Untitled-4 (1)

ចំណេះវិជ្ជាជាប្រទីបបំភ្លឺជីវិត

នាងខ្ញុំឈ្មោះ រី ធីតា សព្វថ្ងៃមានអាយុ១៦ឆ្នាំ ខ្ញុំជាកូនពៅ ក្នុងចំណោម បងប្អូន៧នាក់។ សព្វថ្ងៃនាងខ្ញុំរស់នៅក្នុងភូមិស្ពានជ័យ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឪពុកម្តាយនាងខ្ញុំ សព្វថ្ងៃមានជីវភាពក្រីក្រណាស់ មិនមានលទ្ឋភាពចិញ្ចឹមកូន ទាំងអស់ ឱ្យបានគ្រប់គ្រាន់ក្នុងការរស់នៅនិង រៀនសូត្រទេ ព្រោះពួកគាត់មិនមានដីធ្វើស្រែ គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល។ ក្រៅពីធ្វើស្រែលើផ្ទៃដី បន្តិចបន្តួច ពួកគាត់បានទៅ រកស៊ីឈ្នួលដកស្ទូងឱ្យគេ  និងជួនកាលស៊ីឈ្នួលកាប់អុសក៏មានដើម្បីទទួលបានប្រាក់ឈ្នួល ប្រហែល១០០០០រៀល ក្នុង១ថ្ងៃ មានពេលខ្លះ គាត់ធ្លាក់ខ្លួន ឈឺមិនអាចទៅធ្វើការឱ្យគេបាន បណ្តាលឱ្យជីវភាពរស់នៅក្នុងគ្រួសារកាន់តែលំបាកទៅៗ។ឪពុកម្តាយនាងខ្ញុំធ្លាប់បានទៅខ្ចីថវិកាគេជាញឹកញាប់ដើម្បីទិញសម្ភារសិក្សាឱ្យនាងខ្ញុំរៀនសូត្រប៉ុន្តែអ្នកជិតខាងភាគច្រើនមិនគាំទ្រនិងមិនលើកទឹកចិត្តឱ្យឪពុកម្តាយនាងខ្ញុំធ្វើបែបនេះទេព្រោះពួកគេគិតថា កូនស្រីមិនចាំបាច់ រៀនច្រើនពេកទេតែចំណាយឥតប្រយោជន៍។កាលនោះការសិក្សារបស់ខ្ញុំជួបការលំបាកខ្លាំងណាស់ព្រោះគ្មានថវិកាទិញសម្ភារសិក្សា។មានពេលខ្លះនាងខ្ញុំបានសុំខ្ចីប៊ិក និងសៀវភៅសរសេរពីមិត្តភក្តិក្នុងថ្នាក់ដើម្បីចម្លងមេរៀនលើសពីនេះទៀត សព្វថ្ងៃនាងខ្ញុំមានតែឯកសណ្ឋានសិស្សសាលាត្រឹមតែមួយសម្រាប់ប៉ុណ្ណោះ​​​ ដែលពោរពេញទៅដោយបំណះត្រង់កន្លែងរហែកជាច្រើនអនើ្ល ព្រោះសម្លៀកបំពាក់ នាងខ្ញុំ​បានប្រើប្រាស់វាជាច្រើនឆ្នាំមកហើយ។ដោយសារស្ថានភាពជីវភាពគ្រួសាររស់នៅខ្វះខាត​បែប​​ នេះ ទើបឪពុកម្តាយនាងខ្ញុំបានបង្ខំឱ្យនាងខ្ញុំឈប់រៀនដូចពួកបងៗដែរ ប៉ុន្តែដោយសារ​នាងខ្ញុំ​ស្រលាញ់ការសិក្សាពេក នាងខ្ញុំនៅតែតស៊ូទៅរៀនបន្តទៀតដោយសម្រេចចិត្តឆ្លៀតពេល ក្រៅពីម៉ោងសិក្សា នាងខ្ញុំទៅស៊ីឈ្នួលដក ស្ទូង និងច្រូតកាត់ឱ្យអ្នកជិតខាង ដើម្បីបានប្រាក់​ប្រហែល៦.០០០រៀល​ ក្នុងមួយថ្ងៃ។ ហើយជួនកាល នាងខ្ញុំត្រូវមើលថែទាំកូនតូចៗ​ឱ្យអ្នក​ជិតខាងផ្ទះនាងខ្ញុំនៅរដូវច្រូតស្រូវ​ ដោយប្តូរយកសៀវភៅសរសេរចំនួន១២ក្បាល និងប៊ិក​សរសេរ​​ចំនួន​ ៥ដើម​ សម្រាប់មួយរដូវកាលច្រូតកាត់។ នាងខ្ញុំមិនហ៊ានចាយប្រាក់ដែល​ខ្ញុំរក បាននេះទេ ក្រៅពីសន្សំទុកទិញសម្ភារសិក្សា ដែលនាងខ្ញុំត្រូវការ ចាំបាច់ផ្ទាល់ខ្លួន។

