១. វិធីសិក្សាឲ្យក្លាយជាសិស្សពូកែ
អ្នកអាចចាប់ផ្តើមអានរឿងប្រលោមលោក និងកំណាព្យដែលមាននៅក្នុងកម្មវិធីសិក្សា និងអានសៀវភៅរឿងបរទេស រួចធ្វើការប្រៀបធៀបគ្នា។ អ្នកក៏អាចអានសៀវភៅវេយ្យាករណ៍ ជាពិសេសសៀវភៅណែនាំពីវិធីសាស្ត្រក្នុងការតែងនិពន្ធជាដើម។ ការសរសេរ ការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ក្នុងថ្នាក់ និងជំនឿចិត្តលើខ្លួន ពិតជាជំនួយយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅ។ ចងចាំថា បរាជ័យគឺជាគន្លឹះនៃជោគជ័យ ដូច្នេះកុំរាថយក្នុងការអានច្រើន ព្រោះវាជាឱកាសក្លាយជាសិស្សពូកែ៕
២. វិធីបង្កើនប្រសិទ្ធភាពក្នុងការអានសៀវភៅ
ចំណាប់អារម្មណ៍ និងឆន្ទៈក្នុងការអានសៀវភៅពិតជាគន្លឹះសំខាន់ដើម្បីទទួលបាន ប្រសិទ្ធភាពខ្ពស់។ បន្ទាប់មក អ្នកត្រូវជ្រើសរើសប្រភេទសៀវភៅចូលចិត្ដ និងផ្ដល់អត្ថប្រយោជន៍ចំពោះរូបអ្នក។ ម្យ៉ាងវិញទៀត អ្នកត្រូវដឹងឲ្យច្បាស់ពីអ្វីដែលអ្នកកំពុងតែអាន។ អានច្រើន រួចត្រឹះរិះពិចារណានូវព័ត៌មានសំខាន់ និងពាក់ព័ន្ធ។ ជាចុងក្រោយ ការអានពីបញ្ហាដែលកើតមានក្នុងជីវិតប្រចាំថ្ងៃរបស់ដំណើរ រឿងនីមួយៗ មកប្រៀបធៀបជាមួយជីវិតពិត អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលចូលចិត្តអានជាពុំខាន៕
៣. វិធីបង្កើនជំនឿចិត្ត
ដើម្បីកសាងជំនឿចិត្តលើខ្លួនឯង ជាដំបូងអ្នកត្រូវកំណត់ចំណាំ និងគិតពីលទ្ធផលវិជ្ជមានលើចំណុចខ្សោយរបស់អ្នក ហើយព្យាយាមនិយាយបញ្ហារបស់ខ្លួនប្រាប់ទៅមិត្តជិតដិត។ អ្នកចាប់ផ្ដើមកត់ត្រារាល់ទង្វើទទួលបានជោគជ័យ និងរីករាយចំពោះវាជានិច្ច។ បន្ទាប់មក ចូរចងចាំក្នុងចិត្តថា គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ ដូច្នេះអ្នកមិនចាំបាច់តក់ស្លុកចំពោះទង្វើខុសឆ្គងរបស់ខ្លួន ឡើយ។ សរុបមក កុំទាមទារខ្លួនឯងឲ្យក្លាយជាមនុស្សល្អឥតខ្ចោះឲ្យសោះ៕
៤. វិធីសិក្សាអក្សរសាស្ត្រខ្មែរឲ្យជោគជ័យ
ម៉ោងអក្សរសាស្ដ្រ ពិតជាគួរឲ្យធុញទ្រាន់មែន ប៉ុន្ដែអ្នកមិនអាចទទួលជោគជ័យបានឡើយ ប្រសិនបើអ្នកមិនយកចិត្ដទុកដាក់ស្ដាប់គ្រូពន្យល់។ ដូច្នេះ ដើម្បីទម្លាក់អារម្មណ៍តានតឹងរបស់ខ្លួនចោល អ្នកត្រូវតែធ្វើខ្លួនជាសិស្សសកម្មគ្រប់មេរៀនទាំងអស់។ អ្នកត្រូវប្រើភ្នែកសម្លឹងមើលគ្រូកំពុងបង្ហាត់ ប្រើត្រចៀកស្តាប់ដោយយកចិត្តទុកដាក់ ហើយដៃត្រៀមកត់ត្រានូវចំណុចសំខាន់ៗ។ នៅពេលកំពុងត្រងត្រាប់ស្តាប់គ្រូពន្យល់ អ្នកត្រូវរៀនវិភាគនូវការពន្យល់ទាំងនោះ ដូច្នេះ អ្នកអាចនឹងអភិវឌ្ឍលើគំនិតបញ្ញារបស់ខ្លួន ជាពិសេស ត្រូវហ៊ានសួរនៅពេលឆ្ងល់៕
៥. វិធីសរសេរតែងសេចក្តីឲ្យបានល្អក្នុងពេលប្រឡង
ការប្រឡង ទាមទារឲ្យអ្នកមានការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព និងយកចិត្តទុកដាក់បំផុត ជាពិសេស ចំពោះការសរសេរតែងសេចក្តីដែលត្រូវប្រើពេល យូរ។ តាមបទពិសោធរបស់ខ្ញុំ ការសរសេរតែងសេចក្តីខ្មែរ តម្រូវឲ្យអ្នកចំណាយពេលអានប្រធានបទដោយយកចិត្តដាក់ និងត្រូវដឹងថា វាស្ថិតក្នុងប្រភេទមួយណា ព្រមទាំងចេះកំណត់រកបញ្ហាសំខាន់ក្នុងប្រធានបទនោះផងដែរ។ បន្ទាប់មក អ្នកចាប់ផ្ដើមសរសេរគំនិតព្រាង និងបែងចែកជាផ្នែកនីមួយៗ ជាមួយឧទាហរណ៍ច្បាស់លាស់ រួចទើបទុកពេលវេលាសមល្មមសម្រាប់សរសេរសម្រេច៕