Untitled-2 (11)

វិធីសាស្ត្រផលិតទឹកខ្មេះពីទឹកអំពៅ

សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​រស់នៅ​តាម​ទី​ជនបទ​បាន​ប្រើប្រាស់​ទឹកត្នោត​មក​ធ្វើជា​ទឹក​ខ្មេះ អ្នកខ្លះ​ទៀត​បាន​ប្រើ​ចេក​ទុំ ក្រៅពីនោះ គឺ​គេ​ទិញ​ទឹកខ្មេះ​ដែល​មាន​លក់​ស្រាប់​ច្រក​ដាក់​ក្នុង​ដប​មកពីផ្សារ។ តាម​ការពិត​ទឹកខ្មេះ​អាច​ត្រូវបាន​ធ្វើ​ដោយ​វត្ថុធាតុដើម​ច្រើនយ៉ាង​ណាស់ ចំណែក​ឯ​វិធី​នៃ​ការធ្វើ​វិញ​គឺ​មាន​ច្រើនយ៉ាង​ខុសៗ​គ្នា ឯ​រសជាតិ​ដែល​យើង​ទទួលបាន​វិញ​ក៏​មិន​ដូចគ្នា​ដែរ ។​

ខាងក្រោម​នេះ យើងខ្ញុំ​សូម​ណែនាំ​ពី​វិធី​យក​ទឹកអំពៅ​មក​ធ្វើ​ជា​ទឹកខ្មេះ តាម​វិធី​យ៉ាង​ងាយ​ដូចខាងក្រោម​នេះ ៖​

​១- កាត់​អំពៅ​ជា​កង់​ខ្លីៗ​ប្រវែង​មួយ​ហត្ថ លាង​ទឹក​ឲ្យ​ស្អាត កិន​ទាំង​សំបក កិន​រហូត​លែង​មាន​ទឹក​អំពៅ​ចេញមក (​កិន ២ ឬ ៣ សារ​)
​២- យក​ស្បៃ​ស្អាត​មក​ត្រង​ទឹកអំពៅ​នេះ ច្រោះ​វាឲ្យ​ស្អាត កុំឲ្យ​មានស​ល់​កាក​
៣- ដាក់​ទឹកអំពៅ​ដែល​បាន​ច្រោះ​នេះ​ដាំ​លើ​ភ្លើង​ឲ្យ​ពុះ ឬ​ដាក់​វា​ក្នុង​ក្រឡ​មួយ​គ្រប​ឲ្យ​ជិត ដាក់​ហាលថ្ងៃ​ចំនួន ១​ថ្ងៃ ក៏​អាច​សម្លាប់​មេរោគ​នានា​បានដែរ ។ (​ត្រូវ​ទុក​វាឲ្យ​ត្រជា​ក់​ដោយ​មិន​ចាំបាច់​បើក​គំរប​)
៤- យក​មេនំ ឬ​ដំបែរ មក​ដំ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ទុកចោល​ចំហរ ចំនួន ១០-១៥​នាទី ទើប​ចាក់​ចូល​ក្នុង​ទឹកអំពៅ​ដែល​បាន​ដាំ​ពុះ​នោះ យក​វែក​ឈើ​កូរ​វាឲ្យ​សព្វ​ល្អ (​ហាម​ប្រើ​វែក​ដែក ប្រើ​តែ​បន្ទះ​ឫស្សី ឬ​វែក​ឈើ​)
​៥- ប្រើ​ក្រឡ​ដែល​មាន​មាត់​តូច​សម្រាប់​ធ្វើ​ទើប​ងាយស្រួល ឬ​អាច​ប្រើ​កែវ​ចំណុះ ១០​លីត្រ​ក៏បាន ។ បន្ទាប់​ពី​លាយ​មេ​ចូល​រួចហើយ ត្រូវ​ទុក​ឲ្យ​វា​ហូរ​ជាតិ​ដី និង​កំទេចកំទី​ផ្សេងៗ​ចេញ​មក​សិន វា​អាច​ហូរ​ចេញ ខ្ពុរ​ចេញ​មក​បាន​អាស្រ័យ​ដោយ​យើង​មិន​បាន​គ្រប​វា​ទេ វា​ត្រូវការ​ពេល ២-៣​ថ្ងៃ​ទើប​មាន​ពពុះ​ខ្ពុរ​ចេញមក
៦- បន្ទាប់ពី​មាន​ការ​ខ្ពុរ​ចេញ​នៃ​កករ​មក យើង​នឹង​បាន​ឃើញ​ទឹក​ថ្លាៗ​មាន​ពណ៌​ដែល​នៅសល់​ក្នុង​ក្រឡ យក​ក្រណាត់​ស្អាត​ជូ​តមាត់​ក្រឡ​ឲ្យ​ស្អាត ប្រើ​អ្វីមួយ​សម្រាប់​បិទមាត់​ក្រឡ​នេះ​ដោយ​ថង់ប្លាស្ទីក​ចង​រុំ​ដោយ​កៅស៊ូ មិនឲ្យ​មាន​ខ្យល់​ចេញចូល​បាន​ឡើយ ។ ក្នុង​រយៈពេល​បន្ទុំ​នេះ​យើង​មិន​ត្រូវការ​ខ្យល់​ដូច​ពេល​មុន​ទៀត​ទេ ។​
៧- យើង​រក្សា​ក្រឡ​ទុក​នៅ​ត្រង់​ទី​មាន​ម្លប់​ត្រជាក់​រយៈពេល ៥​ថ្ងៃ (​ជា​ធម្មតា​វា​ត្រូវការ​ពេល​ត្រឹមតែ ៣-៤​ថ្ងៃ​ប៉ុណ្ណោះ​)
៨- ពេល​វា​គម្រប់​ខួប​បាន ៥​ថ្ងៃ​ហើយ យើង​ត្រូវ​បើក​វា​មើល បើ​ឃើញ​មាន​ពពុះ​អណ្តែត​ឡើង​មក​ច្រើន​នោះ បានន័យថា​វា​មិន​ទាន់​បញ្ចប់​ការធ្វើ​ប្រតិកម្ម​របស់​វា​ទេ តែបើ​យើង​ឃើញ​មាន​ពពុះ​ចេញ​មក​ផ្នែក​ខាងលើ​តិចតួច (​មួយៗ​) យើង​អាច​សន្មត់​ថា វា​បញ្ចប់​ការធ្វើ​ប្រតិកម្ម​នោះ​ហើយ ។​
៩- ចាក់​ច្រោះ​យក​តែ​ទឹកថ្លា​របស់​វា​មក​ដាក់​ក្នុង​កែវ​មួយ​ធំ ឬ​ក្រឡ​មាត់ធំ​ក៏បាន (​កែវ ឬ​ក្រឡ​ត្រូវ​លាង​ដោយ​ទឹក​ក្តៅ​មុន​យកមកប្រើ​)
១០- ធ្វើ​តា​បែ​ស្រា ឬ​ទិញ​ទឹកខ្មេះ​ទឹកត្នោត​គេ​ចំនួន ១​លីត្រ មក​លាយ​ជាមួយ​ទឹកខ្មេះ​ដំបូង​របស់​យើង​នេះ​ចំនួន ៤​លីត្រ (​អាច​យក​ទឹកខ្មេះ​ចេក​, ទឹកត្នោត​, ទឹក​អង្ករ មក​លាយ​ជាមួយ​បាន តែ​មិន​អាច​ប្រើ​ទឹកខ្មេះ​ដប​មក​លាយ​ឡើយ​) ។​
១១- កូរ​ល្បាយ​ទាំងពីរ​នេះ​ឲ្យ​សព្វ​ល្អ តែ​ត្រូវ​កូរ​តែមួយ​ផ្លូវ ហាម​កូរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង
១២- ទុក​វាឲ្យ​រងថ្លា​សិន​ទើ​បចាក់​ចូល​ក្នុង​ក្រឡ​មួយទៀត តែ​ត្រូវ​លៃ​ទុក​កុំឲ្យ​វា​ពេញដ​ល់​មាត់​ក្រឡ លៃ​ត្រឹម 3/4 នៃ​ចំណុះ​ក្រឡ​បាន​ហើយ យក​ក្រណាត់​ស្បៃ​ស្តើង​មក​ចង​មាត់​វាឲ្យ​ខ្យល់អាច​ចេញចូល​បាន​ពី​ពេល​នេះ ទឹក​ល្បាយ​នេះ​វា​ត្រូវការ​អុកស៊ីហ្សែន​
១៣- យើង​រក្សា​ទុក​វា​បែប​នេះ​រយៈពេល​ចំនួន ២​សប្តាហ៍​បន្ទាប់មក​យើង​អាច​យក​វា​មក​ច្រក​ដាក់​ដប​គ្រប​មាត់​ដោយ​សំឡី​ចំហុយ​ក្នុង​កំដៅ ៦០-៧០​ដឺ​ក្រេ ចំនួន ២០​នាទី ។ ទុក​វាឲ្យ​ត្រជា​ក់​រួច​ដាក់​គម្រប​គ្រប​ទុក​ប្រើ​ការ ឬ​លក់​ឲ្យគេ​ក៏បាន ។​
១៤- ទឹកខ្មេះ​នេះ​នឹង​មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ឡើយ​ពីព្រោះ យើង​មិន​បាន​ប្រើ​អាស៊ីដ​សម្រាប់​ផលិត​វា​ទេ គឺ​យើង​ប្រើ​វិធី​បន្ទំ​ឲ្យ​វា ‘ក​រ’​ ជា​អាស៊ីដ ដោយ​ធម្មជាតិ​តែម្តង ។​

ទោះបី​វិធី​ធ្វើ​មាន​ច្រើន​ដំណាក់កាល​មែន ប៉ុន្តែ​វា​គឺជា​ទឹកខ្មេះ​ដែល​មាន​គុណភាព​ល្អ​សម្រាប់​ប្រើប្រាស់​បាន​នៅក្នុង​គ្រួសារ ។​

​បញ្ជាក់ : បើសិនជា​មាន​ដុះ​ផ្សិត មាន​ក្លិន​មិនល្អ មាន​ពណ៌​មិនល្អ សូម​កុំ​ប្រើការ​ឲ្យសោះ ពីព្រោះ​វា​អាច​បណ្តាល​មក​ពី​ការធ្វើ​មិន​បាន​ស្អាត ៕

ដោយ www.agricultural.weebly.com
Untitled-1
Untitled-1
Untitled-1-Recovered