មានពេលខ្លះនាងខ្ញុំត្រូវទៅធ្វើការតាំងពីពេលព្រលឹមស្រាងៗរហូតដល់ម៉ោង១០​ ថ្ងៃត្រង់ជាហេតុធ្វើឱ្យ​ហួស ម៉ោងចូលរៀនក៏សឹងមាន។ ដូច្នេះ នាងខ្ញុំត្រូវរត់យ៉ាងប្រញាប់ទៅសាលារៀនដែលមានចំងាយប្រហែល៥ គីឡូម៉ែត្រ ពីផ្ទះ  ធ្វើឱ្យនាងខ្ញុំហូរញើសដូចគេងូតទឹក ប៉ុន្តែលោកគ្រូអ្នកគ្រូតែងតែអនុគ្រោះឱ្យនាងខ្ញុំបានចូល រៀន និងប្រឡងដូចសិស្ស ដទៃ ទៀតដែរ។ លោកគ្រូ អ្នកគ្រូក្នុងសាលារៀនដែលខ្ញុំរៀន​ពួកគាត់បានយល់ ពីស្ថានភាពលំបាករបស់គ្រួសារខ្ញុំ និងបានលើកទឹកចិត្តនាងខ្ញុំឲ្យបន្តការសិក្សា ដោយពួកគាត់អនុញ្ញាតឱ្យខ្ញុំ មិនបាច់ស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្ស ក៏បានដែរ ប៉ុន្តែត្រូវពាក់អាវពណ៌ស និងស្លៀកសំពត់ពណ៌ ខៀវ ដូចសិស្សដទៃ។ ពេលចេញពីសាលារៀន នាងខ្ញុំត្រូវជួយ ធ្វើការងារផ្ទះ ជាច្រើន ដូចជាបោសសម្អាត ជូតផ្ទះ លាងចាន ដាំបាយ ដាំទឹក រហូតម៉ោង៧ៈ៣០យប់ ទើបខ្ញុំបានរៀន បន្ថែម នៅផ្ទះដោយខ្លួនឯង ប៉ុន្តែខ្ញុំមានកម្លាំងខ្សោយដោយសារខ្វះខាត អាហារបរិភោគ ដែលជាទូទៅនាងខ្ញុំបរិភោគ បាយតែជាមួយអំបិល និងប្រហុក។ ជួនកាលនាងខ្ញុំទៅសាលារៀន គ្មានទាំង អាហារពេលព្រឹកបរិភោគផងក៏មាន។ បងស្រីនាង ខ្ញុំបីនាក់បានបង្ខំចិត្តឈប់រៀននៅថ្នាក់បឋមសិក្សាទាំងនៅវ័យក្មេង ដើម្បីទៅធ្វើការរកប្រាក់ចំណូលផ្គត់ផ្គង គ្រួសារ និងការរៀនសូត្ររបស់នាងខ្ញុំ។

ដោយមើលឃើញការតស៊ូរៀនសូត្ររបស់នាងខ្ញុំបែបនេះនាងខ្ញុំត្រូវបានគណៈកម្មការត្រួតពិនិត្យ ពលកម្មកុមារតាមភូមិជ្រើសរើសឱ្យចូលរួមបម្រើការក្នុងគម្រោង (ចេស) កាលពីឆ្នាំ២០០៨ របស់អង្គការ  វីនរ៉ក់អន្តរជាតិ សហការ ជាមួយអង្គការខេប ក្រោមជំនួយឧបត្ថម្ភថវិកាពីក្រសួងការងារសហរដ្ឋអាមេរិកក្នុងការ ទទួលបានសម្ភារសិក្សា និងផ្តល់ ឯកសណ្ឋានសិស្ស ២សម្រាប់ ដែលខ្ញុំអាចស្លៀកពេញមួយឆ្នាំព្រមទាំងកង់មួយ គ្រឿង ដើម្បីជិះទៅសាលារៀនឱ្យទាន់ ពេលដូចសិស្សដទៃ។ ទោះបីជាមានការលំបាកក្នុងជីវភាពរស់នៅ និងការរៀនសូត្រក្តី ក៏នាងខ្ញុំនៅតែខិតខំរៀន ព្រោះ ឪពុកម្តាយខ្ញុំក្រ មិនមានទ្រព្យសម្បត្តិអ្វីចែកឱ្យទេដូចេ្នះមាន តែចំណេះដឹងនិងការអប់រំទេ ដែលអាចជួយធ្វើឱ្យជីវភាព រស់នៅរបស់គ្រួសារនាងខ្ញុំបានល្អប្រសើរឡើងនាពេល អនាគត។ ក្រោយពីបានចូលរួមជាមួយគម្រោង (ចេស)  គ្រួសារនាងខ្ញុំ ក៏ទទួលបានចំណេះដឹងនិងមានការជួយ ផ្គត់ផ្គង់ផ្សេងៗ ដែលធ្វើឱ្យឪពុកម្តាយនាងខ្ញុំ បានយល់យ៉ាងច្បាស់ពីផលប្រយោជន៍ នៃការរៀនសូត្ររបស់កូនៗ តាមរយៈការពន្យល់ណែនាំរបស់គណៈកម្មការត្រួតពិនិត្យពលកម្មកុមារតាមភូមិ និងបានចូលរួមវគ្គបណ្ដុះ បណ្ដាលពីការចិញ្ចឹមមាន់ និងការសន្សំប្រាក់ ដើម្បីបង្កើនជីវភាពរស់នៅឱ្យបានប្រសើរឡើង។

ឪពុកម្តាយនាងខ្ញុំ បានប្រាប់អ្នកជិតខាងថា ទោះបីជាលំបាកយ៉ាងណា ត្រូវតែទុកនាងខ្ញុំឱ្យនៅរៀនបន្ត និងមិនឱ្យខ្ញុំ ពាក់ព័ន្ឋពលកម្មកុមារទៀតទេ ហើយពួកគាត់បានលើកទឹកចិត្តដល់ខ្ញុំក្នុងការរៀនសូត្រនិងឈប់ឱ្យខ្ញុំ ទៅធ្វើការស៊ីឈ្នួល គេទៀតហើយ ដោយសារពួកគាត់យល់ពីសារៈសំខាន់នៃការសិក្សាព្រោះជាក់ស្តែងបងៗ របស់ខ្ញុំ ពួកគាត់រៀនសូត្របាន តិចតួចណាស់ មិនមានចំណេះដឹងគ្រប់គ្រាន់ទៅធ្វើការងារឱ្យបានសមរម្យទេ។ ពួកគាត់នឹកស្តាយក្រោយ ចំពោះអនាគត របស់កូនៗច្បង ដែលជាមូលហេតុបន្តការលំបាកនេះដល់អ្នកជំនាន់ ក្រោយៗទៀត។ តាមរយៈការប្តេជ្ញាចិត្តរបស់ពួកគាត់ វាកាន់តែធ្វើឱ្យនាងខ្ញុំមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រតទៅមុខទៀត និងយល់ថាអ្វីដែលខ្លួន កំពុងធ្វើគឺជាផ្នែកមួយនៃការសងគុណ ចំពោះឪពុកម្តាយ តាមរយៈការខិតខំស្វែងរកចំណេះដឹង ជំនាញដាក់ខ្លួន មិនឱ្យពួកគាត់ព្រួយបារម្ភពីការរស់នៅ របស់ខ្ញុំទៅថ្ងៃអនាគតឡើយ។ ឆ្លងកាត់បទពិសោធផ្ទាល់ខ្លួនរបស់នាងខ្ញុំ និងបានទទួលចំណេះដឹងអំពីសិទ្ឋិកុមារ និងពលកម្មកុមារពីគម្រោង ចេះ នាងខ្ញុំតែងតែចូលរួមដឹកនាំ មិត្តអប់រំមិត្ត ប្រឆាំងនឹងពលកម្មកុមារនៅក្នុងភូមិ តាមរយៈការផ្សព្វផ្សាយពីសិទ្ឋិកុមារ ដោយ រៀបចំការប្រជុំជាមួយយុវវ័យ និងកុមារព្រមទាំងឪពុកម្តាយដទៃទៀត ដេីម្បីពិភាក្សាអំពីសិទ្ឋិកុមារ និងជំរុញឱ្យឪពុកម្តាយដទៃទៀតឱ្យបញ្ជូនកូនៗទៅសាលារៀនចៀសវាងបង្ខំកូនៗ របស់ពួកគាត់ដែលមានអាយុក្រោម១៨ឆ្នាំឱ្យធ្វើពលកម្ម ដោយមិនបានទៅរៀនពិសេសការងារណាដែលប្រកប ដោយគ្រោះថ្នាក់។ កុមារក្នុងភូមិដែលនាងខ្ញុំកំពុងរស់នៅភាគច្រើន មិនបានទៅរៀនទេ ព្រោះទៅតាមឪពុកម្តាយជួយធ្វើការរកប្រាក់បន្ថែម ឯកុមារខ្លះទៀតចង់បាន ថវិកាសម្រាប់ខ្លួនឯងក៏សុខចិត្តទៅ ស៊ីឈ្នួលដក ស្ទូងឱ្យគេ ដោយមិនព្រមទៅរៀនទៀតទេ។ ខ្ញុំដឹងថា ភាពក្រីក្រ ជាកត្តា ចម្បង ដែលនាំឱ្យមាន ពលកម្មកុមារ និងបាត់បង់ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

នាងខ្ញុំមានជីវិតខុសប្លែកពីមុន ព្រោះឥឡូវនាងខ្ញុំកំពុងរៀននៅថ្នាក់ទី៨ហើយអាចទៅរៀនបានទៀងទាត់ និង ទាន់ពេលវេលា ឯលទ្ឋផលការសិក្សារបសនាង់ខ្ញុំ ក៏កាន់តែប្រសើរជាងមុន។ ខ្ញុំមានឯកសណ្ឋានសិស្ស និងសម្ភារសិក្សា គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងឆ្នាំសិក្សានីមួយៗ។ សព្វថ្ងៃ នាងខ្ញុំមានចំណេះដឹងគួរសម និងបានចែករំលែកចំណេះដឹង ទាំងនោះទៅដល់មិត្តភក្តិ និងសហគមន៍ដែលកំពុងជួបផលលំបាកនាពេល បច្ចុប្បន្ន និងពេលអនាគត ប្រសិនបើពួកគេគ្មាន ចំណេះវិជ្ជាគ្រប់គ្រាន់។  នាងខ្ញុំបានក្លាយជាសិស្សល្អនិងជា សិស្សគំរូទៀតផង។ អ្នកជិតខាងផ្ទះរបស់ខ្ញុំ បានផ្លាស់ប្តូរគំនិត និងសរសើរពីការតស៊ូ ដើម្បីស្វែងរកចំណេះដឹង ដែលជាទ្រព្យជាប់នឹងប្រាណ ព្រមទាំងបានឱ្យកូនៗរបស់ពួកគាត់យកនាងខ្ញុំ ធ្វើជាគំរូទៀតផង។ក្តីប្រាថ្នារបស់ នាងខ្ញុំ គឺចង់រៀនឱ្យបានដល់ចប់ថ្នាក់ទី១២ ហើយរកការងារធ្វើជាគ្រូបង្រៀនសិន ពេលសន្សំថវិកាបានទើបនាង ខ្ញុំគិតថានឹងទៅរៀនបន្តដល់់ចប់ថ្នាក់មហាវិទ្យាល័យ។

***

ដោយ ​Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered