Untitled-3 (4)

ការព្យាយាមនាំមកនូវភាពជោគជ័យ

ប្រសិនបើយើងធ្វើដំណីរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តកំពង់ធំ ហើយឆ្លងកាត់ស្ពាន​ស្ទឹងសែន បាន ប្រហែល ២គីឡូម៉ែត្រ យើងចោលភ្នែកមើលទៅខាងស្តាំដៃ នោះយើងនឹងឃើញ សាលាបឋមសិក្សាមួយ ដែលមានឈ្មោះថា សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់  ស្ថិតនៅក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ គណៈគ្រប់គ្រងសាលាមានការផ្លាស់ប្តូរចំនួនបួននាក់ហើយ តើអ្នកទីបួន ដែលជាអ្នកគ្រប់គ្រង ដឹកនាំ រហូតមកបច្ចុប្បន្ននេះ គាត់មានឈ្មោះអ្វី តើជាស្រ្តី ឬុជាបុរស បានជាសាលារបស់គាត់ស្ថិត នៅក្នុងចំណោមសាលាគំរូក្នុងខេត្ត កំពង់ធំ ?

ក្នុងវ័យ២៨ឆ្នាំ រស់នៅពីរនាក់ម្តាយដែលជាស្ត្រីមេម៉ាយ បានក្លាយខ្លួនជាអ្នកគ្រប់គ្រង ចាត់ចែង តើគាត់ ត្រូវអនុវត្តដូចម្តេច  ជួបប្រទះការលំបាកអ្វី  ប្រឹងប្រែងដូចម្តេច  និង ដោះស្រាយយ៉ាងដូចម្តេច ដើម្បីប្រែក្លាយ សាលាឈានទៅរកភាពអភិវឌ្ឍន៍  ?

នៅឆ្នាំ១៩៨៥សាលាបឋមសិក្សាអនុវត្ត?អាចារ្យលាក់មានតែអគារឈើប្រក់ស្បូវពីរខ្នងដែលមាន សភាពទ្រុឌទ្រោម លេចមុខលេចក្រោយតែប៉ុណ្ណោះ។ តែទោះជាស្ថិតនៅក្នុងស្ថានភាពបែបនេះក៏ដោយ  អ្នកដឹកនាំ សាលានៅតែទទួលសិស្ស ឱ្យចូលរៀនជាប្រចាំ។ មកដល់ឆ្នាំ១៩៨៧ ដោយមានការខិតខំប្រឹងប្រែង  ចុះសាក សួរ ស្ទាបស្ទង់មតិពីសាធារណៈជន  ទំនាក់ទំនង ល្អជាមួយសហគមន៍ ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡាខេត្ត ហើយក៏មានសំណូមពរពីមាតាបិតាសិស្ស អ្នកគ្រប់គ្រងយើងក៏ផ្តើមធ្វើបុណ្យផ្ការហូតដល់បានប្រាក់សាងសង់ អគារធ្វើពីឈើប្រក់ក្បឿងបានពីរខ្នង ដែលក្នុងមួយខ្នងៗមានចំនួនបីបន្ទប់។ ថ្វីត្បិតតែមានអគារថ្មី ល្អ ក៏ដោយ ក៏អ្នកគ្រប់គ្រងយើងនៅពុំទាន់គិតដល់ កន្លែងសមរម្យសម្រាប់បម្រើការងារផ្ទាល់ខ្លួន ឡើយ។

នៅឆ្នាំ១៩៩០ដោយសង្កេតឃើញអគារដែលសេសសល់ពីរខ្នងដែលមានសភាពទ្រុឌទ្រោមកាន់តែខ្លាំងអ្នក​គ្រប់គ្រងយើងក៏សម្រេចចិត្តអនុវត្តជួសជុលអគារនោះ ឱ្យក្លាយជាអគារឈើប្រក់ក្បឿងដោយប្រើរូបភាពដដែល។ គាត់សប្បាយរីករាយយ៉ាងក្រៃលែងដោយសង្កេតឃើញសិស្សានុសិស្សមករៀនយ៉ាង សប្បាយរីករាយតែគាត់មិនទាន់អស់ចិត្តនូវឡើយ ព្រោះគាត់ខ្លាចសិស្សមិនមានសុវត្ថិភាព ដោយ សាលារៀននោះមិនទាន់មានរបងនៅឡើយ។ ពេលនោះគាត់ក៏ប្រជុំពិភាក្សាជាមួយបុគ្គលិក ដើម្បីរិះរក មធ្យោបាយយ៉ាងណាធ្វើរបងនោះឱ្យបាន។ ដោយបានទទួលមតិយោបល់ពី បុគ្គលិក គាត់ក៏សម្រេចចិត្តធ្វើ របងនោះជាបណ្ដោះអាសន្នទាល់តែបានសម្រេច ទោះបីជាជួបប្រទះនឹងការលំបាក ដោយមានទំនាស់ជាមួយ នឹងអ្នកដែលរស់នៅជិតខាងសាលាក៏ដោយ ក៏គាត់នៅតែខិតខំប្រឹងប្រែងដោយប្រើវិធីលួងលោម បញ្ចុះ បញ្ចូលប្រកបដោយកាយវិការទន់ភ្លន់រហូតដល់អ្នកទាំងនោះមកចូលរួមចំណែកក្នុងសមាគមទ្រទ្រង់សាលា។

ដោយមើល ឃើញការតស៊ូ និងការខិតខំប្រឹងប្រែងរបស់គាត់  មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបញ្ចូលសាលានេះជាសាលា គំរូ។ លើសពីនេះទៅទៀតមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខិតខំប្រឹងប្រែងជួយ អន្តរាគមន៍រហូតដល់សាលារៀននេះប្រែក្លាយជាសាលាដែលមានអគារថ្មទាំងបួនអគារ ក្រោមការឧបត្ថម្ភគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅឆ្នាំ១៩៩៧ សម្តេចបានជួយធ្វើរបងថ្មពទ័្ឋជុំវិញឱ្យកាន់តែរឹងមាំ ហើយក៏បានប្រែក្លាយឈ្មោះសាលានេះ ជាសាលា បឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ រហូតមកដល់សព្វថ្ងៃនេះ។

ចាប់តាំងពីសាលារៀននេះមានអគារស្អាតៗ ប្រជាជនក៏បានបញ្ជូនកូនចៅ ឱ្យមកចូលរៀនពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែកើនឡើងៗ ជាហេតុធ្វើឱ្យកេរ្ត៍ឈ្មោះរបស់អ្នកគ្រប់គ្រងរូបនេះកាន់តែមានភាពល្បីល្បាញគួរជា ទីមោទនៈ។ ដោយសង្កេតឃើញចំនួនសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងធ្វើឱ្យការសិក្សារបស់សិស្ស ជួបការលំបាក អ្នកគ្របគ្រង់សាលា បានទំនាក់ទំនងជាមួយមន្ទីរ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយកន្លែងសិក្សាដល់សិស្ស។ ពេលនោះក្រសួង អប់រំ យុវជន និងកីឡាបានសហការជាមួយ អង្គការមូលនិធិសង្គមបានកសាងអគារមួយខ្នងទៀត មានចំនួនប្រាំបន្ទប់ ធ្វើពីឈើប្រក់ក្បឿង។

នៅឆ្នាំ២០១០ មានសម្បុរសជនម្នាក់ជនជាតិសឹង្ហបូរីដែលមានមូលនិធីមួយឈ្មោះថា Tiger Foundation បានសង់ បណ្ណាល័យឱ្យមួយខ្នងជាប្រភេទអគារថ្ម ប្រក់ក្បឿង។ មិនតែប៉ុណ្ណោះ អង្គការ Room to Read និងអង្គការ  SIPAR ក៏បានចូលរួមចំណែកបំពាក់សម្ភារបណ្ណាល័យ ដើម្បីជួយអភិវឌ្ឍន៏ដល់ការសិក្សារបស់សិស្ស។ លើសពីនេះទៀត មូលនិធិ បានយកចិត្តទុកដាក់ដល់សុខភាពរបស់សិស្ស ដោយបានផ្តល់គ្រូពេទ្យប្រចាំសាលាមួយនាក់ និងអ្នក ការពារសុវត្ថិភាពសាលាមួយនាក់ ក្រោមការឧបត្ថម្ភរបស់ មូលនិធិ Tiger Foundation មិនតែប៉ុណ្ណោះសប្បុរសជនដទៃទៀត  ក៏បានជួយជាថ្នាំពេទ្យ  សម្ភារសិក្សា សម្ភារបណ្ណាល័យ សម្ភារកីឡា  ដើម្បីរួមចំណែកលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ឱ្យកាន់តែមានភាពប្រសើ ឡើងថែមទៀត។ ក្នុងនោះដែរ សាលាក៏មានសួនដំណាំដើម្បីបណ្ដុះបំណិនជីវិតដល់ពួកគេទៀតផង។

ក្នុងកិច្ចអភិវឌ្ឍន៍សាលារៀនគាត់ពុំបានគិតត្រឹមតែផ្នែកហេដ្ឋារចនាសម្ព័នប៉ុណ្ណោះទេ គឺគាត់បានជួយ លើកកម្ពស់ សមត្ថភាពលើផ្នែកបង្រៀន និងរៀនទៀត។  គាត់បានបង្កឱកាសដល់លោកគ្រូអ្នកគ្រូរបស់គាត់ឱ្យ កាន់តែមានមន សិកាវិជ្ចាជីវៈ   មានចំណេះដឹងខ្ពង់ខ្ពស់ តាមរយៈការបញ្ចូនឱ្យចូលរួមក្នុងវគ្គសិក្ខាសាលាផ្សេងៗ និងតាមរយៈការប្រជុំជារៀង រាល់សប្តាហ៏។  រហូតមកដល់ពេលនេះ គ្រូបង្រៀនរបស់គាត់សុទ្ឋតែបានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាល និងបានបន្តការសិក្សា រហូត បានចប់បរិញ្ញាបត្រស្ទើរតែគ្រប់គ្នា។ លើសពីនេះទៀត អ្នកគ្រប់គ្រងយើងបានយកចិត្តទុកដាក់ ជួយដល់សិស្សដែលរៀនយឺតតាមរយៈការបង្រៀនឡើងវិញលើមេរៀន ណាដែលពួកគេទទួលបានលទ្ឋផលមិនល្អប្រហែលស្ទើរពាក់កណ្ដាលនៃចំនួនសិស្ស។មិនតែប៉ុណ្ណោះគាត់បានតាមជួយសិស្សដែលរៀនយឺតនៅក្នុងម៉ោងសិក្សាថែមទៀតដោយគាត់អនុវត្តរូបភាពវាយតម្លៃសិស្សទាំងនោះជាប្រចាំរៀងរាល់ខែ ដែលជាហេតុធ្វើឱ្យអត្រាសិស្សបោះបង់ ត្រួតថ្នាក់របស់ស្ទើរតែគ្មាននៅក្នុងឆ្នាំសិក្សានីមួយៗ។  ទន្ទឹមនេះ គាត់ និងបុគ្គលិកសិក្សាបានអនុវត្តត្រឹមត្រូវតាមច្បាប់រដ្ឋបាលរបស់សាលារៀន  ។

ក្នុងនាមជាអ្នកគ្រប់គ្រង លោកស្រី ហៃ  ម៉ូលី នាយិកាសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ មិន ដែលភ្លេចទេក្នុងការបង្ករលក្ខណៈក្នុងការបង្រៀន និងរៀន គឺអនុវត្តតាមបែបសាលាកុមាមេត្រី  ពិសេសគាត់បាន អនុវត្តជា ប្រចាំគឺ សាលាត្រូវតែមានភាព បៃតង ស្អាត និង ទន់ភ្លន់ម៉ឺងម៉ាត់ ¬Clean Green and Strict¦។

ការតស៊ូ អំណត់ ព្យាយាម មានទំនាក់ទំនងល្អជាមួយសហគមន៍ បុគ្គលិកសិក្សាជុំវិញខ្លួន និង ការ អនុវត្តតាមភារកិច្ចគឺជាកត្តានាំមកនូវភាព ជោគជ័យ។

 

ទីណាមានស្ត្រី ទីនោះមានអ្វីៗទាំងអស់់

***

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered