Untitled-1 (4)

គន្លឹះ​ក្នុង​ការ​បង្កើន​សមត្ថភាព​និយាយ​ជា​សាធារណៈ

តើ​អ្វី​ទៅ​ជា​ជំនាញ​និយាយ​ជា​សាធារណៈ?​

ជំនាញ​និយាយ​ជា​សាធារណៈ​​ដែល​ភាសា​អង់​គ្លេស​ហៅ​ថា​ Public Speaking Skills គឺ​ជា​សមត្ថ​ភាព​មួយ​ក្នុង​ការ​បង្ហាញ​គំនិត​ឬ​អ្វី​មួយ​ដែល​អ្នក​ចង់​បង្ហាញ​​ទៅ​កាន់​ក្រុម​មនុស្ស​​​ឬ​ក៍​អតិថិជន​របស់​អ្នក។​ ជំនាញ​នេះ​​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​​ផ្សេង​ៗ​គ្នា​ដូច​ជា​ក្នុង​វិស័យ​ជំនួញ​ នយោបាយ​ ក្រុម​ហ៊ុន​សហគ្រាស។ល​។​ដែល​តំរូវឲ្យ​អ្នក​ធ្វើ​ការ​និយាយ​ជា​ចាំ​បាច់​។​

សំរាប់​អ្នក​ជំនាញ (Professionals) ​ជំនាញ​និយាយ​ជា​សាធារណៈ​អាច​ជួយ​ឲ្យ​ពួក​គេ​អាច​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ​បានយ៉ាង​​ល្អ​​​ទៅ​កាន់​​ទស្សនិក​ជន​​​ដែលជា​ទូទៅ​​មាន​ចំនួន​ច្រើន​។​​ យ៉ាង​ណា​មិញ​​សារៈ​សំ​ខាន់​របស់​ជំនាញ​និយាយ​ជា​សាធារណៈ​​សំរាប់​សិស្សា​នុសិស្ស​ក៏​មិន​គួរ​មើល​រំលង​ផង​ដែរ។​​ ជា​ការ​ពិត​ណាស់​​ជំនាញ​នេះ​អាច​ជួយ​ឲ្យ​អ្នក​យក​ឈ្នះ​​ទំនុក​ចិត្ត​របស់​អ្នក​ដទៃ​​ដែល​ជា​ចុង​ក្រោយអាច​​ជួយ​ឲ្យ​អ្នក​ឬ​ក្រុមហ៊ុនរបស់អ្នក​​​​ទទួល​​បាន​​ផល​ប្រយោជន៍​។​ជំនាញ​និយាយ​ជា​សាធារណៈនេះ​ បាន​នឹង​កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ភាព​ជោគ​ជ័យ​របស់​បុគ្គលដ៏​​មាន​ឥទ្ធិពលនានា​​នៅ​ជុំវិញ​ពិភព​លោក​។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​ហាក់​ដូច​ជា​មិន​ទាន់​ដឹង​ពី​វិធី​សាស្រ្ត​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​អាច​បង្កើន​នូវ​ជំនាញ​នេះ​បាន​នៅ​ឡើយ​ទេ​។

