sontuk_mount

រឿង ភ្នំ​សន្ទុក​ (នៅ​ខេត្ត​កំពង់ធំ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៧៣ – ១៧៧

ចាស់ៗ ដំណាលតៗ គ្នាមកថា : កាលពីព្រេងនាយនៅស្រុកសន្ទុក ខេត្តកំពង់ធំ សព្វថ្ងៃនេះ មានស្ដេចមួយអង្គ ទ្រង់មានព្រះអគ្គមហេសី ព្រះរាជបុត្រ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្ត្រី ជាច្រើន ស្ដេចទ្រង់មានព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែង សង់ប្រាសាទ ព្រះរាជវាំង និងគុក ភូមិប្រាសាទ រហូតមកដល់សព្វថ្ងៃ ។
លុះសង់បានប្រាសាទនោះហើយ ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយកន្លែងទៀត ឆៀងខាងជើងខាងលិចប្រាសាទនោះ ធ្វើទីសម្រាប់ស្រីស្នំ មានកំពែងជុំវិញ ទីនោះ ជាប់មានឈ្មោះថា ភូមិវាំង រហូតមកដល់សព្វថ្ងៃ ។

លុះធ្វើព្រះរាជវាំងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យកាប់ឆ្ការព្រៃមួយកន្លែងទៀត នៅខាងលិចប្រាសាទ សង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យ សឹងមានគល់សសរកប់ក្នុងដីដល់សព្វថ្ងៃនេះ ជាភស្តុតាងស្រាប់ ទីនោះ ជាប់មានឈ្មោះថា ភូមិសង់ឃ្លាំង តែក្រោយពីនោះ យូរមកគេហៅថា ភូមិតាំងក្រសាំង វិញ ដែលសព្វថ្ងៃរាជការតាំងសាលាស្រុកសន្ទុកនៅទីនោះ ។
តាមរឿងនោះមានដំណាលថា : កាលនោះ ព្រះរាជាបានត្រាស់បង្គាប់ឲ្យធ្វើកន្លែងមួយទៀត នៅខាងលិចឆៀងខាងត្បូង ភូមិតាំងក្រសាំង សម្រាប់ជាលំនៅពួកអ្នកងារ ចាំបក់ថ្វាយស្ដេច ទីនោះជាប់មានឈ្មោះថា ភូមិចាំបក់ ដល់សព្វថ្ងៃនេះ ។
នៅខាងលិច ឆៀងខាងត្បូងភូមិចាំបក់នោះមានបឹងមួយធំ ជាទីដែលព្រះរាជាតែងនាំព្រះអគ្គមហេសី និងព្រះរាជបុត្រ ព្រះស្នំ ព្រមទាំងរេហ៍ពល ទៅក្រសាលសប្បាយដោយការចាប់ត្រី រើសខ្យង ដកព្រលិត បេះត្រកួន ជាក្រយាស្ងោយ ។ ថ្ងៃមួយព្រះរាជបុត្រីដែលទ្រង់យាងទៅក្រសាលទីនោះ មិនស្រួលព្រះទ័យ ទ្រង់ព្រះកន្សែងពួកស្រីស្នំក៏ច្រៀងបំពេបីបមថ្នមថ្នាក់បោសអង្អែល ទីនោះជាប់មានឈ្មោះថា បឹងបំពេ និង បឹងខ្យង ដល់មកសព្វថ្ងៃនេះ ។ នៅខាងជើងបឹងបំពេនោះ មានភ្នំមួយ ហៅ ភ្នំធំ ស្រះខ្ចៅ ភ្នំពេនជុំ ។ ភ្នំទាំងនេះជាប់គ្នា ជាទីដែលព្រះរាជាតែងទ្រង់នាំព្រះអគ្គមហេសីឡើងទៅក្រសាលបេះផ្លែឈើ មានផ្លែស្រគំ ភ្នំភ្នែង ព្រីង ព្រូស ព្និល ព្នៅ បង្គៅ សិរមាន់ ជើងចាប និងផ្លែឈើឯទៀតៗជាច្រើន ដោយសេចក្ដីសប្បាយ ។
ថ្ងៃមួយ ព្រះរាជាទ្រង់នាំព្រះរាជអគ្គមហេសី ព្រមទាំងព្រះរាជបុត្រទៅក្រសាលលើភ្នំនោះ ព្រះរាជបុត្រទ្រង់ប្រឈួនជាខ្លាំង ព្រះអង្គគង់នៅលើភ្នំនោះពុំបាន ទ្រង់ចាត់ឲ្យឆ្ការព្រៃមួយអន្លើ ធ្វើព្រះពន្លានៅជើងភ្នំ ហើយក៏នាំបណ្ដោះព្រះអគ្គមហេសី ព្រះរាជបុត្រ និងស្រីស្នំ ព្រមទាំងរេហ៍ពលចុះពីលើភ្នំនោះ តាមផ្លូវជ្រុងខាងលិច មកសំចតឈប់សម្រាកនៅក្នុងព្រៃមួយ ទីនោះជាប់មានឈ្មោះថា ភូមិបណ្ដោះ តមក តែសព្វថ្ងៃហៅថាៗ មកថា ភូមិក្រកោះ វិញ ។ បន្ទាប់មក ព្រះរាជាទ្រង់នាំព្រះរាជបុត្រ មកគង់នៅព្រះពន្លា ដែលធ្វើនៅជើងភ្នំនោះ បានទ្រង់រកពេទ្យហ្ម មកព្យាបាលព្រះរោគព្រះរាជបុត្រ មិនមានធ្វេសប្រហែសសោះ ប៉ុន្តែទោះបីមានឱសថ និងពេទ្យហ្មយ៉ាងពូកែព្យាបាលយ៉ាងណាក៏ព្រះរោគព្រះរាជបុត្រនោះ នៅតែមិនបានស្រាកស្រាន្តឡើយ រឹតតែប្រឈួនថែមខ្លាំងឡើងៗ ដរាបដល់អស់ព្រះជន្មនៅទីនោះ ។ ព្រះរាជានិងព្រះរាជអគ្គមហេសី ទ្រង់ព្រះកន្សែង ស្រីស្នំនិងពួកពលទាំងអស់ យំសោកគ្រប់គ្នា ។ ព្រះរាជាទ្រង់ចាត់ចែងធ្វើឈាបនកិច្ចជាឱឡារិកនៅទីនោះ ។ ទីជើងភ្នំដែលព្រះរាជាធ្វើព្រះពន្លាថែរក្សាព្រះរោគព្រះរាជបុត្រ លុះដល់អស់ព្រះជន្មជាអាសន្ននោះ ជាប់មានឈ្មោះថា  ភ្នំអាសន្នមានទុក្ខ តមកគេហៅយារៗ មកថា ភ្នំសន្ទុក និង ភូមិសន្ទុក វិញ មកដល់សព្វថ្ងៃ ។ ក្រោយពេលដែលព្រះរាជានិងព្រះអគ្គមហេសី ទ្រង់មានទុក្ខជាទម្ងន់ ទ្រង់ចេញព្រះរាជដំណើរចាកទីនោះ ទៅឈប់សុំចតនៅមាត់ស្ទឹងសែន ដើម្បីលំហើយព្រះរាជហឫទ័យរំដោះទុក្ខ តែមិនដូច្នោះ បែរជារឹតតែកើតទុក្ខផ្ទួនឡើង ។ គ្រានោះ សាមណេរមួយអង្គ បាននិមន្តទៅជួបនឹងព្រះរាជានៅទីនោះ ។ លោកបានឃើញព្រះរាជា និងព្រះអគ្គមហេសីសោយទុក្ខជាទម្ងន់ដូច្នោះ បានថ្វាយព្រះពរសួរ ព្រះរាជាក៏ទ្រង់ថ្លែងសេចក្ដីទុក្ខ អំពីព្រះរាជបុត្រដែលរំលត់ខន្ធទៅនោះ ។ ទោះបីសាមណេរ បានអធិប្បាយពន្យល់ធម៌អាថ៌ល្អិតល្អន់យ៉ាងណា ក៏ព្រះរាជា និងអគ្គមហេសី នៅតែមិនបាត់សេចក្ដីវិយោគសោកស្ដាយឡើយ ។ សាមណេរជ្រាបរឿងនោះ ក៏ថ្វាយព្រះពរថា ” បើព្រះអង្គចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ សូមទ្រង់ឲ្យជាងយកម្សៅ ឬដីមកសូន ធ្វើជាព្រះរូបព្រះរាជបុត្រទុក គ្រាន់ទតលំហែព្រះទ័យរំដោះទុក្ខ ” ។ ព្រះរាជាបានឮព្រះពុទ្ធដីកា លោកសាមណេរនោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរ ទ្រង់ចាត់ឲ្យជាងធ្វើសំណាកព្រះរូបព្រះរាជបុត្រទុកនៅទីព្រៃមួយ លុះធ្វើព្រះរូបព្រះរាជបុត្ររួចហើយ ព្រះរាជាទ្រង់ទត ទ្រង់សព្វព្រះរាជហឫទ័យ ក៏ទ្រង់បានស្រាកស្រាន្តទុក្ខសោកនោះ ដោយសារបានទតសំណាកព្រះរូបព្រះរាជបុត្រជាតំណាង ។ កន្លែងដែលធ្វើព្រះរូបព្រះរាជបុត្រនោះ ជាប់ឈ្មោះថា ភូមិសំណាក មកដល់សព្វថ្ងៃ ។ ក្រោយមកព្រះរាជាទ្រង់បាននាំព្រះរាជអគ្គមហេសី នឹងព្រះស្នំ ព្រមទាំងពួកពល ទៅក្រសាលនៅទីមួយខាងជើងទីតម្កល់ព្រះរូបសំណាកនោះ ទ្រង់បានទតឃើញឆ្អឹងក្បាលក្រពើធំមួយ ដែលស្លាប់យូរហើយនៅទីនោះ ។ ទីដែលព្រះរាជាទ្រង់ទតឃើញក្បាលក្រពើនោះជាប់ឈ្មោះថា ភូមិត្បូងក្រពើ ដរាបមកដល់សព្វថ្ងៃ ។

 

១- ស្រង់ពីឯកសារក្រុមជំនុំទំនៀមទម្លាប់លេខ ២៧.០០៨ រៀបរៀងដោយលោក តន់-ជូរ អាចារ្យ វត្តពិធីស្រះស្រង់ ឃុំបឹងល្វា តំបន់បឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ដោយ www.budinst.gov.kh
Untitled-1
Untitled-1
Untitled-1-Recovered