untitled-1-recovered-recovered-1

មណ្ឌលកុមារកំព្រាខេត្តជម្រុញឲ្យកុមាររៀនជំនាញមុនចាកចេញ

លោកពៅសុខហ៊ាន អាយុ៥៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ខិតខំតស៊ូអស់រយៈពេលជាង២០ឆ្នាំ ដើម្បីចិញ្ចឹមបីបាច់កូនប្រុសម្នាក់ និងកូនស្រីម្នាក់ ដោយសង្ឍឹមថាពួកគេនឹងទទួលបានការសិក្សាអប់រំខ្ពស់ និងមានការងារធ្វើត្រឹមត្រូវ។

ប៉ុន្តែ ក្តីប្រាថ្នារបស់គាត់មិនដូចបំណងឡើយ។ កូនប្រុសរបស់គាត់បានឈប់រៀននៅថ្នាក់ទី១០ នៅសល់តែកូនស្រីដែលកំពុងរៀនថ្នាក់ទីប្រាំបី​ នៅវិទ្យាល័យសុរាមិត្រ ខេត្តកំពង់ឆ្នាំង។

ដូចគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជាដែរ លោក សុខហ៊ាន និយាយថាកូនប្រុសរបស់គាត់នៅតែបន្តស្ថិតនៅក្រោមបន្ទុករបស់គាត់ដដែល ទោះបីជាគេមានអាយុ២០ឆ្នាំហើយក្តី។

ប៉ុន្តែ សម្រាប់កុមារកំព្រានៅមជ្ឍមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ពួកគេមិនមានសំណាងនោះឡើយ ព្រោះពួកគេចាំបាច់ត្រូវចាកចេញពីមណ្ឌលនៅអាយុ១៨ឆ្នាំ ដើម្បីបន្តចិញ្ចឹមជីវិត និងស្វែងរកទីជម្រកដោយខ្លួនឯង។

លោកគ្រូ នុត ត្រសុំ អាយុ៥៦ឆ្នាំ នាយកមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង និយាយថាមានកុមារកំព្រា៤៩នាក់ដែលកំពុងរស់នៅមណ្ឌលរបស់គាត់ ដែលក្នុងនោះរួមមានកុមារចាប់ពីអាយុ៤ឆ្នាំដល់១៩ឆ្នាំ។

លោកគ្រូ និយាយថា៖ «បើតាមច្បាប់ ពួកកុមារកំព្រាដែលមានអាយុ១៨ឆ្នាំត្រូវចាកចេញពីមណ្ឌល ពីព្រោះរដ្ឋមិនមានថវិកាសម្រាប់ចិញ្ចឹមពួកគេទៀតទេ។ ប៉ុន្តែ បើគេមិនទាន់រកការងារបានធ្វើ យើងចេះតែឲ្យគេបន្តនៅមួយឆ្នាំពីរទៀត។»

ដើម្បីរៀបចំអនាគតឲ្យកុមារកំព្រាដែលត្រូវចាកចេញពីមណ្ឌល លោកគ្រូត្រសុំ និយាយថាមណ្ឌលបានព្យាយាមបញ្ជូនកុមារកំព្រាធំៗឲ្យទៅរៀនជំនាញឯកទេសផ្សេងៗនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានផ្តល់ការហ្វឹកហ្វឺនជំនាញផ្នែកអគ្គីសនី លេខា ព័ត៌មានវិទ្យា និងទេសចរណ៍ជាដើម។

លោកគ្រូ ត្រសុំ និយាយថា៖ «ពួកគេព្យាយាមរៀនជំនាញណាដែលអាចរកលុយបានឆាប់ ហើយបើគេចង់បន្តរៀនទៅសាកលវិទ្យាល័យ គេត្រូវរកលុយរៀនខ្លួនឯងនៅថ្ងៃសៅរ៍អាទិត្យ។»

ទោះបីជាយ៉ាងណា លោកប្រធានមណ្ឌលនិយាយថាកុមារជាច្រើននាក់ទទួលបានការឧបត្ថម្ភពីអង្គការមនុស្សធម៌នៅពេលដែលពួកគេទៅបន្តការសិក្សាបន្ទាប់ពីរដ្ឋផ្តាច់ការឧបត្ថម្ភដល់ពួកគេ។

អ្នកគ្រូ ប៉ាល់ រ័ត្នមុនី នាយិការរងអាយុ៥៦ឆ្នាំដែរនោះ និយាយថាការអប់រំកុមារកំព្រាដែលក្មេងខ្លះធ្លាប់រស់នៅក្នុងគ្រួសារដែលប្រើអំពើហិង្សា មានការពិបាកយ៉ាងខ្លាំង ហើយគ្រូៗត្រូវព្យាយាមសព្វបែបយ៉ាងដើម្បីចិញ្ចឹមបីបាច់ និងគ្រប់គ្រងពួកគេ។

អ្នកគ្រូនិយាយដោយដកដង្ហើមធំថា៖ «ការប្រដៅក្មេង ដូចជាចាក់ទឹកលើក្បាលទាអីចឹង។»

ទោះបីជាយ៉ាងណា អ្នកគ្រូនិយាយថាកុមារជាច្រើនបានកែប្រែអត្តចរិតក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម បន្ទាប់ពីពួកគេចាកចេញពីមណ្ឌលកុមារកំព្រាទៅ។

អ្នកគ្រូ រ័ត្នមុនី និយាយថា៖ «ខ្ញុំសប្បាយចិត្តដោយឃើញកុមារភាគច្រើនទទួលបានជោគជ័យ។ កុមារខ្លះត្រឡប់មកវិញ ហើយសារភាពនូវកំហុសឆ្គងរបស់គេកាលពីនៅក្មេងៗ។»

លោកគ្រូ ត្រសុំ និយាយបន្ថែមថា៖ «ប្រសិនបើយើងធ្វេសប្រហែស អនាគតរបស់ពួកគេនឹងជួបគ្រោះថ្នាក់។ តាមពិត យើងព្យាយាមអប់រំកុមារកំព្រាលើសពីកូនរបស់យើងទៅទៀត។»

អ្នកគ្រូ រ័ត្នមុនី និយាយថាមណ្ឌលតែងតែតាមដានការសិក្សារបស់កុមារកំព្រាគ្រប់ពេលវេលា ដើម្បីឲ្យពួកគេទៅរៀនឲ្យបានទៀងទាត់ពេលវេលា។

អ្នកគ្រូនិយាយថា៖ «ពេលមានកុមារណាមួយអវត្តមាន គ្រូតែងតែហៅគ្រូនៅមណ្ឌលទៅណែនាំ ដូចជាយើងជាឪពុកម្តាយបង្កើតពួកគេដែរ។»

អ្នកគ្រូ រ័ត្នមុនី និយាយលេងបន្ថែមថា៖ «ខ្ញុំប្រាប់គ្រូរបស់ពួកគេថា កុមារកំព្រាជាកូនរបស់រដ្ឋ និងជាកូនរបស់យើងទាំងអស់គ្នា មិនមែនតែជាកូនរបស់គ្រូមណ្ឌលទេ។»

លោកគ្រូ ត្រសុំ និយាយថាអតិតកុមារកំព្រាមួយចំនួនដែលធ្លាប់នៅមណ្ឌលរបស់គាត់កាលពីទសវត្ស៨០ និង៩០ បានក្លាយជាគ្រូបង្រៀន និងមន្រ្តីរាជការ ក្នុងនោះមានកុមារកំព្រាខ្លះកាន់ដំណែងខ្ពស់ទៀតផង។

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered