ba_yong_kor

រឿង ភ្នំ​បាយ៉ង់កោ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៧៧ – ៩៣

ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទ  បាយ៉ង់ មានព្រះដំណាក់នៅឯភ្នំដងរែក មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម ព្រះនាងសក់ក្រអូប ប្រកបដោយព្រះរូបព្រះឆោមព្រះភក្ត្រល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ ១ យោជន៍ ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមៗ ចាត់ឲ្យមនុស្សមកស៊ើបអង្កេតពិនិត្យ បានដឹងពិតថាល្អឆើត ដាច់ស្រីទាំងឡាយមែន ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង ។
ស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ ដើម្បីជាកិត្តិយសប្រទេសខ្លួន ។

ស្ដេចបាយ៉ង់ទ្រង់ទ្រាបការណ៍ដូច្នោះ ក៏នាំព្រះនាងអគ្គមហេសីនូវពួកស្រីស្នំក្រមការ នឹងពលសេនាទាំងឡាយ ចុះសំពៅភៀសព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់បើកសំពៅសំដៅទៅទិសអាគ្នេយ៍ ។ មុននឹងស្ដេចយាងចេញទ្រង់លើកព្រះហស្តប្រណម្យដាក់លើព្រះសិរសាសច្ចាបន់ទេវតារក្សាទឹកថា ” សូមឲ្យបានសម្រេចសេចក្ដីប្រាថ្នា ៣ ប្រការ គឺ
១- សូមឲ្យបានសុខក្នុងដំណើរផ្លូវសាគរ ;
២- សូមកុំឲ្យពួកចោរសៀមតាមទាន់ ;
៣- សូមឲ្យបានជួបប្រទះកន្លែងជាទីគាប់ចិត្ត ។
ស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំង ទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរ ។ លុះទ្រង់ប្រមើលឃើញថា ចេញមកបានឆ្ងាយណាស់ហើយ  ទើបទ្រង់ងាករេទៅរកតំបន់មួយ ដើម្បីចតសំពៅ ។ ជួបជាខណៈនោះ ខ្យល់ព្យុះមកបក់បោកសំពៅឲ្យវិលវល់បាក់ចង្កូត ។ ទើបទីត្រង់នោះមានឈ្មោះថា ” ភូមិបាក់ចង្កូត ” ជាប់មកសព្វថ្ងៃគេហៅហៅក្លាយមកភូមិបាក់កូត ។ ស្ដេចទ្រង់ភ័យហើយលើកព្រះហស្តអំពាវនាវបន់ថា “ឲ្យបាត់ព្យុះខ្យល់ នឹងសូមសែនថ្វាយដល់ពួកអារក្សទឹកទាំងឡាយ ” ។ គ្រានោះខ្យល់ព្យុះក៏សាបសូន្យអស់ ។ សំពៅទៅបានបន្តិចទៀតឈប់បោះយុថ្កាចត ទើបទីនោះមានឈ្មោះថា ” កន្លែងចត ” ជាប់មកដល់សព្វថ្ងៃ គេហៅក្លាយមកជា ” ភូមិកន្លែងចត ” ។ ការឈប់ចតនេះ គឺដើម្បីនឹងរៀបចំចំណីអាហារសែនថ្វាយអារក្សទឹកនិងធ្វើចង្កូតសំពៅថ្មី ។ ត្រង់តំបន់ដែលថ្វាយអាហារនោះ នៅមានឈ្មោះជាប់មកដល់សព្វថ្ងៃថា ” ភូមិសែនបន់ ” ។ ទាំង ៣ កន្លែងនេះ នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
លុះសម្រេចកិច្ចនៅកន្លែងនេះសព្វគ្រប់ហើយ ទ្រង់ក៏ចេញសំពៅទៅទៀត សំដៅទៅទិសអាគ្នេយ៍ដដែល ។ លុះទៅដល់កន្លែងមួយសំពៅធ្លាយ ទ្រង់ក៏ចាប់ធ្វើសំពៅបណ្ដើរ បើកទៅបណ្ដើរ ។ ត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា ” សំពៅធ្លាយ ” ។ បើកបន្តិចទៅទៀតដល់កន្លែងមួយឃើញដីមានស្បូវដុះជាច្រើន ក៏បោចស្បូវនោះចុកសំពៅដែលធ្លាយ ។ ត្រង់កន្លែងនោះ ជាប់ឈ្មោះមកដល់សព្វថ្ងៃថា ” ភូមិព្រែកស្បូវ ” ហើយបើកសំពៅធ្វើដំណើរតទៅទៀត ដល់ទៅកន្លែងមួយទៀត ព្រះនាងសក់ក្រអូប ទ្រង់កើតទុក្ខព្រួយព្រះហឫទ័យច្រើនប្រការ គឺណាមួយអំពីសំពៅដែលចេះតែទៅៗ រកទីសំណាក់មិនឃើញ ណាមួយអំពីពួកសៀម ថាមុខជាគេនឹងតាមមកមិនខាន ។ ព្រះនាងទ្រង់អុជទៀន នមស្ការបន់ស្រន់ដល់អារក្សទឹក អារក្សគោក អ្នកតាព្រៃភ្នំក្រំថ្ម សព្វទីកន្លែងថា ” សូមឲ្យបានជួបនឹងទីសុខប្រសើរ សូមឲ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរ ” ។ ត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះ នៅជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា ” ភូមិអន្លង់ទៀន ” ។
ពិធីនមស្ការអំពាវរបស់ព្រះនាងនោះ បានសម្រេចដូចសេចក្ដីប្រាថ្នាមែន គឺសំពៅស្ដេចសៀម ដែលបានបញ្ជូនពលចំនួនមួយសែននាក់ឲ្យចេញទៅតាមស្កាត់រកព្រះនាងនោះ ជ្រួសផ្លូវគ្នាដោយសំពៅស្ដេចបាយ៉ង់ចេញផ្លូវក្រោមផ្នែកខាងកើត សំពៅពួកពលសៀមចេញផ្លូវលើផ្នែកខាងលិច ។ ក្រោយដែលព្រះនាងបន់ស្រន់រួចហើយ សំពៅស្ដេចបាយ៉ង់ ក៏ងាកសំដៅទៅទិសនិរតីបន្តិច ។ បន្ទាប់ពីនោះស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងសម្បើមអស្ចារ្យ បក់បោកសំពៅសៀមខ្ទេចខ្ទីលិចលង់ស្លាប់អស់ពួកពលនៅក្នុងមហាសាគរ ។ ត្រង់កន្លែងនោះមានឈ្មោះថា ” ភូមិសែនលង់ ” ជាប់មក តែសព្វថ្ងៃគេហៅក្លាយមកថា ” ភូមិសន្លុង ” វិញ ។
ចំណែកសំពៅស្ដេច បាយ៉ង់ កាលបើលឿនទៅត្រង់ទិសនិរតី ស្ដេចទតឃើញកោះ និងភ្នំជាច្រើនត្រៀបត្រា ព្រះអង្គក៏ចូលទៅបោះយុថ្កាចតសំពៅនៅក្បែរកោះមួយ ស្ដេចយាងឡើងទៅលើកោះនោះ ដើម្បីរកទីកន្លែងដ៏សមគួរនឹងជ្រក ព្រះអង្កបានទតឃើញកន្លែងដ៏ល្អៗ ជាច្រើន ប៉ុន្តែមិនសូវគាប់ព្រះទ័យក៏ឲ្យពួកពលជញ្ជូនអីវ៉ាន់ចេញពីសំពៅនាំព្រះអគ្គមហេសីយាងចូលទៅក្នុងព្រៃច្រកបព្វតា ហើយចតសំពៅនៅត្រង់កន្លែងនោះ ។ គ្រាន់ស្ដេចយាងចេញផុតភ្លាម មហាមេឃដ៏ងងឹតបណ្ដាលទៅជាមានភ្លៀងផ្គរយ៉ាងខ្លាំង ។ ក្រោយពីស្ដេច និងព្រះនាង ព្រមទាំងព្រះរាជបរិពារឡើងគោកហើយ ស្រាប់តែរន្ទះបាញ់សំពៅក្រឡាប់លិចលង់នៅកំពង់នោះ ។ ត្រង់កន្លែងនោះជាប់ឈ្មោះថា ” ភ្នំរន្ទះ ” រហូតមកដល់សព្វថ្ងៃ ។
បន្ទាប់ពីនោះ ស្ដេចបាយ៉ង់ចេះតែខំស្វែងរកទីភូមិឋានដើម្បីបានសង់ព្រះដំណាក់ស្នាក់អាស្រ័យ ។ គ្រានោះ ទ្រង់បានជួបទីទួលមួយខ្ពស់ល្អជាទីគួររីករាយក្រៃពេក ក៏ទ្រង់ធ្វើព្រះពន្លាបណ្ដោះអាសន្ននៅទីនោះ ។ លុះស្ដេចបានស្នាក់អាស្រ័យស្រួលបួលហើយ ក៏ទ្រង់សំណេះសំណាលជាមួយនឹងព្រះអគ្គមហេសីអំពីសេចក្ដីកម្សត់ ទុក្ខវេទនា របស់ព្រះអង្គនឹងព្រះនាងតាំងពីដើមទីមក ។ ព្រះនាងទ្រង់រំលឹកព្រះរាជាពីរឿងដែលទ្រង់បន់ថា “នឹងដាក់ព្រះកេស (កោរសក់ ) ថ្វាយអារក្សទឹកនោះ ពេលនេះ ព្រះត្រូវតែដាក់ព្រះកេសលាបំណន់ ” ។ ព្រះរាជាក៏ទ្រង់ចាត់ឲ្យធ្វើពិធីដាក់ព្រះកេសលាបំណន់ក្នុងវេលានោះឯង ។
ព្រោះស្ដេច បាយ៉ង់ ទ្រង់បន់កោរ ហើយទ្រង់កោព្រះកេសថ្វាយអារក្សទឹកលាបំណន់ដូច្នេះ បានជាប់ព្រះនាមថា ” ស្ដេចបាយ៉ង់កោរ ” ហើយនឹងដីទួលខ្ពស់ ដែលទ្រង់ធ្វើព្រះពន្លានោះជាប់ឈ្មោះថា ” ភ្នំបាយ៉ង់កោរ ” រហូតមកដល់សព្វថ្ងៃ ។
ស្ដេច បាយ៉ង់កោរ ទ្រង់គង់នៅលើភ្នំនោះ ជាមួយព្រះនាង សក់ក្រអូបជាព្រះអគ្គមហេសីបានសេចក្ដីសុខសាន្តជា ២ ឆ្នាំ ព្រះអគ្គមហេសីទ្រង់ព្រះគភ៌ ។ លុះគ្រប់ទសមាស ទ្រង់បានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ដាក់ព្រះនាមថា “ព្រះបាទដៃខ្លី” (?) ។ ព្រះរាជបុត្រមិនមែន តែមានព្រះនាមថា ព្រះបាទដៃខ្លី តែទ្រង់មានព្រះសរីរាវយវៈពេញលក្ខណៈទាំងអស់ ជាបុរសក្លាហាន អង់អាច ព្រះរូបឆោមក៏ស្អាតសក្ដិសមឥតខ្ចោះ នាំឲ្យព្រះវរបិតាព្រះវរមាតាសព្វព្រះរាជហឫទ័យពន់ពេក ។
តាំងពីស្ដេច បាយ៉ង់កោ និងព្រះនាងសក់ក្រអូប ភៀសព្រះអង្គមកគង់នៅកោះនោះរវាង ៧-៨ឆ្នាំ ពុំមានលេចឮដំណឹងពីស្ដេចសៀមបន្តិចបន្តួចសោះ ព្រះអង្គក៏គង់នៅជាសុខសប្បាយ ឥតមានទុក្ខភ័យ ឥតនឹកនាដល់ស្ដេចសៀមឡើយ ។
ក្រោយពីនោះ ៥ ឆ្នាំ ស្ដេចសៀមរកល្បិចដើម្បីយកព្រះនាងសក់ក្រអូបឲ្យទាល់បាន ក៏ចាត់ការជ្រើសរើសរកក្រុមភ្លេងល្ខោនដ៏ពិសេស ហើយនឹងជ្រើសយកពួកមន្ត្រីអ្នករាជការជាច្រើនរូបទៀត ដែលឈ្លាសវៃក្នុងល្បិចស៊ើបការណ៍ផ្សេងៗ ព្រមទាំងរេពលជាច្រើនបញ្ជូនឲ្យចុះសំពៅសំដៅទៅទិសទក្សិណ ដើម្បីស្វែងរកព្រះនាង សក់ក្រអូប ជាព្រះអគ្គមហេសី បាយ៉ង់កោរ ម្ដងទៀត ។ ពួកមន្ត្រីពួកល្ខោន ហើយពួកទាហានទាំងអស់ គេបានពិភាក្សាគ្នាដឹងកិច្ចការជាស្រេច ដោយគេយល់ថា ស្ដេចបាយ៉ង់កោរ និងព្រះនាង សក់ក្រអូប ប្រាកដជានៅក្នុងកោះមួយខាងនាយសមុទ្រ គេក៏ចេញសំពៅជាច្រើនថ្ងៃច្រើនយប់ សំដៅទៅកោះនោះ ដល់ហើយក៏បោះយុថ្កាចត សំពៅនៅជិតឆ្នេរកោះ ដែលស្ដេច បាយ៉ង់កោរ គង់ស្នាក់អាស្រ័យ នៅចម្ងាយប្រមាណ ១២ សិន ប៉ុណ្ណោះ ។
ត្រង់កោះ ដែលជាទីចតសំពៅរបស់ពួកសៀមនោះ ចាប់មានឈ្មោះ ហៅថា “ជើងប្រជុំ” តមក តែសព្វថ្ងៃគេហៅក្លាយមកថា ” ជើងកញ្ជុំ ” ។
ឯពួកពលសេនាពួកសៀមកាលគេបាចតសំពៅ បោះយុថ្កាស្រួលហើយ គេក៏ដាក់ឈើធ្វើជាស្ពានតពីលើសំពៅរបស់គេមកភ្ជាប់នឹងកំពង់នៃកោះនោះ ហើយក៏តាំងរៀបពិធីលេងល្ខោននៅក្នុងសំពៅនោះរាល់យប់ ។ មនុស្សប្រុសស្រីដែលនៅក្នុងកោះទាំងប៉ុន្មានដោយពុំដែលបានមើលអ្វីឲ្យសប្បាយសោះ ក៏នាំគ្នាទៅមើលល្ខោននោះយ៉ាងកុះករ ហើយបានទទួលបដិសណ្ឋារកិច្ចយ៉ាងប្រសើរ អំពីពួកពលរាជការសៀមទាំងនោះ ។ លុះលេងយូរៗ ទៅ សេចក្ដីសប្បាយរីករាយរបស់មនុស្សអ្នកកោះនោះក៏កើតមានឡើង ដោយសារសិល្បរបាំ របស់ស្ដេចសៀម បណ្ដាលឲ្យអ្នកកោះនិងពពួកពលសៀម ស្និទ្ធស្នាលគ្នាយ៉ាងប្រពៃ ។ ចំណែកពួកសៀមខាងអ្នកស៊ើបការណ៍ ក៏យកការបានយ៉ាងច្បាស់លាស់ថា ស្ដេច បាយ៉ង់កោរ ពិតជានៅស្នាក់ពួនក្នុងកោះនោះមែន ។
អ្នកមើលល្ខោនទាំងប៉ុន្មាននោះ កាលត្រឡប់ទៅផ្ទះវិញ ក៏នាំគ្នានិយាយអួតកោតសរសើរអំពីស្រីរបាំ នឹងពួកល្ខោនដែលចេះរាំយ៉ាងទន់ភ្លន់ នឹងអំពីការរៀបទទួលភ្ញៀវយ៉ាងប្រសើររបស់ពួកសៀម ។
ឯពួកភីលៀងនឹងពួកពលស្ដេច បាយ៉ង់កោរ ដែលបានទៅមើលល្ខោននោះជាមួយនឹងអ្នកកោះនោះ ក៏នាំគ្នាមកក្រាបទូលស្ដេចបាយ៉ង់កោរ និងព្រះនាងសក់ក្រអូប រៀងរាល់ថ្ងៃដែលបានទៅមើល ។ ថ្ងៃមួយព្រះនាងអត់ទ្រាំនឹងសេចក្ដីសប្បាយរីករាយនោះពុំបាន ដោយពួកភីលៀងចេះតែក្រាបទូលញឹកញយពេក ព្រះនាងក៏ក្រាបបង្គំទូលព្រះស្វាមីថា “ចង់ទៅមើលល្ខោននឹងគេឲ្យបានឃើញម្ដង ព្រោះពួកភីលៀងនិយាយអួតថា ល្អមើលណាស់ ” ។ ស្ដេច បាយ៉ង់កោរ ក៏ទ្រង់ស្ងៀមមិនអនុញ្ញាតឲ្យទៅ នឹងមិនឃាត់ឡើយ ។
ព្រះនាងក៏ទុកព្រះរាជបុត្រ ដែលមានព្រះជន្មទើបតែបាន ៦ វស្សាឲ្យនៅជាមួយភីលៀង ក្នុងព្រះរាជដំណាក់ ។ ហើយព្រះនាងទ្រង់យាងចេញទៅស្រង់ទឹកនៅកំពង់នោះ លុះស្រង់រួចក៏ទ្រង់គ្រឿងអលង្ការ មានបរិវារប្រុសស្រីជូនព្រះដំណើរផង ទៅទតល្ខោននោះ ។ លុះចូលទៅដល់ពួកមន្ត្រីនឹងពលសេនាសៀម បានឃើញក៏ស្គាល់ថា ជាតួព្រះនាងសក់ក្រអូប ជាមហេសីស្ដេចបាយ៉ង់កោរ ពិតដែលពួកគេស្វែងមករកយកទៅថ្វាយស្ដេចគេ តាមព្រះរាជបញ្ជា ឥឡូវព្រះនាងបានយាងចូលមកក្នុងកលឧបាយគេហើយ គេក៏បានរៀបចំធ្វើបដិសណ្ឋារកិច្ចយ៉ាងគួរសមចំពោះព្រះនាង និងបានរចនាអាសនៈយ៉ាងវិចិត្រសម្រាប់ព្រះនាង ។ កាលព្រះនាងគង់ស្រួលបួលហើយ គេបានប្រគំភ្លេងមួយយ៉ាងពីរោះ ឈ្មោះថា ” បទលោមនាង ” រួចគេប្រគំបទជើតទៀត ជាកិច្ចបើកឆាកល្ខោនរបស់ជាលំដាប់ហូរហែទៅ ។ អារម្មណ៍របស់ព្រះនាង បានដិតជាប់នៅក្នុងសាច់រឿងនិងបទភ្លេងដ៏ពីរោះនៃល្ខោននោះ ។
ចំណែកខាងពួកសៀម ដែលគេបាននិយាយណាត់គ្នារួចស្រេចហើយនោះ គឺគេណាត់គ្នាដោយចង្វាក់ស្គរនិងទំនុកផ្សេងៗ ។ សំពៅរបស់គេ គេចងខ្សែយុថ្កា ១នៅទិសឦសាន ចម្ងាយប្រមាណ ៦-៧ សិន សម្រាប់រវៃឲ្យសំពៅថយ, កន្លែងនោះ កន្លែងនោះជាប់ឈ្មោះថា ” ភូមិយុថ្កា ” (នៅស្រុកព្រះបាទជាន់ជុំ ) មកដល់សព្វថ្ងៃ ។ លុះគេដឹងថា ព្រះនាងកំពុងតែជាប់ព្រះទ័យយ៉ាងមាំចំពោះសាច់រឿងនិងបទភ្លេងហើយ គេក៏ប្រគំបទមួយទៀតហៅថា ” បទស្រាវខ្សែយុថ្កា ” ហើយគេប្រគំបទមួយទៀតឈ្មោះ ” បទសំពៅថយ ” រួចគេចាប់រវៃខ្សែយុថ្កាហើយសំពៅក៏ចេះតែថយចេញទៅបន្តិចម្ដងៗ ។ ឯព្រះនាង សក់ក្រអូប ព្រមទាំងពួកភីលៀងឥតដឹងខ្លួនថា សំពៅថយចេញសោះឡើយ ដោយដក់ព្រះទ័យនឹងរឿងល្ខោននោះយ៉ាងក្រៃលែង ។
សំពៅក៏ថយចេញឆ្ងាយទៅៗ ដល់យប់កាន់តែជ្រៅទៅ ទើបព្រះនាងនឹកចង់វិលមកព្រះដំណាក់វិញ ។ លុះទ្រង់ងាករកផ្លូវយាងចុះចាកអាសនៈល្ខោន ស្រាប់តែឃើញសុទ្ធតែទឹកល្ហល្ហាច រកកោះត្រើយមិនឃើញ ព្រះនាងក៏ស្រឡាំងកាំងភ័ន្តភាំងញ័រចំប្រប់កណ្ដាលមហាសាគរ ។ ព្រះនាងទ្រង់នឹកឃើញដល់រឿងដើម កាលដែលរត់ពីភ្នំដងរែក ដើម្បីឲ្យផុតពីកណ្ដាប់ដៃសៀម ឥឡូវនេះគេចមិនផុត ត្រឡប់ជាវិលមកចូលក្នុងកលឧបាយរបស់សៀមទៅវិញ, ទ្រង់ក៏ព្រះកន្សែងសោកដោយក្រៀមក្រំថា ” ឱ! ថ្ងៃនេះហើយដែលអញត្រូវព្រាត់ប្រាសពីប្ដីកម្សត់និងកូនជាទីស្នេហា ” ។ ឯពួកពលសៀមគេច្រានអស់ពួកភីលៀងរបស់ព្រះនាង សក់ក្រអូប ឲ្យចុះក្បូនត្រឡប់មកវិញវាយកតែព្រះនាងមួយព្រះអង្គទៅប៉ុណ្ណោះ ។ លុះវាបានព្រះនាងហើយ វាយកទៅថ្វាយស្ដេចសៀមតាមព្រះរាជបំណង ស្ដេចសៀមត្រកអរណាស់ បានឲ្យរង្វាន់ខាន់ខៅ យ៉ាងដល់ពួកពលសេនាទាំងនោះ ។ ស្ដេចសៀមយកព្រះនាង សក់ក្រអូប ទៅឲ្យគង់នៅក្នុងប្រាសាទដោយឡែកមួយព្រះអង្គ ជាមួយនឹងពួកស្រីស្នំក្រមការអ្នកបម្រើតែប៉ុណ្ណោះ ចាំឲ្យព្រះនាងបានស្រាកស្រាន្តពីសេចក្ដីទុកសិន សឹមយកមកឲ្យគង់នៅជាមួយព្រះអង្គ ។
ចំណែកខាងស្ដេច បាយ៉ង់កោរ កាលបានទ្រង់ជ្រាបថា ពួកពលសៀមនាំយកព្រះអគ្គមហេសីទៅហើយ ព្រះអង្គក៏កើតទុក្ខសោកសង្រេងសង្រៃយ៉ាងក្រៃលែង ក្នុងមួយថ្ងៃៗ ព្រះអង្គលែងធ្វើកិច្ចការអ្វីកើតទាំងអស់ មានទឹកព្រះនេត្រហូរជាប់ជានិច្ចកាល  ជាមួយព្រះរាជបុត្រកំព្រា ១ ព្រះអង្គ ។ ព្រះអង្គទ្រង់គង់គយគន់តែទៅក្នុងមហាសាគរ ស្ទើរតែបែកព្រះនេត្រ តែមិនបានឃើញអ្វីក្រៅអំពីមហាមេឃដ៏ធំល្វឹងល្វើយ និងរលកបោកបែកផ្កាត្រែងនោះឡើយ ទ្រង់ងាកមកលើកោះវិញក៏ទ្រង់ឃើញតែរុក្ខាលតាវល្លិ ដែលសុទ្ធតែជាធម្មជាតិរស់រវើកហាក់ដូចជាចង់ជួយរំលែកនូវសេចក្ដីទុក្ខរបស់ព្រះអង្គដែរ ។ ព្រះអង្គតែពោលថា ” កម្សត់អើយសែនកម្សត់! បងស្រណោះកាលបងនាំអូនរត់ឲ្យផុតពីដៃសៀម ឥឡូវមិនផុត គង់ភ្លាត់ស្នៀតបាន ឲ្យបងទីមទាមនៅម្នាក់ឯង ” ។
ចំណែកព្រះនាងសក់ក្រអូប ដែលគង់នៅក្នុងប្រាសាទ ១ តែ ១ ព្រះអង្គនោះ មានព្រះភក្ត្រស្រពាប់ស្រពោនជានិច្ច ទោះបីស្រីស្នំក្រមការខំយកចិត្តទុកដាក់បម្រើផ្គាប់ផ្គុនយ៉ាងណា ក៏មិនស្រាកស្រាន្តអំពីសេចក្ដីទុកដែរ ប្រាសាទធំល្វឹងល្វើយ តែហាក់ដូចជាចង្អៀតរកផ្លូវដើរគ្មាន មួយថ្ងៃៗព្រះនាងតែងគង់អើតតាមបង្អួចខាងត្បូងជានិច្ច សម្លឹងរកមើលក្រែងបានឃើញមនុស្ស ដែលព្រះនាងធ្លាប់ស្គាល់ ។ ស្ដេចសៀមឲ្យទាហានយាមទ្វារជានិច្ច មិនព្រះនាងយាងចេញទៅណាបានទេ  ព្រះនាងកើតទុក្ខសង្រេងសង្រៃរៀងរាល់ថ្ងៃ  ណាមួយនឹកមកព្រះរាជបុត្រតូចជាទីស្រឡាញ់ ណាមួយនឹកព្រះស្វាមីជាគូរកម្សត់ ។
លុះ ១២ ឆ្នាំ ក្រោយមក ព្រះអង្គម្ចាស់ ព្រះបាទដៃខ្លី ជាព្រះរាជបុត្រក៏មានវ័យវឌ្ឍនាការតចម្រើនធំឡើង សួរព្រះបិតារកព្រះមាតាថា ” ព្រះមាតាទៅណាបាត់ មិនដែលឃើញព្រះភក្ត្រសោះ? ” ។ ស្ដេច បាយ៉ង់កោរ ជាប្រះបិតាក៏ប្រាប់តាមដំណើរហេតុគ្រប់យ៉ាង ។ ព្រះអង្គក៏កើតសេចក្ដីក្ដៅក្រហាយជាខ្លាំង សូមលាព្រះបិតាទៅតាមរកព្រះមាតាយកមកវិញ ។ ព្រះបិតាក៏មានព្រះបន្ទូលថា “បើកូនទោតាមរកព្រះមាតា នឹងទៅដៃទទេពុំបានទេ ទោះកូនយកបានម្ដាយមកវិញ ក៏នឹងមានគេតយុទ្ធគ្នាខាងផ្លូវសង្គ្រាមជាមិនខាន, ដូច្នេះកូនកុំអាលទៅចាំឪពុកកេណ្ឌសេនារេហ៍ពលឲ្យបានច្រើនជាកំដរ បើមានអាសន្នមកដល់ កូនអាចដោះខ្លួនបាន” ។ ទើបស្ដេច បាយ៉ង់កោរ ទ្រង់ជ្រើសមនុស្សដែលក្លាហានស្ម័គ្រចិត្តចូលខ្លួនធ្វើជាពលសេនា បានចំនួនរាប់ម៉ឺននាក់ ឲ្យមកប្រជុំនៅកន្លែងមួយតាំងសីលមន្តវិជ្ជាការ ហាត់រៀនមន្តអាគមគាថា នៅទីព្រះលានមួយ ទើបទីនោះជាប់ឈ្មោះថា “ស្រែចមពល” រហូតមកដល់សព្វថ្ងៃ ។ លុះទ្រង់យល់ថាបានការល្មមជាទីទុកចិត្តហើយ ទើបទ្រង់ឲ្យព្រះបាទដៃខ្លី ជាព្រះរាជបុត្រចុះសំពៅទៅតាមផ្លូវទឹក សំពៅទៅទិសពាយព្យអស់ពេលរវាង ៣ សប្ដាហ៍ ទើបទៅដល់ព្រំដែនសៀម ។
ព្រះអង្គម្ចាស់ដៃខ្លី ក៏ឲ្យចតសំពៅនៅកំពង់នៃកោះមួយ ដែលមានដែនដីជាប់នឹងព្រំប្រទល់សៀម ល្មមយាងចូលទៅស្រុកសៀមបាន ។
ដូចបានពោលមកហើយថា ព្រះអង្គម្ចាស់ ដៃខ្លី ពិតមែនតែមានព្រះនាមថា ដៃខ្លី តែព្រះអង្គមានព្រះហស្តល្អ មានព្រះរូបស្អាតឆើតឆាយ គួរជាទីពិតពិលរមិលមើលនៃពួកស្រីក្រមុំៗ ព្រះអង្គបានផ្ដាំពួកពលទាំងអស់ថា ” ឲ្យនៅចាំសំពៅក្នុងទីនេះ យើងទៅតែម្នាក់ឯងហើយមិនកំណត់ថ្ងៃណានឹងមកវិញទេ លុះតែយើងបានសម្រេចតាមសេចក្ដីប្រាថ្នា ទើបយើងត្រឡប់មកសំពៅវិញ ” ។ ព្រះអង្គម្ចាស់ក៏ធ្វើព្រះដំណើរចូលទៅដល់ក្រុងសៀម ក្នុងព្រះទ័យចេះតែគិតបណ្ដើរថា “បើប្រសិនជាបានជួបនឹងព្រះមាតាប្រហែលជាមិនស្គាល់ព្រះភក្ត្រលោកទេ ចំណែកព្រះមាតាវិញ ក៏ប្រហែលជាមិនស្គាល់ព្រះអង្គដែរ ព្រោះបែកគ្នាយូរឆ្នាំមកហើយ ” ។
គាប់ជួនថ្ងៃមួយ ព្រះម្ចាស់ព្រះបាទ ដៃខ្លី កំពុងតែសម្លឹងមើលនាយមើលអាយ ស្រាប់តែជួបប្រទះនឹងព្រះនាងសក់ក្រអូប ជាព្រះមាតាដែលគង់ត្រង់បង្អួចប្រាសាទ ទតមើលមកខាងក្រៅតែ ១ ព្រះអង្គ តែទ្រង់មិនស្គាល់ជាព្រះមាតាសោះ ទ្រង់សំគាល់ថាជាស្រីសៀម មានរូបឆោមស្អាតស្រស់បំព្រង មុខមូលក្រឡង់ដូចវង់ច័ន្ទ បបូរមាត់ក្រហមឆ្អៅគួរជាទីទស្សនា ទ្រង់កើតព្រះទ័យស្នេហា ក៏ទ្រង់ពោលបញ្ឆិតបញ្ឆៀងផ្ដោះផ្ដងឲ្យ ។ ឯព្រះនាងសក់ក្រអូប វិញក៏មិនស្គាល់ព្រះរាជបុត្រដែរ សំគាល់ថាជាប្រុសសៀមសុទ្ធសាធ ក៏កើតចិត្តប្រតិព័ទ្ធយ៉ាងខ្លាំង រហូតដល់បានជួបប្រទះពាក្យសំដីចែចង់គ្នាតាមធម្មតារបស់ស្ត្រីនិងបុរស ព្រះនាងបានផ្ដាំព្រះអង្គម្ចាស់ថា ” ដល់ពេលព្រលប់ធំឲ្យចូលមកក្នុងទីនេះទៀត ព្រះនាងនឹងចុះមកពីប្រាសាទមកចាំផ្លូវ ” ព្រះនាងបានបញ្ជាក់ថា ” ទីនេះស្ងាត់ល្អណាស់ ឥតមានមនុស្សចេញចូលញឹកញាប់ទេ ” ។ ព្រះអង្គម្ចាស់ព្រះបាទ ដៃខ្លី មានព្រះទ័យរីករាយណាស់ ដោយសេចក្ដីស្នេហាជាខ្លាំង ទ្រង់គិតថា “អញចង់កូនក្រមុំសៀមនេះឲ្យបានហើយពង្រត់យកទៅទុកឯសំពៅសិន សឹមដើរម្ដាយអញតទៅទៀត ” ។ លុះពេលព្រលប់ធំ ព្រះអង្គម្ចាស់ក៏ឡប់ទៅកាន់ប្រាសាទព្រះនាងវិញ តាមបណ្ដាំពីពេលមុន ។ ព្រះនាងក៏ចេញមកជួបនាំឡើងទៅព្រះដំណាក់ ។ លោកទាំងពីរក៏និយាយសំណេះសំណាលលួងលោមគ្នាដោយសេចក្ដីស្នេហា បានប្រព្រឹត្តស្មន់អន្ធករនឹងគ្នា ហើយក៏នាំគ្នារត់ចេញពីដំណាក់សំដៅទៅកំពង់ជាទីចតសំពៅ ។ លុះមកដល់សំពៅ ព្រះនាងស្គាល់អាមាត្យជាក្រុមញាតិខ្លះ ជាអ្នកបម្រើខ្លះ អ្នកទាំងនោះក៏ភ្ញាក់ខ្លួន ហើយសាកសួរទៅវិញទៅមកភ្លាមក៏បានដឹងច្បាស់ថា ស្ត្រីនេះជាព្រះនាងសក់ក្រអូប ជាព្រះមាតា ព្រះអង្គម្ចាស់ព្រះបាទ ដៃខ្លី ជាព្រះរាជបុត្រ ។ ព្រះនាងក៏បានជ្រាបថាបុរសនេះជាព្រះរាជបុត្រជាទីកម្សត់របស់ព្រះនាង ដែលព្រះនាងប្រាសចាកចោលមកអស់រយៈកាល ជាង ១០ ឆ្នាំ ហើយ ។
ព្រះមាតានិងព្រះរាជបុត្រក៏យំឱបគ្នាទៅវិញទៅមក ដោយសេចក្ដីនឹករលឹកយ៉ាងសែនកម្សត់ ។ ឯសេចក្ដីស្នេហាដោយតណ្ហាក៏រលាយបាត់ក្នុងពេលនោះគ្មានសល់ ។ ព្រះរាជកុមារក៏មានសេចក្ដីរន្ធត់ញាប់ញ័រជាពន្លឹក ចំពោះអំពើពុំគប្បីដែលទ្រង់បានធ្វើចំពោះព្រះមាតា ទោះព្រះមាតាអត់ទោសឲ្យយ៉ាងណា ក៏មិនស្ងប់សេចក្ដីញាប់ញ័រនោះឡើយ ។
ពួកពលសេនា កាលបានព្រះនាងហើយក៏នាំគ្នាបើកសំពៅយ៉ាងលឿនលន់ពេញទំហឹងឥតមានបង្អង់ ឆ្ពោះមកកាន់ព្រះដំណាក់ព្រះបាទ បាយ៉ង់កោរ វិញ ។ ៣សប្ដាហ៍ក្រោយមកសំពៅក៏បានមកដល់ព្រះដំណាក់ ។ ស្ដេច បាយ៉ង់កោរ និងព្រះនាង សក់ក្រអូប បានជួបជុំគ្នាដោយសេចក្ដីរីករាយ នឹងសេចក្ដីសោកសង្រេង ទង្គឹះខ្សឹកខ្សួលព្រោះសេចក្ដីនឹករលឹក នឹងសេចក្ដីស្នេហាជាទីបំផុត ។ កាលបានជួបព្រះភស្ដា ជាទីស្រឡាញ់ហើយ ព្រះនាងក៏ក្រាបបង្គំទូលរៀបរាប់តាមដំណើរ ដែលព្រះនាងត្រូវស្ដេចសៀមចាប់ថា ” គេនាំយកខ្ញុំម្ចាស់ទៅឲ្យនៅក្នុងប្រាសាទមួយតែម្នាក់ឯង មានពួកស្រីៗកំដរចាំបម្រើគ្រប់ពេល ស្ដេចសៀមឬកំលោះណាម្នាក់ឥតបានមកជិតបៀតបៀនខ្ញុំម្ចាស់ទេ ពេលដែលកូនទៅដល់ ខ្ញុំម្ចាស់មិនស្គាល់ជាកូនរបស់យើងសោះ នឹកស្មានថាបុរសកំលោះពីណា មកចំណែកកូនយើងវិញ ក៏ពុំស្គាល់ខ្ញុំម្ចាស់ជាម្ដាយដែរ បានជួបគ្នាក៏កើតចិត្តប្រតិព័ទ្ធស្នេហារហូតដល់បានស្ម័គ្រស្មន់អន្ធករ ជាមួយនឹងកូនរបស់យើងនេះទៅហើយ សូមព្រះស្វាមីអភ័យទោស ដល់រូបខ្ញុំម្ចាស់ ព្រមទាំងកូនផង ” ។
ស្ដេច បាយ៉ង់កោរ  ទ្រង់ជ្រាបហេតុសព្វគ្រប់តាមពាក្យទូលនៃព្រះនាងហើយ ក៏ទ្រង់អនុញ្ញាត ឥតមានខ្ញាល់ឡើយ ដោយព្រះអង្គទ្រង់ពិចារណាថា ” ធម្មតាម្ដាយនិងកូន ទោះបីយ៉ាងណា ក៏មិនហ៊ានប្រព្រឹត្តអំពើពុំគប្បីរបៀបនេះដែរ នេះគឺអំពីអំពើហេតុមិនស្គាល់គ្នាបានជាហ៊ានប្រព្រឹត្តអនាចារយ៉ាងនេះ ។
រឿងនេះ ស្ដេចបាយ៉ង់កោរ ព្រះអង្គនៅមានសន្ទិះសង្ស័យក្រែងលោព្រះរាជបុត្រមានបាបកម្មធ្ងន់ធ្លាក់ដល់អបាយ ទើបព្រះអង្គឲ្យហៅអ្នកប្រាជ្ញបណ្ឌិត កវី ហោរា ជាដើម មកជួបជុំពិគ្រោះមើលក្រែងមានកម្មពៀរវេរាទៅជាតិខាងមុខ ។ លុះជំនុំពិគ្រោះធៀបមើលហេតុផលសព្វគ្រប់ទៅ ក៏បានវិនិច្ឆ័យសម្រេចថា ” ត្រូវតែព្រះរាជបុត្រទទួលទណ្ឌកម្ម គឺត្រូវជីកស្រះអង្គចំនួន ១០០១ អង្គ” ។ ស្ដេចបាយ៉ង់កោរ ក៏ទ្រង់ឲ្យពលករ ចំនួន ១០០១ នាក់ ជួយជីកស្រះព្រះរាជបុត្រដែរ ។ លុះជីករួចកើតជាស្រេចហើយ ក៏ទ្រង់ចាត់ចែងធ្វើបុណ្យឆ្លង ហើយព្រះរាជបុត្រទ្រង់អធិដ្ឋានថា ” ស្រះអង្គទាំង ១០០១ ដែលជាស្នាដៃខ្ញុំសាងនេះ ខ្ញុំឧទ្ទិសទុកជាប្រយោជន៍ដល់សត្តនិករ ដើម្បីនឹងបានប្រើទឹកតទៅដរាបណាស្រះអង្គនេះ លែងដក់ទឹកជាប់ ហើយដីដុះឡើងរាបស្មើដូចធម្មតាវិញ, ដរាបនោះ សូមឲ្យទោសរបស់ខ្ញុំរលាយជាអហោសិកម្មទៅ ” ។
ហេតុនេះហើយបានជានៅក្នុងខេត្តតាកែវទាំងមូល មានទីកន្លែង ដែលមានឈ្មោះថា “អង្គៗ ” នេះច្រើនណាស់ ដូចជា អង្គរកា អង្គសឹង្ហ ជាដើម ។

 

១- ស្រង់ឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.១៥៦ រៀបរៀងដោយលោក វ៉ាន់ គូ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

២- តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.១៨០ ដោយលោក ញ៉ែម ខឹម នៅពុទ្ធសាសនបណ្ឌិត្យ, និយាយពីរឿងនេះ មានទម្រង់រឿងជាមួយគ្នា ប្លែកតែឈ្មោះស្ដេច ឈ្មោះនគរ និងសេចក្ដីខ្លះ ដូចស្រង់មកដោយសង្ខេបថា : នៅនគរស្រីអយុធ្យា មានស្ដេច ១ ព្រះអង្គព្រះនាម ស្ដេចគម្លង់ ព្រះមហេសីព្រះនាមព្រះនាង សក់ក្រអូប ស្ដេចគង់នៅភ្នំព្រះបាទជាន់ជុំ មានព្រះរាជបុត្រ ១ ព្រះនាមស្ដេចប៉ាយង់កោរ ព្រះរាជបុត្រទី ១ ព្រះនាម សបូករៈ… ស្ដេចសៀមឲ្យពួករបាំបើកសំពៅមកលេងល្ខោនថ្វាយស្ដេចគម្លង់, ចាប់ព្រះនាងសក់ក្រអូបនាំទៅស្រុកសៀម… ស្ដេចបាយ៉ង់កោជាព្រះរាជបុត្រទៅតាមច្បាំងដណ្ដើមបានមក យកជាព្រះមហេសីដោយពុំស្គាល់ជាព្រះមាតា… ដល់ស្ដេចត្រឡប់មកព្រះនគរវិញ ទ្រង់ជ្រាបថាព្រះអង្គមានកំហុសជាទម្ងន់ ទ្រង់សាងព្រះចេតិយ ១០០០ ស្មារលាទោស… ។

ដោយ ពុទ្ធសាសនបណ្ឌិត្យ
Untitled-1
Untitled-1
Untitled-1-Recovered