Untitled-1

ទម្លាប់​​​មនុស្ស​ជោគ​ជ័យ​ធ្វើ​មុន​ពេល​ចូល​គេង

អ្នកបានដឹងរឿងជាច្រើនពីមនុស្សល្បីមួយចំនួនថាពួកគេក្រោកឡើងនៅពេលព្រលឹមហើយចេញទៅធ្វើការ។ តែតើអ្នកដឹងទេថានៅពេលណានៅក្នុងមួយថ្ងៃដែលជាពេលសំខាន់បំផុតនោះ? តើអ្នកចង់ដឹងថាមនុស្សជោគជ័យទាំងនោះធ្វើអ្វីខ្លះមុនពេលគេចូលគេង? ខាងក្រោមជាទម្លាប់ចំនួន៦ដែលគេសង្កេតឃើញមនុស្សទាំងនោះធ្វើមុនពេលចូលគេង៖

អានសៀវភៅប្រមាណមួយម៉ោង

ក្រៅពីមានចំណេះដឹងបន្ថែមបានពីការអាន ការអាននេះបានបង្កើតឲ្យមនុស្សមានទម្លាប់ល្អ អាចកាត់បន្ថយស្ត្រេស ព្រមទាំងជួយឲ្យមានការចងចាំល្អទៀតផង។ ការសិក្សាបានបង្ហាញថាការអានសៀវភៅបាន៦នាទីឡើងទៅអាចធ្វើឲ្យយើងបាត់ស្ត្រេសដល់ទៅ៦៨%។ អត្ថប្រយោជន៍មួយទៀតគឺការអានធ្វើឲ្យយើងមានសុខភាពខួរក្បាលល្អ និងដំណើរការគិតបានល្អ។

ដើរមួយស្របក់

ការដើរបន្តិចនៅពេលយប់គឺភាគច្រើនដោយសារតែចង់ឲ្យមានអារម្មណ៍ល្អបន្ទាប់ពីការងារជាច្រើននៅពេលថ្ងៃរួចទៅហើយ។ ការសិក្សាបានបង្ហាញថាការដើរអាចជួយឲ្យមនុស្សមានភាពច្នៃប្រឌិត មានន័យថានៅពេលដែលគេដើរ គេមិនគិតពីអ្វីទេ ហេតុនេះគឺខួរក្បាលរបស់គេអាចទទួលយកនិងបញ្ចេញគំនិតបានទូលាយនិងច្រើនទៀតផង។ ដូច្នេះបើអ្នកមានបញ្ហាអ្វីដែលពិបាកដោះស្រាយ អ្នកគួរតែចំណាយពេលដើរបានបន្តិចក្រែងអាចនឹកឃើញគំនិតអ្វីដែលថ្មីនិងល្អ។

ការធ្វើសមាធិឬការធ្វើចិត្តឲ្យស្ងប់

បន្ទាប់ពីភាពតានតឹងជាមួយការងារឬការសិក្សានៅពេលថ្ងៃ មនុស្សម្នាក់ៗតែងតែចង់បានពេលនៅស្ងប់សុខនៅពេលយប់ ហើយការសមាធិនេះអាចជាវិធីល្អណាស់។ ការសិក្សានៅឆ្នាំ២០១៤បានបញ្ជាក់ថាការសមាធិអាចធ្វើឲ្យមានការកាត់បន្ថយភាពតានតឹង កំហឹង ការធ្លាក់ទឹកចិត្ត ការឈឺចាប់ ឬជម្ងឺជាដើម។

ធ្វើគម្រោងសម្រាប់ថ្ងៃស្អែក

លោកប្រធានក្រុមហ៊ុនរបស់ American Express ម្នាក់ចូលចិត្តធ្វើគម្រោងការងាររបស់គាត់សម្រាប់ថ្ងៃស្អែកឲ្យហើយ។ គេបានធ្វើការស្រាវជ្រាវទៅលើសិស្សមួយក្រុមដែលមានការធ្វើគម្រោងការងារប្រចាំថ្ងៃបានត្រឹមត្រូវ។ ការស្រាវជ្រាវនោះបានបង្ហាញថាអ្នកធ្វើបែបនេះតែងមានការសិក្សាល្អ មានវិន័យល្អ មានភាពជោគជ័យ និងទទួលបានពិន្ទុGPA ខ្ពស់ទៀតផង។

រកគំនិតដើម្បីធ្វើការច្នៃប្រឌិតអ្វីមួយ

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថានៅពេលយប់គឺជាពេលដែលយើងអាចមានភាពច្នៃប្រឌិតនិងការគិតខ្ពស់ទោះបីជាអ្នកមានការអស់កម្លាំងពីការងារក៏ដោយ។ អ្នកស្រាវជ្រាវជឿថានេះជារឿងពិតដោយសារតែនៅពេលយប់គឺការគ្រប់គ្រងអារម្មណ៍របស់អ្នកមានតិច ហើយបើអ្នកចង់ធ្វើអ្វីមួយហើយគឺពិតជាបាន។ ហេតុនេះអ្នកគួរតែបង្កើតទម្លាប់គិតអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងមុនពេលគេង។

ផ្តាច់ដំណើរការគ្រឿងអេឡិចត្រូនិច

សាស្រ្តាចារ្យសិក្សាពីការគេងបានបញ្ជាក់ថាភ្លើងភ្លឺៗរបស់ទូរស័ព្ទយើងគឺបានបង្អាក់ចលនាការគេងរបស់ខ្លួនយើង ព្រមទាំងធ្វើឲ្យខួរក្បាលរបស់យើងគិតថាវានៅជាពេលថ្ងៃនៅឡើយ។ ពន្លឺទាំងនោះបញ្ជូនទៅកាន់ខួរក្បាលរបស់យើងដែលរារាំងមិនឲ្យយើងសម្រាកបាន។ ទាំងនេះហើយជាហេតុផលដែលអ្នកត្រូវគិតគូរទុកទូរស័ព្ទឲ្យបានត្រឹមត្រូវដើម្បីឲ្យអ្នកមានដំណេកស្កប់ស្កល់មួយ។

ដោយ ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered