untitled-1-96

ការបង្រៀនព្រះពុទ្ធសាសនាជួយពង្រឹងសីលធម៌សង្គមដល់សិស្សស្រុកស្រែ

នៅក្នុងព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ វេលាម៉ោង៧ព្រឹក សិស្សានុសិស្សតែងតែនាំគ្នាឈរតម្រង់ជួរដើម្បីគោរពទង់ជាតិ រួបបន្ទាប់មក ពួកគេក៏បំបែកជួរ រួចដើរទៅកាន់ថ្នាក់រៀនរៀងៗខ្លួន ដើម្បីចាប់ផ្តើមសកម្មភាពសិក្សារបស់ពួកគេ។

ដោយឡែកនៅសាលាបឋមសិក្សាវត្តថ្មី ដែលមានទីតាំង ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៦អាសិស្សានុសិស្សត្រូវមានកតព្វកិច្ចមួយទៀត មុននឹងគេចាប់ផ្តើមការសិក្សារបស់គេ។ ពោលបន្ទាប់ពីស្រង់
វត្ត​មាន​រួចហើយ ពួកគេត្រូវសូត្រធម៌នមស្សការចំនួន​បីចប់សិន មុននឹងចាប់ផ្តើមមេរៀន។ «យើងជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែគោរព។» លោកគ្រូ ហង្ស វ៉ាន់ថា ជានាយកសាលា បាននិយាយ។ លោកនាយកបានបន្ថែមថា ការបង្រៀនព្រះពុទ្ធសាសនាដល់សិស្សានុសិស្សមានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគេយល់ដឹងពីបុណ្យបាបផង និងចេះគោរពឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យផង។សិស្សត្រូវដឹងថា បើគេធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ខ្ញុំកត់សម្គាល់ឃើញថា សិស្សរបស់ខ្ញុំសុទ្ធតែជាសិស្សល្អ។

កុមារី ចាន់ ធីតា អាយុ៩ឆ្នាំ និងកុមារា មួន វីឆ័យ អាយុ១០ ដែលកំពុងរៀននៅថ្នាក់ទី៣ បានប្រាប់ថាឪពុកម្តាយ និងអ្នកភូមិរបស់ពួកគេតែងតែសរសើរពួកគេដែលចេះអោនលំទោន ​និងចេះប្រតិបត្តិតាមព្រះពុទ្ធសាសនា។ ធីតា បាននិយាយថា ពុកម៉ែរបស់នាងតែងតែទូន្មាននាងថា បើនាងចេះសូត្រធម៌ជាការល្អណាស់។ ហើយវិឆ័យ បានបន្ថែមថា ធម៌បង្រៀនមនុស្សកុំឲ្យដើរផ្លូវអាក្រក់។

កុមារារូបនេះ និយាយថានៅក្នុងសង្គមបច្ចុប្បន្ន មានមនុស្សអាក្រក់ជាច្រើន ហើយកាលពីថ្ងៃមុន ម៉ូតូរបស់ឳពុកមារបស់គេត្រូវបានចោរលួចយកទៅបាត់។

លោកតា តុល អែម ជាអាចារ្យអាយុ៨៤ឆ្នាំនៅវត្តថ្មីដែលនៅជាប់សាលាបឋមសិក្សាវត្តថ្មី បាននិយាយថាវាជាការត្រឹមត្រូវណាស់ដែលសាលារៀនបានបង្រៀនព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស។ លោកតា និយាយថាលោកតា និងព្រះសង្ឃគង់នៅក្នុងវត្តរមែងជួយណែនាំសិស្សឲ្យយល់អំពីព្រះពុទ្ធសាសនា។ «យើងខាងពុទ្ធចក្រ ដូច្នេះយើងត្រូវបង្រៀនខាងអាណាចក្រអំពីធម៌អាថ៌។ ​ខ្ញុំតែងតែប្រាប់កូនសិស្សឲ្យគោរពតាមព្រះពុទ្ធសាសនា។» លោកតាបានបញ្ជាក់។

លោកតា បានបន្ថែមថាសិស្សជាច្រើនចង់មករៀនរបៀបធ្វើសម្មាធិ ហើយគាត់បានប្រាប់សិស្សទាំងនោះឲ្យសូត្រ «ពុទ្ធោអរហំ ពុទ្ធោអរហំ ពុទ្ធោអរហំ» ចំនួនបីចប់ ដើម្បីឲ្យគេមានអារម្មណ៍ជ្រះថ្លាក្នុងការរៀនសូត្រ។

គួរបញ្ជាក់ថា តាំងពីសម័យបុរាណរៀងមក ការសិក្សាតែងតែផ្សាភ្ជាប់នឹងព្រះពុទ្ធសាសនា។ បើចង់រៀន​អក្សរសាស្រ្តខ្មែរ ក្បួនខ្នាត និងគម្ពីរសាសនាផ្សេងៗ កូនសិស្សទាំងអស់​ត្រូវ​បួសរៀននៅឯវត្ត ព្រោះកាលពីសម័យមុន ប្រទេសយើងមិនមាន​សាលារៀនទេ។​ តាមឯកសារស្រាវជ្រាវមួយបានឲ្យដឹងថា កម្មវិធីសិក្សានៅពេលនោះរួមមានការសិក្សាភាសាបាលី ទស្សនវិជ្ជាព្រះពុទ្ធសាសនា វិទ្យាសាស្រ្ត អនាម័យ សិក្សាសង្គម និងកសិកម្ម។

បន្ទាប់ពីបារាំងមកដាក់អាណានិគមនៅក្នុងប្រទេសកម្ពុជានាទសវត្ស១៨៦០ បារាំងបានបញ្ចូលប្រព័ន្ធអប់រំបារាំង ជាមួយការអប់រំតាមបែបប្រពៃណីដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ នៅពេលប្រទេសកម្ពុជាបានទទួលឯករាជពីបារាំងក្នុងឆ្នាំ១៩៥៣ ប្រព័ន្ធអប់រំក្នុងប្រទេសយើងត្រូវបានធ្វើការកែប្រែមុខមាត់យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់​ព្រះបាទនរោត្តម សីហនុ។​ឯកសារស្រាវជ្រាវឲ្យដឹងថា នៅចុងទសវត្ស១៩៥០ទើបការអប់រំតាមសាលារៀនធម្មតាត្រូវបានបង្កើតឡើង។

 

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered