untitled-1-85

ផលប៉ះពាល់ពីការមើលទូរទស្សន៍ច្រើនពីក្មេង

​អត្ថបទ​មួយ​របស់ HealthDay News កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​បាន​និយាយថា យុវជន​ដែល​មិនសូវ​បានចេញ​ទៅ​ហាត់ប្រាណ​ទេ តែ​ចំណាយពេល​ច្រើន​អង្គុយ​នៅលើ​សា​ឡុង​មើល​ទូរទស្សន៍ នឹងមាន​សតិ​អន់​ខ្សោយ​ដល់ពេល​ឈានចូល​វ័យ​ពាក់កណ្តាល​មនុស្ស​។​

​វិទ្យាស្ថាន the Northern California Institute for Research and Education របស់​មជ្ឈមណ្ឌល the Veterans Affairs Medical Center នៅ San Francisco បានធ្វើការ​សិក្សា​លើ​មនុស្ស​ក្នុង​វ័យ​ជា​មធ្យម​២៥​ឆ្នាំ ចំនួន​៣,២០០​នាក់​(​ស្ត្រី​៥៧%) ភាគច្រើន​ជា​អ្នក​ដែល​បានបញ្ចប់​មធ្យមសិក្សា អស់​ពេល​២៥​ឆ្នាំ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​មាន​ចុះផ្សាយ​ជា​សាធារណៈ​នៅក្នុង​ព្រឹត្តិប័ត្រ JAMA Psychiatry កាលពី​ថ្ងៃទី​២ ខែធ្នូ​កន្លងទៅ​។​

​នាង Tina Hoang អ្នកដឹកនាំ​ស្រាវជ្រាវ​ម្នាក់​បាន​និយាយថា​៖ ការមិន​សូវ​ធ្វើ​សកម្មភាព​ខាង​រាងកាយ​ហើយ​និង​ការមើល​ទូរទស្សន៍​ច្រើនពេក​នៅក្នុង​យុវវ័យ​ធ្វើ​ឱ្យគេ​មាន​សតិ​អន់​ខ្សោយ​ដល់ពេល​ចូលដល់​ម​ជ្ឈឹ​ម​វ័យ ជាពិសេស​គឺមាន​អាយុ​៥០​ឆ្នាំ​។​

​នៅក្នុង​ការសិក្សា​នេះ គេ​បាន​កំណត់ថា​ជាការ​មើល​ទូរទស្សន៍​ច្រើនពេក​កាលណា​គេ​មើល​លើសពី​៣​ម៉ោង​ក្នុង​១​ថ្ងៃៗ​។ ចំពោះ​សកម្មភាព​ខាង​រាងកាយ​វិញ គេ​បានកំណត់​សកម្ម​ភាពជា​ឯក​តា​ដែល​អាស្រ័យ​ទៅតាម​រយៈពេល​និង​អាំង​តង់​ស៊ី​តេ​នៃ​សកម្មភាព​។ ចំណែកឯ​របៀប​វាស់វែង​សតិ គេ​គិត​ទៅលើ​ការចងចាំ​ពាក្យសំដី​ដែល​និយាយ និង​សមត្ថភាព​នៅក្នុង​ការលើក​ផែនការ រៀបចំ និង​អនុវត្ត​កិច្ច​ខាង​ស្មារតី​ណាមួយ​។​

​នៅ​ចុងបញ្ចប់​នៃ​ការសិក្សា មាន​អ្នក​ដែល​គេ​តាមដាន​ចំនួន​១១%​ដែល​ត្រូវបាន​ចាត់ទុកថា​មើល​ទូរទស្សន៍​ច្រើន និង​១៦%​ដែល​ត្រូវបាន​ចាត់ទុកថា​មិនសូវ​ធ្វើ​សកម្មភាព​ខាង​រាងកាយ​។ អ្នក​ដែល​មើល​ទូរទស្សន៍​ច្រើន​មានការ​បាត់បង់​មុខងារ​របស់​ស្មារតី​ច្រើនជាង​អ្នក​ដែល​មើល​ទូរទស្សន៍​តិច ហើយ​អ្នក​ដែល​មិនសូវ​ធ្វើ​សកម្មភាព​គិតគូរ​មិនបាន​លឿន​ដូចជា​អ្នក​ដែល​សកម្មភាព​ច្រើន​ទេ​។ ចំពោះ​អ្នក​ដែល​មើល​ទូរទស្សន៍​ច្រើន​ផង​ហើយ​មិនសូវ​ធ្វើ​សកម្មភាព​ផង​វិញ គឺមាន​ការ​ឱនថយ​ខាង​សតិ​ស្មារតី​ទ្វេដង​។​

​នាង Hoang បាន​និយាយថា ក្រៅពី​មូលហេតុ​ទាំងពីរ​នេះ វា​អាច​នៅមាន​កត្តា​ផ្សេងៗ​ទៀត​ដែល​គួរតែ​យកមក​ពិចារណា​ថែមទៀត ដូចជា​កម្រិត​នៃ​ការអប់រំ ស​ន្ទ​សន៍​ម៉ាស់​រាងកាយ ចំណីអាហារ ការជក់បារី ហើយ​និង​សុរា ជាដើម​។​

​អ្នកនាង Susan Albers ចិត្តវិទូ​នៃ​ផ្នែក​ចិត្ត​វិកល​វិទ្យា​និង​ចិត្ត​វិទ្យា​របស់ the Cleveland Clinic in Wooster នៅ Ohio បានបញ្ជាក់​បន្ថែមថា វា​ពិត​ជាមាន​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​ដែលនាំឱ្យ​ការមើល​ទូរទស្សន៍​ច្រើន​និង​ភាព​អសកម្ម​ក្នុង​ការធ្វើសកម្មភាព​ធ្វើឱ្យ​សតិ​ស្មារតី​ចុះខ្សោយ ក៏ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សំគាល់​គឺថា​កត្តា​ទាំងអស់នោះ​វា​ហាក់ដូចជា​មក​ផ្តុំគ្នា​យ៉ាងនេះ​។

​អ្វីដែល​យុវវ័យ​ត្រូវ​ដឹង​ហើយ​ជៀសវាង​កុំឱ្យ​មាន​ផល​អាក្រក់​ដល់ពេល​ដែល​ចាស់​ទៅ គឺ​កុំ​មើល​ទូរទស្សន៍​ច្រើនពេក​ពី​ក្មេង ហើយ​ឧស្សាហ៍​ធ្វើ​សកម្មភាព​ផង ដូចជា​ហាត់ប្រាណ​ជាដើម​៕​

ដោយ ទំព័រសុខភាព CEN
Untitled-1
Untitled-1
Untitled-1-Recovered