Untitled-1

វិធីលួងលោមកូនមុនចូលគេង

អ្នកម្តាយជាច្រើនតែងមានភារកិច្ចចាំបាច់មួយទៀតបន្ទាប់ពីរៀបចំ និងទទួលទានអាហារពេលល្ងាចជាមួយគ្រួសារ នោះគឺការនាំកូនៗចូលគេង។ ការបបួលកូនទៅគេងមិនមែនជារឿងងាយស្រួលទេ ព្រោះកូនៗខ្លះមិនទាន់ងងុយ កូនៗខ្លះចង់មើលទូរទស្សន៍ លេងហ្គេម ឬចង់ធ្វើអ្វីផ្សេងបន្តសិន។ ទាំងនេះជាកង្វល់របស់អ្នកម្តាយ ព្រោះចង់បានពេលវេលាសម្រាកផ្ទាល់ខ្លូនដែរ។

ថ្ងៃនេះ កញ្ញា មានវិធីសាស្រ្ត២-៣ចំណុច ណែនាំដល់អ្នកម្តាយគ្រប់រូប ហើយបើគិតថាល្អ គួរតែសាកល្បងអនុវត្តតាម ៖

– ផ្តល់ដំណឹងជាមុន

ជំនួសដោយសំឡេងបញ្ជា  «អស់ពេលហើយកូន បិទទូរទស្សន៍បានហើយ» អ្នកគួរប្រើភាសាដាស់តឿនកូនមុន១០ ទៅ១៥នាទី មុនចូលគេង ដោយដាក់កិច្ចការឲ្យគេធ្វើដូចជា ដុសធ្មេញ ងូតទឹក រៀបចំកន្លែងគេង រៀបចំសៀវភៅក្នុងកាតាបឲ្យហើយមុនទៅសាលានៅថ្ងៃស្អែក។ ហើយសន្យាថាបើកូនធ្វើកិច្ចការនេះរួចហើយ ម៉ាក់នឹងនិទានរឿងឲ្យកូនស្តាប់មួយរឿង។

– ពេញចិត្តនូវវិន័យរបស់ខ្លួន

អ្នកម្តាយខ្លះមានអារម្មណ៍ថាខុសឆ្គងដែលឲ្យកូនចូលគេង ត្រឹមត្រូវតាមពេលវេលាដែលខ្លួនកំណត់ ព្រោះមានអារម្មណ៍ថាឲ្យពេលទៅកូនតិចពេក។ តែអ្នកម្តាយក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ សូមចងចាំថា អ្នកម្តាយល្អមួយរូប លុះត្រាតែមានពេលសម្រាកគ្រប់គ្រាន់ ព្រោះបើអ្នកមានអារម្មណ៍ហត់នឿយ អ្នកមិនអាចបន្តការងារចំពោះមុខជាច្រើននៅថ្ងៃស្អែកទេ។ កូនក៏ដូចគ្នា ពេលគេគេងលក់ស្កប់ គេក៏ក្រោកឡើងពេញដោយកម្លាំង ហើយរៀនក៏ឆាប់ចាប់បានទៀតផង។

– បង្កើតទម្លាប់ និងផ្តាច់ខ្លួនសន្សឹមៗ

សំណួរសួរថា តើត្រូវឲ្យកូនគេងក្នុងបន្ទប់តែមួយ ឬគ្រែតែមួយជាមួយឪពុកម្តាយ?ព្រោះក្មេងៗទម្លាប់ចង់ឲ្យអ្នកម្តាយថ្នាក់ថ្នម ពេលគេមិនសូវស្រួលខ្លួន ឬយល់សប្តិអាក្រក់ ដូច្នេះពួកគេបានគេងគ្រែជាមួយម្តាយតែម្តង។ ចម្លើយនោះ គឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នកម្តាយ ថាចង់ឲ្យផ្លាស់ប្តូរការគេងបែបណា ព្រោះពេលពួកគេធំ គេគង់តែគេងដាច់ដោយឡែកពីម្តាយដដែល។

អ៊ីចឹងហើយអ្នកម្តាយមិនគួរចាប់អូសកូនឲ្យត្រឡប់ចូលបន្ទប់គេង ឬគ្រែរបស់គេភ្លាមៗឡើយ តែគួរធ្វើដោយសន្សឹមៗ ចាប់ផ្តើមឲ្យកូនគេងលើពូក ជិតគ្រែរបស់អ្នក បន្ទាប់មកយកគេចេញម្តងបន្តិចរហូតចូលទៅដល់បន្ទប់ ហើយលើកគេដាក់លើគ្រែគេងដោយមានការតុបតែងគួរឲ្យចង់គេង។ ហើយនៅពេលកូនបន្តអារម្មណ៍ភ័យខ្លាច អ្នកគួរត្រលប់ទៅលួងលោម អ្នកគួរអង្គុយកំដររហូតដល់កូនមានអារម្មណ៍ល្អឡើងវិញ បន្ទាប់មកសួរគេថា ចង់បើកភ្លើងនៅក្បាលដំណេក ឬញុំាទឹក ឬគេងឱបតុក្កតាដែរឬទេ?

– កុំបង្ខំកូនឲ្យគេងលក់

ចូរបង្កើតបរិយាកាសល្អៗឲ្យកូនរបស់អ្នក មិនឲ្យមើលរឿងរន្ធត់ ឬហេតុការណ៍អាក្រក់ណាមួយឡើយ ដើម្បីឲ្យគេសម្រេចចិត្តបិទភ្នែករបស់គេតាមសម្រួល។ ប្រសិនជាអ្នកបង្ខំ ឬសម្លុតក្នុងរូបភាពណាមួយ កូនអ្នកប្រាកដជាគេង តែគេងដោយអារម្មណ៍មិនស្ងប់ តានតឹង ឬមួម៉ៅជាដើម។

ដោយ khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered