Untitled-1

ពីគ្រូបង្រៀនក្លាយជាកម្មករសំណង់

អស់រយៈពេលជាង១០ឆ្នាំ អ្នកស្រី អ៊ំ សុភី អាយុ៣៥ឆ្នាំ បានរស់នៅក្នុងជីវិតដ៏ថ្លៃថ្នូរមួយក្នុងនាមជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយនៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ព្រឹក អ្នកគ្រូតែងតែស្លៀកពាក់ឯកសណ្ឋានគ្រូបង្រៀនស្អាតបាតចាកចេញពីផ្ទះទៅកាន់សាលារៀនដោយ​​ មាន​ស្ពាយកាបូបដាក់សៀវភៅ និងកិច្ចការសិស្សរបស់គាត់ផង។

ជាង១០ឆ្នាំក្រោយមក សិស្សរបស់គាត់ជាច្រើននាក់បានបញ្ចប់ថ្នាក់វិទ្យាល័យ និងត្រៀមខ្លួនរៀនបន្តទៅសាកលវិទ្យាល័យ​។ អនាគតដ៏ភ្លឺស្វាង កំពុងរង់ចាំពួកគេនៅពេលខ្លីខាងមុខ។

ផ្ទុយទៅវិញ ជីវិតរបស់អ្នកគ្រូសុភីបានប្រែប្រួលទាំងស្រុង។ សព្វថ្ងៃនេះ អ្នកគ្រូនៅតែក្រោកពីព្រឹកព្រលឹម​ដដែល ប៉ុន្តែគាត់មិនទៅសាលារៀនដូចមុននោះឡើយ។ អ្នកគ្រូត្រូវឃ្លាតឆ្ងាយពីសៀវភៅ​ និងឯកសណ្ឋានគ្រូបង្រៀន ​ហើយជំនួសមកវិញនូវសម្លៀកបំពាក់រហែកចាស់ៗ រួចធ្វើដំណើរទៅវត្តមួយនៅក្នុងភូមិ ដើម្បីធ្វើជាកម្មករសំណង់ជាមួយប្តីរបស់គាត់។

នៅឆ្នាំ២០០៩ អ្នកគ្រូសុភីនិយាយថាអ្នកគ្រូបានភៀសខ្លួនទៅប្រទេសថៃជាមួយប្តីរបស់គាត់ ដើម្បីរត់គេចពីការចាប់ខ្លួន បន្ទាប់ពីមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមួយរបស់ភរិយារដ្ឋមន្រ្តីម្នាក់។

«ខ្ញុំជាអ្នកដឹកនាំបាតុកម្ម អីចឹងហើយគេចង់ចាប់ខ្ញុំ ពីព្រោះតុលាការចោទប្រកាន់ខ្ញុំថាញុះញង់ឲ្យអ្នកភូមិតវ៉ា។» អ្នកគ្រូ បាននិយាយក្នុងខណៈដែលអ្នកគ្រូកំពុងអង្គុយលើគ្រែឈើមួយខាងក្រោមផ្ទះមិត្តភ័ក្ត្រម្នាក់នៅក្នុងភូមិ។

អ្នកគ្រូសុភី បានរំឭកឡើងវិញថា ជីវិតរបស់គាត់បានធ្លាក់ដុនដាបកាន់តែខ្លាំងឡើង នៅពេលដែលគាត់បានទៅដល់ប្រទេសថៃ។ បន្ទាប់ពីការងារកាន់តែកម្រនៅទីក្រុងបាងកក គាត់ និងប្តីរបស់គាត់បានសម្រេច ចិត្តទៅ​តាមមេខ្យល់ម្នាក់ដែលសន្យាថារកការងារសំណង់ដែលបានប្រាក់កម្រៃខ្ពស់ឲ្យគាត់​។ គេ​បាននាំពួកគាត់ជិះឡានរាប់រយគីឡូម៉ែត្រឆ្ងាយពីបាងកក ហើយទីបំផុត គាត់បានមកដល់កោះមួយភាគ​ខាង​ត្បូងប្រទេសថៃ។  នៅទីនោះគាត់បានជួបជនជាតិខ្មែរបួនប្រាំនាក់ទៀត​ដែលចាញ់បោកមេខ្យល់ដែរ។ បន្ទាប់ពីមេការដកយកលិខិតឆ្លងដែនអស់ អ្នកគ្រូសុភី និងកម្មករខ្មែរទាំងអស់ត្រូវគេបង្ខំឲ្យធ្វើការដោយមិនមានបើកប្រាក់ឈ្នួលឲ្យឡើយ។​ បន្ទាប់ពីជាប់នៅលើកោះប្រទេសថៃអស់រយៈពេលបួនខែ កម្មករខ្មែរម្នាក់រកលេខទូរសព្ទបងប្អូននៅស្រុកខ្មែរឃើញ ហើយសុំឲ្យគាត់ទូរសព្ទឲ្យស្ថានទូតខ្មែរនៅប្រទេសថៃជួយ។ ទីបំផុត ស្ថានទូតខ្មែនៅប្រទេសថៃ បានជួយអន្តរាគមន៍ និងរំដោះកម្មករខ្មែរទាំងអស់ ចំណែកមេខ្យល់នាំគ្នារត់គេចអស់។ អ្នកគ្រូសុភី និងប្តីរបស់គាត់ត្រូវបានគេបញ្ជូនមកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១១ ជាមួយកម្មករខ្មែរដទៃទៀតដែលត្រូវគេជួញដូរឲ្យទៅធ្វើកម្មករនៅលើកោះប្រទេសថៃ។

ទោះបីជាយ៉ាងណាក្តី នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញគាត់ត្រូវជួបប្រទះនឹងបញ្ហាមួយទៀត ដោយ ឈ្មោះរបស់គាត់ត្រូវគេលុបចេញពីបញ្ជីឈ្មោះគ្រូនៅសាលារៀនរបស់គាត់។

អ្នកគ្រូនិយាយថា៖ «នាយកសាលាប្រាប់ខ្ញុំថាឈ្មោះរបស់ខ្ញុំត្រូវគេលុបចោលចេញពីបញ្ជី នៅពេលដែលរដ្ឋាភិបាលធ្វើជម្រឿនមន្រ្តីរាជការ ពេលខ្ញុំនៅប្រទេសថៃ។​ ឥឡូវនេះ ខ្ញុំអស់ទាំងដី និងការងាររបស់ខ្ញុំ។»

ដោយសារដីស្រែរបស់គាត់ត្រូវក្រុមហ៊ុនភរិយារដ្ឋមន្រ្តីរឹបអូសយកអស់ អ្នកគ្រូសុភីមិនអាចរកចំណូលគ្រប់គ្រាន់ពីការងារសំណង់ ដើម្បីផ្គត់ផ្គង់កូនរបស់គាត់ពីរនាក់នោះឡើយ។ «ពេលខ្ញុំនៅធ្វើគ្រូ ហើយយើងមានដីធ្វើស្រែ យើងមានអ្វីៗហូបចុកគ្រប់គ្រាន់។» អ្នកគ្រូសុភី និយាយ ដោយពរកូនង៉ែតនៅលើភ្លៅរបស់គាត់។

«ខ្ញុំត្រូវបាត់បង់ការងារជាគ្រូបង្រៀនខ្ញុំបាត់។» អ្នកគ្រូនិយាយដោយរលីងរលោងទឹកភ្នែក។

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered