Untitled-1 (1)

បង្កើនប្រសិទ្ធភាពរិះគន់ក្នុងន័យស្ថាបនា

មនុស្ស​មួយចំនួន​តែងតែ​មាន​បញ្ហា​លំបាក​នៅ​ពេល​​ពួក​គេផ្ដល់​មតិ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ទៅ​​ដល់​អ្នក​ដ៏​ទៃ ព្រោះ​មិន​ថា​​ការ​រិះ​គន់ក្នុង​ន័យ​វិជ្ជមាន​ រឺ​​ការ​រិះ​គន់ក្នុង​ន័យ​ស្ថាបនា​តែង​តែ​មាន​ផល​ប៉ះ​ពាល់ដល់​អារម្មណ៍ទាំង​​ចំពោះអ្នកទទួល​និង​អ្នករិះ​គន់។ ការ​រិះ​គន់ក្នុង​ន័យស្ថាបនា​គឺជា​រឿង​មួយ​ដែល​ល្អ​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា ទោះ​ជាយ៉ាងណា​វា​នៅ​តែ​ជា​បញ្ហាចោទ​ព្រោះ​ក្នុង​នោះ​មាន​ពាក្យ​ថា​រិះគន់។

ប្រសិន​បើ​អ្នក​ប្រឈមមុខ​ជាមួយ​បញ្ហា​នេះ យើង​សូម​ណែ​នាំ​​របៀប​នៃ​ការ​និយាយ​​មួយចំនួន​ដែល​អាច​ជួយឱ្យ​​ការ​​ផ្ដល់​មតិ​រិះគន់របស់​អ្នក​​​ទៅ​កាន់​អ្នកដ៏ទៃ​វិញ ត្រូវ​បាន​បង្ហាញ​ចេញ​ក្នុង​ន័យកែលម្អ។

១. បង្ហាញ​ពី​អារម្មណ៍និង​អាកប្បកិរិយាវិជ្ជមាន

រាល់ទឹកមុខ ពាក្យពេចន៍ និងអាកប្បកិរិយារបស់អ្នក​ទៅ​កាន់អ្នក​ដ៏ទៃ​គឺតែងតែប៉ះពាល់​ខ្លាំងចំពោះ​អ្នក​ទាំង​នោះ។ អ្នក​គួរ​តែ​បង្ហាញ​ចេញ​នូវ​រាល់​សញ្ញា​វិជ្ជមាន​ទាំង​ឡាយ ដូចជាការ​ញញឹម ឬការរួស​រាយរាក់ទាក់ជាដើម​ទៅ​កាន់​បុគ្គល​ដែលនឹងទទួល​ការ​រិះគន់ពីអ្នក ដើម្បី​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ធូរស្រាល និង​រីករាយ​ជា​មួយ​អ្នក​ ទោះ​បី​ជា​ពួក​គេ​ធ្វើ​បាន​ល្អ​ឬ​មិនបាន​ល្អ​ក៏ដោយ។

២. ត្រូវ​ដឹង​រាល់​ការ​ពិត​ទាក់ទង​នឹង​បុគ្គល​ដែល​អ្នកត្រូវ​ផ្ដល់​ដំបូន្មាន

ដើម្បី​ងាយស្រួល​ក្នុងការ​ឱ្យជា​យោបល់ដែល​មាន​ប្រយោជន៍ទៅដល់​អ្នក​ដ៏ទៃលើ​កិច្ចការ​ផ្សេងៗ អ្នក​គួរតែដឹង​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ចំណុច​ដែល​ត្រូវ​ឱ្យ​អ្នករិះ​គន់នោះ។ ដូច្នេះ ដើម្បី​កែលម្អ​ចំណុចខ្វះ​ចន្លោះ​របស់​គេ អ្នក​ត្រូវ​តែ​ច្បាស់​ថា គេ​មាន​កំហុស​កន្លែងណា​ ដោយ​សារ​អ្វី និងមានផលប៉ះពាល់អ្វីខ្លះ ហើយ​និយាយ​ប្រាប់​គេ​ឱ្យ​បាន​ច្បាស់លាស់ដើម្បី​ឱ្យ​គេ​អាច​ទទួល​ស្គាល់​កំហុស​ខ្លួន​ដោយ​អស់​ចិត្ត។

៣. ជំរុញ​ទឹក​ចិត្ត​គេ​ឱ្យ​ដើរ​ទៅ​មុខ

ជាទូទៅមុននឹង​ផ្ដល់​យោបល់​ទៅ​ដល់​អ្នក​ដ៏ទៃ យើង​តែងតែ​មាន​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ឆ្ងល់​ហើយ​ចង់​ដឹង​ពីពួក​​គេ ដូចជា “ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នោះ?” ជាដើម។ ការ​ពិត​សំណួរ​ទាំង​នេះ​បានធ្វើ​​​ឱ្យ​គេទទួល​នូវ​សម្ពាធយ៉ាង​ខ្លាំង ដូច្នេះ អ្នក​គួរ​ជៀសវាង​សំណួរ​ទាំង​នេះ ហើយ​ព្យាយាម​ប្រើ​សំណួរណា​ដែល​លើក​ទឹក​ចិត្ត​គេ​ឱ្យ​គិត​ពី​ឱកាស​ទៅ​ថ្ងៃក្រោយ​វិញ ដូចជាសំណួរ “តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេចនៅ​លើក​ក្រោយ​ទៀត ដើម្បី​ឱ្យ​អ្នក​ទទួល​បាន​នូវ​លទ្ធផលល្អ? ”ជាដើម។

៤. បង្កើន​ទំនួល​ខុ​សត្រូវ​របស់​អ្នក

ការ​រិះគន់​ក្នុង​ន័យស្ថាបនាគឺ​ការ​បង្ហាញ​ប្រាប់​ផ្លូវ​ជាក់លាក់និង​សមរម្យ​មួយទៅដល់​គេ ដើម្បី​ឱ្យ​ប្រាកដ​ថា​គេ​នឹង​កែ​ប្រែ​វា​បន្ទាប់​ពី​បាន​​បទពិសោធន៍​លើក​នេះ។ អ្នកគួរ​គិត​ទុក​មុន​ថា​អ្នក​នឹង​ណែនាំ​គេ​បែបណា​ ហើយ​ដោយ​ផ្អែក​លើ​ហេតុផល​អ្វីខ្លះ ហេតុនេះ​នៅ​ពេល​ដែល​គេ​មិន​ច្បាស់​ថា​គេ​មាន​គំនិត​កែ​ប្រែ​ចំណុច​ខ្វះខាត​របស់​គេ​យ៉ាង​ដូចម្ដេចនោះ អ្នក​អាច​ជួយ​បង្ហាញ​ប្រាប់​ពី​យោបល់​ល្អៗ​ដែល​អ្នក​បាន​ដឹង​និង​ធ្លាប់​ជោគជ័យ។

៥​. កុំសន្មត់​អ្វីៗដោយខ្លួនឯង

មនុស្ស​ជាច្រើន​តែង​យក​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​ដឹង បាន​ឮ និង​បាន​ឃើញ​មក​វិនិច្ឆ័យ​អ្វីដែល​កើត​ឡើង​ក្រោយៗ​ទៀត ហើយ​ណែនាំ​ពី​អ្វី​ដែល​គេ​គិតដោយ​ខ្លួន​ឯង​​​ថា​អាច​បំពេញ​ភាព​ខ្វះខាត​របស់​អ្នក​ដែល​ចាំ​ទទួល​យោបល់​របស់​គេ។ ជាក់ស្ដែង ធាតុពិតការ​សន្មត់​របស់​យើង​មិន​អាច​ប្រាកដ​ថា​ត្រឹមត្រូវ​នោះ​ឡើយ យើង​គួរ​ចោទ​សួរ​ទៅ​កាន់​អ្នក​ដ៏ទៃ​ថា​តើ​អ្វី​ដែល​យើង​បានគិត​និង​វិនិច្ឆ័យ​ត្រឹមត្រូវ​ឬ​ទេ។

៦. បង្កើន​ចំណង​ទាក់ទង​របស់អ្នក

ជា​ធម្មតា​មនុស្ស​តែងតែ​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា​មនុស្ស​ដ៏​ទៃ​រីករាយ​ចំពោះ​វត្តមាន​របស់​ខ្លួនគេ។ អ្នក​គួរ​​តែនិយាយ​ទៅ​កាន់​គេ​ឱ្យ​បាន​ច្រើន មិនថា ការ​សរសើរនៅ​ពេល​គេ​ធ្វើបាន​ល្អ ការ​អបអរសាទរ​នៅ​ពេលគេជោគជ័យ ឬ​ការ​រិះគន់​នៅ​ពេល​គេ​ធ្វើ​ខុស។ ការអនុវត្តបែប​នេះ​នឹង​ជួយ​បង្កើន​ទាំង​ទំនាក់ទំនង​រវាង​អ្នក​និង​មនុស្ស​ដែល​អ្នក​កំពុង​ផ្តល់​យោបល់​អោយ។ ដោយ​ការ​ស្គាល់​គ្នា​ច្បាស់​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ គេ​នឹង​រីក​រាយ​ទទួល​យក​ការ​រិះ​គន់​របស់​អ្នក។

៧.​ បង្ហាញ​ពី​ការ​គាំទ្ររបស់អ្នក

អ្នក​គួរ​បើក​ឱកាស​ឱ្យ​គេ​មើលឃើញ​ថា​អ្នក​លើក​ទឹក​ចិត្ត​គ្រប់គ្នា គាំទ្រ​គ្រប់គ្នា ហេតុនេះ​អ្នក​ទាំងនោះ​នឹង​មាន​ទំនុក​ចិត្ត​ថា​គេ​អាច​ពិភាក្សា​ជាមួយ​អ្នក​ពី​បញ្ហា​ផ្សេងៗ ហើយ​និង​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​អ្នក ដូចច្នេះ​រាល់​មតិ​រិះគន់​របស់​អ្នក​គឺសុទ្ធ​តែ​ចង់​ឱ្យ​ពួក​គេល្អ។

ជារួម គោលបំណង​ធំ​បំផុត​របស់ការរិះគន់​ក្នុង​ន័យស្ថាបនា គឺដើម្បី​កែលម្អ​រាល់​ចំណុច​ខ្វះខាតរបស់​អ្នក​រួម​ការងារ រួម​គ្រួសារ រឺ​រួមក្រុម ដើម្បី​អភិវឌ្ឍ រីកចម្រើន ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​រួមគ្នា។

ដោយ ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered