កាលពីប៉ុន្មានឆ្នាំមុន កុមារី ឆេន ដា និងសឹម សុភាព ដែលរៀនថ្នាក់ទី៧ជាមួយគ្នា តែងតែក្រោកពីព្រលឹម ដើម្បីជួយធ្វើការងារផ្ទះ រួចបន្ទាប់មក ស្លៀកពាក់ក្នុងឯកសណ្ឋានជាសិស្ស ដើម្បីធ្វើដំណើរទៅសាលារៀន នៅខេត្តព្រះសីហនុ។ សាលារៀន មិនគ្រាន់តែបានផ្តល់ឱកាសឲ្យពួកគេបានសិក្សា និងជួបជុំមិត្តភក្តិរបស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងជាជម្រកសុវត្ថិភាពរបស់ពួកគេផងដែរ។
កុមារីទាំងពីរមានក្តីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀនដ៏ល្អសម្រាប់ថ្ងៃអនាគត តែអ្វីៗត្រូវបានរលាយសាបសូន្យអស់ក្នុងរយៈពេលដ៏ខ្លី ដោយសារសហគមន៍របស់ពួកគេមានទំនាស់ដីធ្លីជាមួយឈ្មួញមានអំណាចម្នាក់។ ឈ្មួញម្នាក់បាននាំក្រុមសន្តិសុខមកដុតបំផ្លាញផ្ទះរបស់ពួកគេ និងប្រជាជនដទៃទៀត ដោយអះអាងថាពួកគេមកតាំងលំនៅលើដីខុសច្បាប់ ទោះបីជាពួកគេរស់នៅទីនោះជាង១០ឆ្នាំមកហើយក្តី។
«ខ្ញុំកំពុងរៀននៅសាលា ស្រាប់តែពួកប៉េអិម និងប៉ូលីស នាំគ្នាចាក់សាំងដុតផ្ទះរបស់ខ្ញុំ។» សុភាព និយាយ ក្នុងខណៈដែលប្រជាជនរងគ្រោះដទៃទៀតមកជួបជុំគ្នា ដើម្បីដំណាលរឿងរបស់គេ។ ឆេន ដា និយាយបន្ថែមថា ទ្រព្យសម្បត្តិរបស់គ្រួសារនាង ត្រូវគេបំផ្លាញចោលអស់។ ពួកនាងនាំគ្នាយំ ទាំងភ័យខ្លាច។
ក្រោយពីមានហេតុការណ៍នេះកើតឡើងមិនយូរប៉ុន្មាន ឆេន ដា សុភាព និងមិត្តភក្តិរបស់ពួកគេជាច្រើនទៀតបានសម្រេចចិត្តឈប់រៀន។ ឥឡូវនេះ ពួកគេមានការស្តាយក្រោយណាស់ ដោយសារបានរៀនតិចតួចពេក។ ពួកនាងបានត្អូញត្អែរថា ប្រសិនបើគ្មានរឿងនេះកើតឡើងទេ ពួកគេប្រាកដជារៀនជិតចប់ ថ្នាក់វិទ្យាល័យ ដូចមិត្តភក្តិរបស់ពួកគេ ដែលជាកូនអ្នកធូរធារនៅក្រុងព្រះសីហនុទៅហើយ។
អ្នកស្រី ប្រាង ណាំ អាយុ ៥៤ឆ្នាំ ដែលរងគ្រោះដោយគេបណ្តេញចេញពីសហគមន៍របស់គេដែរនោះ បាននិយាយថាមនុស្សចាស់ៗជំនាន់គាត់បានបាត់បង់ឪកាសរៀនសូត្រ ដោយសារភាពក្រីក្រ និងសង្រ្គាម។ តែឥឡូវនេះក្មេងៗក្នុងសហគមន៍របស់គាត់កំពុងបាត់បង់ឱកាសរៀនសូត្រដូចពួកគាត់ដែរដោយ សារតែទំនាស់ដីធ្លី ទន្ទឹមគ្នានឹងជីវភាពគ្រួសាររបស់ពួកគេកាន់តែចុះដុនដាបទៅ។ អ្នកស្រីបាននិយាយដោយអួលដើមក៖ «យើងធ្លាប់មានដីធ្វើស្រែចម្ការ ប៉ុន្តែពេលនេះ គេយកដីអស់ហើយ។»
អ្នកស្រី សឿ ព្រឿង អាយុ៥៣ឆ្នាំដែលរស់នៅក្បែរគ្នា និយាយបន្ទរ៖ «យើងពឹងផ្អែកលើការនេសាទនៅសមុទ្រទាំងស្រុង ប៉ុន្តែត្រីក៏កាន់តែអស់ទៅទៀត។ អនាគតកូនចៅរបស់យើងនឹងទទួលរងផលប៉ះពាល់ខ្លាំង។»
លោក សុទ្ធ នីន អាយុ៥៥ឆ្នាំ បាននិយាយ៖ «ជំនាន់ពួកខ្ញុំចុះវាលំបាក ប៉ុន្តែពេលនេះពួកក្មេងៗរឹតតែលំបាកជាងពួកយើងទៅទៀត។» «ពូនិយាយត្រូវ។» អ្នកស្រី ប្រាង ណាំ និយាយបន្ទរ។
សុភាព និយាយថា៖ «យើងសង្ឃឹមថា ពួកប្អូនៗរបស់យើងនឹងបានរៀនសូត្រចប់ចុងចប់ដើមមិនខាន។»