untitled-1-recovered-8

បណ្ណាល័យផ្តល់ការសប្បាយ និងចំណេះដឹងដល់សិស្សជនបទ

កាលពីប្រាំមួយឆ្នាំមុន កុមារា ឃីម សុខា ដែលពេលនោះទើបតែមានអាយុ៦ឆ្នាំដែរនោះ មានជម្ងឺចម្លែកមួយដែល ម្តាយគេមិនអាចរកថ្នាំមកព្យាបាលបានឡើយ។

ពេលឃើញស្ថានភាពរបស់កូនកាន់តែដុនដាបទៅ សុខានឥឡូវនេះអាយុ១២ឆ្នាំហើយនោះ និយាយថាម្តាយគេ ក៏សម្រេចចិត្តយកគេទៅកាន់មណ្ឌលសុខភាពដែលនៅឆ្ងាយពីផ្ទះ។ ពេលទៅដល់មណ្ឌសុខភាព ពេទ្យពិនិត្យមើលឈាមសុខា រួចប្រាប់ម្តាយគេថា គេមានជម្ងឺគ្រុនឈាម ប៉ុន្តែសំណាងល្អដែលម្តាយគេយកគេមកពេទ្យទាន់ពេលវេលា។

ប្រាំមួយឆ្នាំក្រោយមក សុខានិយាយថាគេយល់កាន់តែច្បាស់អំពីមូលហេតុដែលបណ្តាលឲ្យរូបគេ និងកុមារដទៃទៀតនៅក្នុងភូមិកើតជម្ងឺគ្រុនឈាម។

ចំណេះដឹងរបស់សុខា មិនមែនបានមកពីគ្រូពេទ្យ ឬគ្រូបង្រៀនរបស់គេផ្ទាល់នោះឡើយ។

សុខា ដែលជាសិស្សថ្នាក់ទី៥នៅសាលាបឋមសិក្សាគោហ៊េ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម និយាយថាគេបានយល់ដឹងអំពីជម្ងឺគ្រុនឈាមដោយសារគេបានអានសៀវភៅនៅក្នុងបណ្ណាល័យ។

សុខាប្រាប់ថា៖ «សៀវភៅនិយាយថា យើងត្រូវកំចាត់ជម្រកមូសខ្លាដែលស្ថិតនៅក្នុងទឹកដក់ ដូចជាកង់ឡាន ពាង និងគុម្ពព្រៃ។ ប្រសិនបើខ្ញុំដឹងតាំងពីយូរមកហើយ ខ្ញុំប្រហែលជាមិនកើតជម្ងឺគ្រុនឈាមទេ។»

សុខានិយាយថា ពេលនេះគេតែងអនុវត្តតាមការណែនាំដែលមាននៅក្នុងសៀវភៅដែលគេបានអាន។

គេនិយាយថា៖ «ឥឡូវនេះ ខ្ញុំតែងតែដេកនៅក្នុងមុងជានិច្ច ដើម្បីការពារកុំឲ្យមូសខ្លាខាំ។»

ក្រៅពីសៀវភៅនិយាយអំពីជម្ងឺគ្រុនឈាម សុខានិយាយថាគេបានអានសៀវភៅជាច្រើនទៀត ជាពិសេសរឿងនិទានដែលមាននៅក្នុងបណ្ណាល័យ។

កុមារា បាន សុខប៊ី អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាបឋមសិក្សាគោហ៊េដែរនោះ និយាយថាគេចូលចិត្តមកអានសៀវភៅនៅបណ្ណាល័យជារៀងរាល់ថ្ងៃ។ សុខប៊ី និយាយថាគេនៅចាំរឿងនិទានមួយច្បាស់ជាងគេ ដែលនិយាយអំពី «គោ និងក្របីអត់ធ្មេញលើ។»

សុខប៊ី និយាយថា៖ «គោ និងក្របី ធ្លាប់តែខ្លាចាប់ខាំស៊ី។ ប៉ុន្តែ ថ្ងៃមួយមានកសិករម្នាក់ ដេញវ៉ៃសត្វខ្លា។»

អ្នកគ្រូនៅបណ្ណាល័យសួរបន្ត៖ «ចុះវាយ៉ាងម៉េចទៀត?»

សុខប៊ី ក៏និយាយបន្តថា៖ «ពេលនោះ គោ និងក្របី អស់សំណើចយ៉ាងខ្លាំង រហូតដល់ភ្លេចខ្លួនដើរទៅជំពប់គល់ឈើ រហូតដល់បាក់ធ្មេញមុខអស់។ ហើយចាប់ពីពេលនោះមក គោ និងក្របី អត់មានធ្មេញលើរហូត។»

សុខប៊ី និយាយថាគេបានអានរឿងនិទានប្រហែល១០រឿងមកហើយ ចាប់តាំងពីគេរៀនថ្នាក់ទី៣មក។

អ្នកគ្រូ ឃ្លោក វ៉ាន់នី អាយុ៤៧ឆ្នាំ ជាបណ្ណារក្សនៅសាលាបឋមសិក្សាគោហ៊េ និយាយថាបណ្ណាល័យរបស់គាត់មាន ការទាក់ទាញសិស្សានុសិស្សជាខ្លាំងបន្ទាប់ពីបណ្ណាល័យនេះចាប់បើកទ្វារកាលពីពីរឆ្នាំមុន។

អ្នកគ្រូ និយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ នៅពេលឃើញកូនសិស្សមកអានសៀវភៅច្រើននាក់។»

