Untitled-2 (5)

គន្លឺះទាំង១០​ មុននឹងចង់ចេះថតរូប

នាពេលបច្ចុប្បន្ន​ យើងសង្កេត ឃើញថា យុវជនកម្ពុជា ជាច្រើន ចាប់ផ្តើមផ្តោត អារម្មណ៍ខ្ពស់ ទៅលើ ការថតរូប ជាមួយកាមេរ៉ា ឌីជីថល ព្រោះអីវាជា ផ្នែកមួយ នៃសិល្បៈកំសាន្ត ដែលអាចអោយ ពួកគេ​ បញ្ចេញស្នាដៃ និងភាព ច្នៃប្រឌិត របស់គេ។ យ៉ាងណាមិញ មុននឹងឈាន ជើងចូល ធ្វើជា អ្នកថតរូប ដោយប្រើ កាមេរ៉ា ឌីជីថល មួយបាន គឺវាមិនមែន ជារឿង ងាយស្រួល ប៉ុន្មានទេ ពោលវាមាន ក្បួនច្បាប់ និងរឿងរ៉ាវ ជាច្រើន ដែលអ្នក ត្រូវដឹង។ ចង់ដឹងថា វាមានអ្វីខ្លះ មែនទេ? សូមស្វែងយល់ ជាមួយ យើង​ទាំង អស់គ្នា។

1. ថតរូបមួយបុស្តិ៍ គឺមិនគ្រប់គ្រាន់ឡើយ

អ្នកគួរតែថតរូបអោយបាន យ៉ាងតិច បំផុត ក៏បីសន្លឹកដែរ​ នៅក្នុង ប្លង់មួយ។ ព្យាយាម សារ៉េ មុំថត ពីចំហៀង ពីលើ រឺដើរ ថយក្រោយ កុំថតនៅនឹង ថ្កល់អោយសោះ។ ព្រោះអី រូបភាព កាន់តែច្រើន បុស្តិ៍ យើងមាន ជម្រើសក៏ កាន់តែ ច្រើនដែរ។

2. ចង់បានប្លង់ស្អាត សូមកុំខ្លាចនឹងប្រលាក់ខោអាវ រឺខ្លួនប្រាណ

ចង់ធ្វើជាអ្នកថតរូប ដែលអាច ចាប់បាន ប្លង់ស្អាតៗមួយ យើងត្រូវពលី ហ៊ានដើរចូល កន្លែងគ្រោះថ្នាក់ កន្លែង គគ្រិច រឺពេលខ្លះ គឺដេកនៅលើ ដីក៏មាន ព្រោះអីប្លង់ ទាំងនោះ កម្រមាន មនុស្សណា អាចថតណាស់ ណាមួយ កន្លែងពិបាក ភាគច្រើន សុទ្ធតែមាន ទស្សនីយភាពប្លែក កម្របានឃើញ។

3. ពន្លឺ គឺជាកត្តាដ៏ចំបាច់បំផុតពេលថតរូប

សម្រាប់មនុស្សធម្មតា គេប្រហែលជា មិនដែលខ្វល់ អំពី ស្ថានភាពពន្លឺ ពេលយើង ថតនោះទេ ក៏ប៉ុន្តែប្រសិនបើអ្នក ចាប់ផ្តើម កាន់កាមេរ៉ា ឌីជីថល ហើយនោះ អ្នកត្រូវយក ចិត្តទុក ដាក់បំផុត។ ប្រភពពន្លឺមានច្រើន មកពី ព្រះអាទិត្យ ការកែ កម្រិត ISO ពន្លឺជំនួយ ពន្លឺ Flash ជាដើម។ បើអាច គួរសិក្សា ពីរូបភាព ថតដោយ អ្នកជំនាញ ផ្សេងៗ ថាស្ថានភាព បែបណា គួរមានពន្លឺ បែបណា!?

4. អ្នកថតរូបភាគច្រើន សុទ្ធតែស្រម៉ៃចង់បានកាមេរ៉ាដែលថ្លៃស្មើឡាន

អ្នកថតរូបភាគច្រើន សុទ្ធតែក្រខ្លួន ដោយសារ សម្ភារៈកាមេរ៉ា។ អ្នកប្រហែល ជាគិតថា កាមេរ៉ាត្រឹម 1000 រឺ 2000 ដុល្លារ គឺខ្លាំង នឹងគ្រប់ គ្រាន់ហើយ សម្រាប់ការ ថតរូប ក៏ប៉ុន្តែនៅ ពេលដែល អ្នកកាន់ តែមាន ជំនាញខ្ពស់នោះ អ្នកប្រាកដ ជាចាប់ផ្តើម ស្រម៉ៃចង់បាន កាមេរ៉ា លំដាប់ Professional ជាមួយនឹង Lens ល្អៗជាក់ជា មិនខាន។ ពួកវា មានតម្លៃ មិនតិច ជាង 5000 ដុល្លារ នោះទេ ហើយប្រសិនបើអ្នក ត្រូវការ Lens ច្រើនទៀតនោះ គឺអាចចូលខ្ទង់ ម៉ឺនដុល្លារ។

5. អ្នកដទៃមានកាមេរ៉ាល្អ មិនប្រាកដថាគេអាចថតរូបភាព បានល្អជាងអ្នកនោះទេ

មានកាមេរ៉ាល្អ មិនប្រាកដ ថាអាចថតរូប បានស្អាត ​នោះទេ ព្រោះអីវា ក៏ទាមទារ អោយយើងចេះ រកប្លង់ និងចេះ ច្នៃប្រឌិត កែសម្រួលវា ផងដែរ។ ហេតុដូច្នេះហើយ នៅក្នុងពិភព អ្នកថតរូប គេមិនដែល វាយតម្លៃ នរណាម្នាក់ ទៅលើកាមេរ៉ា ដែលគេ កាន់នោះទេ ពោលគេ នឹងកាត់ សេចក្តី នៅពេល ដែលរូបថតនោះ ផ្តិតចេញមក។

6. អ្នកថតរូប មិនដែលមានពេលសម្រាកឡើយ

ការថតរូប មិនមែនជាចំណង់ចំណូលចិត្តទេ ប៉ុន្តែវាជា ផ្នែកមួយ នៃជីវិត។ អ្នកថតរូប ភាគច្រើន បំផុត តែងតែ ថតរូបភាព ជាប្រចាំ ហើយពេលដែល ល្អបំផុត គឺនៅ ពេលទំនេរ និងនៅ កំឡុងពេល ដើរកំសាន្ត តែម្តង។ ហេតុដូច្នេះ ហើយ ភារៈកិច្ច យើងគឺ មានជានិច្ច។

7. ចៀសវាងប្រើប្រាស់កម្មវិធីជំនួយ

អ្នកដែលមិនដឹងអីសោះ គេអាចនឹង មិនសូវ ស្ញប់ស្ញែងនឹង រូបភាព ដ៏ស្អាត មួយសន្លឹក បានទេ ព្រោះអីគេ គិតថា វាអាចកែ កុនបាន។ ជាក់ស្តែង មុននឹងថត រូបមួយបុស្តិ៍ អ្នកថតរូប ត្រូវខិតខំ ធ្វើការ កែសម្រួល កម្រិត ISO, Shutter, Speed អោយបាន ល្អបំផុត តាមតែអាច ធ្វើទៅបាន ហើយដំណាក់កាល ចុងក្រោយ គេធ្វើ កែកុន វាបន្តិច បន្តួចប៉ុណ្ណោះ​ ដើម្បីរក្សា ស្នាដៃដើម។

8. ភ្លើង Flash ប្រើសម្រាប់ថតវត្ថុនៅឆ្ងាយ មិនមែនជិតទេ

ភ្លើង Flash បញ្ចេញភ្លើង បានល្អបំផុត នៅទីឆ្ងាយ មិនមែន កន្លែងជិត កាមេរ៉ានោះទេ។ ហេតុដូច្នេះហើយ នៅកន្លែង ងងឹត សូមកុំ ដាក់ភ្លើង Flash ជិតវត្ថុ ដែលយើង ចង់ថតពេក រឺមួយអ្នក អាចប្រើ ក្រាស រឺអ្វីមក រុំភ្លើង Flash កុំអោយ វាបាញ់ ខ្លាំងពេកបាន។

9. ពេលខ្លះ ភ្លើង Flash មានអត្ថប្រយោជន៍ខ្លាំងនៅពេលថ្ងៃ

ភ្លើង Flash មិនត្រឹមតែ អាចប្រើ នៅកន្លែង ងងឹតនោះទេ ក៏ប៉ុន្តែ វាក៏អាច ប្រើនៅពេល ថ្ងៃផងដែរ។ យើងអាច ប្រើវា ដើម្បីថតមនុស្ស រឺវត្តុ ដែលកំពុង ស្ថិតនៅ មុខយើង ហើយផ្ទៃ ខាងក្រោយ នឹងចេញ ជាស្រមោល ងងឹត ប្លែក និងពោរពេញ ដោយភាព ច្នៃប្រឌិតបាន។

10. ផ្ទៃ Background គឺសំខាន់ជាងវត្ថុដែលយើងនឹងថតទៅទៀត

មុននឹងថតអ្វីមួយ យើងត្រូវ យកចិត្ត ទុកដាក់ ទៅលើផ្នែក ខាងក្រោយ (background) ជាងវត្ថុ ដែលយើង ត្រូវថត ទៅទៀត។ វាគប្បីមាន ផ្ទៃស្រឡះ មិនរញ៉េរញ៉ៃ ដែលប៉ះពាល់ ទៅដល់ វត្ថុដែលយើង នឹង ចាប់ថត។

ថតរូប អាចថាជារឿង ដ៏ងាយស្រួល មួយក៏បាន រឺលំបាក ក៏ថាបាន សំខាន់តើអ្នក ចង់ក្លាយជា អ្នកថតរូបធម្មតា រឺលំដាប់ អ្នកជំនាញ? ក៏ប៉ុន្តែជា យោបល់ល្អ អ្នកគួរតែ សិក្សាអំពីការ ថតរូប អោយបាន ច្បាស់ទៅ ព្រោះអី វាជា ជំនាញដ៏ ពិសេសមួយ ដែលគេអោយ តម្លៃបំផុត។ អាជីពអ្នក ថតរូប ក៏អាច រកប្រាក់ ចំណូល បានច្រើន ផងដែរ ប្រសិនបើយើង ចេះស្ទាត់ ជំនាញ ហើយវាក៏ជា ការកំសាន្ត ដែលយើងមិន ងាយនឹង ធុញទ្រាន់ នោះទេ។

ដោយ www.cambo-report.com
Untitled-1
Untitled-1
Untitled-1-Recovered