បើ​តាម​ការ​ស្រាវ​ជ្រាវបាន​រក​ឃើញ​ថា​មាន​មនុស្ស​មិន​តិច​ទេ​​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ដែល​តំរូវ​ឲ្យ​ពួក​​គេ​និយាយ​ឬ​ក៏​ធ្វើ​​បទ​បង្ហាញ​ជា​សាធារណៈ​។​ វិធី​សាស្រ្ត​ដើម្បី​ធ្វើ​ឲ្យ​ជំនាញ​និយាយ​ជា​សាធារណៈ​​របស់​អ្នក​មាន​ភាព​ប្រសើរ​ឡើង​ដែល​នឹង​លើក​យក​មក​បក​ស្រាយ​ក្នុង​អត្ថ​បទ​នេះ​នឹង​ជួយ​តម្រង់​ទិស​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សំរេច​នូវ​ក្តី​សុបិន្ត​មួយ​ដើម្បី​ឲ្យ​ក្លាយ​ជា​បុគ្គល​ម្នាក់​លែង​ខ្លាច​ក្នុង​ការ​និយាយ​ជា​សាធារណៈ​។​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះមួយ​ចំនួន​​ក្នុង​ការ​និយាយ​ជា​សាធារណៈដែល​ខ្ញុំ​បាទ​បាន​សិក្សា ​ក៏​ដូចជា​អនុវត្ត​ដោយ​ផ្ទាល់​ក្នុង​ការ​និយាយ​ជា​សាធារណៈ​នាពេល​កន្លង​មក​។ សង្ឃឹម​ថា​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​នឹង​ទទួល​បាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​ជំនាញ​នេះ​ ហើយ​បើ​សិន​ជាមាន​ភាព​ខ្វះ​ខាត​ឬ​លើស​លោះ​ដោយ​ប្រការ​ណា​មួយមិន​សមរម្យ​​នោះ ​សូម​មេត្តា​អធ្យាស្រ័យ​ដោយ​អនុគ្រោះ​ផង​ចុះ​ ដោយ​ថា​បទ​ពិសោធន៍​នៅ​ក្មេង​ខ្ចី​តែ​អាស្រ័យ​ដោយ​ហេតុចង់​ចែក​រំលែក​ចំណេះ​ដឹង​ដែល​មាន​បន្តិច​បន្តួច​​ មិន​ចង់​ទុក​ឲ្យ​កប់​ចាល​​ ចែក​ជូន​ដល់​បង​ប្អូន​អ្នក​សិក្សា​ទាំង​អស់​គ្នា​។

គន្លឹះ​ក្នុង​ការ​បង្កើន​សមត្ថភាព​និយាយ​ជា​សាធារណៈ

សង្កេត​មើល​ពី​របៀប​និយាយ​របស់​បុគ្គល​ដែល​ពូកែ​ធ្វើ​បទ​បង្ហាញ​

បើ​តាម​ប្រសាសន៍​របស់​លោក​ សូអ៊ីជីរ៉ូ ហុងដា ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ហុង​ដា​ដ៏​ល្បី​ឈ្មោះ​របស់ប្រទេស​ជប៉ុន​ មនុស្ស​ដែល​ជោគជ័យ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​ចេះ​សិក្សា​រៀន​សូត្រ​ពី​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន ហើយ​ប្រើ​ប្រាស់​នូវ​អ្វី​ដែល​គេ​បាន​រៀន​នោះ​ដើម្បីអភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ជោគជ័យ​។​ជាការពិតណាស់ ​មនុស្ស​ម្នាក់​អាច​សិក្សា​បាន​ច្រើន​ណាស់​បើសិន​ជា​គេ​នោះ​មាន​ជំនាញ​ក្នុង​ការ​សង្កេត​ (Good Observation Skills)។​ អាច​នឹង​មាន​មនុស្ស​ជា​ច្រើនណាស់​​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ដែល​បាន​យល់​ដឹង ​ឬ​ក៏​មាន​សិល្បៈ​ក្នង​ការ​និយាយ​ជា​សាធារណៈ​រួច​ទៅ​ហើយ​ ដូច្នេះអ្នក​គួរ​តែ​​សង្កេត​មើល​ថា​តើ​ពួក​គេ​និយាយ​​ឬ​មួយ​ធ្វើ​ដូច​ម្តេច​នៅ​ចំពោះ​មុខ​សាធារណៈ​ជនទើប​ឥរិយាបទ​របស់​ពួក​គេ​មើល​ទៅ​​ប្រកប​ដោយ​ភាព​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។​ បើ​សិន​ជា​​មាន​ឱកាស ​អ្នក​គប្បី​ចូល​ទៅ​និយាយ​លេង​សំនេះ​សំណាល​ជាមួយ​ពួក​គេ​​ ហើយ​សុំ​ជា​យោបល់​របស់​ពួក​គេ​ថា​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​មាន​ជំនឿជាក់​លើ​ខ្លួន​ឯង​​មាន​សុទិដ្ឋិនិយម​ឬ​ក៏មាន​ជោគជ័យ​​ក្នុង​ជីវិត​ជាដើម​។​​រៀន​ពី​ចម្លើយនិង​ដំបូន្មាន​​របស់​ពួក​គេ​ដើម្បីភាព​​ជោគជ័យ​របស់​អ្នក​។​

បង្កើន​សមត្ថភាព​ភាសា​របស់​អ្នក​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​
ភាសា​សំដៅ​ទៅ​លើ​ភាសា​ដែល​អ្នក​លើក​មក​និយាយ។​
បើ​អ្នក​និយាយ​ជា​ភាសា​ជាតិ​អ្នក​ត្រូវ​ស្ទាត់​ជំនាញ​ភាសា​ជាតិ​របស់​អ្នក​
តែ​បើ​អ្នក​និយាយ​ជា​ភាសា​បរទេស​ អ្នក​ត្រូវ​ពង្រឹង​ភាសា​បរទេស​នោះ​ឲ្យ​បាន​ស្ទាត់​ជំនាញ​។

ដំបូន្មាន​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​អភិវឌ្ឍ​ជំនាញ​និយាយ​ជា​សាធារណៈ​របស់​អ្នក​គឺ​ថា​ធ្វើ​យ៉ាង​ណា​ត្រូវបង្កើន​សមត្ថភាព​ភាសា​របស់​អ្នក​ជាមុន​សិន​។ ​បើសិន​ជា​អ្នក​មិន​និយាយ​ភាសា​បាន​ល្អ​ឬស្ទាត់​ជំនាញទេ ​អ្នក​ប្រហែល​ជា​មិន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដែល​កំពុង​តែ​ស្តាប់​អ្នក​នោះ​ទេ ​ដូចេ្នះ​ហើយ​សមត្ថភាព​ប្រើប្រាស់​ភាសា​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​​ការ​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​។​ ប៉ុន្តែ​អ្នក​គួរ​ចងចាំ​ថា​​ការ​រៀន​ភាសា​គេ​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ​វា​ទាមទារ​ពេល​វេលា ​និង​ការ​ព្យាយាម​ប្រឹងប្រែង​ និយាយរួម​គ្មាន​នរណា​ម្នាក់​អាច​រៀន​ចេះ​ភ្លាម​ៗ​ក្នុង​រយៈ​ពេល​មួយ​ពព្រិច​ភ្នែក​បាន​នោះ​ទេ​​​ អញ្ចឹង​ហើយបើ​សិន​ជា​អាច ​​ចូរ​អ្នក​ធ្វើ​ការ​អនុវត្ត​ឲ្យ​បាន​ច្រើន​ ដូច​ដែល​ប្រយោគ​មួយ​របស់​ភាសា​អង់គ្លេស​និយាយ​ថា​ “Practice makes perfect” ឬក៏​ការ​អនុវត្ត​ជួយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ​

បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​

វា​ជា​រឿង​ធម្មតា​ទេ​ដែល​ថា ​នៅ​ពេល​ណា​អ្នក​មាន​ជំនឿជាក់​លើ​ខ្លួន​ឯង​ហើយ​នោះ ​អ្នក​ប្រាកដ​ជា​មាន​កំលាំង​ចិត្ត​ និង​ភាព​ក្លាហាន​ក្នុង​ការ​​បញ្ចេញ​សមត្ថ​ភាព​របស់​អ្នក​បាន​យ៉ាង​ល្អ​។ ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជា​អ្នក​នៅ​មាន​ភាព​ស្រពេច​ស្រពិល ​ឬ​ក៏​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទេ​នោះ ​បើទោះបី​ជា​អ្នក​​មាន​ចំនេះ​ដឹង​ ឬបាន​រៀប​ចំ​ខ្លួន​ទុក​ជា​មុន​យ៉ាង​ណា​ក៏​ដោយ ​អ្នក​នឹង​មិន​អាច​បង្ហាញ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​បាន​ដែរ​​។​ ​​​អាស្រ័យ​ហេតុ​នេះ ​អ្នក​គួរ​តែ​មាន​សុទិដ្ឋិនិយម​លើ​សមត្ថ​ភាព​របស់​ខ្លួន​ឯង និង​ផ្តោត​អារម្មណ៍លើ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​វិញ​ដើម្បី​​រក​វិធី​សាស្រ្ត​យ៉ាង​ណា​ធ្វើ​ឲ្យ​ការ​និយាយ​របស់​អ្នក​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ទស្សនិក​ជន​​ ជា​ជាង​គិត​ថា​តើ​ពួក​គេ​​​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ។

រៀប​ចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​សំរាប់​ការ​និយាយ​របស់​អ្នក

មាន​ឃ្លា​មួយ​សរសេរ​ថា “​បើ​អ្នក​បរាជ័យ​ក្នុង​ការ​ត្រៀម​ខ្លួន​ទុក​ជាមុន ​គឺ​ស្មើ​នឹង​ត្រៀម​ខ្លួន​ទុក​ជា​មុន​ក្នុង​ការ​បរាជ័យ”​។​ មិន​ខុស​គ្នា​នោះ​ទេ​ ក្នុង​ការ​និយាយ​ជាសាធារណៈ​ការ​រៀប​ចំ​ខ្លួន​ទុក​ជាមុន​​មាន​សារៈ​សំខាន់​មែន​ទែន​ ​​ព្រោះ​ទោះ​បីជា​អ្នក​ជា​មនុស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​​ក៏​ដោយ ​តែ​បើ​​មិន​ដឹង​ថា​អ្នក​ត្រូវ​និយាយ​ពី​អ្វី​នោះ​ទេ ​អ្នក​ប្រាកដ​គឺ​ជា​មិន​អាច​ធ្វើ​បាន​ល្អនោះ​ទេ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ប្រធាន​បទ​ដែល​​ត្រូវ​លើក​មក​និយាយ​ និង​ព្យាយាម​ឈ្វេង​យល់​ឲ្យ​បាន​ច្បាស់ជា​មុន​ ជៀស​វាង​និយាយ​មិន​ដឹង​ក្បាលមិន​ដឹង​កន្ទុយ​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​សា្តប់​មិន​យល់​ ថែម​ទាំង​ធុញ​ទ្រាន់​នឹង​អ្វីដែល​អ្នក​កំពុង​និយាយ​ទៀត​ផង​។ មួយ​វិញ​ទៀត​ បើ​សិន​ជា​អ្នក​លើក​យក​ព័ត៌​មាន​មិន​ពិត ឬ​ក៏​មិន​ត្រឹម​ត្រូវ​មក​និយាយ​ វា​អាច​នឹង​ធ្វើ​ឲ្យ​ទស្សនិក​ជន​បាត់​បង់​ជំនឿ​ជាក់​ម​កលើ​អ្នក។​ ហើយ​ត្រូវ​ចង់​ចាំ​ថា​គ្មាន​អ្វី​អាក្រក់​ជាង​នេះ​ទៀត​ទេ​។​

ជា​សរុប​មក​បើ​អ្នក​ចង់​សំរេច​បាន​អ្វី​មួយ​អ្នក​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ ព្រោះ​ថា​បទ​ពិសោធន៍​ល្អ​ៗ​មិន​មែន​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​មួយ​ពព្រិច​ភ្នែក​នោះទេ​។ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ទទួល​នូវ​ចំណេះ​ដឹង​ល្អ​ៗ​មួយ​ចំនួន​បន្ទាប់​​ពី​បាន​អាន​អត្ថបទ​មួយ​នេះចប់។​

ដោយ ahladang
Untitled-1
Untitled-1
Untitled-1-Recovered