Untitled-1 (9)

តើគួរធ្វើយ៉ាងណាទើបអាចចាំពាក្យថ្មីបានលឿន?

គ្មានអ្នកណាចេះ ឬចាំពាក្យគ្រប់ម៉ាត់បានទាំងអស់នោះទេ តែការដែលចេះពាក្យឲ្យបានច្រើនគឺជាការល្អបំផុត ព្រោះយើងត្រូវការពាក្យទាំងនោះដើម្បីប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ មានមនុស្សភាគច្រើនមានសំណួរដូចគ្នាថា តើគួរធ្វើយ៉ាងណាទើបអាចចេះ និងចងចាំពាក្យទាំងនោះបានឆាប់រហ័ស? ទាំងនេះជាវិធីសាស្រ្តមួយចំនួនដែលជួយឲ្យអ្នកចងចាំពាក្យបានយ៉ាងឆាប់រហ័ស។

១.​ ស្វែងរកអត្ថន័យរបស់ពាក្យ

នៅពេលដែលអ្នកអានសៀវភៅ ឬកាសែត ហើយបានជួបពាក្យថ្មីដែលអ្នកមិនធ្លាប់ចេះ អ្នកគួរតែទៅស្វែងរកអត្ថន័យរបស់ពាក្យនោះភ្លាមៗ ហើយកត់ទុកនៅក្នុងសៀវភៅមួយដែលសម្រាប់តែកត់ត្រាពាក្យទាំងនោះ។ ឧទាហរណ៍ បើអ្នកចង់ចេះភាសាអង់គ្លេសឲ្យបានឆាប់រហ័ស អ្នកមិនគួរកត់ត្រាជាភាសាកំណើតរបស់អ្នកទេ អ្នកគួរតែសម្រាយជាភាសាអង់គ្លេស ព្រោះថាការធ្វើបែបនេះ មិនត្រឹមតែជួយឲ្យអ្នកចេះពាក្យថ្មីទេ តែក៏ជួយពង្រឹងភាសាអង់គ្លេសរបស់អ្នកទៀតផង។

២. ប្រើពាក្យនោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ

វាមិនងាយទេនៅក្នុងការចងចាំពាក្យថ្មីឲ្យបានយូរ ដូច្នេះហើយយើងគួរដឹងពីវិធីធ្វើឲ្យឆាប់ចាំ។ ពិតណាស់ បើដឹងថាពាក្យនោះមានន័យថាយ៉ាងណាហើយ អ្នកគួរតែព្យាយាមប្រើវាជាមួយមិត្តរបស់អ្នកក្តី ឬជាមួយនឹងសមាជិកគ្រួសាររបស់អ្នកដែលចេះភាសាអង់គ្លេស។ មិនតែប៉ុណ្ណោះ យើងក៏អាចគូររូបដែលបញ្ជាក់ពីអត្ថន័យនៃពាក្យនោះផងដែរ ដើម្បីឲ្យឆាប់ចាំ។

៣. ព្យាយាមប្រើប្រាស់ពាក្យនោះជាប្រយោគ

យើងគួររៀនពីពាក្យណាខ្លះដែលទាក់ទងទៅនឹងពាក្យដើម។ ការធ្វើបែបនេះជួយឲ្យយើងចេះពាក្យបានច្រើនទៀតផង។ មួយវិញទៀតវាធ្វើឲ្យយើងងាយចាំពីអត្ថន័យរបស់ពាក្យ។ ឧទាហរណ៍ពាក្យថា focus  អ្នកអាចរៀនពីអត្ថន័យរបស់វានៅពេលដែលវាប្រើជាឈ្លាដូចជា focus on, out of focus, focus your mind on something ជាដើម។

៤. លេងហ្គេមដោយប្រើពាក្យទាំងនោះ

យើងត្រូវតែទទួលស្គាល់ថាការលេងហ្គេមជួយយើងបានច្រើនណាស់។ មនុស្សភាគច្រើនចូលចិត្តលេងហ្គេម ព្រោះវាមិនធ្វើឲ្យយើងមានអារម្មណ៍តានតឹង។ បើដូច្នេះមែន ហេតុអ្វីក៏យើងមិនព្យាយាមរៀនពាក្យថ្មីតាមរយៈលេងហ្គេមដែរទៅ? យើងអាចសរសេរពាក្យដែលយើងចង់រៀននៅក្នងក្រដាសផ្សេងៗពីគ្នា ហើយសូមឲ្យមិត្តរបស់យើងជ្រើសរើសពាក្យណាមួយ ហើយយើងជាអ្នកនិយាយប្រយោគដោយប្រើពាក្យនោះ។

៥.​ សន្សឹមៗកុំបំបោល

ខួរក្បាលរបស់យើងត្រូវការសម្រាក ហើយវាក៏មិនអាចចាំពាក្យយ៉ាងច្រើនបានក្នុងពេលតែមួយដែរ​ ដូច្នេះហើយ យើងត្រូវរៀនម្តងបន្តិចៗ កុំរៀនច្រើនពាក្យពេកព្រោះយើងមិនអាចចាំវាបានទាំងអស់ឡើយ។

៦. គេង

តើអ្នកធ្លាប់ដឹងទេថា​ការគេងបន្ទាប់ពីរៀនពាក្យថ្មី ជួយធ្វើឲ្យចងចាំបានល្អ? ដូច្នេះហើយ ពេលវេលាដ៏ល្អបំផុតសម្រាប់ការរៀនពាក្យថ្មីគឺជាពេលយើងរៀបចូលគេង។ ម្យ៉ាងវិញទៀតកុំភ្លេចទន្ទេញវានៅពេលព្រលឹមផង។

ដោយ ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered