Untitled-3 (1)

ការលះបង់របស់ម្តាយដើម្បីកូនស្រី

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ស្ត្រីមួយចំនួននៅតែមានភាពអស់សង្ឃឹមក្នុងជីវិតនៅពេល ដែលធ្លាក់ខ្លួន​ទៅក្នុងស្ថានភាពជាស្រ្តីមេម៉ាយ។ អ្នកខ្លះបណ្ដោយទៅតាមវាសនាធ្វើឱ្យជីវភាព​គ្រួសារធ្លាក់ក្នុងភាពលំបាកនិងធ្វើឱ្យកូនមិនអាចរៀនសូត្របានវែងឆ្ងាយ។ ក្នុងនោះលោកស្រី លឹម ធារ៉ាត់ ក៏ជាស្ត្រីម្នាក់ដែលធ្លាប់ស្ថិតនៅក្នុងសភាព បែបនេះអស់រយៈ ពេល ៣ ឆ្នាំដែរ។

លោកស្រី លឹម ធារ៉ាត់ ជាគ្រូបង្រៀនកាត់ដេរនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាគ្រូបង្រៀនកាត់ដេរនៅមជ្ឈមណ្ឌលសហគមន៍ស្រុកព្រៃនប់។ ដោយឆ្លើយ នឹងសំណួរ ព្រមជាមួយនឹងទឹកមុខក្រៀមក្រំ លោកស្រីបានរៀបរាប់ថាជីវិតរបស់លោកស្រី កាលពី មុនមានការលំបាកខ្លាំងណាស់។ កាលពីដប់ពីរឆ្នាំមុន ប្រហែលជាឆ្នាំ១៩៩៩ ស្វាមីរបស់លោកស្រី បានធ្លាក់ខ្លួនឈឺជាទម្ងន់។ដើម្បីមើលថែជំងឺប្តី លោកស្រីក៏បង្ខំចិត្តលក់របស់របរទាំងអស់ នៅសល់ តែសំបកផ្ទះប៉ុណ្ណោះ។ ស្ថានភាពជំងឺរបស់ប្តីលោកស្រី មិនមានភាពធូរស្រាលឡើយ ហើយក្រោយ មកក៏ទទួលមរណភាពទៅ ដោយបន្សល់ទុកឱ្យគាត់ និងកូនស្រីតូចៗពីរនាក់នៅកំព្រា។ កាលនោះ កូនស្រីពៅរបស់លោកស្រី មានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ កាលពីពេលប្តីមិនទាន់ធ្លាក់ខ្លួនឈឺ លោកស្រីបានកាត់ដេរបន្តិចបន្តួចនៅផ្សារវាលរេញ។

ក្រោយពេលដែលប្តីរបស់លោកស្រីស្លាប់ទៅ លោកស្រីមានការអស់សង្ឃឹមក្នុងជីវិតរស់​នៅតែលតោល ណាមួយគាត់ឈប់ដេរតាំងពីប្តីធ្លាក់ខ្លួនឈឺធ្ងន់។ ដើម្បីរស់តទៅទៀត និងដើម្បី​ចិញ្ចឹមកូនស្រីទាំងពីរលោកស្រីបានទៅប្រកបរបរលក់ដូរបន្តិចបន្តួច នៅឯផ្សារទំនប់រលក។ លោក​ស្រី​ត្រូវផ្ញើកូននឹងបងបង្កើតដែលនៅជិតផ្ទះ នៅពេលលក់ដូរ​ ជូនកាលត្រូវដេកមួយយប់នៅ​ទីនោះ។ ការលក់ដូរនេះមិនទទួលបានកំរៃច្រើនទេ គ្រាន់តែសម្រាប់មួយថ្ងៃៗ តែប៉ុណ្ណោះ។  លោក​ស្រី​បានបន្តរស់នៅក្នុងជីវិតរបៀបនេះ អស់រយៈពេល៣ ឆ្នាំ។

ដោយមើលឃើញថាការលក់ដូររបៀបនេះមិនអាចធានានូវការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការផ្គត់ផ្គង់ កូនរៀនបាន លោកស្រីក៏សម្រេចចិត្តមកប្រកបមុខរបរជាជាងដេរវិញ ពីព្រោះគាត់ធ្លាប់បានកាត់​ដេរពីមុនដែរ។ ការប្រកបមុខរបរកាត់ដេរមានភាពងាយស្រួល ត្រង់ថាជាមុខរបរដែលធ្វើនៅផ្ទះ មានពេលថែរទាំផ្ទះសំបែង និងថែរក្សាកូនៗ។ ថ្ងៃមួយមានបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់បាន​​ជួលផ្ទះរបស់លោកស្រីស្នាក់នៅ ព្រមទាំងជួលលោកស្រីឱ្យធ្វើជាគ្រូបង្រៀនកាត់ដេរនៅក្នុង​អង្គការ​របស់លោកដែលជួយសហគមន៍ខាងផ្នែកបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយសារលោកស្រីមាន​ជំនាញ​​កាត់ដេរ។

ពពកខ្មៅដែលធ្លាប់តែបាំងដំណើរជីវិតលោកស្រី ឥឡូវនេះត្រូវបានរសាត់ទៅជាបណ្ដើរៗ។ ជីវិតរបស់ លោកស្រីចាប់ផ្តើមមានពន្លឺហើយ ដោយលោកស្រីបានទទួលចំណូលពីការជួលផ្ទះ កាត់ដេរនៅផ្ទះនិងបង្រៀន កាត់ដេរនៅមជ្ឍមណ្ឌល។ ភាពប៉ិនប្រសប់លើផ្នែកកាត់ដេររបស់ លោក​ស្រី​បានធ្វើឱ្យមានការទាក់ទាញអតិថិជនមកកាត់ខោអាវជាបន្ត និងមាននារីមួយចំនួនសុំ​គាត់​រៀនដេរជាមួយនៅផ្ទះ។ ទន្ទឹមនឹងនេះលោកស្រីក៏ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រះសីហនុ ឱ្យជួយធ្វើជាគ្រូកាត់ដេរ នៅក្នុងថ្នាក់អក្ខរកម្មវិជ្ជាជីវៈផងដែរ។ ចំណូលទាំងនេះបានធ្វើ ឱ្យជីវភាពគ្រួសាររបស់លោកស្រីមានភាពប្រសើរឡើង ហើយក៏បានជួយទំនុកបម្រុងកូនស្រីទាំង​ពីរឱ្យរៀនសូត្រដល់ថ្នាក់ខ្ពស់ ដូចកូនរបស់គ្រួសារមួយចំនួនដែរ។

គួរកត់សម្គាល់ថា កូនច្បងរបស់លោកស្រីកំពុងតែរៀននៅសាលាមធ្យមសិក្សាវេជ្ជសាស្ត្រ ហើយនឹងបន្តរៀនដល់ថ្នាក់វេជ្ជបណ្ឌិតនៅពេលដែលកូនរៀនចប់។ ចំណែកឯកូនទី២កំពុងរៀន នៅ​ថ្នាក់ទី១១។ រហូតមកដល់ពេលនេះ ជីវិតរបស់គាត់មានភាពប្រសើរឡើងច្រើន។ ពេលនេះ គាត់មានលទ្ឋភាពកែលម្អផ្ទះបានស្អាត មានសិស្សមករៀនដេរនៅផ្ទះរបស់ជាច្រើន  ព្រមទាំង​ផ្គត់ផ្គង់ការសិក្សាកូនរបស់គាត់តាមតម្រូវការ។ លើសពីនេះទៅទៀត លោកស្រីមានការជឿជាក់ថា លោក​ស្រីនឹងមានជីវភាពធូរធារនៅពេលដែលកូនរបស់គាត់រៀនចប់ ហើយ​មានការងារ​សមរម្យ​ធ្វើគ្រប់ៗគ្នា។

***

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered