untitled-1-recovered-recovered

បងប្អូនពីរនាក់ឈប់រៀនទៅធ្វើការនៅថៃតែមាននិស្ស័យបានចូលរៀនវិញ

កាលពីបីឆ្នាំមុន កុមារី វ៉ង់ សុឃឿង និងកុមារី សឿ សេងឃាង ដែលជាបងប្អូនជីដូនមួយអាយុ១៤ឆ្នាំ ដូចគ្នា កំពុងរៀនថ្នាក់ទី៧ជាមួយមិត្តភ័ក្រ្តរបស់ពួកគេជាច្រើននាក់នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ក្នុងស្រុកព្រះនេតព្រះ​ខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយរីករាយ។

ដូចកុមារជាច្រើនាក់ទៀតដែរ ពួកគេមានសេចក្តីប្រាថ្នារៀងខ្លួន នៅពេលពួកគេធំឡើង។ សុឃឿង និយាយថានាងចង់ធ្វើជាគ្រូពេទ្យ ចំណែកសុឃាងប្រាប់ថានាងចង់ធ្វើជាគ្រូបង្រៀន។ បន្ទាប់ពីប្រឡងឆមាសទីពីររួច គ្រូបានបូកលទ្ធផលប្រចាំឆ្នាំ ហើយលទ្ធផលបង្ហាញថាពួកគេនឹងបានឡើងថ្នាក់ទី៨នៅពេលចូលបវេសនកាលឆ្នាំក្រោយ ដែលធ្វើឲ្យពួកគេរំភើបចិត្តយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណា ក្តីសង្ឃឹមរបស់ពួកគេត្រូវបាត់បង់អស់ នៅពេលឪពុកម្តាយរបស់កុមារីទាំងពីរប្រាប់ថាពួកគេត្រូវឈប់រៀន ហើយទៅស៊ីឈ្នួលគេនៅប្រទេសថៃ ដើម្បីយកលុយមកសងបំណុលគេ។ដោយសារបញ្ហានេះ សុឃឿង និងសេងឃាង បានសម្រេចចិត្តបោះបង់ការសិក្សា រួចតាមឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ។

សុឃឿង និយាយរំឭកឡើងវិញ ដោយរលីងរលោងទឹកភ្នែកថា ពេលព្រឹកចេញពីផ្ទះ នាងបានស្រក់ទឹកភ្នែក ហើយ ពេលជិះម៉ូតូកាត់មុខសាលា នាងក៏យំតែម្តង។ «ពេលនោះ ខ្ញុំសោកស្តាយខ្លាំងណាស់ដែលត្រូវឈប់រៀន។ ប៉ុន្តែ ខ្ញុំអាណិតម្តាយខ្ញុំដែលជំពាក់លុយគេ។» សេងឃាងបានបន្ថែម។

សេងឃាង បានទៅធ្វើការនៅហាងលក់ផ្កាមួយកន្លែងនៅទីក្រុងបាងកក ដោយបានប្រាក់ចំនួន៣០០បាតក្នុងមួយថ្ងៃ។ នាងត្រូវធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ ចាប់តាំងពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។ ការងារនេះនឿយហត់ណាស់សម្រាប់នាង ព្រោះមិនមានពេលសម្រាក។

បន្ទាប់ពីធ្វើការបានប្រាំមួយខែ សេងឃាងបានត្រឡប់មកស្រុកខ្មែរវិញ នៅសល់តែឪពុក និងម្តាយរបស់នាងដែលនៅស៊ីឈ្នួលសម្អាតផ្ទះឲ្យគេ។ពេលនេះ ម្តាយរបស់នាងក៏រកប្រាក់បានច្រើនគ្រាន់បើ ហើយបានយកទៅសងបំណុលគេជិតអស់ដែរ។ នៅពេលត្រឡប់មកស្រុកខ្មែរវិញ គ្រូក៏អនុញ្ញាតឲ្យនាងចូលរៀនវិញ។ នាងនិយាយបន្តថា៖ «ពេលនៅប្រទេថៃ ខ្ញុំនឹកមិត្តភ័ក្រ្តខ្ញុំណាស់។ ខ្ញុំមិននឹកស្មានថាបានត្រឡប់មកចូលរៀនវិញនោះទេ។»

ចំណែកសុឃឿង​ ត្រូវម្តាយនាងនាំទៅធ្វើការនៅកន្លែងលក់ផ្លែឈើមួយនៅបាងកក ដោយទទួលបានកម្រៃ៣០០បាតក្នុងមួយថ្ងៃដែរ។ ប៉ុន្តែនាងធ្វើការបានតែប្រាំខែក៏សុំម្តាយត្រឡប់មករៀននៅស្រុកខ្មែរ
វិញ។ សុឃឿងនិយាយថា៖ «ខ្ញុំត្រូវធ្វើការធ្ងន់រាល់ថ្ងៃ។ ពេលខ្លះ ឡាំងផ្លែឈើធ្លាក់ពីលើឡានត្រូវជើងរបស់ខ្ញុំក៏មាន។»

ដោយសារនាងមិនមានលិខិតឆ្លងដែន នាងមិនហ៊ានដើរលេងឆ្ងាយពីកន្លែងលក់ផ្លែឈើនោះឡើយ ព្រោះខ្លាចប៉ូលីសថៃចាប់បញ្ជូនមកស្រុកខ្មែរវិញ។ នាងនិយាយថា៖ «ពេលកំពុងលក់ផ្លែឈើ ខ្ញុំឃើញសិស្សសាលាជនជាតិថៃមកទិញផ្លែឈើរបស់ខ្ញុំ។ ពេលនោះ ខ្ញុំមានអារម្មណ៍ចង់ត្រឡប់មករៀនយ៉ាងខ្លាំង។» សុឃឿងរីករាយណាស់ដែលបានត្រឡប់មករៀនវិញដូចបំណង ហើយម្តាយនាងក៏អនុញ្ញាតឲ្យនាងរៀនរហូតដល់បានការងារធ្វើដែរ។

ក្តីប្រាថ្នាកាលពីពេលមុនរបស់កុមារីទាំងពីរហាក់ដូចជាមានសង្ឃឹមច្រើន ដោយសារពួកគេមានគ្រូ និងនាយកសាលាដែលតែងតែចាំជួយគាំទ្រពួកគេបន្ថែមទៀត។

«បងប្រុសខ្ញុំជាគ្រូបង្រៀន ដូច្នេះខ្ញុំចង់ធ្វើជាគ្រូពេទ្យ។» នាងនិយាយប្រកបដោយទំនុកចិត្តខ្លួនឯង។

ខុសពីសុឃឿង សេងឃាងនិយាយថានាងចង់ធ្វើជាគ្រូបង្រៀន ដូចជាជីតារបស់នាងដែលបានចូលនិវត្តទៅហើយ។​ នាងនិយាយដោយញញឹមថា យាយនាងប្រាប់ថាតានាងជាគ្រូបង្រៀន ដូច្នេះគាត់ចង់ឲ្យនាងធ្វើគ្រូដែរកុំឲ្យដាច់ខ្សែគ្រូ។»

ទោះបីជាយ៉ាងណាក្តី បើតាមសម្តីរបស់លោកគ្រូ ជិន ឆោម អាយុ៣៦ឆ្នាំ ជានាយកវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ មិនមានសិស្សច្រើនទេដែលបានត្រឡប់មកចូលរៀនវិញ បន្ទាប់ពីពួកគេឈប់រៀនទៅធ្វើការនៅកន្លែងផ្សេងៗ។ មានសិស្សចំនួន៤២៣នាក់ដែលបានរៀននៅវិទ្យាល័យរបស់គាត់ ក្នុងឆ្នាំសិក្សា២០១៤­២០១៥។ ប៉ុន្តែ គាត់និយាយថាមានសិស្សតែបួនទៅប្រាំនាក់ប៉ុណ្ណោះដែលបានត្រឡប់មករៀនវិញ ក្នុងចំណោមសិស្សចំនួន៤៧នាក់ដែលបានឈប់រៀន។

លោកគ្រូ ជិន ឆោម តែងតែព្យាយាមបញ្ចុះបញ្ចូលឪពុកម្តាយសិស្ស ដើម្បីកុំឲ្យកូនឈប់រៀនទៅធ្វើការនៅប្រទេសថៃ។ ប៉ុន្តែ កន្លងមកការប្រឹងប្រែងរបស់គាត់ភាគច្រើនមិនបានសម្រេចឡើយ។

លោកគ្រូរំឭកថាមានសិស្សនៅវិទ្យាល័យរបស់គាត់ម្នាក់រៀនថ្នាក់ទី៨ បានមកអង្វរគាត់ឲ្យជួយនិយាយជាមួយម្តាយរបស់គេកុំឲ្យបង្ខំគេឲ្យឈប់រៀន។ «ខ្ញុំបានទៅពន្យល់ម្តាយរបស់គេជាច្រើនលើក ប៉ុន្តែទីបំផុតគាត់ឲ្យកូនគាត់ឈប់រៀនទាល់តែបាន។ គាត់លួចយកកូនទៅតាងពីម៉ោងបួនជិតភ្លឺ ខ្លាចខ្ញុំមកទាន់។»​លោកនាយកសាលានិយាយ។

ទោះបីជាយ៉ាងណា លោកគ្រូ ជិន ឆោម និយាយថាគ្រូបង្រៀន អាជ្ញាធរ និងសហគមន៍ ត្រូវបន្តអប់រំដល់សិស្ស និងមាតាបិតារបស់គេអំពីតម្លៃនៃការសិក្សារបស់កូនរបស់គេ ព្រមជាមួយនឹងការជួយឧបត្ថម្ភផ្សេងៗដល់សិស្សក្រីក្រ ដើម្បីជម្រុញសិស្សកុំឲ្យបោះបង់ការសិក្សា។ ពេលនេះ ឪពុកម្តាយសិស្សយល់កាន់តែច្រើនអំពីសារៈសំខាន់ក្នុងការឲ្យកូនគាត់មករៀន។ ពួកគេភាគច្រើនលែងឲ្យកូនឈប់រៀន ហើយសុខចិត្តផ្ញើលុយមកជួយកូនវិញ ពេលពួកគាត់ទៅធ្វើការនៅប្រទេសថៃ។

ដោយ Aide et Action.org
Untitled-1
Untitled-1
Untitled-1-Recovered