untitled-1-49

តើគួរជ្រើសយកជំនាញមួយណា?

សិស្ស​ស្ទើរ​តែ​១០០​ភាគ​រយ​ តែង​ជួប​ការ​លំបាក​មិន​ដឹង​ថា​គួរ​ជ្រើស​រើស​យក​មុខ​ជំនាញ​ណា​មួយ​មក​សិក្សា ​​សម្រាប់​ជា​អាជីព​ប្រចាំ​ជីវិត​នា​ពេល​អនាគត។ ការ​ពិត​ទៅ​ការ​រើស​យក​ជំនាញ​សិក្សា​មិន​គួរ​លំបាក​ពេក​ទេ ដរាប​ណា​គេ​បាន​ត្រៀម​ខ្លួន​និង​សិក្សា​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​អំពី​ខ្លួន​ឯង​ និង​អាជីព​ដែល​ខ្លួន​ចង់​ធ្វើ។ កត្តាគួប​ផ្សំ​​មួយ​ចំនួន​ដែល​គួរ​យក​មក​ពិចារណា​រួម​មាន តើ​មុខ​ជំនាញ​នេះ​ងាយ​ស្រួល​រក​ការងារ​ធ្វើ​ទេ​ពេល​បញ្ចប់​ការ​សិក្សា? តើ​នៅ​ថ្ងៃ​អនាគត​​នឹង​មាន​តម្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ជំនាញ ​បែប​នេះ​ដែរ​ឬទេ? ក្រៅ​ពី​ធ្វើ​ការ​តាម​បណ្តា​ក្រុមហ៊ុន​ ឬ​អង្គការ ​តើ​មុខ​ជំនាញ​នេះ​អាច​យក​ទៅ​ប្រកប​របរ​រក​ស៊ី​បាន​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ?

ក្រៅ​ពី​កត្តា​​ដែល​បាន​រៀប​រាប់​ខាង​លើ​ កត្តា​​ដែល​សំខាន់​បំផុត​គឺ​ ជាប់​ទាក់​ទង​នឹង​ខ្លួន​អ្នក​ផ្ទាល់​ ចូរ​សួរខ្លួន​ឯង​នូវ​សំណួរ​ដូច​ខាង​ក្រោមៈ

​១. តើ​អ្នក​ចូល​ចិត្ត​អ្វីៈ ចូរ​ជ្រើស​រើស​មុខ​ជំនាញ​ណា​ដែល​អ្នក​ចូល​ចិត្ត មិន​មែន​មុខ​ជំនាញ​ដែល​​បង​ប្អូន​ ឬ​មិត្ត​ភក្តិ​របស់​អ្នក​ចូល​ចិត្ត​ ហើយ​ជំរុញ​ឲ្យ​អ្ន​ក​រៀន​ទេ។ សង្គម​គ្រួសារ​ទូទៅ​ មិន​ថា​នៅ​ស្រុក​ខ្មែរ​ឬ​នៅ​ស្រុក​គេ​ទេ ច្រើន​ចូល​ចិត្ត​ឲ្យ​កូន​រៀន​ពេទ្យ ព្រោះ​ពេល​រៀន​ចប់​អាច​រក​ប្រាក់​បាន​ច្រើន​។ ប៉ុន្តែ​ប្រសិន​បើ​អ្នកគ្មាន​ចំណូល​ចិត្ត​សោះ អ្នក​ខ្លាច​ឈាម​ អ្នក​មិន​ចូល​ចិត្តទន្ទេញ​មេរៀន តើ​អ្នក​អាច​ទ្រាំ​រៀន​បាន​រាប់​ឆ្នាំ​ដែរ​ឬ​ទេ? អ្នក​ប្រហែល​ជា​បោះ​បង់​ចោល​កណ្តាល​ទី ឬ​បើ​បញ្ចប់​ហើយ​ ពេល​ធ្វើ​ការ​អ្នក​អាច​នឹង​ដូរ​ការងារ​ទៅ​ធ្វើ​អ្វី​ផ្សេង​ដដែល។

