Untitled-2

ស្ត្រីក្នុងតួនាទីជាចៅសង្កាត់

នៅក្នុងវ័យ៦៦ឆ្នាំ លោកស្រី នូ នារី នៅតែមានកាយសម្បទារឹងមាំ និងស្វាហាប់ក្នុង តួនាទី ជាចៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  លោកស្រីបានរៀបរាប់ ពីប្រវត្តិគ្រួសារ របស់គាត់ថា៖ ខ្ញុំមានបងប្អូន ១១នាក់ ស្រី ៨នាក់ ខ្ញុំជាកូនទី៦ ដែលមាន ស្រុកកំណើត នៅភូមិ ស្គន់ ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយឪពុករបស់ខ្ញុំ គឺជាអតីតមេឃុំ។ នាងខ្ញុំជាអតីតគ្រូបង្រៀន ដែលមានតួនាទីជា នាយិការង នៅសាលាបឋមសិក្សាអូរម៉ាល់ ចាប់ពីឆ្នាំ ១៩៧៩ ហើយនៅ ឆ្នាំ១៩៩៤ ខ្ញុំ់បានផ្លាស់មកទទួល តួនាទីដដែលនៅសាលាបឋមសិក្សា២ធ្នូ។ លុះដល់ឆ្នាំ ២០០៦ ខ្ញុំបានជាប់ឆ្នោតជាចៅសង្កាត់ ហើយទទួលបានតំណែងនេះរហូតដល់ឆ្នាំ ២០១១  គឺមាន រយៈពេល ២ អាណត្តិ ហើយ។

ស្វាមីរបស់ខ្ញុំបានទទួលអនិច្ចកម្មនៅឆ្នាំ១៩៨៥ ដោយសារការផ្ទុះមីននៅសមរភូមិអំពិល ប្រាំដើមស្រុកបរវេល ខេត្តបាត់ដំបង ដោយបន្សល់ទុកនូវកូនស្រីជាទីស្រឡាញ់ចំនួនប្រាំនាក់។ ក្នុងជីវិតជាស្រ្តីមេម៉ាយខ្ញុំបានខិតខំតស៊ូពុះពារ នូវរាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីចិញ្ចឹម បីបាច់កូនៗទាំងប្រាំនាក់ឱ្យបានទទួលការអប់រំ  ដោយខ្ញុំត្រូវធ្វើស្រែចំការផង ធ្វើជាអ្នកគ្រប់គ្រង នៅសាលារៀនផងទើបកូនស្រីទាំងប្រាំរបស់ខ្ញុំទទួលបាន លទ្ឋផលគួរជាទីពេញចិត្តកូនទី១ ជា វេជ្ជបណ្ឌិត  កូនទី២ជាគ្រូពេទ្យ  កូនទី៣ជាបវរកញ្ញាប្រចាំខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ សហរដ្ឋអាមេរិចកូនទី៤ជាសាស្ត្រាចារ្យអក្សរសាស្ត្រ និងកូនទី៥ជាគ្រូបឋមសិក្សា។ក្នុង តួនាទីជា មាតាម្នាក់ ខ្ញុំបានរៀបចំទុកដាក់កូនៗទាំងប្រាំ ឱ្យមានគូស្រករតាមគន្លងប្រពៃណីខ្មែរ។ ជាមួយនឹង សំណួរសួរថា  តើហេតុអ្វីបានជាលោកស្រីមកធ្វើជាចៅសង្កាត់ ? គាត់បាននិយាយ រៀបរាប់ថា ”  ពីដំបូងខ្ញុំគ្មានបំណងចង់ក្លាយជាចៅសង្កាត់ទេ  ព្រោះខ្ញុំគិតថាការងារនេះ វាពិតជា មានការលំបាក ស្មុគស្មាញជាងការងារនៅសាលារៀន  ដោយខ្ញុំយល់ថាចៅសង្កាត់ត្រូវធ្វើការ ជាមួយមនុស្ស គ្រប់ ស្រទាប់វណ្ណៈ និងគ្រប់វ័យ។ ពិសេស  គឺក្នុងនាមជាចៅសង្កាត់ត្រូវទទួលបន្ទុកការងារអប់រំ ការ កែលម្អបរិស្ថាន ការពារសុខសុវត្ថិភាពនិងសុខមាលភាព របស់ប្រជាពលរដ្ឋ ព្រមទាំងការងារ ផ្សេងៗទៀត ដែលខ្ញុំគិតថាខ្ញុំជាស្រ្តីមិនអាចរ៉ាប់រងបាន។ ប៉ុន្តែដោយសារមាន ការជំរុញលើកទឹកចិត្ត របស់រដ្ឋអំណាចមូលដ្ឋាន  ដែលចង់បានបេក្ខនារីឈរឈ្មោះជាមេឃុំនោះ ខ្ញុំក៍បានសម្រេច ចិត្ត បំពេញពាក្យឈរឈ្មោះជាបេក្ខនារីចៅសង្កាត់។ នាងខ្ញុំក៏បានជាប់ឆ្នោតជា ចៅសង្កាត់ចាប់តាំងពីពេលនោះមក។ ពេលចាប់ផ្តើមការងារជាចៅសង្កាត់ នៅអាណត្តិទី១  ខ្ញុំបាន ជួបប្រទះនូវការលំបាកជាច្រើន ពិសេសគឺមានបុគ្គលមួយចំនួន  គាត់ហាក់ ដូចជាមើលស្រាលថា ស្ត្រីមិនមានសមត្ថភាពដឹកនាំគ្រប់គ្រងការងារ បានល្អដូចជាបុរស  អ្នកខ្លះទៀតពុំមានចិត្តចង់ ឱ្យ ស្ត្រីជាដឹកនាំទេ។ ពេលនោះខ្ញុំបានពិចារណាឃើញថាខ្ញុំជាប់ជាចៅសង្កាត់ ដោយសារការគាំទ្រ របស់ ប្រជាពលរដ្ឋដូច្នេះ ខ្ញុំមិនត្រូវចុះចាញ់ជាមួយនឹងការលំបាកទាំងនេះ  គឺខ្ញុំត្រូវតែរិះរកមធ្យោបាយ ដើម្បីជំនះរាល់ការលំបាកទាំងឡាយដោយអត់ធ្មត់ព្យាយាមធ្វើនូវអំពើល្អ  មានតម្លាភាព  ពោលគឺ ធ្វើការជូនប្រជាពលរដ្ឋដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការតស៊ូជំនះគ្រប់ឧបសគ្គ គួបផ្សំ នឹងចំណេះដឹងផ្នែកចិត្តវិទ្យាដែលខ្ញុំបានរៀនសូត្រកាលពីនៅជាគ្រូបង្រៀននោះ បានធ្វើឱ្យខ្ញុំ មាន ការអភិវឌ្ឍទាំងផ្នែក ដឹកនាំគ្រប់គ្រងប្រជាពលរដ្ឋ ការកែលម្អបរិស្ថាន ដូចជាដាក់លូ រៀបការ៉ូឡា តាមចិញ្ចើមថ្នល់ ធ្វើផ្លូវចាក់បេតុង  រៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ កាត់បន្ថយអំពើហឹង្សា ក្នុងគ្រួសារ ល្បែងស៊ីសង ចោរកម្ម ការជួញដូរមនុស្ស ការប្រើប្រាស់គ្រឿងញៀន និងក្មេង ទំនើងជាដើម។  បន្ទាប់មកខ្ញុំ បានផ្លាស់ប្តូរការិយាល័យសង្កាត់ពីកន្លែងតូចចង្អៀតមកកន្លែងធំ ទូលាយ ។ ម្យ៉ាងទៀតខ្ញុំមិនទម្លាប់ទុកការងាររបស់ប្រជាពលរដ្ឋឱ្យនៅកកស្ទះ ហើយមានលេសនេះ លេសនោះធ្វើឱ្យពួកគាត់ លំបាកចុះឡើងឬរង់ចាំយូរឡើយ។ ជានិច្ចកាលខ្ញុំតែងតែសម្តែងនូវភាព ស្និទ្ឋិស្នាលជាមួយសហការី និងប្រជាពលរដ្ឋដោយ ពន្យល់ពីហេតុផល និងណែនាំពីច្បាប់ផ្សេងៗ នៅពេលដែលពួកគាត់មានការខុសឆ្គង។ ខ្ញុំអាចអនុវត្តយន្តការខាងលើនេះ មានប្រសិទ្ឋភាព ព្រោះ ខ្ញុំធ្លាប់បានទៅទស្សនកិច្ចសិក្សាដកស្រង់បទពិសោធល្អៗ នៅប្រទេសអាឡឺម៉ង់ អ៊ីតាលី និង កាណាដា។ បទពិសោធទាំងនេះហើយដែលធ្វើឱ្យខ្ញុំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ បានលឿន និងទាន់ពេលវេលា ។

អំឡុងពេលខ្ញុំធ្វើជាចៅសង្កាត់រយៈពេលពីរអាណត្តិនេះខ្ញុំទទួលបានការលើកទឹកចិត្តដោយទទួលបានមេដាយមាស ចំនួនពីរដែលត្រូវបានបំពាក់ដោយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពី ស្នាដៃដឹកនាំគ្រប់គ្រង ភូមិឃុំមានសុវត្ថិភាព។ស្នាដៃទាំងនេះបានធ្វើ ឱ្យ មានភាពជឿជាក់ពីសំណាក់អ្នករួមការងារ កាន់តែកើនឡើងជាលំដាប់។ នៅពេលចុងអាណត្តិទី២ ខ្ញុំចេះតែគិតថា ខ្ញុំចាស់ហើយគួរតែឈប់សម្រាកថែរក្សា សុខភាពផ្ទាល់ខ្លួននិងរក្សាសីលទាន វិញ ទើបប្រសើរ។ ប៉ុន្តែបើប្រជាពលរដ្ឋក៍ដូចជាថ្នាក់លើនៅតែមានការគាំទ្រ ខ្ញុំក៍ពិចារណាឃើញថា ការ កសាងអំពើល្អចំពោះមនុស្សទូទៅ ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទុកសម្រាប់មនុស្ស ជំនាន់ ក្រោយ គឺជាការប្រសើរបំផុតសម្រាប់ជីវិតខ្ញុំដែលជាពលរដ្ឋខ្មែរម្នាក់ដែរ។

តទៅថ្ងៃអនាគតខ្ញុំមានបំណងអភិវឌ្ឍន៍សង្កាត់ឱ្យមានបរិស្ថានល្អគ្មានសម្រាម កែលម្អ ប្រពន្ឋ័លូទឹកស្អុយ ចាក់ផ្លូវ បេតុងឱ្យបាន ១០០%  ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ  និងរក្សាសុខសុវត្ថិភាពមូលដ្ឋាន ភូមិ ឃុំ ដែលគ្មានគ្រឿងញៀន  គ្មានល្បែងស៊ីសង គ្មានការ ជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងពង្រឹង សមត្ថភាពស្ត្រីឱ្យមានភាពក្លាហាន ចេះជួយ ខ្លួនឯង និង មានឱកាសចូលរួមគ្រប់ការងារនៅក្នុងសង្គមដូច បុរសដែរ។

 

” ជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយជាក្រោយ “

***

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered