ដំណាំឆៃថាវជិតប្រមូលផល
បន្លែឆៃថាវ ក្រៅពីប្រើប្រាស់មើមធ្វើជាបន្លែ គេអាចប្រើស្លឹកបានទៀត។ យ៉ាងណាម៉ិញកសិករ អ៊ុច យោន អាយុ ៥០ ឆ្នាំរស់នៅភូមិពិលា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង គាត់មាន បទពិសោធន៍កែច្នៃធ្វើជ្រក់ស្លឹកឆៃថាវមានរសជាតិឆ្ងាញ់ហើយទុកបាន យូរទៀតផង ។ បទពិសោធន៍នេះ គាត់ច្នៃប្រឌិតដោយខ្លួនឯង និងសូមបង្ហាញជូនដូចខាងក្រោម:
១. ធាតុផ្សំ
- ស្លឹកឆៃថាវ
- អំបិល ស្ករ ។
២. របៀបផ្សំ
- លាងស្លឹកឆៃថាវឲ្យស្អាត
- យកស្លឹកឆៃថាវទៅហាលថ្ងៃឲ្យស្រពាប់
- ដាំទឹកអំបិលឲ្យប្រៃ ទុកឲ្យត្រជាក់
- យកស្លឹកឆៃថាវមកច្របាច់ជាមួយទឹកអំបិល ពូនឲ្យស្រស់ទឹក ហើយរៀបដាក់ក្នុងពាង
- ដាំទឹកស្ករលាយអំបិលបន្តិចឲ្យប្រៃ និងផ្អែមល្មម ទុកឲ្យត្រជាក់
- ចាក់ទឹកស្ករ និងអំបិលចូលពាង រួចខ្ទាស់នឹងបន្ទះឫស្សីឲ្យជាប់ ទុករយៈពេល ២ ថ្ងៃ អាចបរិភោគបាន។
៣. ចំណាប់អារម្មណ៍របស់កសិករ
ជ្រក់ឆៃថាវនេះ អាចបរិភោគបានជាមួយត្រីអាំងមានរសជាតិឆ្ងាញ់មិនចាញ់ជ្រក់ស្ពៃទេ ។ ដូច្នេះបើយើងសាំឆៃថាវមិនសូវចុះមើម គួរយកស្លឹកមកកែច្នៃធ្វើជ្រក់សម្រាប់បិភោគ ឬ លក់៕