Untitled-3

ប្រវត្តិតស៊ូរបស់ សុវណ្ណពុទ្ធិណារ៉ាក់

នាងខ្ញុំឈ្មោះ សុវណ្ណ ពុទ្ឋិណារ៉ាក់ អាយុ ១៩ ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកន្ទឺ២។ បច្ចុប្បន្ន នាងខ្ញុំរស់នៅក្នុងភូមិបាណន់ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។ លោកឪពុករបស់ខ្ញុំ ឈ្មោះ សុវណ្ណ ឆៃ ។ គាត់បានស្លាប់ចោលនាងខ្ញុំតាំងតែពីនាងខ្ញុំស្ថិតនៅក្នុងផ្ទៃម្តាយ។ អ្នកម្តាយ នាងខ្ញុំឈ្មោះ សុង ថាវរីយ៍  គាត់ក៏បានស្លាប់ចោលនាងខ្ញុំតាំងពីឆ្នាំ១៩៩៥​ ដោយសារផ្ទុះមីន​នៅ​ពេល​ដែលគាត់ដើរទៅជីកទំពាំងក្នុងព្រៃ ដើម្បីយកទៅលក់យកលុយទិញអង្ករ និងផ្គត់ផ្គង់​គ្រួសារ។ នាងខ្ញុំមានបងប្អូន៦នាក់, ប្រុស៣នាក់ និងស្រី ៣នាក់។ បងប្រុសម្នាក់របស់នាងខ្ញុំបាន​ស្លាប់​ដោយសារផ្ទុះមីននៅពេលគាត់ទៅបេះស្លឹកព្រិចយកមកលក់ ដើម្បីយកលុយមកទិញអង្ករចិញ្ចឹម​ប្អូនៗ។ ចាប់តាំងពីពេលនោះមក គ្រួសារនាងខ្ញុំបាត់បង់ភាពកក់ក្តៅធ្លាក់ខ្លួនក្រីក្រមានជីវភាព​ខ្វះ​មុខខ្វះ​ក្រោយ។

បន្ទាប់ពីឪពុកម្តាយបានចែកស្ថានទៅ នាងខ្ញុំបានរស់នៅជាមួយបងប្រុសច្បងទី១ តែដោយ​សារជីវភាពរបស់គាត់ខ្វះខាតពេក នាងខ្ញុំក៏បានទៅរស់នៅជាមួយបងប្រុសទី២វិញ។ តែដោយ​ភាព​អវិជ្ជា​និងការស្រវឹងសុរា ហើយជីវភាពរបស់គាត់ក៏មិនសូវធូរធារ គាត់បានវាយធ្វើបាប​នាងខ្ញុំ​និង​មិនឱ្យនាងខ្ញុំទៅលេងជាមួយក្មេងជិតខាងទេ  ជួនកាលគាត់បានបង្អត់បាយខ្ញុំទៀត។ ពេលនាង​ខ្ញុំ​អាយុ៧ឆ្នាំបងស្រីទី៥បានយកនាងខ្ញុំទៅរស់នៅជាមួយគាត់ ហើយគាត់ក៏នៅនឹងផ្ទះគេដែរ។ ឃើញ​​ដូច្នេះបងប្រុសទី១ក៏យកខ្ញុំត្រឡប់ទៅនៅ ជាមួយគាត់វិញ ពេលនោះនាងខ្ញុំមានអាយុ៨ឆ្នាំ ។ ខ្ញុំ​ឃើញ​ក្មេងៗទៅរៀនខ្ញុំបានសុំបងរបស់ខ្ញុំទៅរៀននឹងគេ តែគាត់មិនព្រមឱ្យខ្ញុំទៅរៀនទេ គាត់ថា​គ្មាន​លុយ​កាក់បង់ថ្លៃសាលាឲ្យខ្ញុំ។

ខ្ញុំបានគិតថា ខ្ញុំគ្មានឪពុកម្តាយដូចគេ រស់នៅជាមួយបងគ្មានជំរកល្អ គ្មានលុយកាក់ មាន​ជីវភាពខ្វះខាត គ្មានបាយហូបគ្រប់គ្រាន់ គ្មានចំណេះដឹង ថែមទាំងអ្នកជិតខាងមើលងាយមើល​ថោក គេរើសអើង ហើយក្នុងគ្រួសារមានអំពើហឹង្សាថែមទៀត។ ខ្ញុំក៏សម្រេចចិត្តទៅ​ស៊ីឈ្នួលបេះ​សណ្ដែក​ឱ្យ​គេបាន២តុងក្នុង១តុងបាន៥០០រៀល សរុបទាំងអស់បាន១០០០រៀលក្នុង១ថ្ងៃ។ លុយ​កាក់​​ដែល​ខ្ញុំរកបាន​មក​ត្រូវបងថ្លៃខ្ញុំយកអស់ទុកតែ២០០ រៀល ឱ្យនាងខ្ញុំតែប៉ុណ្ណោះ តែខ្ញុំមិនដែល​ខឹង ឬតូចចិត្តអ្វីទេ ព្រោះគ្រួសារគាត់មានជីវភាពខ្វះខាតខ្លាំង ហើយថែមទាំងមានកូនច្រើនទៀត​ផង។ ខ្ញុំធ្វើការផ្ទះដូចជារែកទឹករកឧស មើលក្មួយ មើលគោខ្ញុំមានអារម្មណ៍ថា ហត់នឿយដោយ​ធ្វើការច្រើនពេក ថែមទាំងជួយរកលុយផ្គត់ផ្គង់គ្រួសារទៀត។ ប៉ុន្តែខ្ញុំមិនដែលត្អូញត្អែរ ដល់​ពេល​​​មួយ​ខ្ញុំសន្សំលុយបានរហូតដល់អាចផ្គត់ផ្គង់ការចូលរៀនខ្លួនឯងបានខ្ញុំសប្បាយចិត្តខ្លាំងណាស់ តែ​បងរបស់ខ្ញុំវិញគាត់មិនសូវសប្បាយចិត្តទេ ព្រោះគាត់គិតថាខាតចំណូលហើយបង ថ្លៃស្រីខ្ញុំ ក៏គាត់​មិន​ចង់ឱ្យខ្ញុំទៅរៀនដែរតែខ្ញុំបានសន្យាថាពេលខ្ញុំបានចូលរៀនហើយខ្ញុំនៅតែជួយរកលុយឱ្យគាត់ និងជួយធ្វើការផ្ទះដដែល។

ពេលបានចូលរៀន នាងខ្ញុំដើរលក់នំបណ្ដើរ រៀនបណ្ដើរ ខ្ញុំត្រូវក្រោកពីយប់ដើម្បី​ជួយធ្វើ​នំលក់ ហើយពេលត្រឡប់មកពីរៀន ខ្ញុំបានទៅមើលគោ និងទៅបេះសណ្ដែករកលុយទៀតផង ជួនកាល​បើគ្មានសណ្ដែកបេះ ខ្ញុំត្រូវទៅបេះបន្លែ និងជីកទំពាំងនៅក្នុងព្រៃទោះបីសង្សយ័​ថាមាន​មីន​ក៏​ដោយ ហើយពេលត្រឡប់មកពីមើលគោ ខ្ញុំត្រូវជួយធ្វើកិច្ចការផ្ទះទៀត។ ខ្ញុំធ្វើការបែបនេះជា​រៀង​រាល់​ថ្ងៃបន្ទាប់ពីចេញពីសាលារៀន។ នៅពេលសិក្សាខ្ញុំមិនសូវមានសម្ភារគ្រប់គ្រាន់ដូចគេទេ ខ្ញុំទៅរៀនដោយគ្មានសំលៀកបំពាក់សមរម្យរហែកនិងបំណះគ្មានស្បែកជើងពាក់គ្មានកាបូប​ស្ពាយ សៀវភៅដាក់ក្នុងថង់ដៃ ហើយដើរទៅរៀនចំងាយ ២.៥ គ.ម ពីផ្ទះទៅសាលារៀន។ ពេលទៅដល់​សាលាខ្ញុំគ្មានលុយទិញនំអីដូចក្មេងដទៃ  សូម្បីតែ១០០រៀល។ ពេលត្រឡប់មកផ្ទះវិញត្រូវបាន​អ្នក​ផ្ទះ​ស្តីបន្ទោសថាមិនសូវបានជួយរកស៊ីធ្វើការផ្ទះ។

មានថ្ងៃមួយ បងថ្លៃស្រីខ្ញុំបានបណ្ដេញខ្ញុំឱ្យចេញពីផ្ទះ។ តែទោះបីយ៉ាងណាក៏ដោយនាងខ្ញុំ​ខំ​អត់ធ្មត់ និងនៅតែទៅរៀនរាល់ថ្ងៃ ហើយការរៀនរបស់នាងខ្ញុំ គឺបានទទួលលទ្ឋផលល្អជាប់លេខ​១​រៀង​រាល់ខែរហូតខ្ញុំបានរៀនដល់ថ្នាក់ទី៧ ពេលនោះ នាងខ្ញុំក៏ត្រូវបានគេជ្រើសរើសឲ្យ​ចូលរួមធ្វើ​ជា​មិត្ត​អប់រំមិត្តរបស់អង្គការទស្សនះពិភពលោកកម្ពុជាប្រចាំស្រុកបាណន់។ ក្នុងក្រុមនេះរូបខ្ញុំ និងមិត្ត​ភក្តិ​ដទៃ​ទៀត ត្រូវបានបុគ្គលិកសម្របសម្រួលជួយបណ្ដុះបណ្ដាល ពីរបៀបផ្សព្វផ្សាយដល់​សហគមន៍ និងសាលារៀន ។  ក្រុមការងារនាងបានយកចំណេះដឹងដែលទទួល​បានពីការបណ្ដុះ​បណ្ដាល​ទៅផ្សព្វផ្សាយបន្តដល់សហគមន៍ និងសាលារៀន ដោយការផ្សព្វផ្សាយនោះមានប្រធាន​បទពាក់ពន្ឋ័នឹងសិទ្ឋិកុមារ អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរផ្លូវភេទកុមារ ក្នុងឃុំនាងខ្ញុំ និងក្រៅឃុំ ក្នុង១ខែបួនដង។តាមការរស់នៅ និងតាមរយៈការងារនេះ នាងខ្ញុំឃើញថាសហគមន៍មានការ​យល់​ដឹង​ច្រើន និងមានការប្រែប្រួលខុសពីមុន។ ខ្ញុំ និងក្រុមការងារចុះធ្វើសកម្មភាបបែបនេះជារៀង​រាល់​ខែ ។ នៅក្នុងឆ្នាំ ២០០៧កម្មវិធីបានគាំទ្រលើកទឹកចិត្តឱ្យខ្ញុំបានចូលរួមសិក្ខាសាលានៅកំពង់​សោម ស្តីពីអាហារូបត្ថម្ភក្រោយមកដោយឃើញសកម្មភាពរបស់ខ្ញុំល្អថែមទៀតនៅក្នុងឆ្នាំ ២០០៨ ខ្ញុំក៏​ទទួល​​បានការលើកទឹកចិត្តឱ្យចូលរួមសិក្ខាសាលា នៅខេត្តសៀមរាបស្តីពីការជួញដូរមនុស្ស  បន្ទាប់​​ម​កត្រូវបានគេជ្រើសរើសទៅរៀនពីការតស៊ូមតិនៅរាជធានីភ្នំពេញ និងចូលរួមប្រជុំថ្នាក់​តំបន់​នៅ​បាងកក ប្រទេសថៃ ស្តីពីការតស៊ូមតិការកេងប្រវញ្ច័អំពើហឹង្សា និងការជួញដូរមនុស្ស។​ក្រោយមកដោយគេឃើញលទ្ឋផលការងារខ្ញុំរឹតតែល្អឡើងជាមួយ និងការតស៊ូធ្វើការងារ និងការ​ខិត​ខំ​រៀន​សូត្រនៅសាលារៀន កម្មវិធីបានជ្រើសរើសរូបនាងខ្ញុំ សារជាថ្មីទៅចូលរួមមហាសន្និបាត​ពិភព​លោកនៅប្រទេសប្រេស៊ីលនៅក្នុងខែ១១ ឆ្នាំ ២០០៨ ។ មហាសន្និបាត​ពិភពលោកបានផ្តោត​លើ ប្រធានបទដូចជា ការតស៊ូមតិពីការកេងប្រវញ្ច័ ការជួញដូកុមារ និងស្ត្រី បុរស ព្រមទាំង​អំពឹងហិង្សានៅជុំវិញពិភពលោក។ បន្ទាប់មក នៅពេលនាងខ្ញុំរៀនដល់ថ្នាក់ទី១០ក៏មានរឿងរ៉ាវ​មួយ កើតឡើងជាមួយក្រុមគ្រួសាររបស់បងប្រុសខ្ញុំ គាត់ជំពាក់លុយគេច្រើនម្ចាស់លុយគេក៏មកទា​បំណុល ហើយរឹបអូសដីយកទៅលក់។ ដោយគ្មានប្រាក់សងគេ បងស្រីថ្លៃ និងបងប្រុសខ្ញុំក៏រត់គេច​ខ្លួន​បាត់​ពេលនោះ នាងខ្ញុំធំហើយពេលអត់ពីបងទៅត្រូវប្រឈមមុខការមើលងាយ​ពីសំណាក់ក្មេង​ស្ទាវ​ប្រុសៗ​ក្នុងភូមិចង់ប៉ុនប៉ងចាប់នាងខ្ញុំ អ្នកខ្លះមើលងាយខ្ញុំថាជាកូនកំព្រាគ្មានសមត្ថភាពរៀន​ដូចកូនគេជាអ្នកមាន ។

ដោយមានការអន្តារគមន៍ពីកម្មវិធីរបស់អង្គការទស្សនះពិភពលោកកម្ពុជា និងការិយាល័យ​អប់រំស្រុក ក៏បានជំលៀសនាងខ្ញុំឱ្យមកស្នាក់នៅនិងផ្ទះសំណាក់គ្រូនៅការិយាល័យអប់រំស្រុកជិត​នឹង​សាលារៀន។ ការស្នាក់នៅទីនេះ នាងខ្ញុំជួយដាំបាយ លាងចានជូនលោកគ្រូៗនៅទីនោះ​ដើម្បី​ដូរ​យកបាយហូប  ហើយពួកគាត់ មួយចំនួន ជួយឧបត្ថម្ភលុយកាក់ បន្តិចបន្តួចដល់នាងខ្ញុំ ទុកទិញ​សំភារៈ​សិក្សា។ ពេលបានមកស្នាក់នៅទីនេះ ខ្ញុំរឹតតែខំរៀនសូត្រខ្លាំងជាងមុនទៀត ពីព្រោះយល់​ឃើញ​ថា ពេលមានចំណេះដឹងខ្ពស់អាចរកកាងារធ្វើបានល្អ អាចឱ្យជីវភាពធូធារបាន ជំនះលើការ​មើល​ងាយរបស់អ្នកជិតខាងថា ក្មេងកំព្រាមិនអាចមានលទ្ឋភាពរៀនបានខ្ពស់ និងពូកែ ជាពិសេស​ភាពអវិជ្ជាងាយនឹងគ្រោះថ្នាក់ ចាញ់បោកគេខ្វះការពិចារណា ហើយងាយនិងប្រព្រឹត្តអំពើហិង្សា​ក្នុង​គ្រួសារ។ នាងខ្ញុំគិតថាមានតែការអប់រំទេ ដែលអាចជួយ ឱ្យនាងខ្ញុំមានភាពភ្លឺស្វាង មានអនាគតល្អ អាចជួយសហគមន៍ខ្លួនឯងឱ្យមានភាពរីកចម្រើន។ នាងខ្ញុំបានយល់ពីសារៈសំខាន់ និងផល ប្រយោជន៍នៃការអប់រំហើយនាងខ្ញុំចង់ឱ្យមនុស្សទូទៅយល់ថា ទោះជាក្មេងគ្មានឪពុកម្តាយ ឬក្មេង​អនាថា ដែលមានការលំបាកបំផុត មិនថាស្រី ឬប្រុសអាចរៀនបានខ្ពស់ ហើយមានអនាគត​ល្អដូច​ក្មេង​អ្នកមានដែរ ។

រហូតមកដល់បច្ចុប្បន្ននេះ នាងខ្ញុំបានចូលរៀនថ្នាក់ទី១២ ហើយមុខវិជ្ជាដែលនាងខ្ញុំចូលចិត្ត និង រៀន បានពូកែជាងគេ គឺមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា ។

លើសពីនេះ កម្មវិធីរបស់អង្គការទស្សនះពិភពលោកកម្ពុជា និងការិយាល័យអប់រំស្រុក បានផ្គត់ផ្គង់នាងខ្ញុំឱ្យក្លាយជាអ្នកគ្រូបង្រៀនភាសាអង់គ្លេសដល់កុមារតូច នៅថ្នាក់បឋមសិក្សានៅ​សាលារៀនកំប៉ងកើតតាំងពីខ្ញុំរៀនថ្នាក់ទី១១ ។ ក្រៅពីបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗ នាង​ខ្ញុំ​ឆ្លៀតបង្រៀនគួរដល់មិត្តភក្តិ ក្រៅម៉ោងបន្ថែមទៀត។ ដោយមានការជួយជ្រោមជ្រែងពី​គម្រោង​កម្មវិធី​អប់រំបុគ្គលិកការិយាល័យអប់រំស្រុកបាណន់ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ ធ្វើឱ្យខ្ញុំមានការ​តស៊ូ​​រហូតដល់សព្វថ្ងៃនេះ ហើយនាងខ្ញុំនឹងតស៊ូរៀនទៅថ្នាក់លើៗ ទៀតដើម្បីឱ្យក្លាយជាអ្នក​គ្រប់​គ្រង​គម្រោងកម្មវិធីដូចបងៗធ្វើការអង្គការទស្សនៈពិភពលោកកម្ពុជាប្ញមន្រ្គី រាជការ ដើម្បីធ្វើជាគំរូ​ដល់​ក្មេងស្រី​ទាំងឡាយនៅក្នុងសហគមន៍របស់នាងខ្ញុំនិងដើម្បីយកចំណេះដឹងទាំងនេះ ជួយដល់​សហមគមន៍​ឱ្យមានការរីកចម្រើន។

នៅចុងបញ្ចប់នៃរឿងខ្ញុំសូមឱ្យអ្នកទាំងអស់គ្នានៅលើពិភពលោកនេះ ត្រូវដឹងថាការរៀន​សូត្រ គឺជាកត្តាសំខាន់ដែល យើងគួរធ្វើដំបូង និងឱ្យកូនៗបានទទួលការអប់រំ ដោយមិនគិតថាស្រី ឬប្រុស ចាស់ ឬក្មេងទេ ជាពិសេសក្មេងអនាថា ក្មេងកំព្រា ក្មេងក្រីក្រ សូមឱ្យរាជរដ្ឋាភិ​បាល​យក​ចិត្ត​ទុក​ដាក់ដូចៗគ្នា។

នាងខ្ញុំជាក្មេងកំព្រាក្រីក្របំផុត ខ្ញុំអាចរៀនបានដូចក្មេងៗដទៃទៀតដែរ ព្រោះការអប់រំមិន​រើសអើងយើងទេ ហើយមានតែការអប់រំទេ ដែលអាចជួយឱ្យយើងមានពន្លឺចែងចាំងមានអនាគត​ល្អ ហើយសង្គមនឹងទទួលស្គាល់យើង មិនខុសពីសុភាសិតមួយពោលថា វិជ្ជាជាទ្រព្យគាប់ប្រសើរវិជ្ជា​ជា​​ស្ពានឈានទៅរកសួគ៌ា។

***

ដោយ ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered