taProm

រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យ (នៅ​ខេត្ត​កំពង់​ចាម)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១០៩ – ១២៤

តាមដងផ្លូវជាតិលេខ ៧ ពីក្រុងភ្នំពេញទៅកំពង់ចាម  ចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីទីប្រជុំជនកំពង់ចាម មានផ្លូវមួយចូលទៅខាងលិច ប្រមាណជា ៣០០ ម៉ែត្រប៉ុណ្ណោះ មានកំពែងថ្មបាយក្រៀម ប្រកបដោយក្លោងទ្វារបាក់បែករុះធ្លាក់អស់ជាច្រើន ។ បរិវេណកំពែងនេះ អ្នកស្រុកហៅថា ” វត្តនគរបាជ័យ ” ឬហៅខ្លីកាត់ថា ” វត្តនគរៗ ” ។ បើចូលតាមផ្លូវពីខាងកើតត្រង់ទៅលិចមិនឆ្ងាយប៉ុន្មាន ក៏បានទៅដល់កំពែងមួយទៀត ដ៏មានរោងទងតភ្ជាប់ជុំវិញ និងមានខ្លោងទ្វារជាបួនទិស ។ ខ្លោងទ្វារនិងរោងទងនេះ នៅគង់ត្រង់ល្អនៅឡើយ ដោយអន្លើៗ តែមានអន្លើខ្លះបាក់បែកជ្រុះធ្លាក់ទៅហើយដែរ ។ ចូលផុតពីនេះទៅបានទៅដល់ខ្លោងទ្វារទី ៣ ដែលមានភ្ជាប់ទាំងរោងទងស្រឡះស្រឡំ ហើយនៅទ្រង់ស្អាតបាតនៅឡើយ បាក់ធ្លាក់តែកំពូលចុងបំផុតប៉ុណ្ណោះ ។ នៅចំកណ្ដាលរោងទង ដែលមានខ្លោងទ្វារបែរទៅរកទិសធំទាំង ៤ មានប្រាង្គមួយធំ ទទឹងពីម្ខាងទៅម្ខាង ខាងបាតក្រោមប្រមាណជា ១៥ ម៉ែត្រ រាងបួនជ្រុងស្មើ កំពូលលើស្រួចរៀវ មានសណ្ឋានជាចេតិយ។ ក្នុងប្រាង្គនេះ មានព្រះពុទ្ធរូប៤អង្គ បែរព្រះភក្ត្រតាមចន្លោះទ្វារឆ្ពោះទៅទិសធំទាំងបួន។

នៅចន្លោះកំពែងជាន់ទី ២ និងទី ៣ ខាងត្បូងមានវិហារតូចៗ ពីរ ឯខាងជើងក៏មានពីរដែរ ។ បណ្ដាវិហារតូចទាំងបួននេះ មានវិហារមួយនៅខាងឦសានប្រាង្គតម្កល់ព្រះពុទ្ធរូបបួនអង្គ គង់បែរព្រះភក្ត្រទៅកាន់ទិសធំទាំងបួន ហើយព្រះបិដ្ឋិ ផ្អែកទៅនឹងចេតិយធំមួយនៅចំកណ្ដាល ។ ពីខាងកើតចំនៃវិហារនេះ មានគុហាតូចមួយទៀតតម្កល់រូបបដិមា ៣អង្គ, ពីរអង្គឈរកាន់ដំបងបញ្ឈរទំនងជាសេនា មួយអង្គអង្គុយពែនជើងលើអាសនៈខ្ពស់ ដៃប្រណម្យឆ្ពោះចំមករកចេតិយ ដែលពោលខាងលើ ។ រូបភាពចម្លែកនេះហើយ ដែលមានរឿងនិទានមួយដំណាលតៗគ្នា ជាអង្វែងហើយមកថា ៖
អំឡុងជាយូរឆ្នាំកន្លងផុតទៅហើយ នៅប្រទេសកម្ពុជាមានស្ដេចក្រាញ់ មួយព្រះអង្គ ជាព្រះអនុរាជ បានយាងជ្រើសរើសរកទីកន្លែងសាងឧទ្យាន និងព្រះរាជដំណាក់ ដើម្បីទុកជាទីកម្សាន្ត លំហែព្រះចិន្ដាក្នុងគ្រាដែលទ្រង់អផ្សុកព្រះទ័យម្ដងៗ ។ ព្រះអង្គបានយាងមួយអន្លើ ដោយពពួកសេនាមាត្យ មុខមន្ត្រី សឹងតែសព្វទីនៅក្នុងអាណាខេត្ត ដែលនៅក្នុងបន្ទុកព្រះអង្គត្រួតត្រា ។ ថ្ងៃមួយ ក្បួនដង្ហែស្ដេចក្រាញ់បានមកដល់ព្រែកមួយនៅជាប់នឹងដងទន្លេធំ ដែលសព្វថ្ងៃជាទីក្រុងកំពង់ចាម ហើយដែលពេលនោះមានបណ្ដាជនជាច្រើនកំពុងរករបរចិញ្ចឹមជីវិតដោយធ្វើ ធ្នោះ ព្រួល សម្រះ ចាប់ត្រីក្នុងព្រែកនោះ ។ ព្រះអង្គទ្រង់ត្រាស់បង្គាប់ដល់កងយោធាឲ្យបោះជំរំ សង់ព្រះពន្លានៅទៀបមាត់ព្រែកនោះ ដោយទីនោះមានខ្យល់អាកាសល្អ ព្រមទាំងវិចិត្រទៅដោយធម្មជាតិគួរជាទីរីករាយផង ។ ព្រះអនុរាជទ្រង់ឆ្មៀងព្រះនេត្រទតឧទកធារា អប់សុគន្ធរសសុសសាយ ដោយមានស្រីស្នំក្រមការ គាល់ហ្វៅត្រៀបត្រា ។
វេលានោះនាង ពៅ ដែលជាម្ចាស់ធ្នោះក្នុងព្រែកនោះ បានដឹងថា ព្រះអនុរាជយាងមកបោះពន្លាជ័យ នៅក្បែរកន្លែងខ្លួនដូច្នោះ ក៏ម្នីម្នាចាត់ចែងអស់ពួកបាវព្រាវ ឲ្យរៀបចំព្រះក្រាយស្ងោយ ព្រមទាំងវត្ថុដ៏ប្រណីតផ្សេងៗ នឹងនាំយកទៅថ្វាយព្រះអង្គ ។ រៀបចំជាស្រេចនារីនេះក៏ប្រោះព្រំអស់រូបរាងកាយ ឲ្យក្រអូបទៅដោយក្លិនខ្លឹមចន្ទន៍ ហើយស្លៀកពាក់យ៉ាងសមរម្យ ដើរល្វាសល្វន់ពីមុខពួកស្រីបម្រើ ។ ដៃនាងទ្រនូវពានគ្រឿងព្រះស្រី យូរៗគេឃើញមានពន្លឺខ្សែមាសពេជ្ររំលេចពណ៌ផ្លេកៗ ដេញរស្មីព្រះអាទិត្យម្ដងៗ ។ លុះទៅដល់ហើយ នាង ពៅ ព្រមទាំងពួកស្រីបម្រើ ក៏ឱនក្បាលក្រាបវន្ទាព្រះចេស្ដាដោយពោលពាក្យក្រាបបង្គំទូលថា “សូមទ្រង់ព្រះមេត្តាប្រោស ! ខ្ញុំម្ចាស់ទើបនឹងបានដឹងថា ព្រះអង្គយាងមកក្រសាលព្រះកាយនៅទីនេះ ទើបខ្ញុំម្ចាស់រៀបអស់គ្រឿងដង្វាយទាំងនេះ នាំមកថ្វាយព្រះអង្គ សូមប្រោសព្រះរាជានុញ្ញាតទទួលដោយអនុគ្រោះ ” ។
ព្រះរាជាត្រាស់តបថា ” នាង ! ខ្ញុំរីករាយណាស់ដែលមានចិត្តស្មោះត្រង់នឹងខ្ញុំយ៉ាងនេះ ខ្ញុំអនុញ្ញាតឲ្យនាងលើកគ្រឿងដង្វាយទាំងនេះមកចុះ ” ។
កាលបើឮព្រះរាជានុញ្ញាតយ៉ាងនេះហើយ នាង ពៅ ក៏លើកអស់គ្រឿងបណ្ណាការទាំងនោះ មកដាក់ចំពោះព្រះភក្ត្រព្រះអនុរាជ ហើយឱនក្បាលក្រាបបង្គំម្ដងទៀត ដោយវាចាថា ” ខ្ញុំម្ចាស់សូមក្រាបបង្គំលា ” ។
ព្រះរាជាទ្រង់ញញឹមហើយត្រាស់តបវិញថា ” ទៅចុះនាង ! តែចូរនាងឧស្សាហ៍មកលេងទីនេះ ឲ្យញឹកញាប់ហ្នា៎ ! ” ។
នាងទទួលថា ” ពរម្ចាស់ ” ។
ហើយនាងក្រមុំ ព្រមទាំងស្រីបម្រើក៏វារថយ លុះត្រាតែផុតពីទីព្រះគំនាល់មក ទើបតម្រង់ទៅកាន់លំនៅអាត្មាតែរៀងខ្លួនទៅ ។
ក្រោយដែលក្រមុំនេះលាចេញផុតទៅ ព្រះអនុរាជទ្រង់សោយព្រះក្រយាស្ងោយដោយព្រះទ័យរីករាយពន់ពេក ។ ព្រះអង្គទ្រង់ស្ងើចក្នុងព្រះចិន្ដានឹងរូបឆោមលោមពណ៌របស់កញ្ញា ពៅ ដែលល្អស័ក្ដិសមឥតខ្ចោះ នឹងរកនារីណា ដែលតាំងពីព្រះអង្គបានយល់មក ប្រៀបឲ្យស្មើពុំបានឡើយ ។ ដោយសារធ្នូព្រះកាមទេព បានតម្រង់បាញ់កូនសរមកចំដួងហឫទ័យព្រះអង្គ បានជាក្នុងរាត្រីនោះ ព្រះអង្គទ្រង់ផ្ទំមិនលក់ស្កប់ស្កល់សោះ ។
លុះព្រឹកព្រាងស្វាងព្រះសុរិយាកាលណា ព្រះអនុរាជបានត្រាស់បង្គាប់ឲ្យហ្លួងវិចិត្រវោហារជាមហាមាត្រ ទៅស្ដីដណ្ដឹងនាងនារីនោះមកធ្វើជាព្រះស្នំព្រះអង្គ ។ គ្រានោះ ព្រះរាជបម្រើបានប្រញាប់ប្រញាល់រហ័សរហួន តម្រង់ទៅកាន់លំនៅរបស់នាង ពៅ ដែលឪពុកម្ដាយនាងបានចែកឋានចោលជាយូរឆ្នាំទៅហើយ ។ នាងក៏រៀបចំកន្លែងដ៏សមគួរដើម្បីទទួលព្រះរាជបម្រើ ។ ចំណែកហ្លួងវិចិត្រវោហារក៏ចាប់រ៉ាយរ៉ាប់សព្វសេចក្ដីជម្រាបនាង ព្រមទាំងពោលសរសើរដល់ភ័ព្វវាសនានាង ដែលនឹងត្រូវបានឡើងឋានៈជាព្រះស្នំឯកក្នុងគ្រាឆាប់ៗនេះ ។
នាងក្រមុំគ្មានយល់ទាស់ទេ ព្រមតាមពាក្យរាជបម្រើ ។ ដូច្នេះហើយជាព្រះអនុរាជអង្គនេះ ទ្រង់សព្វព្រះទ័យនឹងនាងនេះខ្លាំងណាស់ ។ រាល់ៗ ល្ងាច ព្រះអង្គតែងយាងមកក្រសាលខាងក្រៅព្រះពន្លា ដែលមានវង់ភ្លេងមហោរីពីរោះ បានប្រគំថ្វាយជាទីកម្សាន្តព្រះទ័យព្រះទ័យព្រះអង្គ ។ គ្រានោះ ព្រះស្នំឯកនេះបានចូលទៅជិតបម្រើព្រះអង្គជាប្រក្រតី ។
មិនយូរប៉ុន្មាន ព្រះអនុរាជចាត់ឲ្យពួកជាងរចនា ចាត់ចាំងសាងបន្ទាយដោយថ្មបាយក្រៀម មានកំពែងបីជាន់ ហើយឲ្យមានទីព្រះលាន និងទីយាមល្បាតព័ទ្ធជុំវិញ ។ ចាប់តាំងពីសាងបន្ទាយហើយស្រេច ព្រះអង្គបាននាំពួកបរិវារទៅប្រថាប់ក្នុងទីនោះជាសុខក្សេមក្សាន្ត ។ ព្រះអនុរាជបានប្រកាសសន្មតឈ្មោះបន្ទាយនេះ ថា ” នគរបាជ័យ ” ព្រះយកតាមព្រះនាមព្រះអង្គដែលអ្នកស្រុកធ្លាប់ស្គាល់ច្បាស់ថា ” ព្រះបាទបាជ័យបាអារ្យ ” ។
ចំនួន ២ ឆ្នាំ តមក ព្រះស្នំឯក ពៅ មានគភ៌គម្រប់ ១០ ខែ ក៏ប្រសូតិបានព្រះរាជឱរសមួយអង្គ មានព្រះភក្ត្រញញឹមប្រិមប្រិយគួរជាទីបេតីនឹងជាអ្នកមានប្រាជ្ញាវាងវៃ ។ ព្រះបិតាសព្វព្រះទ័យនឹងព្រះរាជបុត្រនេះណាស់ រាល់ៗថ្ងៃ ព្រះអង្គតែងប្រលែងលេងជាមួយនឹងព្រះរាជបុត្រសំឡាញ់ ។
លុះព្រះរាជកុមារចម្រើនព្រះជន្មបាន ៤ ឆ្នាំ ស្ដេចជាព្រះបិតាក៏ទ្រង់ព្រះតម្រិះចង់ឲ្យព្រះរាជបុត្របានជាអ្នកប្រាជ្ញមួយអង្គ ព្រមទាំងឲ្យស្គាល់វឌ្ឍនធម៌នៃអារ្យប្រទេសនានាផង ។ ព្រះអនុរាជ ក៏ចាត់ឲ្យព្រះរាជបម្រើជូនព្រះអយ្យបុត្រទៅផ្ញើឲ្យសិក្សានៅឯមហាប្រទេសចិន ព្រោះគ្រានោះមានតែប្រទេសចិនមួយទេ ដែលពូកែខាងវិទ្យាសាស្ត្រជាងប្រទេសឯទៀតៗ ក្នុងអាស៊ីទ្វីប ។ រាជកុមារក្រាបបង្គំលាព្រះបិតានិងព្រះមាតា ដោយបានទទួលពរសព្ទសាធុការជាច្រើនផង ។ សំពៅធំដែលនាំយកព្រះរាជបុត្ររបស់ស្ដេចក្រាញ់ បានចេញប្រទេសកម្ពុជាឆ្លងកាត់មហាសាគរ តម្រង់ទៅដល់ដែនចិន ។
ក្រោយព្រះរាជបុត្រចេញផុតទៅ ព្រះម្នាង ពៅ ពុំរីករាយសោះ ទឹកមុខព្រះម្នាងដែលធ្លាប់តែស្រស់ញញឹមប្រិមប្រិយ ក៏ប្រែក្លាយទៅជាស្រពោន បីដូចបុប្ផាត្រូវកម្ដៅព្រះសុរិយាក្នុងគិម្ហៈរដូវ ។ ចំណែកព្រះអនុរាជជាព្រះស្វាមីព្រះម្នាង ក៏ពុំសូវស្រួលព្រះកាយដូចធម្មតាដែរ ចេះតែមានព្រះរោគផ្សេងៗ ញាំញីព្រះអង្គសឹងតែរាល់ថ្ងៃ នាំឲ្យព្រះអង្គមានព្រះកាយពលទន់ខ្សោយជាលំដាប់ ។ ហេតុនេះហើយ បានជាពេលក្រោយ ២ ឆ្នាំ ព្រះអង្គបានសោយទិវង្គតទៅ ។ ពិធីបុណ្យរំលាយព្រះសពក៏បានចាត់ចែងឡើង ដោយរាជបរិវាររបស់ទ្រង់ មានទាំងស្ដេចក្រាញ់ ដែលនៅត្រួតត្រាអាណាខេត្តនានាបានយាងមកជួបជុំជួយញ៉ាំងពិធីបុណ្យនោះឲ្យបានជាឧឡារិកផង ។
លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ ស្ដេចក្រាញ់ថ្មីដែលចូលមកកាន់កាប់ខេត្ត (កំពង់ចាម) នោះ បានទៅតាំងទីកន្លែងនៅឯត្បូងឃ្មុំ ដែលសព្វថ្ងៃបានទៅស្រុក ជាទីប្រជុំជនមួយយ៉ាងស្ដុកស្ដម្ភ ក្នុងខេត្តកំពង់ចាម ។ ម្ល៉ោះហើយបន្ទាយចាស់ដែល ព្រះបាទបាជ័យបាអារ្យ សាងនោះ ក៏នៅទំនេរគ្មានមនុស្សអ៊ូអែដូចមុន គ្រាន់ជាបុរាណដ្ឋានសម្រាប់អ្នកទស្សនា ។ ចំណែកព្រះស្នំពៅ ក៏ឈប់នៅក្នុងបន្ទាយនោះដែរ ព្រះនាងត្រឡប់ទៅនៅឯលំនៅចាស់របស់ព្រះនាងវិញ ។
និយាយពីរាជកុមារដែលនៅឯប្រទេសចិន ថ្ងៃមួយទ្រង់បានទទួលដំណឹងថា “ព្រះមាតាព្រះបិតាសោយទិវង្គតអស់ទៅហើយ ទាំងបន្ទាយជាកេរ្តិ៍ដំណែលពីព្រះបិតាសាងនោះ ក៏គេបោះបង់ចោលដែរ ថែមទាំងមានស្ដេចក្រាញ់ថ្មីបានតាមព្យាបាទព្រះរាជវង្សនេះផងព្រោះថា កាលព្រះបិតាគ្រប់គ្រងអាណាខេត្តនេះ   បានធ្វើទុក្ខបុកម្នេញគ្រួសារគេ   បានជាគេត្រូវតែសងសឹកក្នុងគ្រានេះវិញ ” ។
ដំណឹងទាំងនេះ ជាពាក្យមិនពិតឡើយ គឺពពួកនាហ្មឺនចិនគេនាំគ្នានិយាយកុហកទ្រង់ ដើម្បីកុំឲ្យទ្រង់ត្រឡប់មកប្រទេសខ្មែរវិញ ដោយគេយល់ថា ព្រះអង្គជាកុមារមួយមានប្រាជ្ញាឈ្លាសវៃ ដល់ថ្ងៃក្រោយនឹងបានជាបណ្ឌិតមួយខាងវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រ ដ្បិតព្រះអង្គតែងមានព្រះទ័យក្លាហានជានិច្ច ។
ទ្រង់ទទួលដំណឹងអកុសលនេះហើយ ព្រះរាជកុមារស្លុតព្រះចិន្ដា តែខំទប់ព្រះកាយដោយក្ដីក្លាហាន ប៉ុន្តែទ្រង់មិនភ្លេចទេ មាតុភូមិជាទីសព្វព្រះទ័យបំផុតរបស់ទ្រង់ ទ្រង់សង្វាតសិក្សាវិជ្ជាគ្មានហ៊ានសម្រាកផ្ដេសផ្ដាសឡើយ ។ ក្នុងរវាងព្រះជន្មម្ភៃវស្សា ព្រះអង្គបានឡើងឋានៈជាទីប្រឹក្សា របស់បញ្ជាការសឹកនៅប្រទេសចិន ។ គ្រាផុតពេលប្រជុំប្រឹក្សា ទ្រង់តែងព្យាយាមចូលទៅសិក្សាក្នុងដំណាក់អាចារ្យទិសាបាមោក្ខមួយ ដែលល្បីឈ្មោះជាងគេជាយូរឆ្នាំមកហើយ ។
អំឡុង ១០ឆ្នាំ តមកទៀត ទ្រង់បានជាបណ្ឌិតខាងវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រ ហើយបានជាទីប្រឹក្សារបស់ព្រះចៅក្រុងចិន ។ កិត្តិនាមរបស់ទ្រង់ល្បីខ្ចរខ្ចាយពេញតែមហាប្រទេសនោះ ។ ប្រជាជាតិចិនទាំងប្រុសស្រីនាំគ្នាគោរពរាប់អានព្រះអង្គ មិនដែលពោលប្រទូស្តអ្វីឡើយ ។ ដូច្នេះហើយបានជាគេសន្មតព្រះនាមព្រះអង្គតាមភាសាចិនថា សាមប៉ាវកុង ប្រែថា “ព្រឹទ្ធាចារ្យចេះសង្គ្រោះបីយ៉ាង ឬអ្នកប្រាជ្ញបីប្រការ” ។ វេលានោះទ្រង់បានខំបំពេញករណីយកិច្ច នៅក្នុងប្រទេសចិនយ៉ាងពេញកម្លាំងព្រះកាយ ដែលបណ្ដាជនជាតិចិន គ្មាននរណាមួយអាចស្មានថា ព្រះអង្គលះបង់ប្រទេសចិនឡើយ ។
លុះដល់ព្រះជន្ម ៣០ វស្សា ទ្រង់បានចូលទៅគាល់ព្រះចៅក្រុងចិន សុំព្រះរាជានុញ្ញាត ដើម្បីនឹងធ្វើដំណើរទៅស្រុកក្រៅពិនិត្យអស់កិច្ចការរបស់ទ្រង់ ។ ព្រះចៅក្រុងចិនក៏ទ្រង់ព្រះរាជានុញ្ញាតតាមសេចក្ដីសុំរបស់ សាមប៉ាវកុង ។ ទ្រង់គ្មានត្រូវការនឹងរេហ៍ពលហែហមតាមការពារព្រះអង្គឡើយ ។ ទ្រង់ព្រះពស្ត្រ (សំលៀកបំពាក់) ដូចជាអ្នកស្រែសុទ្ធវិស័យ ។ ពួកនាហ្មឺនធំទាំងឡាយ នាំគ្នាកោតសរសើរកលល្បិចរបស់ព្រះអង្គ ដែលចេះក្លែងព្រះកាយ ដើម្បីស៊ើបសួរសុខទុក្ខរបស់រាស្ត្រនៅនិគមជនបទ នឹងធ្វើអង្កេតរបស់ពពួករាជការ តើធ្វើតាមបញ្ញត្តិច្បាប់ ដោយចេះត្រាប្រណីប្រជានុរាស្ត្រឬទេ ? ។
ឱកាសនោះ ជាបរិយាកាសដ៏ទូលាយល្អក្រៃពេក បើកព្រះហឫទ័យឲ្យនឹកដល់ស្រុកកំណើតរបស់ទ្រង់ ។ លុះស្ដេចយាងទៅដល់កូនភូមិតូចមួយ ទ្រង់បានចូលទៅកាន់ព្រះអ្នកស្រុក ហើយទ្រង់ថ្លែងប្រាប់គេថា “ព្រះអង្គចេះទាយ-គន់គូរមើលព្រេងវាសនា ឬវាសនាអនាគតបានយ៉ាងឆុត ” ។ ពួកអ្នកកាលបើបានដឹងដូច្នេះហើយ ក៏នាំគ្នាទាំងហ្វូងទាំងប្រុសស្រី មករកសុំទាយពីទ្រង់ ។ ដោយព្រះអង្គម្ចាស់នេះ ចេះស្ទាត់ខាងហោរាសាស្ត្រមែនទែន ទំនាយទាំងនោះក៏ត្រូវគ្មានលំអៀង ។ គេនាំគ្នានិយាយសរសើរពីមាត់មួយទៅមាត់មួយ អ្នកស្រុកកាន់តែឮដំណឹងសុសសាយទៅទៀត ។ យប់មួយ ទ្រង់ផ្ទំនៅក្នុងខ្ទមតូចមួយ ជាមួយនឹងតាចាស់ម្នាក់ ហើយទ្រង់ព្រះតម្រិះថា “ព្រះមាតាព្រះបិតាអញសុគតអស់ហើយ ប៉ុន្តែអញត្រូវតែត្រឡប់ទៅឃើញមុខប្រជាជាតិខ្មែរ ជាជនរួមជាតិ និងកេរ្តិ៍ដំណែលព្រះមាតាបិតាអញវិញ ” ។ ដោយព្រះអង្គនឹកមាតុភូមិពេកក៏ទ្រង់ជ្រប់ព្រះភក្ត្រស្រពាប់ស្រពោន តែទ្រង់នឹកទៅគ្មានឃើញថា ប្រទេសកម្ពុជានោះបែបណាទេ សូម្បីតែវឌ្ឍនធម៌ខ្មែរក៏ពុំជ្រាបថា យ៉ាងដូចម្ដេចបន្តិចបន្តួចសោះ ព្រោះទ្រង់ចេញទៅកាលទ្រង់នៅក្មេងណាស់ មិនទាន់ស្គាល់ព្រះភក្ត្រព្រះមាតានៅឡើយ ។
ដោយទ្រង់ព្រះតម្រិះសព្វគ្រប់ដូច្នេះហើយ បានជាមហាបណ្ឌិតនេះលួចរត់ចេញចាកប្រទេសចិន មិនឲ្យជនណាម្នាក់បានដឹងបន្តិចសោះ ។ ទ្រង់បានស្រូតរូតមកដល់ប្រទេសខ្មែរ ហើយទ្រង់បានជ្រកលាក់ព្រះអង្គនៅភូមិតូចតាច ដើម្បីខំហាត់រៀនភាសាខ្មែរ ។ ដោយព្រះអង្គមានជាតិជាខ្មែរស្រាប់ មិនយូរប៉ុន្មាន ទ្រង់ក៏បានចេះភាសាខ្មែរស្ទាត់ដូចខ្មែរធម្មតា ហើយបានសន្មតនាមព្រះអង្គប្រាប់អ្នកភូមិនានាថាឈ្មោះ “ព្រហ្ម” ដើម្បីឲ្យគេជឿថាពិតជាខ្មែរមែន ។ ចំនួន ៧ ខែ ព្រះអង្គម្ចាស់ ព្រហ្ម ក៏បានទៅដល់ស្រុក (កំពង់ចាម) តែទ្រង់ឥតបាននឹកនាស៊ើបសួររកញាតិអ្វីបន្តិចទេ ដ្បិតទ្រង់ជ្រាបថាខ្ចាត់ភ្លាត់ព្រាត់ប្រាសគ្នាអស់ទៅហើយ នឹងដោយខ្លាចអំណាចស្ដេចក្រាញ់ថ្មីផង ។ នាយ ព្រហ្ម បានសុំនៅស្នាក់នឹងផ្ទះយាយចាស់ម្នាក់ ដែលគាត់បាត់ញាតិសន្ដានអស់នៅត្រឹមតែបាវព្រាវពីរបីនាក់ប៉ុណ្ណោះ ។ យាយនោះទោះបីគាត់មានអាយុជាង ៥០ ឆ្នាំទៅហើយ តែរូបរាងគាត់តែស្អាតបាតស្បែកពុំទាន់ជ្រួញជ្រីវ សក់ពុំទាន់ស្កូវ ធ្មេញពុំទាន់បាក់នៅឡើយ ។
ដោយសារជួយឧបត្ថម្ភដ៏ស្មោះ ក៏បណ្ដាលឲ្យព្រះអង្គម្ចាស់ ព្រហ្ម នឹកកួចប្រតិព័ទ្ធលើរូបដូនចាស់នេះជាខ្លាំង បានពឹងគេឲ្យស្ដីដណ្ដឹង ។ យាយនេះក៏ឥតប្រកែកឡើយ ដោយគាត់មិនចង់នៅតែឯកឯង នាំតែនឹកដល់កូនសំឡាញ់គាត់ដែលឃ្លាតចាកទៅ និងសាច់សាលោហិតដែលធ្លាប់បាត់បង់អស់ ។
ដូនចាស់និងតាកំលោះនេះ នៅសុខសាន្តជាមួយគ្នារហូតមក ។ ថ្ងៃមួយ យាយកើតក្ដីអផ្សុក ក៏ឲ្យតាវាយលេខគន់គូររកកូនប្រុសគាត់ ដែលឃ្លាតទៅស្រុកចិនតាំងពីអាយុ ៤ ឆ្នាំ ។
តាស្ដាប់សំដីយាយចប់ នឹកឆ្ងល់ពន់ពេកក៏សួរថា ” យាយ ! កូនយាយ ឃ្លាតចាកយាយពីឆ្នាំណា ? តើប្ដីយាយមុនមុខងារគាត់ជាអ្វី ? ” ។
យាយឱនមុខជ្រប់ និយាយតិចៗថា ” ឱតាអើយ ! កូនប្រុសខ្ញុំឃ្លាតចាកខ្ញុំទៅជាង ៣០ ឆ្នាំ ហើយ ឯប្ដីខ្ញុំមុននោះមិនមែនតូចតាចទេ គឺជាស្ដេចក្រាញ់មួយអង្គត្រួតត្រាខេត្តនេះ ហើយបានទាំងសាងបន្ទាយថ្មមួយយ៉ាងឆើត ទុកនៅមកដល់សព្វថ្ងៃនេះផង ចូរតាមើលចុះទីបឹងក្បែរផ្ទះយើងនេះហើយ ដែលព្រះស្វាមីធ្លាប់នាំខ្ញុំជិះទូកលេងកម្សាន្តរាល់ល្ងាច ហើយដែលព្រះអង្គបានឲ្យឈ្មោះទីនេះថា “ទន្លេអុំ” ។
នាយ ព្រហ្ម ស្ដាប់ចប់ក៏ស្លុតស្មារតី ហើយឱនក្បាលលុតជង្គង់ចុះលើកដៃទាំងពីរ សំពះប្រណម្យ ចំណែកយាយក៏ទៅជាស្រឡាំងកាំង ។ នាយ ព្រហ្ម និយាយឡើងថា” ឱអ្នកមានគុណកូនអើយ ! សូមឲ្យកូនសុំខមាទោសយ៉ាងធ្ងន់ទៅចុះ គឺថាខ្ញុំនេះហើយ ដែលជាកូនបានឃ្លាតទៅប្រទេសចិនតាំងពីអាយុ ៤ ឆ្នាំ ហើយកូនបានឮគេថា ព្រះបិតាមាតាសុគតអស់ទៅយូរឆ្នាំហើយ កូនគ្មានដឹងថា ព្រះមាតានៅគង់ព្រះជន្មដូច្នេះសោះ ” ។
យាយ ពៅ ឮហើយស្ទុះឱបប្ដីនេះម្ដងទៀត តែរកតែហាមាត់ថា អ្វីមួយម៉ាត់ក៏ពុំរួច ។
នាយ ព្រហ្ម និយាយទៀតថា ” បើព្រះមាតាចង់ដាក់ទណ្ឌកម្មកូនយ៉ាងណា ក៏កូនសុខចិត្តរ៉ាប់រងតាមទាំងអស់ សូមមានប្រសាសន៍មកចុះ ” ។
យាយឆ្លើយវិញថា “បើកូនឯងចង់ឲ្យរដោះចាកទោសល្មើសនេះ ចូរកូនធ្វើតាមពាក្យម្ដាយដូចតទៅនេះ ៖ បើកាលណាម្ដាយស្លាប់ទៅត្រូវកូនឯងសាងចេតិយ ១នៅក្នុងបន្ទាយនគរបាជ័យ ហើយយកសពម្ដាយទៅដាក់ក្នុងនោះ នឹងព្រះពុទ្ធរូប ៤ អង្គ តម្កល់នៅក្បែរសពម្ដាយនោះផង, លុះកាលណាកូនឯងទៀតស្លាប់ទៅទៀត ត្រូវផ្ដាំឲ្យគេជាសិស្សគណ សាងដោយថ្មជារូបកូនឯងមួយមានបាតដៃសំពះប្រណម្យទៅរកចេតិយម្ដាយ លុះត្រាតែផុតសាសនាព្រះសមណគោតម បើកូនធ្វើយ៉ាងនេះ ពៀរវេរាជាកំហុសនឹងបានរដោះជាមិនខាន ” ។
នាយ ព្រហ្ម ឱនក្បាលទូលថា ” សូមកុំព្រួយព្រះមាតា ! កូនធ្វើបានទាំងអស់ ” ។
ចាប់តាំងពីពេលនោះមក ជនទាំងពីរនាក់ ក៏រួមសុខទុក្ខជាមួយគ្នាតាមឋានៈជាកូននិងម្ដាយរហូតមក ។ បានប្រហែលពីរឆ្នាំ យាយ ពៅ ក៏ស្លាប់ទៅ កូនប្រុសនោះ ក៏ចាត់ចែងសាងចេតិយ បញ្ចុះសពម្ដាយព្រមទាំងសាងព្រះពុទ្ធរូប ៤ អង្គ តម្កល់ជុំវិញចេតិយនោះ ដែលសព្វថ្ងៃគេឃើញមានសង់វិហារមួយគ្របលើចេតិយតូចនោះផង ។
មិនយូរប៉ុន្មាន ដោយនឹកអាល័យម្ដាយពេក តា ព្រហ្ម ក៏មានជំងឺធ្ងន់ស្លាប់ទៅដែរ តែមុននឹងស្លាប់គាត់បានផ្ដាំពពួកសិស្សគណឲ្យសាងរូបថ្មមួយជាជំនួសខ្លួន នៅអង្គុយបែរមុខទៅខាងលិចសំពះតម្រង់ទៅសពម្ដាយ ដែលគេឃើញរូបនោះនៅរហូតដល់សព្វថ្ងៃ ។
និយាយពីព្រះចៅក្រុងចិនវិញ កាលបើបាត់បណ្ឌិត សាមប៉ាវកុង ហើយក៏ចាត់នាហ្មឺនជាច្រើនរូបស៊ើបសួររក មាននាហ្មឺនម្នាក់បានធ្វើដំណើររហូតមកដល់ប្រទេសខ្មែរ ប៉ុន្តែទម្រាំនាហ្មឺននេះមកដល់ លោកបណ្ឌិត ព្រហ្មបានទទួលអនិច្ចកម្មទៅហើយ ។ នាហ្មឺននោះ បានធ្វើគារវកិច្ចចំពោះមុខរូបថ្មនេះ ហើយបានចារឹកឈ្មោះបដិមាករនេះ ជាអក្សរចិនថា សាមប៉ាវកុង ទុករហូតមក ។
សព្វថ្ងៃនេះ អ្នកស្រុកបានសង់គុហាមួយដោយបាយអគ្របពីលើបដិមាករនេះ ។ រាល់ពេលរដូវបុណ្យខ្មែរ ឬបុណ្យចិន មានមនុស្សជាច្រើនរយនាក់ បានចូលទៅអុជធូបទៀនបូជាដល់បដិមាករនោះ ហើយមានជនខ្លះទៀត បានធ្វើជាកិច្ចបូលស្នែងក្របី និងបូលដោយរលាក់ចង្កើះ ហើយពោលថា ឆុតពូកែណាស់ ទុកជាមានគ្រោះថ្នាក់យ៉ាងណា ឬចង់ដឹងពីផលអ្វីមួយ គេអាចទាយត្រូវភ្លាម ។
មិនតែប៉ុណ្ណោះ កាលពីរវាង ព. ស. ២៤៧០ ប្លាយ មានពួកអ្នកជំនួញនៅក្រុងកំពង់ចាម បាននាំគ្នាទៅបង្វិលរូបថ្មនោះ ឲ្យបែរមុខមកខាងត្បូងឲ្យត្រូវតាមទំនងផ្លូវចូល តែដល់បែរមុខរូបតា ព្រហ្ម នេះទៅ ស្រុកនោះក៏កើតជំងឺ មានអ្នកស្រុកស្លាប់ជាច្រើន ។
កាលនោះ ខ្មោចតា ព្រហ្ម បានចូលរូបយាយដាម ជារូបបញ្ជាន់ នៅភូមិសណ្ដាន់ ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រាប់អ្នកស្រុកថា ” កុំបែរមុខរូបអញទៅឯណា អញត្រូវបែរមុខទៅខាងលិច សំពះឆ្ពោះទៅចេតិយខ្មោចម្ដាយអញ ” ។
ក្រោយពីខ្មោចតា ព្រហ្ម ចូលមកនោះ អ្នកស្រុកគេបំបែរមុខរូបតា ព្រហ្ម ទៅទិសខាងលិចដូចដល់សព្វវិញ នៅរហូតដល់សព្វថ្ងៃ ។

១- តាមសេចក្ដីរាយការណ៍របស់លោក លី-ធាមតេង នៅពុទ្ធសាសនបណ្ឌិត្យ ។
២- សព្វថ្ងៃគេសាងវិហារដោយឥដ្ឋនិងបេតុង បំពាក់មួយចំហៀងខាងលិចទៅលើប្រាង្គនេះ ហើយយកព្រះពុទ្ធរូបដែលព្រះភក្ត្រមកខាងកើតធ្វើជាទីសក្ការសម្រាប់វិហារនេះតែម្ដង ។
៣- រាជសព្ទ ប្រែថា ខ្នង ។
៤- ដេច ១ អង្គ ស័ក្ដិតូច ត្រួតបានតែ ១ខេត្ត ហៅថា ស្ដេចក្រាញ់ ( ប្រើក្នុងគ្រាបុរាណ ) ។
៥- មោះទេវតាខាងកាម ( សេចក្ដីស្នេហា ) ។
៦- ពាក្យថា ទន្លេអុំ នេះ មានជាប់រហូតមកដល់សព្វថ្ងៃ ។

ដោយ ពុទ្ធសាសនបណ្ឌិត្យ
Untitled-1
Untitled-1
Untitled-1-Recovered