២. តើ​អ្នក​ពូ​កែ​ខាង​អ្វីៈ អ្នក​គួរ​ជ្រើស​រើស​ជំនាញ​ទៅ​តាម​ទេព​កោសល្យ​របស់​អ្នក​។​

៣. អ្នក​ចង់​ក្លាយ​ខ្លួន​ជា​អ្វីៈ តើ​អ្នក​តែង​តែ​ស្រមៃ​ចង់​ក្លាយ​ជា​វិស្វករ​មែន​ទេ? តើ​អ្នក​តែង​តែ​ស្រមៃ​ចង់​ក្លាយ​ជា​មេធាវី​មែន​ទេ? ចូរ​ភ្ជាប់​ក្តី​ស្រមៃ​ទាំង​នេះ​ទៅ​នឹង​មុខ​ជំនាញ​ណា​ដែល​អាច​ប្រែ​ក្លាយ​ ក្តី​ស្រមៃ​នេះ​ឲ្យ​ក្លាយ​ជា​ការ​ពិត។

សួរ​រៀមច្បង! មែន​ហើយ​​ពាក្យ​ចាស់​ពោល​ថា​ “​មាត់​ជា​ផ្លូវ​” ចង់​ដឹង​រឿង​អ្វី​មួយ​ ចូរ​សួរ​គេ​ នោះ​​គេ​នឹង​ប្រាប់​ផ្លូវ​ថា​ទៅ​តាម​ណា​​។ ការ​ណែ​នាំ​របស់​រាម​ច្បង​គឺ​ជា​ត្រីវិស័យ​ដ៏​សំខាន់​សម្រាប់​អ្នក​ក្នុង​ ការ​ជ្រើស​រើស​មុខ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ចំណូល​ចិត្ត​ និង​ត្រូវ​តាម​កាលៈ​ទេសៈ​បច្ចុប្បន្ន។ ចូរ​សាក​សួរ​អ្នក​ដែល​ធ្លាប់​រៀន​មុខ​វិជ្ជា​ដែល​អ្នក​ចង់​រៀន​ តើ​ជំនាញ​នេះ​គេ​រៀន​អ្វី​ខ្លះ ពេល​ចប់​ទៅ​ចេះ​បាន​អ្វី​ខ្លះ។ រួច​ហើយ​ចូរ​ប្រៀបធៀប​ជាមួយ​អ្វី​ដែល​អ្នក​គិត​តើ​វា​ត្រូវ​តាម​ការ​រំពឹង​ គិត​របស់​អ្នក​ទេ ព្រោះ​ជួន​កាល​អ្នក​គិត​ថា​ជំនាញ​នេះ​នឹង​ផ្តល់​ចំណេះ​ប្រភេទ​នេះ​ដល់​អ្នក​ លុះ​ស្តាប់​ការ​ណែ​នាំទៅ​ទើប​ដឹង​ថា​ ជំនាញ​មួយ​ផ្សេង​ទៀត​ទេ​ដែល​ត្រូវ​តាម​បំណង​ដែល​អ្នក​ចង់​បាន។​​ មនុស្ស​មួយ​ប្រភេទ​ទៀត​ដែល​អ្នក​គួរ​សួរ​គឺ​អ្នក​ធ្វើ​ការ​ក្នុង​អាជីព​ដែល​ អ្នក​ស្រមៃ​ចង់​ធ្វើ។ ឧទាហរណ៍​បើ​អ្នក​ចង់​ធ្វើ​ការ​នៅ​ធនាគារ ចូរសួរ​អ្នក​ធ្វើ​ការ​នៅ​ធនាគារ​តើ​គេ​រៀន​មុខ​ជំនាញ​អ្វី​ទើប​អាច​ចូល​ធ្វើ ​ការ​នៅ​កន្លែង​នេះ​បាន ហើយ​ថា​តើ​ត្រូវ​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ​ទៀត​ដែល​ត្រូវ​តែ​មាន ​។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered