Untitled-1 (65)

កងទ័ពខ្មែរ

ការរៀបចំកងទ័ព
ក្នុងសម័យនោះ កងទ័ពខ្មែរត្រូវបែងចែកជា ២ គឺ កងទ័ពជើងគោក និងកងទ័ពជើងទឹក ។

១- កងទ័ពជើងគោក ស្ថិតនៅក្រោមអំណាចដឹកនាំរបស់ ឧកញ៉ាចក្រី ហើយត្រូវបែងចែកជា ៤ ពួក:
ក. ពួកទ័ពដំរី១
ខ. ពួកទ័ពសេះ១
គ. ពួកទ័ពរថ១
ឃ. ពួកទ័ពថ្មើរជើង១
ទ័ពទាំង៤ពួកនេះ រួមគ្នាទៅ ហៅថាចតុរង្គ ហើយត្រូវបាន រាជការចិញ្ចឹម ទុកអោយនៅប្រចាំការជានិច្ច ។

ទ័ពដំរី៖
ដំរីជាសត្វពាហនៈដ៏សំខាន់១ ។ ក្នុងសម័យបុរាណ គេអាចប្រៀបសត្វដំរី ទៅនឹងរថក្រោះសព្វថ្ងៃនេះ។ ក្នុងពេលធ្វើចម្បាំង គេប្រើសត្វដំរី ក្នុងការដឹកនាំ និងក្នងការលុក ចូលវាយទ័ពខាងសត្រូវ ។ តាំងពីបុរាណរៀងដរាបមក ខ្មែររមែងតាំងភ្នាក់ងារ១ក្រុមហៅថា ក្រុមដំរី មានមុខងារជាអ្នកថែរក្សា ដំរីព្រះរាជទ្រព្យទាំងអស់ និងទាក់ដំរីព្រៃ យកមកផ្សាំងបង្ហាត់ ទុកសម្រាប់ប្រើក្នុងរាជការ ។

ទ័ពសេះ និង ទ័ពរថ ៖
ទ័ពទាំងពីរប្រភេទនេះ ចាប់បដិសន្ធិឡើង ស្មើនឹង សេនាបតីជើងគោកជាមួយគ្នា ។ សេះ ជាសត្វពាហនៈ១ ដែលគេនិយមប្រើណាស់ ក្នុងការធ្វើសង្គ្រាម ព្រោះវាមានល្បឿន ចាត់ការបានឆាប់ ទាន់ពេលវេលា ។ ទ័ពរថ ប្រើរថទឹមសេះក៏មាន ប្រើរទេះទឹមគោក៏មាន ។

ទ័ពថ្មើរជើង ៖
គឺសំដៅយកពួកសេនាទាហាន ដែលមិនត្រូវជិះដំរី សេះ ឬរថ ។

ទ័ពទាំង៤ពួក ខាងលើនេះសុទ្ធតែ បានទទួលការបង្វឹកបង្ហាត់ ក្នុងក្បួនយុទ្ធវិធី តាមសម័យនិយមយ៉ាងជំនាញៗ ។ ឯកសារខ្មែរមួយ បានសរសេរថា ការហាត់យុទ្ធវិធីនៅជំនាន់នោះ មានការហាត់គុនដាវ គុនល្បុក្កតោ គុនដំបង ហាត់កាប់ដោយដាវ ដោយផ្គាក់ ហាត់ចាក់ដោយលំពែង ហាត់បាញ់ដោយធ្នូ ហាត់ដាល់ ហាត់ចំបាប់ ហាត់ជិះដំរី ជិះសេះ ជិះរថ ហាត់ក្បាច់អាវុធលើខ្នងដំរី ខ្នងសេះ និងរៀនប្រសិទ្ធិមន្តអាគម ដូចជាបញ្ចុះមន្តអាគម-យ័ន្ត នៅខ្លួន នៅអាវ នៅកន្សែងសម្រាប់ជួតក្បាល និង ផឹកថ្នាំគង់ជាដើម ដែលជាកម្រិតសិក្សាក្នុងក្បួនកលយុទ្ធ មានតម្រាពិជ័យសង្គ្រាមជាដើម សឹងប្រកបដោយយុទ្ធវិធីផ្សេងៗជាច្រើន បម្រុងទុកសម្រាប់ ប្រើការក្នុងពេលមានសឹក សង្គ្រាម ។

ក្រៅពីទាហាន ដែលប្រចាំការ ទាំង៤ពួកខាងលើនេះ នៅមានទាហានក្រៅតំណែង ជាច្រើនទៀត ។ ប្រភពដដែលខាងលើ បានអោយពត៌មានថា ទាហានក្រៅតំណែងនេះ សំដៅយកយុវជន ដែលនៅក្នុង ព្រះរាជាណាចក្រទាំងមូល។ គេមិនបានកេណ្ឌពួកនោះ មកអោយនៅប្រចាំការទេ។ គេច្រើនអនញ្ញាត អោយនៅធ្វើការរកស៊ី តាមទីលំនៅរៀងខ្លួន តែបានដាក់អោយជាភារៈ របស់អ្នករាជការ ដែលគ្រប់គ្រងនិគម ស្រុកខេត្តនោះ ចាត់ការបណ្ដុះបណ្ដាលវិជ្ជាខាងទាហាន និងអោយមាននិស្ស័យចិត្ត ជាទាហានទូទៅ ក្នុងប្រទេសតាមរបៀ បដូចមានពោលហើយខាងដើម។ ទាហានពួកនេះ ពិតមែនតែក្រុមនេះ មិនបានជាប់កំណេណ្ឌ មកនៅប្រចាំការ តែមានព្រះរាជកំណត់ ត្រាទុកថា ត្រូវកែនមកធ្វើការ។ សមយុទ្ធ ក្នុងក្រុងថ្វាយព្រះករុណាម្ចាស់ផែនដីទត នឹងការធ្វើ ពិធីបង្កក់ប្រសិទ្ធិ ពិធីផឹកទឹកពិភទ្ទសច្ចា មានប្រារព្ធរាល់ៗឆ្នាំ ក្នុង១ឆ្នាំ២ដង ។

កងទ័ពជើងទឹក
ទ័ពប្រភេទនេះ ត្រូវស្ថិតនៅក្រោម ការដឹកនាំរបស់ ឧកញ៉ាក្រឡាហោម ។ រៀងរាល់ឆ្នាំ ទ័ពនេះ ត្រូវប្រជុំធ្វើសមយុទ្ធ ដូចទ័ពជើងគោកដែរ ប៉ុន្តែ មករៀងមកដល់សម័យបច្ចុប្បន្ន បែរក្លាយទៅជាការប្រណាំងទូក សម្រាប់មើលលេង ក្នុងឱកាសបុណ្យបណ្ដែតប្រទីប បូជាព្រះពុទ្ធបាទ និង ងបុណ្យបូជាព្រះចន្ទទៅវិញ ។

ចំណែកទ័ព តាមឯកសារខ្លះ និងតាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រខ្មែរ ជាពិសេស ការស្រាវជ្រាវខាងប្រវត្តិសាស្ត្រខ្មែរ យើងអាចដឹងពីការបែងចែកទ័ពខ្មែរ ទោះខាងជើងគោកក្ដី ខាងជើងទឹកក្ដីដូចតទៅ:

ពួក : នេះជាឯកភាពតូចបំផុតនៃកងទ័ព មានមេពួកម្នាក់ ជាអ្នកគ្រប់គ្រង ។

ក្រុម : មានមេ ឬ នាយក្រុម ម្នាក់ជាអ្នកគ្រប់គ្រង ។

កងរយ : មានទាហានចំនួន១០០នាក់ ប្រៀបបាននឹងអនុសេនាធំ១ ក្នុងពេលសព្វថ្ងៃមាន មេបង្គាប់ ម្នាក់ជាអ្នកគ្រប់គ្រង ។

កងពាន់ : មានទាហានចំនួន១០០០នាក់មានមេបង្គាប់ការ ម្នាក់ជាអ្នកគ្រប់គ្រង ។

កងទ័ពតូច ឬ កងពល : មានទាហានចំនួន១០០០០នាក់មាន មេបញ្ជាការកងពល ម្នាក់ជាអ្នកគ្រប់គ្រង ។

កងទ័ព ឬ កងទ័ពធំ ឬ កងទ័ពហ្លួង : មានទាហានចំនួនមួយសែននាក់ មាន មេបញ្ជាការកងទ័ព ម្នាក់ជាអ្នកគ្រប់គ្រង ឬ ព្រះរាជាអង្គឯងជាមេបញ្ជាការ ។
ទ័ពបិសាច

ក្នុងករណីខ្លះ ដោយទ័ពមនុស្ស មានចំនួនមិនគ្រប់គ្រាន់ គេអាចពឹងពាក់ ដល់ពួកទ័ពបិសាច អោយមកជួយយកអាសាបាន ។ រឿងនេះ មានលក្ខណៈអស្ចារ្យបន្តិច ប៉ុន្តែសាវតារខ្មែរ បានកត់ត្រាទុកមកហើយ នូវលំនាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្មែរពិតប្រាកដ ។ នៅគ.ស.១៥១៦ ទ័ពខាងស្ដេចកន បានដេញតាមទ័ពព្រះចន្ទរាជា ហើយទៅឡោមព័ទ្ធបន្ទាយពោធិ៍សាត់ អស់រយៈពេល១២ខែ តែវាយលុកចូលពុំបានសោះ ។

ដោយ កែវ ច័ន្ទបូរណ៍
Untitled-1
Untitled-1
Untitled-1-Recovered