Untitled-1 (46)

ពាក្យស្លោក “ខ្លួនទាបឲ្យខំតោង”

ខ្លួនទាបអោយខំតោង ដៃខ្លីអោយខំឈោង ជើងមានស្រវាដើរឡើងភ្នំ

សូម្បីកេសរកូល បុប្ផជាតិព្រៃ ពុំមានដើមធំខ្ពស់ មានត្រឹមតែឬសតូចៗល្អិតៗ និង គល់ខ្លីរុំដោយស្លឹក, ថ្វីបើមិនអាចចាក់ឬសដល់ដី ក៏គង់នៅតស៊ូប្រឹងស្រូបយកជាតិខ្យល់ សន្សើម និង សំណើមនៅលើសំបកឈើ របស់រុក្ខជាតិធំៗ ថែមទាំងស៊ូប្តូរ ប្រឹងវារឡើងដើមឈើ ឆ្ពោះទៅរកអាកាស បឺតយកសំណើមអាកាស និង ពន្លឺថ្ងៃ ដើម្បីបណ្តុះបណ្តាលខ្លួន អោយរឹងមាំ បង្កបង្កើនកម្លាំងជីវិតរបស់ខ្លួន រហូតដល់អាចមានសមត្ថភាព បញ្ចេញផ្កាស្រស់ស្អាត បង្កើនសោភ័ណ ជូនពិភពលោក យ៉ាងសោភាត្រកុំត្រកាលក្រៃលែង។

យ៉ាងណាមិញ ក្នុងភាពជាមនុស្ស យើងក៏អាចប្រឹងស៊ូប្តូរជួយខ្លួនយើង អោយបានថ្កុំថ្កើង ជាអតិបរមា តោងវិជ្ជា តោងសៀវភៅបង្កើនបញ្ញា តោងហ្វឹកហាត់ការងារ តោងគុណធម៌និងអំពើល្អ មិនថាតិចឬច្រើន មិនថានាំប្រយោជន៍ជូនសង្គមច្រើនយ៉ាងណា គឺយើងនៅតែប្រឹងតស៊ូជានិច្ច មិនខុសពីគម្រូផ្កាកេសរកូលព្រៃទាំងនេះឡើយ ហើយយើងក៏នៅតែប្រឹង បង្កបង្កើន ឳកាស លទ្ធភាព និង សមត្ថភាពអតិបរមា របស់យើង ដោយ ពាំនាំ នូវបញ្ញា ទេពកោសល្យ និង ការព្យាយាមដ៏ប្រពៃ ទៅបម្រើសង្គមលោក យ៉ាងល្អត្រកាល ក្នុងទឹកចិត្តសោមនស្សសប្បុរស ត្រសុំត្រសាយ ផ្សព្វផ្សាយក្លិនក្រអូប នៃគុណសម្បត្តិ ល្អប្រពៃនៃយើង អោយបានដល់ជាប្រយោជន៍ ក្នុងសង្គមជាតិ យ៉ាងទូលំទូលាយ រុងរឿងអនេកប្បការ យ៉ាងដូច្នោះដែរ។

ដោយ កែវ ច័ន្ទបូរណ៍
Untitled-1
Untitled-1
Untitled-1-Recovered