Untitled-1

ដំណើរឆ្ពោះទៅរកក្តីសង្ឃឹម

នាងខ្ញុំឈ្មោះ ចក់ សំបូរិន អាយុ ៥៣ ឆ្នាំរស់នៅខេត្តព្រះវិហារ។ កាលពីនៅតូចខ្ញុំពុំបាន រៀនសូត្រអ្វីជ្រៅជ្រះទេ ដោយសារគ្រួសារខ្ញុំរស់នៅក្នុងដីរំដោះដែលគ្រប់គ្រង​​​ដោយពួកខ្មែរក្រហម ចាប់តាំងពីឆ្នាំ ១៩៧០ បន្ទាប់ពីរបបសង្គមរាស្ត្រនិយមត្រូវបានធ្វើរដ្ឋប្រហារដោយរបបលន់ណុល មកម្ល៉េះ ។

ក្នុងរបបខ្មែរក្រហមខ្ញុំនិងនារីចំនួនប្រាំពីររូបទៀត ដែលនៅក្នុងកងចល័តជាមួយគ្នាត្រូវបាន គេបង្ខំឲ្យទទួលយកបុរសដែលខ្លួនពុំដែលស្គាល់គ្នាមកធ្វើជាស្វាមីដោយគ្រាន់តែធ្វើពីធីឲ្យគូស្រករ នីមួយៗឡើងមកចាប់ដៃគ្នា និងប្តេជ្ញាចិត្តថា ព្រមទទួលគ្នាជាគូស្វាមីភរិយាតែប៉ុណ្ណោះ។ បន្ទាប់មក ពួកយើងមិនបានរស់នៅជាមួយគ្នាដោយភាពសុខដុមរម្យនាទេ គឺគេតម្រូវឲ្យរស់នៅបែកគ្នាទៅ តាមការងាររៀងៗខ្លួន ។

រហូតមកដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ របបប៉ុល ពត បានដួលរលំគ្រួសាររបស់នាងខ្ញុំ ក៍ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេសមានតែបាទដៃទទេ មិនមានទ្រព្យសម្បត្តិអ្វីទេហើយថែមទាំង មានផ្ទៃពោះកូនទី១ ថែមទៀតក្នុងខណៈពេលដែលប្តីនាងខ្ញុំត្រូវកងទ័ពខ្មែរក្រហមចាប់ឲ្យទៅ ជញ្ជូនស្បៀង វាធ្វើឲ្យនាងខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង។

៣ខែក្រោយមកពន្លកនៃក្តីសង្ឃឹមបានត្រឡប់មកវិញ   ព្រោះគេបានដោះលែងស្វាមីនាងខ្ញុំ មកវិញ។ នៅឆ្នាំ ១៩៨១ខ្ញុំបានសម្រាលកូនប្រុសម្នាក់ទៀត ពីរនាក់ប្តីប្រពន្ឋបានគិតគ្នា ថាគ្រួសារយើងក្រីក្រ តើអនាគតកូនយើងនឹងទៅជាយ៉ាងណា? ពេលនោះប្តីនាងខ្ញុំក៍សម្រេចចិត្ត ទៅធ្វើជាកម្មកររោងម៉ាស៊ីនកិនស្រូវ ដោយទុកឲ្យនាងខ្ញុំរស់នៅតែម្នាក់ឯងដែលត្រូវទទួលបន្ទុក ការងារលំបាកគ្រប់បែបយ៉ាង និងមានកូនតូចផង។ មួយឆ្នាំក្រោយមក នាងខ្ញុំក៍សម្រេចចិត្តមក តាមប្តីដោយរស់នៅក្នុងរោងម៉ាស៊ីនកិនស្រូវរដ្ឋព្រោះគ្មានផ្ទះសម្បែង  ហើយការធ្វើជាកម្មករនៅ រោងម៉ាស៊ីនកិនស្រូវបានប្រាក់ខែតែ ៦០រៀលប៉ុណ្ណោះក្នុងមួយខែ  ពីព្រោះតែគាត់មិនចេះអក្សរ និងគ្មានជំនាញពិតប្រាកដ។ ចំណែកនាងខ្ញុំត្រូវក្រោកពីព្រលឹមធ្វើដំណើរយ៉ាង ឆ្ងាយដើម្បីទទួលត្រី គេយកមកលក់បន្ត។ នៅឆ្នាំ ១៩៩៤ នាងខ្ញុំសម្រាលបានកូនប្រុសម្នាក់ទៀត។ នាងខ្ញុំមានកូន៩ នាក់ ប៉ុន្តែមានកូនេភ្លាះពីរនាក់ត្រូវបានស្លាប់ដោយកើតពុំគ្រប់ខែ។

ជីវិតជាកម្មកររោងម៉ាស៊ីនកិនស្រូវរដ្ឋ និងលក់ត្រីមិនអាចទ្រទ្រង់ជីវភាពបានគ្រប់គ្រាន់ទេ យើងពីរនាក់ប្តីប្រពន្ធក៏ប្តូរមុខរបរ មកដាំបន្លែនិងរែកនំបញ្ចុកលក់វិញ។ ទោះបីមានការនឿយហត់ យ៉ាងណាក៏ដោយ ពីរនាក់ប្តីប្រពន្ឋតែងតែផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ដើម្បីអនាគត របស់កូន។ លុះដល់ឆ្នាំ ១៩៩៦ នាងខ្ញុំមានផ្ទៃពោះកូនទី១១ដែលជាកូនពៅព្រមជាមួយគ្នានោះដែរ ស្វាមីនាងខ្ញុំធ្លាក់ខ្លួនឈឺជាទម្ងន់ធ្វើឲ្យនាងខ្ញុំមានការភិតភ័យត្រូវទៅព្យាបាលនៅភ្នំពេញ។ណាមួយខ្លួនមានផ្ទៃពោះណាមួយគ្មានប្រាក់កាសគ្រប់គ្រាន់សម្រាប់ឲ្យថ្លៃពេទ្យព្យាលបាល។  ស្ទើរតែរាល់ យប់ខ្ញុំដេកយំអង្គុយយំមើលទៅកូនដេកតម្រៀបគ្នាក្រោមដំបូលខ្ទមប្រក់ស្លឹកខ្យល់បក់ស្ទើររលំ។

ប៉ុន្តែសំណាងល្អបីខែក្រោយមក ប្តីរបស់នាងខ្ញុំបានជាសះស្បើយ ធ្វើឲ្យនាងខ្ញុំត្រេកអរ ជាពន់ពេកតែការរស់នៅប្រចាំថ្ងៃមានការលំបាកខ្លាំងណាស់ ណាមួយកូនរៀនគ្រប់គ្នា  ណាមួយ ហូបចុកប្រចាំថ្ងៃផងដោយរកមួយថ្ងៃសម្រាប់តែហូបមួយថ្ងៃ។ លុះដល់់ឆ្នាំ ១៩៩៧នាងខ្ញុំត្រូវ ព្រាត់កូនជាទីស្រឡាញ់មួយទៀតគឺកូនទី ១០ ដែលមានជម្ងឺជាទម្ងន់រហូតបាត់បង់ជីវិត  ដូចនេះ នាងខ្ញុំសល់កូន៨នាក់ គឺកូនប្រុស ៥នាក់និងកូនស្រី៣នាក់។ ដោយឃើញស្ថានភាព លំបាកលំបិនក្នុងគ្រួសារពេកកូនប្រុសទី១បានប្រឡងចូលធ្វើជាគ្រូបនៅបឋមសិក្សា។ នៅក្នុងឆ្នាំ ១៩៩៧ មុខរបរដាំបន្លែ និងលក់នំបញ្ចុកក៏មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន នាងខ្ញុំបានសម្រេច ចិត្តចងការប្រាក់គេទៅទិញម៉ាស៊ីនកិនស្រូវ ដើម្បីផ្គត់ផ្គង់ឲ្យកូនរៀន ពីព្រោះនាងខ្ញុំតែងតែតាំង ចិត្តថា ទោះបីនៅតែសម្បកខ្លួន ក៏សុខចិត្តដែរឲ្យតែកូន របស់នាងខ្ញុំបានចូលរៀនដល់មហាវិទ្យា ល័យគ្រប់ៗគ្នា។  នាងខ្ញុំក្រលុយកាក់ តែនាងខ្ញុំមានស្វាមី និងកូនៗល្អ មិនដែលបង្កការលំបាក ដល់ក្រុមគ្រួសារឡើយ។ ពេលត្រឡប់ពី​សាលារៀនវិញ ពួកគេតែងតែជួយធ្វើការគ្រប់មុខ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រួសារ។ លុះដល់់ឆ្នាំ២០០០កូនប្រុសទីពីរ បានប្រឡងជាប់​គ្រូមធ្យមសិក្សា មួយឆ្នាំក្រោយមកទៀតគេបានប្រឡងជាប់អាហារូបករណ៍មហាវិទ្យាល័យជាតិ គ្រប់គ្រង។ ពេលនោះនាងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង​រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

