«បង្រៀនមនុស្សឲ្យចេះចាប់ត្រីប្រសើរជាងឲ្យត្រីស៊ី» នេះគឺជាផ្នត់គំនិតដ៏ល្អផូរផង់មួយ ហើយវាត្រូវបានអនុវត្តនៅក្នុងវិស័យអប់រំរបស់កម្ពុជាផងដែរព្រោះការបង្រៀនបែបនេះអាចធ្វើឲ្យសិស្សមានសមត្ថភាពអាចរកត្រីដោយខ្លួនឯងជាជាងការពឹងអាស្រ័យលើគ្រូបង្រៀន។ ប៉ុន្តែតើវាអាចមានប្រសិទ្ធភាពដែរឬទេប្រសិនបើលោកគ្រូ អ្នកគ្រូមួយចំនួននៅតែអនុវត្ដវិធីសាស្ដ្របង្រៀនតែទ្រឹស្ដី?
លោក ហ៊ុក ស៊ីថា ជានិស្សិតកម្ពុជាដែលបាននិងកំពុងសិក្សានៅប្រទេសជប៉ុនបានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំរៀននៅថ្នាក់បឋមនិងវិទ្យាល័យភាគច្រើនខ្ញុំរៀនថាតាមគ្រូបើគ្រូប្រាប់ឲ្យធ្វើអីគឺខ្ញុំធ្វើតាមគាត់ដែលផ្ទុយស្រឡះពីទម្រង់អប់រំនៅប្រទេសជប៉ុន»។
លោក បានបន្តទៀតថា នៅពេលដែលលោកទទួលបានអាហារូបករណ៍នៅប្រទេសជប៉ុន លោកបានឃើញនូវភាពខុសប្លែកមួយយ៉ាងខ្លាំងចំពោះការអប់រំដែលនៅទីនោះគេឲ្យសិស្សនិស្សិតជាអ្នកធ្វើជាម្ចាស់នៃកម្មវិធីសិក្សាផ្ទាល់។ គ្មានអ្នកណាប្រាប់ថាសិស្សគួរតែធ្វើបែបណានោះទេ ហើយគ្រូគ្រាន់តែប្រាប់ថាគាត់ចង់បានបែបនោះ តើសិស្សគួរត្រូវធ្វើដូចម្ដេច?
តាមពិតទៅអ្វីដែលលោកស៊ីថាបានលើកឡើងស្តីពីការអប់រំនៅប្រទេសដែលលោកបានទទួលអាហារូបករណ៍គឺជាវិធីសាស្ត្រអប់រំផ្តោតទៅលើសិស្សជាចម្បងឬគេហៅថាសិស្សមជ្ឈមណ្ឌល ដែលការអប់រំនោះលើកទឹកចិត្តឲ្យសិស្សនិស្សិតឲ្យចេះត្រិះរិះពិចារណា ច្នៃប្រឌិត និងចេះជជែកវែកញែកលើទិដ្ឋភាពឬបញ្ហាជាក់ស្តែងនៅក្នុងសង្គម។
លោក ពូ សុវចនា ជាសាស្ត្រាចារ្យផ្នែកក្រមសីលធម៌នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានពន្យល់ថា៖ «នៅប្រទេសកម្ពុជា ជាទូទៅសិស្ស-និស្សិតភាគច្រើនតែងតែនៅរង់ចាំគ្រូប្រាប់ឲ្យធ្វើឲ្យសិក្សាប៉ុណ្ណោះ ហើយគ្រូបង្រៀនខ្លះនៅតែមានទំនោរចម្លងកម្មវិធីសិក្សាពីប្រទេសដទៃនិងឲ្យសិស្សរៀនទៅតាមអ្វីដែលបានចងក្រងនៅក្នុងសៀវភៅសិក្សានៅតាមសាលាដោយពុំបានបញ្ចូលឲ្យពួកគេមានរៀនត្រិះរិះពិចារណានោះឡើយ»។
លោកសាស្ត្រាចារ្យបានបន្តថាការអប់រំតាមប្រព័ន្ធសិស្សមជ្ឈមណ្ឌលគឺជាគំនិតមួយយ៉ាងល្អដែលអាចឲ្យសិស្ស-និស្សិតរៀនតាមរយៈបទពិសោធ និងការបង្កើតនូវទិដ្ឋភាពជាក់ស្តែង។ ជាងនេះទៅទៀតពួកគេថែមទាំងទទួលបានការលើកទឹកចិត្តឲ្យចេះស្វែងរកការពិតតាមរយៈការសួររកមូលហេតុជាជាងសួរថាគួរតែធ្វើយ៉ាងម៉េច។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនស្តីពីការអប់រំដែលពឹងផ្អែកទាំងស្រុងទៅលើការបង្រៀនរបស់គ្រូលោក ប៉ុក ច័ន្ទដារិទ្ធ ជាសមាជិកអចិន្រៃ្ដយ៍ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាយុវជនវិទ្យាល័យឥន្ទ្រទេវី បានបញ្ជាក់ថា លោកទទួលស្គាល់ថា មានគ្រូបង្រៀនមួយចំនួនតូចបង្រៀនសិស្សតាមតែអ្វីដែលបានចារក្នុងសៀវភៅ ឬក៏ហៅឲ្យសិស្សកត់មេរៀនតាមតែក្តារខៀនឬក្នុងសៀវភៅប៉ុណ្ណោះ។
លោក បានលើកឡើងថា ការពិតទៅពួកគាត់គួរតែបង្រៀនតាមការអប់រំសិស្សមជ្ឈមណ្ឌល ដោយបំផុសសកម្មភាពសិក្សារបស់សិស្សឲ្យបានច្រើនហើយបង្កើតឲ្យមានការសួរសំណួរ និងពិភាក្សាជាក្រុមនៅក្នុងថ្នាក់ជាជាងការពន្យល់ ឬហៅឲ្យសិស្សកត់តាមសៀវភៅ។
ចំណែកឯលោក តែ ឡាយ ជាប្រធានបណ្តុះបណ្តាលគ្រូបង្រៀនភាសានៅវិទ្យាស្ថានអភិវឌ្ឍន៍អប់រំ បានលើកឡើងពីលទ្ធផលនៃការស្រាវជ្រាវរបស់ស្ថាប័នលោកថា ថ្វីដ្បិតតែក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមបំផុសឲ្យមានការបង្រៀនតាមប្រព័ន្ធសិស្សមជ្ឈមណ្ឌលក៏ពិតមែន ប៉ុន្តែលោកសង្កេតឃើញថាការអនុវត្តរបស់គ្រូបង្រៀននៅមានកម្រិតទាំងចំណេះដឹង រយៈពេលបង្រៀន ធនធានមនុស្ស សម្ភារ និងឆន្ទៈបង្រៀនជាដើម។
ក្រៅពីការបង្រៀននិងអនុវត្តតាមកម្មវិធីសិក្សា លោក សុវចនា បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រូបង្រៀន យើងអាចបង្រៀនពន្យល់បន្ថែមក្រៅពីមុខវិជ្ជាកំណត់ហើយយើងក៏អាចក្តោបបន្ថែមឲ្យកាន់តែស៊ីជម្រៅនូវការត្រិះរិះពិចារណា។ ម្យ៉ាងវិញទៀតយើងគួរតែបង្រៀនឲ្យពួកគេជឿជាក់លើសមត្ថភាព និងមានជំនឿលើខ្លួនឯងព្រមទាំងខិតខំប្រឹងប្រែង និងចង់ចេះចង់ដឹង។
យ៉ាងណាមិញ វាមិនមែនមានន័យថាឲ្យតែមានការអនុវត្ត គឺជារឿងល្អនោះទេ។ ការបង្រៀនរបស់គ្រូបច្ចុប្បន្នបានជំរុញឲ្យសិស្សទទួលបាននូវព័ត៌មាន វិធីសាស្ត្រផ្នត់គំនិតនិងទ្រឹស្តី។ជាក់ស្តែងមាននិស្សិតខ្មែររាប់សិបនាក់ជាប់អាហារូបករណ៍ទៅសិក្សានៅបរទេសជារៀងរាល់ឆ្នាំហើយសិស្សខ្មែរក៏មានសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងសិស្សបរទេសផងដែរ៕