PP

រឿង ក្រុង​ភ្នំពេញ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ២៧ – ៣៦

ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។ ប៉ុន្តែដោយទីទួលបាសាណនេះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់សាងប្រាសាទព្រះរាជវាំងហើយ គង់នៅបានតែមួយឆ្នាំក៏ទ្រង់ស្ដេចយាងមកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស. ១៤៣៤ ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ មាន ២ លើក
លើកទី ១  នៅគ្រិស្តសតវត្សទី ១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនឋិតថេរ
លើកទី ២  នៅគ្រិស្តសតវត្សទី ១៩ រជ្ជកាលព្រះបាទនរោត្តម ទើបឋិតថេរ ។
បានជាការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ មាន ២ លើក ព្រោះពីក្រោយស្ថាបនាលើកទី១ អំពី គ. ស. ១៤៣៤ ដល់ ១៤៩៧ នោះ ព្រះរាជវាំងបានស្ថាបនានៅអង្គរវិញ… ក្រោយពីអង្គរ ទៅពោធិ៍សាត់ … ទៅបរិបូណ៌… ទៅលង្វែក… ទៅឧត្តុង្គ, ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំងត្រឡប់មកស្ថាបនានៅក្រុងភ្នំពេញវិញជាលើកទី ២ នៅ គ. ស. ១៨៦៥ ទើបបានឋិតថេរដល់សព្វថ្ងៃ ។
រឿងដើមកំណើតទីក្រុងភ្នំពេញ
ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា
ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញ យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្ន ។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។ បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា ” អ្នកតាព្រះចៅ ” ។ នាមចាប់មកដល់សព្វថ្ងៃនេះ ។
កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា ” វត្តភ្នំដូនពេញ ” ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា ” វត្តភ្នំ ” ហើយទីភូមិនោះ គេហៅថា ” ភ្នំពេញ ” តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។
ឯព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងពិត ( នេះជំនឿរបស់អ្នកស្រុក ) ។
នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១
ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង មហានគរ (នគរធំ) បាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់ ១៦ នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នៅថ្ងៃទី ១៣រោច ខែមិគសិរ ឆ្នាំជូត ចត្វាស័ក ព. ស. ១៩៧៦ ច.ស. ៧៩៤ គ. ស. ១៤៣២ ព្រះបាទសម្ដេចបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយរាជសេវកាមាត្យ នាហ្មឺនសព្វមុខមន្ត្រីជាដើម ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក លុះថ្ងៃ ១៥ កើត ខែបុស្ស ឆ្នាំជូតចត្វាស័ក ស្ដេចយាងដល់ទួលបាសាណ ស្ដេចគង់នៅជាសុខសម្រាន្តក្នុងព្រះរាជវាំងបាសាណនោះ បានត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជយភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ ឃើញថា ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ។
នៅថ្ងៃ ៩ កើត ខែពិសាខ ឆ្នាំ ខាលឆស័ក ព. ស. ១៩៧៨ ច. ស. ៧៩៦ គ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណ, នៅថ្ងៃ ១៥ កើត ខែពិសាខ នុ៎ះឯង ស្ដេចយាងចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ  ។
នៅថ្ងៃ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ នព្វស័ក ព. ស. ១៩៨១ ច. ស. ៧៩៩ គ. ស. ១៤៣៧ ព្រះប្រទានក្រុងថ្មីនេះថា ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុម្មុខបូព៌ា វិញ ។ល។ ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង ជាអ្នកកាន់ការលើកដីចាប់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងផង ។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក គឺទីដីត្រង់ផ្សាថ្មីសព្វថ្ងៃនេះ ។ល។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ ។ល។
ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងព្រះចេតិយធំៗ ពីខាងក្រោយវិហារ ។ល។ ទ្រង់បញ្ញត្តឲ្យហៅវត្តភ្នំដូនពេញថា វត្តព្រះចេតិយបព៌ត ដូច្នេះវិញ (លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក ) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ ៖
១- វត្តកោះ    នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,
២- វត្តលង្កា    នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,
៣- វត្តព្រះពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ
បានជាទ្រង់ព្រះរាជទាននាមវត្តទាំង ៣ នេះដូច្នេះ ដើម្បីឲ្យសមនឹងដំណើររឿងដែលថា ព្រះឃោសាចារ្យទៅចម្លងគម្ពីរអំពីកោះលង្កា ។

៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ មានព្រះនាមថា ព្រះស្រកាលេញ ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ ។

៥- វត្តឧណ្ណាលោម ដែលមាននាមនេះស្រេចស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាន ៥ ខាងលិចវត្តឧណ្ណាលោមសព្វថ្ងៃនេះ
៦- វត្តខ្ពបតាយ៉ង ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។
បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១ នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ប៉ុន្តែដោយហេតុត្រង់កន្លែងនោះ មានរោងចិនដំដែកវិញ ។
នៅតាមមាត់ទន្លេ ៤ មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។ ឯភូមិភាគខាងលិចទីក្រុងសុទ្ធតែជាវាលស្រែ ។
បួនឆ្នាំក្រោយមក ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី ២
នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវសប្ដស័ក ព. ស. ២៤០៩ ម. ស. ១៧៨៧ ច. ស. ១២២៧, គ. ស. ១៨៦៥(១) ម៉ោង ៩ ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវាវតារ (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។
ការកសាងក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន ។


១- សៀវភៅពង្សាវតារនៃប្រទេសកម្ពុជា របស់ក្រសួងសិក្សាធិការ បោះពុម្ពក្នុងឆ្នាំ ១៩២៥ ទំព័រ ទី ១០ ថា ទ្រង់ព្រះនាមព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាថិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជា បរមនាថបរមបពិត្រ ។

២- ព្រះស្រីសុរិយោពណ៌ ឡើងគ្រងរាជពី គ. ស. ១៣៨៤, តែ ១២ ឆ្នាំក្រោយមកទើបអភិសេកនៅ គ. ស. ១៣៩៦ ។ ព្រះក្នុងរាជ្យថា ព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជាធិរាជព្រះបរមនាថបរមបពិត្រ ( សូមអាន : Histoire du cambodge, A. Leclère P. 218 ) ។

៣- សៀវភៅប្រវត្តិឧណ្ណាលោម របស់សម្ដេចព្រះសង្ឃរាជ ជួន ណា គណមហានិកាយ បោះពុម្ពក្នុងឆ្នាំ ១៩៦៣ ទំព័រ បញ្ជាក់ពីរឿងព្រះបាទ ពញាយ៉ាត ថាជាស្ដេចចេញចាកមហានគរនៅ គ. ស. ១៤៣២ ដូចខាងលើនេះ, សៀវភៅកម្ពុជាវតាររបស់ក្រសួងអប់រំជាតិ បោះពុម្ពក្នុងឆ្នាំ ១៩២៩ ទំព័រ ៤៨ ថា នៅ គ. ស. ១៤២១ ។

៤- ព្រះស្រកាលេញអង្គនេះហើយដែលចៅពញាភក្តីសង្គ្រាមហុក ជាមេទ័ពមានកេរ្តិ៍ឈ្មោះ បានចូលទៅបួងសួងនៅពេលយប់មុននឹងចុះហែលទឹកទន្លេទៅលបអញ្ជើញស្ដេចសម្ដេចព្រះទាវក្សត្រីជាព្រះជននីនាថ នៃព្រះបាទសម្ដេចព្រះជ័យចេស្ដាឲ្យបានរួចផុតកណ្ដាប់ដៃសត្រូវនៅជ្រោយចង្វាក្នុងពុទ្ធសតវត្ស ទី ២៣ ។ លុះចំណេរមកខាងមុខ ព្រះពុទ្ធរូបស្រកាលេញអង្គនេះបានប្រតិស្ឋានក្នុងវត្តឧណ្ណាលោម គឺព្រះពុទ្ធរូបអង្គធំ ក្នុងវិហារវត្តឧណ្ណាលោមសព្វថ្ងៃនេះ ដែលត្រូវបានជួសជុលអស់វារៈ ៣ ដងហើយ ។ ឯព្រះនាមថា ព្រះស្រកាលេញនោះកំពុងរលុបបាត់ទៅឥតមានលេចឮឡើយ ។

៥- សៀវភៅប្រវត្តិឧណ្ណាលោម របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គណមហានិកាយ បោះពុម្ពក្នុង គ. ស. ១៩៦៣ ទំព័រ ៩ បញ្ជាក់រឿងស្ថាបនាក្រុងភ្នំពេញលើកទី ២ ថា នៅ គ. ស. ១៨៦៥ ដូចខាងលើនេះ ។ សៀវភៅកម្ពុជាវតាររបស់ក្រសួងអប់រំជាតិ បោះពុម្ពក្នុង គ. ស. ១៩២៩ ទំព័រ ១១០ ថា នៅ គ. ស. ១៨៦៧ ។ សៀវភៅពង្សាវតារនៃប្រទេសកម្ពុជា របស់ក្រសួងសិក្សាធិការ បោះពុម្ពក្នុង គ. ស. ១៩៥២ ទំព័រ ១៨៨ ថា នៅ គ. ស. ១៨៦៣ ។

ដោយ ពុទ្ធសាសនបណ្ឌិត្យ
Untitled-1
Untitled-1
Untitled-1-Recovered