នៅឆ្នាំ ២០០៣ កូនប្រុសទី៣ និងកូនស្រីទី៤ បានប្រឡងជាប់មហាវិទ្យាល័យ នៅភ្នំពេញទៀត។ អ្វីដែលលំបាកបំផុតនោះ គឺគ្មានប្រាក់ផ្ញើឲ្យកូនរៀនទាំងទី៣នៅភ្នំពេញ ក៏ដាច់ចិត្តលក់ដីស្រែដីផ្ទះខ្លះ ដើម្បីបានលុយផ្ញើឲ្យកូន។ រហូតដល់អ្នកស្រុកអ្នកភូមិគេដៀលថា ក្រល្ហាម ជោរលក់ដីឲ្យកូនរៀន ចុះកូនតូចៗនៅក្រោយបានអីស៊ី តែនាងខ្ញុំមិនតបវិញ ប្រឹងអត់ធ្មត់ ធ្វើយ៉ាងណាឲ្យតែកូនៗបានរៀនចប់មហាវិទ្យាល័យ។ ដោយឃើញថាមុខរបររាល់ថ្ងៃពុំអាច ទ្រទ្រង់នូវកូនរៀនសូត្រតទៅទៀតបាននាងខ្ញុំក៏សម្រេចចិត្តរកមុខរបរមួយទៀត  ដោយធ្វើជាចុង ភៅបុណ្យការ។ ពីដំបូងនាងខ្ញុំទៅស៊ីឈ្នួលគេនៅក្នុងអាហារដ្ឋាននានា  និងរៀនធ្វើម្ហូបតាម សៀវភៅផង និងសួរគេផង។ ពេលយប់ខ្ញុំសម្រាកបានតិចម៉ោងណាស់ ព្រោះត្រូវងើបពីព្រលឹម ទៅធ្វើការឲ្យគេ។ ការធ្វើជាចុងភៅក៏ចេះតែរីកចម្រើនឡើងៗ ពីមួយថ្ងៃ​​ទៅមួយថ្ងៃដែលអាច រកប្រាក់ចំណូលបានច្រើន ធ្វើឲ្យមានជីវភាពធូធារ ដោយសារការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងសហការគ្នាទាំងពីរនាក់ប្តីប្រពន្ឋ។ ឥឡូវនេះបំណងប្រាថ្នារបស់ខ្ញុំបានសម្រេចហើយ គឺនៅឆ្នាំ ២០០៥-២០០៦កូនទាំងបីត្រឡប់ពីភ្នំពេញវិញ  ហើយកូនប្រុសទី២ធ្វើការនៅអង្គការទស្សនៈពិភព លោក កូនប្រុសទី៣ធ្វើការនៅធនាគារអេស៊ីលីដា និងកូនស្រីទី៤ ធ្វើគ្រូគណិតវិទ្យា។ នៅឆ្នាំ២០០៨ កូនស្រីទី៥ រៀននៅមហាវិទ្យាល័យអាស៊ីអ៊ឺរ៉ុបផ្នែកភាសាអង់គ្លេស។ កូនស្រីទី៦ រៀននៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រ និង បញ្ញាសាស្ត្រ។ ចំណែកកូនប្រុសទី៧ និងកូនប្រុសទី៨ កំពុងរៀននៅថ្នាក់ទី១១ជិតផ្ទះ។

នាងខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតឆាប់នេះៗ កូនៗនាងខ្ញុំទាំងអស់នឹងបានរៀនចប់មហាវិទ្យា ល័យគ្រប់ៗគ្នា និងមានការងារធ្វើល្អៗ ចំណែកមុខរបរចុងភៅបុណ្យការរបស់នាងខ្ញុំនឹងមានប្រជា ប្រិយភាព និងកាន់តែប្រសើរឡើង។ ចំណែកប្រជាជនក្នុងភូមិ ក្រោយពីបានឃើញគ្រួសារ របស់នាងខ្ញុំបានរីកចម្រើន។ គ្រួសានីមួយៗបានយកគំរូតាមនាងខ្ញុំខំបញ្ជូនកូនទៅរៀននៅមហា វិទ្យាល័យបានច្រើននាក់។ ដូច្នេះនាងខ្ញុំអាចធ្វើជាគម្រូសម្រាប់អ្នកភូមិខ្ញុំ និងសម្រាប់ស្ត្រីដទៃទៀត នេះគឺជាការតាំងចិត្ត ការតស៊ូព្យាយាមរបស់នាងខ្ញុំទើបទទួលបានលទ្ឋផលល្អគួរជាទីមោទនៈក្នុង ជីវិតនាងខ្ញុំ ។

“សេចក្តីព្យាយាមគង់បានសម្រេច”

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered