Untitled-5 (2)

បទពិសោធន៍ក្នុងការសិក្សារបស់​ លប លឿប

រៀងរាល់ព្រលឹមស្រាងៗ នៅតាមផ្លូវពីភូមិកំព្រីងទៅទីរួមស្រុកបន្ទាយស្រី គេតែងតែឃើញយុវនារីម្នាក់ ស្លៀកពាក់ឯកសណ្ឋានសិស្ស  អាយុប្រមាណ១៨ឆ្នាំ ធាក់កង់យ៉ាងញាប់ជើងទៅកាន់វិទ្យាល័យបន្ទាយស្រីដែល ស្ថិតនៅក្នុង ឃុំឃុនរៀង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យុវនារីរូបនេះឈ្មោះ លក លឿប ជាសិស្សថ្នាក់ទី ១២”ក” នៃវិទ្យាល័យបន្ទាយស្រី។ នាងជាកូនកសិករ ក្រីក្រម្នាក់ដែលមានឪពុកឈ្មោះ យឺន លក កម្រិតសិក្សា ត្រឹមថ្នាក់ទី២ ម្តាយឈ្មោះ ឈិត សាមិត ជាអនក្ខរជន  នៅផ្ទះមើលថែទាំកូន និងផ្ទះសំបែង។ នាងជាកូនទី១ក្នុងចំណោមបងប្អូន ៦នាក់ (ប្រុស២នាក់ និងស្រី៤នាក់) រស់នៅភូមិកំព្រីង ឃុំឃុនរៀង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រៀងរាល់ម៉ោង៤ទៀបភ្លឺ នាងតែងតែភ្ញាក់ពីដំណេក ដើម្បីរំឮកមេរៀនគ្រប់មុខវិជ្ជា បោសសម្អាតផ្ទះ  ស្រោចដំណាំ បោសក្រោលគោ ដាំបាយ ចម្អិនម្ហូបក្រៀមក្រោះជូនឪពុកម្តាយយកទៅស្រែនិងសម្រាប់ប្អូនតូចៗ ទាំង៥នាក់។ បន្ទាប់មកនាងវេចខ្ចប់បាយ និងត្រីងៀតឬត្រីចៀនបន្តិចបន្តួចជាមួយស្លឹកចេកដាក់ក្នុងសំពាតព្យួរ នឹងដៃកង់ រួចជិះតម្រង់ទៅសាលារៀន យ៉ាងរហ័សរហួន ដែលមានចំងាយដី ២០គីឡូម៉ែត្រ ក្នុងទឹកមុខញញឹមពោរ ពេញទៅដោយក្តីក្លាហាន។

នៅក្នុងភូមិកំព្រីង មានតែនាងម្នាក់គត់ដែលរៀនដល់ថ្នាក់ទី១២ ក្នុងចំណោមនារីទាំងអស់ក្នុងភូមិ  រីឯមិត្ត ភក្តិនាងរៀនបានត្រឹមតែថ្នាក់ទី៨ ឬ៩ ប៉ុណ្ណោះ។ ដោយសារការចាំបាច់ក្នុងការរកការងារធ្វើ និងដើម្បីដោះស្រាយ ជីវភាពគ្រួសារ  ជាច្រើនដងហើយដែលឪពុកម្តាយនាងបានទទួចឱ្យនាងឈប់រៀនព្រោះជីវភាពគាត់ពិបាកដូចគ្រួសារអ្នកដទៃទៀតដែរ។ ម្យ៉ាងទៀតអ្នកស្រុកអ្នកភូមិតែងតែនិយាយចំអកឱ្យនាងជារឿយៗ តែនាងបានអង្វរឪពុកម្តាយ សុំរៀនបន្តឱ្យបានច្រើនជាងនេះ។ ទស្សនៈចង្អៀតចង្អល់ដែលថាកូនស្រី  រៀនត្រឹមល្មមៗបានហើយ នោះរឹតតែធ្វើឱ្យនាងមានទឹកចិត្តតស៊ូ និងក្តីរំពឹងយ៉ាងធំធេងដោយមិនយល់ស្របជាមួយទស្សនៈទាំងនោះឡើយ។ នាងបានប្តេជ្ញាចិត្តថានឹងខិតខំតស៊ូក្នុងការសិក្សាជំនះនូវរាល់ការលំបាកទាំងឡាយ  ដើម្បីទទួលបាននូវសមត្ថភាព និងជាបទពិសោធសម្រាប់នារីក្នុងភូមិក៏ដូចជានារីដទៃទៀត ដែល កំពុងស្ថិតនៅក្នុងការសិក្សាផងដែរ។ បើនិយាយអំពីជីវភាពគ្រួសារនាងក្រីក្រជាងគ្រួសារមួយចំនួននៅក្នុងភូមិ ប៉ុន្តែហេតុអ្វីបានជានាងអាចបន្តការសិក្សារហូតដល់ថ្នាក់ទី១២? ការតស៊ូជាបទពិសោធមួយយ់ាងចាំបាច់ សម្រាប់យុវនារី។

តាមរយៈការសម្ភាសន៍ជាមួយនាងផ្ទាល់ និង នាយកសាលាអំពីបទពិសោធដែលនាំឱ្យនាងទទួលបាន ជោគជ័យក្នុងការសិក្សារហូតដល់ថ្ងៃនេះបានមកពី កត្តាផ្សេងៗជាច្រើនទៀតដូចជាៈ នៅសាលារៀននាងគោរព វិន័យបានត្រឹមត្រូវ មានវត្តមានជាប្រចាំ  លើកលែងតែនៅពេលមានធុរៈចាំបាច់ ឬឈឺថ្កាត់ម្តងម្កាល  ដោយសុំ ច្បាប់គ្រូប្រចាំថ្នាក់។ នាងតែងមកសាលារៀនទាន់ពេល   ទោះបីផ្ទះនាងនៅឆ្ងាយពីសាលារៀនក៏ដោយ  ក៏នាង តែងតែលៃស្មានរយៈពេលធ្វើដំណើរសមស្របដែរ។ នាងត្រូវចំណាយពេល ១ ម៉ោងក្នុងការជិះកង់ពីផ្ទះទៅ សាលារៀន។ នាងប្រើប្រាស់ឯកសណ្ឋានសិស្សបានយ៉ាងសមរម្យ។ នាងបានចូលរួមធ្វើ ពលកម្មសាលារៀន  និងទិវាសកម្មភាពសង្គមផ្សេងៗដែលសាលារៀនបានកំណត់។

នាងតែងតែស្តាប់គ្រូពន្យល់មេរៀន  លើកដៃពេលគ្រូសួរ និងមិនយល់ចំណុចណាមួយនាងជាប្រធានក្រុមដែលតែងតែចូលរួមពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ក្នុងក្រុមយ៉ាងស្វាហាប់។ រាល់លំហាត់គ្រប់មុខវិជ្ជានាងព្យាយាម គិតពិចារណាដោះស្រាយដោយខ្លួនឯង។ កិច្ចការផ្ទះដែលលោកគ្រូ អ្នកគ្រូផ្តល់ឱ្យ នាងតែងតែស្រាវជ្រាវនិង រៀបចំចម្លើយដោយម៉ត់ចត់ បើមិនចេះធ្វើឬមិនយល់ចំណុចណានោះ នាងតែងតែសួរគ្រូដើម្បីផ្តល់គំនិតបន្ថែម។ នាងតែងតែយកមេរៀនដែលបានរៀននៅសាលាទៅសិក្សាបន្ថែមនៅផ្ទះ។ លទ្ឋផលសិក្សាឆ្នាំនេះនាងបានទទួលចំណាត់ថ្នាក់លេខ១ ប្រចាំឆមាស ជាពិសេសមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា ។

នាងតែងតែចាប់អារម្មណ៍ពិសេសនូវគំនិត ឬឧទាហរណ៍របស់លោកគ្រូ អ្នកគ្រូ លើមុខវិជ្ជាសីលធម៌ ភាសាខ្មែរ និងគេហវិទ្យាដែលបានបង្ហាញពីចំណុចទាក់ទងទៅនឹងការលើកកម្ពស់ស្ថានភាពស្ត្រី និងវីរភាពរបស់ស្រ្តី។ នាងតែងតែប្រាប់មិត្តភក្តិស្រីៗឱ្យយកគំរូតាមអ្នកគ្រូ មុខវិជ្ចារូបវិទ្យា គីមីវិទ្យា ដែលមានចំណេះដឹងខ្ពស់អាចបង្រៀនថ្នាក់ទី១២ ដូចលោកគ្រូដែរ។ អ្នកគ្រូបង្រៀន មុខវិជ្ជាភាសាខ្មែរ  សីលធម៌  និងគេហវិទ្យាតែងផ្តល់កម្លាំងចិត្តឱ្យសិស្សនារីខិតខំរៀនដើម្បីយកចំណេះដឹងទៅបម្រើការងារ សង្គមនាពេលអនាគត។

ចំពោះមិត្តភក្តិវិញ នាងរាប់អានស្មើៗគ្នាដោយមិនរើសអើងទោះកូនអ្នកមាន ឬអ្នកក្រក្តី ជាពិសេស មិត្តភក្តិក្នុងជីវភាពក្រីក្រដូចនាង។ នាងតែងតែផ្តល់កម្លាំងចិត្តឱ្យយកបទពិសោធល្អៗនិងគំរូរបស់សិស្សរៀន ពូកែ។ នាងតែងតែជួយមិត្តរៀនខ្សោយ ឬ មិត្តដែលជួបបញ្ហាក្នុងគ្រួសារ។

បទពិសោធរបស់នាងមួយទៀតដែលបណ្ដាលឱ្យមានជោគជ័យក្នុងពេលនេះ គឺនាងមានទំនាក់ទំនងល្អ

ជាមួយអ្នកជិតខាង ជាពិសេសមេភូមិ មេឃុំ ក្នុងការជួយស្រង់ស្ថិតិកុមារបានចូលរៀន កុមារដល់អាយុតែមិនទាន់ចូលរៀន ជួយជំរុញកុមារឱ្យទៅសាលារៀន និងចូលរួមបុណ្យទានរបស់សហគមន៍។ មេភូមិតែងតែសរសើរ និងរាប់នារីដទៃក្នុងភូមិឱ្យយកគំរូតាមនាងដែលមានសេចក្តីក្លាហាន អាចជួយដល់ការងារសង្គមបាន។

ក្រៅពីកិច្ចការសាលារៀន នៅផ្ទះនាងជួយការងារស្រែចម្ការ ដាំដំឡូង អំពៅ ចេក នាងសប្បាយចិត្តណាស់នៅពេលឃើញភោគផលដំណាំបានផ្លែផ្កា។ នាងនិងម្តាយនាងបានយកទៅលក់នៅទីផ្សារឬជួនកាល នាំគ្នាដើរលក់ ពីភូមិមួយ ទៅភូមិមួយទៀតនៅពេលថ្ងៃសម្រាក។ នាងតែងតែប្រាប់បទពិសោធល្អៗដល់មិត្តភក្តិ ទាំងប្រុស ទាំងស្រី ទាំងនៅក្នុងសាលារៀនក៏ ដូចជានៅក្នុងភូមិដែរ ព្រោះមិនមែនជាសកម្មភាពលំបាកដែល មិនអាចធ្វើបាននោះទេ គឺជាសកម្មភាពដ៏ងាយស្រួលប៉ុន្តែទាមទារឱ្យមានការព្យាយាមនិងយកចិត្តទុកដាក់។ បទពិសោធទាំងនេះនាំឱ្យសម្រេចបានជោគជ័យតាមក្តីប្រាថ្នារបស់យើង ដែលចង់មានចំណេះដឹងច្រើននាំឱ្យមានការងារធ្វើល្អ ហើយមិនខ្វះទេការងារល្អៗទាំងនោះព្រោះការងារកំពុងរង់ចាំអ្នក។ ចំណូលចិត្តរបស់នាង ទៅអនាគតគឺចង់ចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រប្រសិនបើនាងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ នាងស្រមៃថា នាងនឹងជួយឪពុកម្តាយ និងប្អូនៗក្នុងការដោះស្រាយជីវភាព លំបាកនិងបានជួយ ព្យាបាលអ្នកជំងឺក្នុងភូមិ ព្រោះនៅក្នុងភូមិកំព្រីងនេះពុំសូវមានគ្រូពេទ្យទេ ហើយភូមិនេះនៅឆ្ងាយពីទីរួមខេត្ត ពិបាកដឹកជញ្ចូនអ្នកជំងឺព្យាបាលនៅពេលមានជំងឺជាបន្ទាន់។ ចំណូលចិត្តទី២របស់នាងគឺធ្វើជាគ្រូបង្រៀន ព្រោះជាធនធានមនុស្សដ៏សំខាន់ សម្រាប់ផ្ទេរចំណេះដឹងបន្តដល់កុមារជំនាន់ក្រោយនិងមានឱកាសអប់រំសិស្សជាពិសេសកុមារីឱ្យមានចំណេះដឹងដូចនាង។

ប៉ុន្តែក្តីបារម្ភដ៏ធំមួយ ប្រសិនបើនាងបានប្រឡងជាប់មហាវិទ្យាល័យវេជ្ជសាស្ត្រ​មែននោះនាងពុំមាន កន្លែង ស្នាក់នៅទេ ព្រោះនាងគ្មានសាច់ញាតិសោះនៅទីក្រុងភ្នំពេញ។នាងបានសំណូមពរឱ្យរាជរដ្ឋាភិបាលផ្តល់ អន្តេវាសិកដ្ឋានចំពោះសិស្សដែលគ្មានលំនៅដ្ឋាន ជីវភាពក្រីក្រ ជាពិសេសនារី។ នាងក៏បានសំណូមពរបន្ថែមទៀតដល់ អង្គការជាតិ អន្តរជាតិ មេត្តាជួយផ្តល់សម្លៀកបំពាក់ អាហារហូបចុក និងមធ្យោបាយខ្លះៗ ដើម្បីឱ្យនិស្សិតស្រីទាំងអស់មានលទ្ឋភាពបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ប្រកបដោយជោគជ័យ។

បទពិសោធដែលនាំឱ្យការសិក្សាទទួលបានជោគជ័យគឺជាការអំណត់ តស៊ូ ព្យាយាម ក្នុង ការរៀនសូត្រ និងទំនាក់ទំនងល្អក្នុងសង្គម។

***

ដោយ ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered