ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ និងជាអតីតសិស្សពូកែគណិតវិទ្យាប្រចាំខេត្តកណ្តាលក្នុងឆ្នាំ២០០៥ លោកវ៉ាលី ដូណា វ័យ២៦ឆ្នាំ គឺជាយុវជនម្នាក់ដែលមានភាពជោគជ័យទាំងក្នុងការសិក្សា និងអាជីពរបស់ខ្លួន។
ខណៈដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)រយៈពេល៥ឆ្នាំ ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា និងទំនាក់ទំនង លោកដូណា គឺជានិស្សិតពូកែម្នាក់ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំជំនាន់ទី២៥ ក្នុងដេប៉ាតឺម៉ង់ព័ត៌មានវិទ្យានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ដោយសារភាពឆ្នើមក្នុងការសិក្សារបស់លោក ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាននេះក្នុងឆ្នាំ២០១០ លោកក៏ទទួលបានអាហារូបករណ៍ថ្នាក់អនុបណិ្ឌតរយៈពេលមួយឆ្នាំនៅប្រទេសបារាំង។
បើតាមលោកវ៉ាលី ដូណា ការសិក្សាថ្នាក់អនុបណ្ឌិតត្រឹមតែមួយឆ្នាំនេះក៏ព្រោះតែសញ្ញាបត្ររបស់លោកពីវិទ្យាស្ថានបច្ចេកវិទ្យានៅក្នុងឆ្នាំទី៥ មានតម្លៃស្មើនឹងការសិក្សាឆ្នាំទីមួយថ្នាក់អនុបណ្ឌិតនៅបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន។
ការសិក្សានៅប្រទេសបារាំងធ្វើឲ្យលោកយល់កាន់តែច្បាស់លើជំនាញព័ត៌មានវិទ្យាផ្នែក “Images Synthesis, and Graphic Design”ជាជំនាញសម្រាប់ការបង្កើតកម្មវិធីរូបភាព 3D ឬក៏ រូប Animation ផ្សេងៗ។
ក្រោយពីបញ្ចប់ការសិក្សាពីប្រទេសបារាំងលោកដូណា បានធ្វើការជាគ្រូបង្រៀនផ្នែកវិស្វកម្មព័ត៌មានវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា និងជាសមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវព័ត៌មានវិទ្យានៅវិទ្យាស្ថាននេះតែម្តង។ លោក និងក្រុមរបស់លោក សព្វថ្ងៃកំពុងធ្វើការលើគម្រោងជាច្រើនរួមមានកម្មវិធី “Khmer Language Processing Tools” ដែលមានដូចជាកម្មវិធី«Tool khmer OCR (Optical Character Recognition)» ដែលជាកម្មវិធីមួយសម្រាប់បំប្លែងអត្ថបទពី (hard coppy) ទៅជាអក្សរឌីជីថល(digital version)។ មានន័យថា យើងអាចស្កេនអត្ថបទមួយជាភាសាខ្មែរពីក្រដាស ឬពីរូបភាព(អក្សរ)ដែលយើងថត ហើយកម្មវិធីនេះនឹងបំប្លែងអក្សរនោះទៅជាអក្សរឌីជីថលដែលយើងអាចកែ(edit)បានលើ «Microsoft Word»។
មួយទៀតគឺ កម្មវិធី“Khmer Speech Recognition”។ កម្មវិធីនេះ អាចចាប់បាននូវពាក្យដែលយើងនិយាយ ហើយ វានឹងចូលទៅរករបស់នោះឲ្យយើងនៅភ្លាម។ កម្មវិធីមួយទៀតវិញគឺ “Machine Translation” ជាកម្មវិធីដែលយើងនិយាយជាភាសាខ្មែរ ហើយវានឹងបំប្លែងពាក្យនោះទៅជាភាសាផ្សេងៗទៀត(កម្មវិធីបកប្រែ)។
កម្មវិធីទាំងបីខាងលើគឺកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់(development process) ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនាខាងមុខ ក្រោមគម្រោងជំនួយរបស់អង្គការ World Bank ហើយកម្មវិធីទាំងនោះនឹងត្រូវបានគេដាក់ឲ្យប្រើប្រាស់(ទាញយក) ដោយសេរីប្រសិនបើវាទទួលបានជោគជ័យ។
ពិតណាស់ អ្វីៗទាំងអស់គឺ កើតឡើងពីការខំប្រឹងប្រែង បូករួមនឹងការចេះរកវិធីសាស្រ្តដើម្បីសម្រេចនូវគោលដៅដែលយើងបានគ្រោងទុក។ សម្រាប់លោក វ៉ាលី ដូណា ការចាប់យកជំនាញដែលលោកចង់ធ្វើ រៀនអ្វីដែលលោកស្រឡាញ់ និងស្វ័យសិក្សា គឺជាគន្លឺះជោគជ័យ។ លោក បានចែករំលែកដូចតទៅនេះ៖
ត្រូវចាប់យកអី្វដែលយើងចង់ធ្វើ៖ យុវជនត្រូវដឹងឲ្យច្បាស់ពីអ្វីដែលខ្លួនចង់ធ្វើ និងក្លាយទៅជានៅពេលអនាគត។ សម្រាប់លោកដូណា ជំនាញវិស្វកម្មព័ត៌មានវិទ្យានេះ គឺលោកស្រឡាញ់តាំងពីតូច។បំណងរបស់លោកកាលពីតូច គឺចង់បង្កើតឲ្យចេញជាហ្គេមដោយខ្លួនឯង។ លោកថា ការសិក្សាលើជំនាញនេះវាហាក់ដូចជាការកម្សាន្តទាក់ទងនឹងហ្គេមអ៊ីចឹងដែរ។
រៀនអ្វីដែលពេញចិត្ត និងចូលចិត្ត៖ និស្សិតមិនគួររៀនអ្វីដែលខ្លួនមិនចូលចិត្តសោះនោះទេ។ ទោះបីជារៀនវា ក៏រៀនមិនចូលដែរ។ គេអាចស្វែងរកមុខវិជ្ជាណាមួយ ដែលចូលចិត្ត ហើយផ្តោតលើមុខវិជ្ជាឲ្យខ្លាំងតែម្តង។ ការរៀនក៏អ៊ីចឹងដែរ គឺត្រូវគិតថា វាជាការកម្សាន្តមួយដែលយើងចូលចិត្ត ទើបយើងមានទឹកចិត្តនៅតែបន្តការរៀនជាមួយជំនាញទាំងនោះឲ្យកាន់តែល្អបន្ថែមទៀត។
លោកដូណាក៏ទទួលស្គាល់ដែរថា វាមានការពិបាកណាស់សម្រាប់អ្នកដែលចង់រៀនអ្វីទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនផង និងតម្រូវតាមទីផ្សារការងារបច្ចុប្បន្នផង។ ប៉ុន្តែ សម្រាប់លោក លោកនឹងធ្វើអ្វីដែលលោកចូលចិត្តច្រើនជាងអ្វីដែលលោកមិនចូលចិត្ត ទោះបីប្រាក់ខែខ្ពស់យ៉ាងណាក៏ដោយ។ លោកជឿជាក់ថា ប្រសិនយើងមានជំនាញពិតប្រាកដ និងការប៉ិនប្រសប់លើជំនាញណាមួយនោះ វាពិតប្រាកដណាស់ថា យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានការងារមួយដោយស័ក្តិសម។
រៀនខ្លួនឯង៖ វាជាកត្តាសំខាន់ណាស់។ អ្វីដែលយើងរៀនពីគ្រូមកមិនទាន់គ្រប់គ្រាន់នោះទេ។ យើងត្រូវតែរៀនពីអ្វីដែលនៅជុំវិញនោះទៀត ដូចសព្វថ្ងៃនេះ បច្ចេកវិទ្យាកាន់តែទំនើបការសិក្សាដោយខ្លួនឯងក៏មានភាពងាយស្រួលដែរ។ លោកក៏បានចែករំលែកនូវគេហទំព័រមួយចំនួនដែលលោកយល់ថា មានប្រយោជន៍ដល់អ្នកស្រឡាញ់ផ្នែកព័ត៌មានវិទ្យា មានដូចជា «ITebooks: http://it-ebooks.info/», «MIT Opencourseware: http://ocw.mit.edu», «Coursera (e-learning): http://www.coursera.org» ជាដើម។
លោកវ៉ាលី ដូណា សព្វថ្ងៃមានអាយុ២៦ឆ្នាំ។ លោកជាគ្រូបង្រៀនផ្នែកវិស្វកម្មព័ត៌មានវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យានៅឆ្នាំ២០១១ និងជាអ្នកស្រាវជ្រាវព័ត៌មានវិទ្យាម្នាក់នៅក្នុងគម្រោងព័ត៌មានវិទ្យានៅវិទ្យាស្ថាននេះតាំងពីឆ្នាំ២០១៤។ លោកដូណា ថា៖ «ប្រសិនបើកម្មវិធីដែលបានរៀបរាប់ខាងលើ ទទួលបានជោគជ័យនោះវាគឺជាការសម្រេចក្តីប្រាថ្នាមួយរបស់លោក ព្រោះកម្មវិធីទាំងនោះសុទ្ធសឹងជាកម្មវិធីមានប្រយោជន៍ដល់សង្គមជាតិ»៕