អ្នកគ្រូនិយាយថា សិស្សនៅក្នុងសាលាតែងតែមកខ្ចីសៀវភៅនៅបណ្ណាល័យប្រហែលជា៣០០ក្បាលក្នុងមួយខែ ដែលក្នុងនោះរួមមានទាំងសៀវភៅរឿងនិទានខ្លីៗ និងចំណេះដឹងទូទៅ។ អ្នកគ្រូនិយាយថា អ្នកគ្រូបែងចែកពេលអានតែ៤០នាទីសម្រាប់ថ្នាក់នីមួយៗដែលមកអានសឿវភៅនៅក្នុងបណ្ណាល័យ។

អ្នកគ្រូ វ៉ាន់នី និយាយថា៖ «សម្រាប់សិស្សថ្នាក់ទី១ និងទី២ ខ្ញុំតែងតែអានរឿងនិទានឲ្យគេស្តាប់។ បន្ទាប់ពីស្តាប់ហើយ ខ្ញុំសួរគេថាតើគេបានរៀនសូត្រអ្វីពីរឿងនិទានទាំងនេះ។»

ក្រៅពីផ្តល់ចំណេះដឹងផ្នែកសង្គម អ្នកគ្រូនិយាយថាបណ្ណាល័យអ្នកគ្រូក៏បានជួយដល់សិស្សក្នុងការបង្កើនចំណេះដឹងក្នុងការអានភាសាខ្មែររបស់ពួកគេផងដែរ។

អ្នកគ្រូនិយាយថា៖ «ខ្ញុំតែងតែឲ្យសិស្សអង្គុយជាក្រុមតូចៗ ដោយឲ្យសិស្សពូកែអង្គុយជាមួយសិស្សខ្សោយ។ សិស្សពូកែនឹងជួយបង្រៀនសិស្សខ្សោយឲ្យរៀនអានរឿងនិទាន។»

ទោះបីជាអ្នកគ្រូពេញចិត្តនឹងការងារសព្វថ្ងៃក្តី អ្នកគ្រូវ៉ាន់នីនិយាយថាអ្នកគ្រូមានការលំបាកជាច្រើន ទាំងប្រាក់ខែតិច និងការធ្វើដំណើរមកសាលារៀននៅរដូវភ្លៀងធ្លាក់។

អ្នកគ្រូនិយាយថា៖ «ប្រាក់ខែរបស់ខ្ញុំស្ទើរតែហូបព្រឹកខ្វះល្ងាច។»

លោក ពេជ្រ ភារុន អាយុ៣៩ឆ្នាំ ជានាយកសាលាបឋមសិក្សាគោហ៊េ គឺជាអ្នកផ្ចុងផ្តើមក្នុងការបង្កើតបណ្ណាល័យនៅក្នុងសាលាឡើង។

លោកគ្រូ​និយាយថា កាលពីពីរឆ្នាំមុននៅពេលដែលគាត់ឡើងតួនាទីជានាយកសាលា គាត់បានរៃអង្គាសប្រាក់ពីឪពុកម្តាយសិស្ស និងអ្នកភូមិបានប្រមាណជាមួយលានរៀល ហើយសុំខ្ចីលុយគ្រូៗបន្ថែមទៀតរហូតដល់បានជាងមួយពាន់ដុល្លា ទើបអាចកែប្រែថ្នាក់រៀនទី៦ឲ្យទៅជាបណ្ណាល័យបាន។

លោកគ្រូ ភារុន និយាយថាសិស្សនៅសាលារបស់គាត់ចូលចិត្តមកអានសៀវភៅនៅបណ្ណាល័យ ហើយឥឡូវនេះពួកគេចេះអានច្រើនជាងមុន។

លោកគ្រូ និយាយថា៖ «ពេលទំនេរ សិស្សតែងតែមកអានសៀវភៅ ពួកគេមិនចូលចិត្តលេងច្រើនដូចមុនឡើយ។​ ខ្ញុំ សប្បាយចិត្តដែលឃើញសិស្សចេះអានច្រើន។»

លោកគ្រូ ភារុននិយាយថា សាលារបស់គាត់នៅមានកង្វះខាតច្រើន ដូចជាអាងស្តុកទឹកសម្រាប់សិស្សលាងដៃ និងបង្គន់អនាម័យ ក្រៅអំពីអគារមួយខ្នងដែលទ្រុឌទ្រោមទៅហើយ។

ទោះបីជាសាលាបឋមសិក្សាគោហ៊េនៅជាប់ព្រំប្រទល់ខេត្តកណ្តាល លោកនាយកសាលានិយាយថាវាហាក់ដូចជានៅតំបន់ដាច់ស្រយាល ពីព្រោះគាត់ត្រូវចំណាយពេលពីរម៉ោង ដើម្បីទៅប្រជុំនៅការិយាល័យអប់រំស្រុកកងមាស ប្រមាណជា៥០គីឡូម៉ែត្រពីសាលារៀនរបស់គាត់។

ក្រៅពីនេះ លោកភារុននិយាយថាគ្រូបង្រៀននៅទីប្រជុំជនមិនចង់មកបង្រៀននៅសាលានៅជនបទនោះឡើយ ដោយសារមានការលំបាកផ្សេងៗ។

គាត់និយាយថា សាលារៀនរបស់គាត់មានគ្រូចំនួនប្រាំមួយនាក់ប៉ុណ្ណោះ រួមទាំងខ្លួនគាត់ នាយករង និងបណ្ណារក្សម្នាក់ផង ហើយត្រូវបង្រៀនពីរវេន សម្រាប់សិស្ស៣៩៨នាក់ដែលរៀនពីថ្នាក់ទី១ដល់ទី៦ ចំនួនសរុប១១ថ្នាក់។

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered