untitled-1-62

របៀបធ្វើបទបង្ហាញឲ្យមានភាពទាក់ទាញ

ការធ្វើបទបង្ហាញគឺមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់រូបនោះទេ។ អ្នកខ្លះមានអារម្មណ៍ភិតភ័យនៅពេលដែលធ្វើបទបង្ហាញដែលជាដើមហេតុនៃការបរាជ័យក្នុងការគ្រប់គ្រងអារម្មណ៍។ ការបាត់បង់ម្ចាស់ការលើខ្លួនឯងនេះអាចធ្វើអោយអ្នកភ្លេចភ្លាំងនូវអ្វីដែលអ្នកចង់និយាយ ដែលនាំអោយបទបង្ហាញរបស់អ្នកជួបនូវភាពបរាជ័យ។ ដូច្នេះ អ្នកគួរតែមានវិធានការមួយចំនួនទាំងមុន និងក្នុងពេលធ្វើបទបង្ហាញដើម្បីប្រាកដថាអ្នកមានជំនឿចិត្តក្នុងការធ្វើបទបង្ហាញរបស់អ្នក។

ជំហានទី១៖ ផែនការត្រៀមទុកមុនសម្រាប់ការធ្វើបទបង្ហាញ

១. ការកត់ត្រា ប្រើប្រាស់ក្រដាស់មួយដែលអ្នកកត់ត្រាអ្វីដែលអ្នកនឹងធ្វើបទបង្ហាញទៅកាន់មិត្តរួមថ្នាក់របស់អ្នក។ ការកត់ត្រានោះទៀតសោទគឺមិនមែនប្រើប្រាស់សម្រាប់តែអានតាមមួយរយភាគរយនោះទេ។ អ្នកគ្រាន់តែកត់នូវចំនុចសំខាន់ៗ ឬមួយក៏ជាពាក្យគន្លឹះមួយចំនួនដើម្បីរំលឹកអ្នកអោយមានការចងចាំឡើងវិញ ក្នុងករណីដែលអ្នកមានការភ្លេចភ្លាំងម្ដងម្កាល។ ធ្វើដូច្នេះ អ្នកនឹងអាចនិយាយនូវរាល់ចំនុចដែលអ្នកចង់និយាយនៅក្នុងបទបង្ហាញរបស់អ្នក។

២. ហ្វឹកហាត់

ហ្វឹកហាត់អោយបានច្រើនដងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អោយអ្នកមានជំនឿចិត្តថាអ្នកពិតជាអាចធ្វើវាបាននៅពេលដែលអ្នកធ្វើបទបង្ហាញជាផ្លូវការក្នុងថ្នាក់រៀនរបស់អ្នក។ អ្នកអាចសាកល្បងកំណត់នាទីថាតើអ្នកអាចបញ្ចប់បទបង្ហាញរបស់អ្នកទៅតាមពេលកំណត់ដែលគ្រូដាក់អោយដែរឬទេ។ លើសពីនេះទៅទៀត អ្នកក៏អាចធ្វើបទបង្ហាញនោះនៅចំពោះមុខមិត្តភក្ដ ឬបងប្អូនដើម្បីអោយពួកគេផ្ដល់ជាមតិយោបល់ថាអ្នកនៅមានការខ្វះខាតកន្លែងណាខ្លះ។ ដូច្នេះ អ្នកអាចកៅតម្រូវកន្លែងដែលអ្នកមានការខ្វះខាតនោះ។

៣. ធ្វើការស្រាវជ្រាវព័ត៌មានបន្តែមទៅលើប្រធានបទដែលអ្នកនឹងធ្វើបទបង្ហាញ

អ្នកមិនចាំបាច់ក្លាយទៅជាអ្នកជំនាញពាក់ព័ន្ធទៅនឹងប្រធានបទដែលអ្នកនឹងធ្វើបទបង្ហាញនោះទេ។ អ្នកគ្រាន់តែស្រាវជ្រៅទាំងតាមសៀវភៅ និងប្រព័ន្ធអ៊ីនធឺណេតដើម្បីទទួលបានចំណេះដឹងសមល្មមនឹងអាចឆ្លើយរាល់សំណួររបស់លោកគ្រូ អ្នកគ្រូ ឬមិត្តរួមថ្នាក់ទៅបានហើយ។ ប្រភពទិន្នន័យដែលអ្នកយកទៀតសោទត្រូវបានអាចជឿទុកចិត្តបាន។ ការយកព័ត៌មាន ឬទិន្នន័យពីប្រភពដែលទាំងនោះមកដាក់ចូលក្នុងបទបង្ហាញរបស់អ្នកធ្វើអោយលោកគ្រូអ្នកគ្រូគិតថាថាអ្នកពិតជាយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចការមួយនេះ។

ជំហានទី២៖ អ្វីដែលត្រូវធ្វើនៅកំឡុងពេលកំពុងតែធ្វើបទបង្ហាញ

១. ញញឺមទៅកាន់អ្នកស្ដាប់៖
ការសិក្សាមួយបានបង្ហាញថា ការញញឺមគឺជាជម្ងឺឆ្លង។ វាមានន័យថា នៅពេលដែលអ្នកញញឺមទៅកាន់នរណាម្នាក់ ម្នាក់នោះពិបាកនឹងមិនញញឺមមកកាន់អ្នកវិញណាស់។ ការញញឺមទៅកាន់អ្នកស្ដាប់បទបង្ហាញរបស់អ្នកអាចជាភាពទាក់ទាញមួយដែលធ្វើអោយគេមានការចាប់អារម្មណ៍ស្ដាប់បទបង្ហាញរបស់អ្នក។

២. ជឿជាក់ទៅលើការធ្វើបទបង្ហាញរបស់អ្នក
ចំណុចសំខាន់នៃការធ្វើបទបង្ហាញនោះគឺបញ្ជូនព័ត៌មានដែលអ្នកបានរកឃើញនោះទៅអោយអ្នកស្ដាប់។ វាពិតជាមានសារៈសំខាន់ណាស់កាលដែលអ្នកអ្នកស្ដាប់ផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងតែនិយាយ។ ភាសានិយាយក៏អាចជាផ្នែកមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្ដាប់ដែរ។ នៅពេលដែលអ្នកធ្វើបទបង្ហាញ អ្នកត្រូវបានកដថាពាក្យពេចន៍ដែលអ្នកប្រើប្រាស់មានភាពសាមញ្ញ និងងាយយល់។ ប្រសិនបើអ្នកស្ដាប់មិនយល់ពីអ្វីដែលអ្នកកំពុងនិយាយទេ ពួកគេនឹងមិនចាប់អារម្មណ៍នឹងបទបង្ហាញរបស់អ្នកនោះទេ។

៣. ក្រសែភ្នែក
វាគ្មានអ្វីធុញជាងការសម្លឹងមើលចុះក្រោម និងមើលក្រដាស់កត់ត្រាក្នុងដៃរបស់អ្នកនៅពេលដែលកំពុងធ្វើបទបង្ហាញនោះទេ។ អ្នកត្រូវប្រើប្រាស់កែវភ្នែករបស់អ្នកសម្លឹងទៅរកអ្នកស្ដាប់ដើម្បីអោយពួកគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ចែករំលែកព័ត៌មានទៅកាន់ពួកគេ។

៤. ការប្រើប្រាស់សម្លេង
ការប្រើប្រាស់សំលេងក៏ជាផ្នែកមួយដ៏គួរអោយចាប់អារម្មណ៍សម្រាប់ទាក់ទាញអ្នកស្ដាប់អោយយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលអ្នកនិយាយ។ សម្លេងរបស់អ្នកត្រូវតែលឺច្បាស់ល្អ តែមិនមែនជាការស្រែកនោះទេ។ អ្នកក៏គួរតែចេះលើក ដាក់សម្លេងរបស់អ្នកដើម្បីអោយស្ដាប់ទៅគួរអោយចាប់អារម្មណ៍។

៥. កាយវិការ
ដៃរបស់អ្នកគួរតែធ្វើចលនា ស្របពេលដែលអ្នកកំពុងធ្វើបទបង្ហាញ។ វាអាចជួយអោយមានការបញ្ជាក់ន័យនូវអ្វីដែលអ្នកកំពុងនិយាយអោយកាន់តែច្បាស់ និងអាចធ្វើអោយបទបង្ហាញរបស់អ្នកមានភាពរស់រវើក។

ដោយ Ahladang
Untitled-1
Untitled-1
Untitled-1-Recovered