Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /homepages/3/d513639738/htdocs/khmereducator.org/wp-content/plugins/qtranslate-x/qtranslate_frontend.php on line 507
មូលហេតុដែលយើងត្រូវការអប់រំចិត្ត | ខ្មែរអ្នកអប់រំ
untitled-1

មូលហេតុដែលយើងត្រូវការអប់រំចិត្ត

កាលបើគេបានអប់រំល្អហើយ ធ្វើឲ្យស្ងប់បរិសុទ្ធរមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្ដីចំរើនយ៉ាងក្រៃលែងអាចនាំសេចក្ដីសុខមកឲ្យជានិច្ច។ សេចក្ដីសុខដែលកើតមកអំពីការអប់រំចិត្តឲ្យស្ងប់នឹងបរិសុទ្ធជាសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ មិនមានសេចក្ដីសុខណាៗ ក្នុងលោកស្មើបានឡើយ។ ប្រយោជន៍ដែលកើតអំពីការអប់រំចិត្ត ចែកចេញជា ៣ ជាន់ គឺ ជាន់ទី១, ប្រយោជន៍ក្នុងបច្ចុប្បន្ន (ទិដ្ឋធម្មិកត្ថៈ) ជាន់ទី២, ប្រយោជន៍ក្នុងបរលោក (សម្បរាយិកត្ថៈ) និងជាន់ទី៣, ប្រយោជន៍ឧត្ដម គឺព្រះនិព្វាន (បរមត្ថៈ)។

ជាន់ទី១, ប្រយោជន៍ក្នុងបច្ចុប្បន្ន គួរអប់រំចិត្តឲ្យមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតក្នុងករណីយកិច្ចដែលជានាទីរបស់ខ្លួន គឺថាបើនៅក្នុងវ័យដែលត្រូវសិក្សាក៏គួរជ្រើសរើសការសិក្សាជាប្រយោជន៍។ កាលបើឃើញការសិក្សាដែលជាប្រយោជន៍ហើយ ក៏ចូរព្យាយាមចំពោះការសិក្សានោះ ទាល់តែសម្រេចផលតាមបំណង កុំនឿយណាយរួញរាឡើយ។ កាលបើបានទទួលការងារដែលគេប្រគល់ឲ្យ ក៏ចូរតាំងចិត្តព្យាយាមធ្វើការងារនោះឲ្យបានសម្រេច។ គួរអប់រំចិត្ត ឲ្យស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអ្នកដទៃ ចំពោះការងារ ដែលជានាទីរបស់ខ្លួន និងមានសតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា ក្លាហាន រីករាយ ទន់ភ្លន់ មានសច្ចេកតញ្ញូកតវេទី ឈ្លាសវៃដឹងហេតុការណ៍មិនភ្ញាក់ផ្អើលអាចប្រកបករណីយនោះ ឲ្យសមគួរដល់កាលៈទេស និងមានតែសេចក្ដីចំរើន ដែលរកបានមកដោយធម៌ដ៏ប្រពៃ ក៏ចេះរក្សានឹងចាយវាយក្នុងផ្លូវដែលជាប្រយោជន៍។

ជាន់ទី២, ប្រយោជន៍ក្នុងបរលោក អំណោយផលឲ្យចេះធ្វើប្រយោជន៍ដល់ពួកគណៈប្រទេសជាតិ ហើយជាគុណសម្បត្តិជាប់នឹងខ្លួន ដូចស្រមោលជាប់តាតប្រាណ សូម្បីនឹងទៅកាន់ទិសណាៗ ក៏រមែងអំណោយផលតាមជូនទៅឧបត្ថម្ភក្នុងទិសនោះ មិនឲ្យមានទុក្ខលំបាក។ ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានសទ្ធា គឺជឿក្នុងរបស់ដែលគួរជឿ ឲ្យមានសីល គឺតាំងចិត្តប្រព្រឹត្តកាយវាចារៀបរយប្រាសចាកទោសទាល់តែចិត្តជាប្រក្រតី មិនកំរើកញាប់ញ័រ ឲ្យមានចាគៈ គឺចេះបែងចែកលះទាំងខាងក្នុងនឹងខាងក្រៅ ធ្វើចិត្តឲ្យទូលាយមិនចង្អៀត អ្វីជាសត្រូវរបស់សទ្ធានឹងសីលជាចំណែកខាងក្នុងក៏រមែងលះបាន អ្វីជាសត្រូវរបស់ការខាងក្រៅក៏រមែងលះបាន ឲ្យមានបញ្ញាដឹងហេតុផលតាមពិតក្នុងរបស់ដែលខ្លួនជឿនឹងលះបង់។ ការអប់រំចិត្តបានយ៉ាងនេះ រមែងជាហេតុធ្វើចិត្តឲ្យស្គាល់ជាក់លាក់ក្នុងការបំពេញប្រយោជន៍ រួមគឺពួកគណៈដែលខ្លួននៅអាស្រ័យ ជាគុណសមុទ័យឲ្យជាអ្នកលឿនដាច់គេក្នុងពួកនោះ។

ជាន់ទី៣, ប្រយោជន៍ឧត្ដម គឺព្រះនិព្វាន អំណោយផលឲ្យជាអ្នកមានចិត្តបរិសុទ្ធផុតចាកកិលេសាសវៈផុតចាកកង ទុក្ខទាំងពួង ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានបញ្ញាជាហេតុជ្រែកទុក្ខ ដែលមានតណ្ហាជាដែនកើត កាលបើអាចលះតណ្ហាបានដាច់ស្រឡះហើយ កងទុក្ខទាំងពួងក៏រលត់អស់ដូចភ្លើងដែលអស់ប្រេង។

វិធីអប់រំចិត្តតាមការពណ៌នានេះ សូមលោកអ្នកមានប្រាជ្ញាពិចារណាមើលចុះ បើលោកអ្នកនិយមក្នុងការអប់រំចិត្តហើយ តែមិនបានសម្រេចលទ្ធផលដល់ជាន់ទីបំផុត បានត្រឹមតែការធ្វើ ការនិយាយ ការគិត ជាសុចរិតប៉ុណ្ណោះ ក៏គប្បីនឹកសង្ឃឹមក្នុងចិត្តចុះថា ខ្លួនតិះដៀលខ្លួនឯងមិនបាន អ្នកដឹងពិចារណាហើយក៏សរសើរ កិត្តិស័ព្ទខាងល្អរមែងក្រអូបខ្ចរខ្ចាយទៅគ្រប់ទិសទី សូម្បីនឹងត្រូវទំលាយខន្ធទៅក៏មានសុគតិជាទីប្រព្រឹត្តទៅក្នុងខាងមុខ សុទ្ធតែជាផលដែលគួរប្រាថ្នាពិតៗ៕

ដោយ khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered