ផ្ដល់​ឱ្យ។​​

តាំងពីដំបូងម៉្លេះដែលឪពុកម្ដាយរបស់ខ្ញុំតែងតែគិតថា ការសិក្សាគឺជារឿងឥតប្រយោជន៍។ មូលហេតុនេះ ហើយដែលឪពុកម្ដាយខ្ញុំមិនអនុញ្ញាត្តឱ្យខ្ញុំ ចូលរៀនដូចក្មេងៗដទៃ​ទៀតដែលមាន​អាយុដូចខ្ញុំ។​ ដល់ពេលដែលប្អូន ស្រីខ្ញុំចាប់ផ្ដើម​ចូលរៀន ​ទើប​ខ្ញុំបានដឹងថា ​ជីវិតរបស់ខ្ញុំហាក់​ដូចជាបាត់បង់របស់ដ៏​មានតម្លៃអ្វីមួយនៅ​ក្នុង​ឆាក​ជីវិត។​​ ខ្ញុំស្រែកយំ រហូតដល់អ្នកទាំងអស់គ្នា​ក្នុងគ្រួសារខ្ញុំសួរថា​ ឯងយំរឿងអ្វី ខ្ញុំឆ្លើយថា ខ្ញុំយំព្រោះចង់ទៅរៀន។ ចុងក្រោយ ឪពុកម្ដាយ​របស់ខ្ញុំក៏គិតថា ការ​ដែលទុកខ្ញុំឱ្យនៅផ្ទះគ្មានបានប្រយោជន៍អ្វី ក្រៅតែពីបង្កបញ្ហានោះ ឡើយ។ ដូច្នេះ​គាត់ក៏សម្រេចចិត្តបញ្ជូនខ្ញុំឱ្យទៅរៀនដូចក្មេងដទៃទៀត។​

ជីវិតនៅសាលារៀនពិតជាមិនស្រួលដូចការគិតរបស់ខ្ញុំឡើយ។ វាពិតជាពិ​បាកណាស់សម្រាប់ខ្ញុំ។ ពេលចាប់ផ្ដើមដំបូង ខ្ញុំត្រូវរៀនសរសេរ​អក្សរជាមួយ​នឹង​ម្រាមជើង។ អាក្រក់​ជាង​នេះទៅទៀតនោះគឺខ្ញុំត្រូវ ប្រឈមមុខ​ជាមួយនឹងក្រសែ​ភ្នែកងឿងឆ្ងល់ និងការចំអកឡកឡឺយ​ពី​សំណាក់មិត្តរួមថ្នាក់របស់ខ្ញុំ។​ ហើយអ្វី ដែល​ធ្ងន់ធ្ងរ​នោះគឹថា​ គ្មាននរណាម្នាក់ចង់​រាប់អាន​ជាមិត្ត​ភក្ដិជាមួយខ្ញុំនោះឡើយ។

ដោយសារមានជំនួយពីប្អូនស្រី គឹមសាយ ខ្ញុំចាប់ផ្ដើមរៀនជំនះ​នូវ​រាល់បញ្ហា​ទាំងនេះបាន សម្រេច។​ នៅពេលដែលខ្ញុំកាន់តែមានអាយុច្រើន ខ្ញុំក៏រៀនទទួលស្គាល់ពីអ្វីដែលខ្ញុំ អាច និង មិនអាចគ្រប់គ្រង បាន។​ ហើយខ្ញុំក៏ទទួល​បានសេចក្ដីសុខពីសៀវភៅអានដែលជាមិត្តតែ ម្នាក់របស់ខ្ញុំផងដែរ។​

នៅពេលដែលខ្ញុំរៀនចប់ថ្នាក់ទី៥​ ខ្ញុំអង្វរឪពុកម្តាយ​ខ្ញុំសុំទៅរៀននៅ​អនុវិទ្យាល័យ​បន្តទៀត ប៉ុន្តែ ពួកគាត់បដិសេធភ្លាម។ ដោយសារអនុវិទ្យាល័យ​ស្ថិតនៅឆ្ងាយពីផ្ទះ និង​ដោយ​សារតែប្អូនស្រីរបស់ខ្ញុំ ត្រូវរៀននៅសាលាបឋមសិក្សា​មួយឆ្នាំទៀត។​ ចំណែកឪពុកម្ដាយ​របស់ខ្ញុំនិយាយប្រាប់ខ្ញុំយ៉ាងខ្លីថា​ កូនឯងត្រូវតែឈប់រៀន ហើយនៅផ្ទះដោយ​មិនចាំបាច់​ធ្វើអ្វីទាំង​អស់។

ខ្ញុំមានអារម្មណ៍ថា ត្រូវបានគេមើលងាយ និងរើសអើង។ សូម្បីតែនៅថ្ងៃនេះ ក៏ខ្ញុំនៅតែមិនអស់ចិត្ត​ និងហ្មួហ្មងក្នុងអារម្មណ៍ព្រោះតែឱកាសសិក្សា​របស់ខ្ញុំត្រូវបាន​ឪពុកម្តាយ រារាំង​ដោយសារ​តែគ្មាននណាម្នាក់ចង់ ជូនខ្ញុំទៅរៀន។

ទីបំផុតខ្ញុំត្រូវនៅផ្ទះមួយឆ្នាំដើម្បីរង់ចាំប្អូនស្រីខ្ញុំរៀនចប់ថ្នាក់បឋមសិក្សា។ អំឡុងពេលមួយ​ឆ្នាំ​នេះ ខ្ញុំតែងតែ ហាត់ធ្វើលំហាត់គណិតដោយខ្លួនឯង។ ប៉ុន្តែមុខ​វិជ្ជា​នេះពិតជា​លំបាក​ខ្លាំង​ណាស់​សម្រាប់ខ្ញុំ ពីព្រោះគ្មាននរណា ម្នាក់ជួយណែនាំ។ ថ្ងៃ​មួយ​មានលោកគ្រូម្នាក់ដើរកាត់មុខផ្ទះខ្ញុំ។ គាត់បានឃើញខ្ញុំខិតខំព្យាយាមរៀនសូត្រ គាត់ក៏ជួយបង្ហាត់បង្រៀន​ខ្ញុំដោយមិន​គិតកម្រៃ​អ្វីទាំង​អស់។ និយាយតាមត្រង់ ខ្ញុំពិត​ជាសំណាង ពីព្រោះ គ្រូរបស់ខ្ញុំភាគច្រើន​ពិតជា​ល្អនឹង​ខ្ញុំណាស់។ ពួកគាត់តែង​តែ ព្យាយាមជួយពន្យល់ណែនាំខ្ញុំ ដើម្បីឱ្យខ្ញុំរៀនទាន់គេ។

ទីបញ្ចប់ប្អូនស្រីរបស់ខ្ញុំក៏បានរៀនចប់នៅកម្រិតបឋមសិក្សា ហើយបន្ដការសិក្សានៅ​អនុវិទ្យាល័យ​ដែល​​ស្ថិតនៅ ឆ្ងាយពីលំនៅដ្ឋាន។ ប៉ុន្តែអ្នកដែលសប្បាយចិត្ត​ខ្លាំង​ជាងគេបំផុតនោះគឺជារូបខ្ញុំទេ ពីព្រោះជាពេលវេលាដែល ខ្ញុំអាចរៀនបន្ត​នៅ​អនុវិទ្យាល័យដូចកុមារីដទៃទៀតដែរ។​ ប៉ុន្តែអ្វីដែល​រន្ធត់នោះគឹ ឪពុកម្ដាយខ្ញុំមិន​អនុញ្ញាត្តឱ្យខ្ញុំ ទៅរៀនដដែល។ ពេលនោះ ទោះបីជាខ្ញុំស្រែកឡូឡា ឬខឹងយ៉ាងណា ក៏គ្មានប្រយោជន៍នោះដែរ។ ព្រោះអនុវិទ្យាល័យ​ឆ្ងាយ​រហូត​ដល់១០គីឡូម៉ែត ហើយត្រូវពឹងផ្អែកលើគេទៀតក្នុងការផ្លាស់ទីជារៀងរាល់ថ្ងៃ។ វា​ពិត​ជាពិបាក ​និងមិនអាចទៅរួច សម្រាប់ប្អូនស្រីខ្ញុំ។ ខ្ញុំពិតជាអស់សង្ឃឹម​ខ្លាំង​ណាស់។ ខ្ញុំឈប់ញ៉ាំបាយ ហើយមាន អារម្មណ៍​ថាមួយ ជីវិតនេះគ្មានប្រយោជន៍​អ្វីបន្តិចសោះ។ ប្អូនស្រីរ​បស់ខ្ញុំក៏ពិបាកចិត្តដែរ ប៉ុន្តែក៏មិនអាចជួយ​អ្វីខ្ញុំ បានឡើយ។ ថ្ងៃមួយនាងបានរៀបរាប់រឿងរបស់ខ្ញុំប្រាប់គ្រូរបស់​នាងហើយវា​ក៏ស្របពេល​ដែលអង្គការ រូមធូរីដ ជ្រើសរើសកុមារីអាហារូបករណ៍នៅក្នុងសាលានាង​ផងដែរ។ ខ្ញុំមិនច្បាស់​ថា វាកើតឡើងរបៀបណានោះទេ។​ នៅសប្ដាហ៍បន្ទាប់ គ្រូម្នាក់​ និងបុគ្គលិកអង្គការ​​រូមធូរីដ ​​បាន​មក​លេងផ្ទះរបស់ខ្ញុំ។ ដោយសារតែវាជាករណី ពិសេស​អង្គការរូម​ធូរីដ​បានជ្រើសរើស​យើងទាំងពីរ​នាក់​ជាកុមារី បានទទួលអាហារូបករណ៍​ និងបានផ្ដល់កង់មួយ​ដើម្បីសម្រួលដល់ការធ្វើដំណើរ។

ជាសំណាងមួយផងដែរដែលខ្ញុំនិងប្អូនស្រីខ្ញុំបានរៀនជាមួយគ្នា។ ខ្ញុំតែងតែ​អវត្តមាន​ជាញឹកញាប់ ដោយសារតែសុខភាពរបស់ខ្ញុំមិនប្រក្រតី។ ដូច្នេះ ប្អូនស្រី​របស់ខ្ញុំតែង​តែកត់ត្រា​មេរៀនដើម្បីខ្ញុំ។ កំណត់ត្រា ទាំងនោះពិតជាជួយ​ខ្ញុំបានច្រើន​ណាស់​។ ​ផ្ទុយទៅវិញខ្ញុំមិន​អាចជួយ​អ្វី​នាងបានឡើយ ពេលនាងឈឺម្ដងៗខ្ញុំក៏​មិនអាច​ទៅរៀនដោយគ្មាននាងបានដដែល។

ស្របពេលដែលខ្ញុំរីករាយ​នឹងទៅសាលារៀន ខ្ញុំក៏អាណិតប្អូនស្រីដែលទទួល​​បន្ទុកយ៉ាងធ្ងន់ក្នុងការជូន ខ្ញុំទៅមកសាលា​ព្រោះនៅរដូវវស្សាផ្លូវពិបាកធ្វើដំណើរណាស់។ ប្អូនស្រីខ្ញុំត្រូវប្រឹងទប់ខ្ញុំផង បណ្ដើរកង់ផងរហូតដល់កន្លែងស្រួល។ មានពេលខ្លះយើងទាំងពីរ​នាក់ ត្រូវ​ដួល​រមៀល​ក៏មាន ប៉ុន្តែមានពេលខ្លះយើងបែរជាផ្ទុះសំណើចផងដែរនៅពេល​ដែលត្រូវ​យំ ហើយបន់ស្រន់សូម​ឱ្យ​មាន​រឿងរ៉ាវអច្ឆរិយៈកើតឡើង។​ នាងក៏មិនសូវជា​ស្រួល​ប៉ុន្មាន​ដែរ ហើយមានពេលខ្លះនាងក៏ក្អួតផងដែរ។ ម្ដាយរបស់ខ្ញុំ តែងតែ​ទម្លាក់​កំហុសនេះមកលើខ្ញុំ ហើយប្រាប់ខ្ញុំថាសុខភាពរបស់ប្អូន ខ្ញុំទន់ខ្សោយក៏ព្រោះ​តែនាង​ខិតខំជួយ ខ្ញុំខ្លាំងពេក។ ខ្ញុំពិតជាមានអារម្មណ៍ថាខុសធ្ងន់ណាស់។

ខ្ញុំក៏តែងតែគិតថា តើខ្ញុំអាចមានលទ្ធភាពរៀនចប់មធ្យមសិក្សាទុតិយភូមិដែរឬទេ។ ខ្ញុំពិតជាមិនចង់ បោះបង់ការសិក្សារបស់ខ្ញុំឡើយ។ ហើយខ្ញុំក៏ចង់​ជួយសម្រាលបន្ទុកប្អូនស្រីខ្ញុំ វិញផងដែរ។

ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ ខ្ញុំនឹងមានរទេះរុញស្វ័យប្រវត្តិមួយសម្រាប់សម្រួលការធ្វើដំណើររបស់យើង ទាំងពីរនាក់។ ទោះបីជាមានការលំបាកយ៉ាង​ណាក៏ដោយ​ក៏យើងត្រូវតស៊ូបន្តទៀត​ទាំងក្នុងជីវិត និងការសិក្សា។

***

Post By ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered