Untitled-1 (68)

គន្លិះទាំង៥ជួយឲ្យក្លាយជាសិស្សពូកែ

១. វិធី​សិក្សា​ឲ្យ​ក្លាយជា​សិស្ស​ពូកែ
​អ្នក​អាច​ចាប់ផ្តើម​អាន​រឿង​ប្រលោមលោក និង​កំណាព្យ​ដែលមាន​នៅក្នុង​កម្មវិធី​សិក្សា និង​អាន​សៀវភៅ​រឿង​បរទេស រួច​ធ្វើការ​ប្រៀបធៀប​គ្នា​។  អ្នក​ក៏​អាច​អាន​សៀវភៅ​វេយ្យាករណ៍ ជាពិសេស​សៀវភៅ​ណែនាំ​ពី​វិធីសាស្ត្រ​ក្នុងការ​តែង​និពន្ធ​ជាដើម​។ ការសរសេរ ការយកចិត្តទុកដាក់​ស្តាប់​គ្រូ​ពន្យល់​ក្នុង​ថ្នាក់ និង​ជំនឿ​ចិត្ត​លើ​ខ្លួន ពិតជា​ជំនួយ​យ៉ាងសំខាន់​ក្នុងការ​សម្រេច​គោលដៅ​។ ចងចាំ​ថា បរាជ័យ​គឺជា​គន្លឹះ​នៃ​ជោគជ័យ ដូច្នេះ​កុំ​រាថយ​ក្នុង​ការអាន​ច្រើន ព្រោះ​វា​ជា​ឱកាស​ក្លាយជា​សិស្ស​ពូកែ​៕

​២. វិធី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការអាន​សៀវភៅ
​ចំណាប់អារម្មណ៍ និង​ឆន្ទៈ​ក្នុង​ការអាន​សៀវភៅ​ពិតជា​គន្លឹះ​សំខាន់​ដើម្បី​ទទួលបាន ប្រសិទ្ធភាព​ខ្ពស់​។ បន្ទាប់មក អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​សៀវភៅ​ចូល​ចិ​ត្ដ និង​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​រូបអ្នក​។ ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពីអ្វី​ដែល​អ្នក​កំពុងតែអាន​។ អាន​ច្រើន រួច​ត្រឹះ​រិះ​ពិចារណា​នូវ​ព័ត៌មាន​សំខាន់ និង​ពាក់ព័ន្ធ​។ ជា​ចុងក្រោយ ការអាន​ពី​បញ្ហា​ដែល​កើតមាន​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ដំណើរ រឿង​នីមួយៗ មក​ប្រៀបធៀប​ជាមួយ​ជីវិត​ពិត អ្នកនឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​អាន​ជាពុំខាន​៕

៣. វិធី​បង្កើន​ជំនឿ​ចិត្ត
​​ដើម្បី​កសាង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ជាដំបូង​អ្នក​ត្រូវ​កំណត់ចំណាំ និង​គិតពី​លទ្ធផល​វិជ្ជមាន​លើ​ចំណុចខ្សោយ​របស់​អ្នក ហើយ​ព្យាយាម​និយាយ​បញ្ហា​របស់ខ្លួន​ប្រាប់​ទៅ​មិត្ត​ជិតដិត​។ អ្នក​ចាប់ផ្ដើម​កត់ត្រា​រាល់​ទង្វើ​ទទួលបាន​ជោគជ័យ និង​រីករាយ​ចំពោះ​វា​ជានិច្ច​។ បន្ទាប់មក ចូរ​ចងចាំ​ក្នុង​ចិត្ត​ថា គ្មាន​អ្នកណាម្នាក់​ល្អឥតខ្ចោះ​នោះទេ ដូច្នេះ​អ្នក​មិនចាំបាច់​តក់​ស្លុក​ចំពោះ​ទង្វើ​ខុសឆ្គង​របស់ខ្លួន ឡើយ​។ សរុបមក កុំ​ទាមទារ​ខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​ល្អឥតខ្ចោះ​ឲ្យ​សោះ​៕

​៤. វិធី​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​ជោគជ័យ
​ម៉ោង​អក្សរសាស្ដ្រ ពិតជា​គួរ​ឲ្យ​ធុញទ្រាន់​មែន ប៉ុន្ដែ​អ្នក​មិនអាច​ទទួលជោគជ័យ​បានឡើយ ប្រសិនបើ​អ្នក​មិន​យក​ចិ​ត្ដ​ទុកដាក់​ស្ដាប់​គ្រូ​ពន្យល់​។ ដូច្នេះ ដើម្បី​ទម្លាក់​អារម្មណ៍​តានតឹង​របស់ខ្លួន​ចោល អ្នក​ត្រូវតែ​ធ្វើខ្លួន​ជា​សិស្ស​សកម្ម​គ្រប់​មេរៀន​ទាំងអស់​។  អ្នក​ត្រូវ​ប្រើ​ភ្នែក​សម្លឹង​មើលគ្រូ​កំពុង​បង្ហាត់ ប្រើ​ត្រចៀក​ស្តាប់​ដោយ​យកចិត្តទុកដាក់ ហើយ​ដៃ​ត្រៀម​កត់ត្រា​នូវ​ចំណុច​សំខាន់ៗ​។ នៅពេល​កំពុង​ត្រងត្រាប់​ស្តាប់​គ្រូ​ពន្យល់ អ្នក​ត្រូវ​រៀន​វិភាគ​នូវ​ការពន្យល់​ទាំងនោះ ដូច្នេះ អ្នក​អាច​នឹង​អភិវឌ្ឍ​លើ​គំនិត​បញ្ញា​របស់ខ្លួន ជាពិសេស ត្រូវ​ហ៊ាន​សួរ​នៅពេល​ឆ្ងល់​៕

៥. វិធី​សរសេរ​តែងសេចក្តី​ឲ្យ​បានល្អ​ក្នុងពេល​ប្រឡង
​ការប្រឡង ទាមទារ​ឲ្យ​អ្នកមាន​ការគ្រប់គ្រង​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព និង​យកចិត្តទុកដាក់​បំផុត ជាពិសេស ចំពោះ​ការសរសេរ​តែងសេចក្តី​ដែល​ត្រូវ​ប្រើពេល   យូរ​។ តាម​បទពិសោធ​របស់ខ្ញុំ ការសរសេរ​តែងសេចក្តី​ខ្មែរ តម្រូវ​ឲ្យ​អ្នកចំណាយ​ពេល​អាន​ប្រធានបទ​ដោយ​យកចិត្ត​ដាក់ និង​ត្រូវ​ដឹងថា វា​ស្ថិតក្នុង​ប្រភេទ​មួយណា ព្រមទាំង​ចេះ​កំណត់​រក​បញ្ហាសំខាន់​ក្នុង​ប្រធានបទ​នោះ​ផងដែរ​។ បន្ទាប់មក អ្នក​ចាប់ផ្ដើម​សរសេរ​គំនិត​ព្រាង និង​បែង​ចែកជា​ផ្នែក​នីមួយៗ ជាមួយ​ឧទាហរណ៍​ច្បាស់លាស់ រួច​ទើប​ទុកពេល​វេលា​សមល្មម​សម្រាប់​សរសេរ​សម្រេច​៕

ដោយ www.vreadweb.com
Untitled-1
Untitled-1
Untitled-1-Recovered