neang_kmov_tmp

រឿង ប្រាសាទ​នាង​ខ្មៅ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៩៥ – ១០២

បើយើងធ្វើដំណើរពីក្រុងភ្នំពេញ ទៅកាន់ខេត្តតាកែវ ដល់ទៅឃុំរវៀង ស្រុកសំរោង យើងនឹងឃើញវត្តបុរាណមួយហៅ ” វត្តប្រាសាទនាងខ្មៅ ” តាំងនៅខាងកើតជាប់នឹងថ្នល់ជាតិពីក្រុងភ្នំពេញទៅ ។
បានជាហៅថា វត្តប្រាសាទនាងខ្មៅ ព្រោះក្នុងវត្តនោះមានប្រាសាទបុរាណពីរ ឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារចំខ្លោងទ្វារវត្តខាងទិសបស្ចិម ។ ប្រាសាទទាំងពីរនោះ ធ្វើពីថ្មផង ឥដ្ឋផង ទំហំ ៤ ម៉ែត្រ ៤ ជ្រុង កម្ពស់ ១០ ម៉ែត្រ កំពូលស្រួចដូចចេតិយ ខ្ពស់ត្រដែត ។

រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនោះ មានដំណាលថា ៖
ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទ សុរិយាទេវង្ស គង់នៅលើភ្នំជីសូរ ជាស្ដេចមានមហិទ្ធិឫទ្ធិមានបុណ្យច្រើន ទ្រង់បានសាងប្រាសាទ ៥ និងទ្រង់ឲ្យជីកស្រះ ៤ នៅលើភ្នំនោះ គ្រប់ជ្រុងប្រាសាទ ទ្រង់មានព្រះរាជបុត្រី ១ ព្រះអង្គព្រះនាម នាងខ្មៅ ។
ភ្នំជីសូរអំពីកំពូលចុះមកដល់ដីជម្រាលជើងភ្នំខាងក្រោម ប្រហែល ៧០០ ម៉ែត្រ មានទន្លេ ៤ គឺទន្លេអុំ ១ ទន្លេស្លួត ១ ទន្លេស្តុក ១ ទន្លេប្រទ្រុន ១ ។ ទន្លេទាំង ៤ នោះជាកន្លែងសម្រាប់ក្រសាលរបស់ស្ដេចអង្គនោះ ។ លុះព្រះរាជបុត្រីមានវ័យវឌ្ឍនាការចម្រើនឡើងបានព្រះជន្ម ១៦ ឆ្នាំ ព្រះនាងមានរូបឆោមលោមពណ៌ល្អដាច់ស្រីក្នុងព្រះនគរ ។ ថ្ងៃមួយ ព្រះនាងនឹកភ្នកចង់ទៅលេងទន្លេប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ ។ ព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាត ហើយទ្រង់ចាត់មនុស្សបម្រើឲ្យរៀបចំហែហមព្រះដំណើរព្រះនាង ទៅក្រសាលក្នុងវេលាថ្ងៃរសៀល ។
គ្រានោះ មានបុរសម្នាក់ឈ្មោះ បណ្ឌិតស្រី ទើបនឹងសឹកពីសាមណេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀត ចេះមន្តអាគមវិជ្ជាការ ។ បណ្ឌិតនោះ ទីលំនៅៗ ភូមិមួយខាងលិចភ្នំជីសូរជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន ។ ថ្ងៃនេះ បណ្ឌិត ស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ បានឃើញព្រះនាងខ្មៅ ចុះពីលើភ្នំ ជាមួយនឹងស្រីបរិវារ ក៏មានសេចក្ដីប្រតិព័ទ្ធជាប់ចិត្តនឹងព្រះនាងក្រៃពេក ។ បណ្ឌិតនោះពិចារណាថា “ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ដោយបានជួបប្រទះនឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្ត្រអ្នកកម្សត់ ធ្វើម្ដេចនឹងបាននាងនោះហ្ន! នាងនេះមិនមែនជាស្រីសាមញ្ញទេ គឺជាព្រះរាជបុត្រីរបស់ស្ដេច អាត្មាអញនឹងនាងនេះពុំសមស័ក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?” ។ បណ្ឌិតចេះតែស្រឡាញ់ខ្លាំងឡើងៗ គិតថា “នឹងចូលទៅដណ្ដឹងតាមច្បាប់ក៏ពុំសម នឹងប្រព្រឹត្តខុសក៏មុខជាស្ដេចយកទោសដល់ស្លាប់” ។ លុះសេចក្ដីស្រឡាញ់កាន់តែទ្វេឡើងៗ ក៏ស៊ូប្ដូរស្លាប់ថា “ទុកជាស្ដេចយកទោសយ៉ាងណា ក៏សុខចិត្តតែស្លាប់” ទើបបាននឹកដល់មន្តវិជ្ជាការ ដែលចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្តវិជ្ជាការនោះ ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង ។ ឯសូរសម្លេងស្លឹកដែលបណ្ឌិតផ្លុំនោះទៅចុចចំបេះដូងព្រះនាងនោះ  ព្រះនាងក៏ភ័ន្តភាំងស្មារតី, លុះផ្ងារឡើងគិតថា “អាត្មាអញជាកូនស្ដេច ធ្លាប់ស្ដាប់ភ្លេងដូរ្យតន្ត្រីសព្វថ្ងៃតែពុំមានភ្លេងអ្វីធ្វើចិត្តឲ្យអញស្លុត ដូចសំឡេងស្លឹកនេះសោះ”ព្រះនាងសម្លឹងគិតយូរៗទៅ សំឡេងរឹតតែពីរោះឡើងៗ ព្រះនាងអត់ទ្រាំពុំបាន ក៏លាន់ព្រះឱស្ឋថា “យីអើហ្ន! សំឡេងនេះជាសំឡេងប្លែកណាស់ គួរតែអញទៅតាមស្ដាប់មើលឲ្យឃើញច្បាស់ តើអ្នកនោះដូចម្ដេចបានជាចេះផ្លុំពីរោះដល់ម្ល៉ឹង? ” ។ ព្រះនាងក៏ទៅរកមើលឲ្យឃើញដោយព្រះអង្គឯង ។ លុះព្រះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះៗ ក៏រឹតតែមានសេចក្ដីប្រតិព័ទ្ធខ្លាំងឡើង បានសាកសួរសន្ទនាគ្នាទៅវិញទៅមក តាមប្រពៃណីរបស់ប្រុសនិងស្រីដែលស្រឡាញ់គ្នា ។ អ្នកទាំងពីររូបបាននិយាយមត់គ្នាថា “ថ្ងៃក្រោយ យើងនឹងមកជួបគ្នាទៀត” ហើយលាបែកគ្នារៀងខ្លួន ។ ចំណែកព្រះនាង ចាប់តាំងពីបែកបណ្ឌិតនោះទៅ មានទឹកព្រះភក្ត្រប្លែកពីប្រក្រតី ចេះតែក្រៀមក្រំលែងរួសរាយរកពួកបរិវារ ពួកបរិវារក៏មានសន្ទិះសង្ស័យ ។ ថ្ងៃក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ។ ព្រះរាជាក៏ទ្រង់អនុញ្ញាតឲ្យព្រះនាងទៅ ទ្រង់ចាត់មនុស្សឲ្យហែហមជូនព្រះដំណើរព្រះនាងដូចថ្ងៃមុន លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា ” អ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំ ខ្ញុំមានកិច្ចឯនោះបន្តិច ” ។ និយាយប្រាប់ហើយ ព្រះនាងដើរសំដៅទៅកន្លែងដែលបណ្ឌិតស្រីមកជួប លុះបានជួបគ្នាហើយ ទាំងពីររូបក៏សម្រេចសេចក្ដីប្រាថ្នារបស់ខ្លួន ។ ពួកបរិវារសង្ស័យទៅលបមើលឃើញកិរិយាមិនល្អ មានសេចក្ដីភិតភ័យ ខ្លាចក្រែងស្ដេចយកទោសដល់ជីវិត ក៏ជំនុំពិគ្រោះគ្នាថា “យើងគួរតែក្រាបទូលស្ដេចកុំខាន” ។ លុះត្រឡប់ទៅវិញ ពួកបរិវារក៏ចូលទៅគាល់សព្វគ្រប់តាមដំណើរ ។ ស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពួកពេជ្ឈឃាដមកប្រាប់ថា “ត្រូវយកកូនអញទៅសម្លាប់ឲ្យឆាប់ ” ។
ព្រះមហេសីជាព្រះមាតា ក្រាបទូលសុំទោសព្រះស្វាមីថា “សូមព្រះករុណាទ្រង់ព្រះមេត្តាប្រោស ព្រះរាជទានទោសដល់កូនរបស់យើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំសម្លាប់ គ្រាន់តែបំបរបង់ចេញអំពីទីនេះចុះ សូមទ្រង់អនុញ្ញាតឲ្យទាន” ។ ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំរបស់ព្រះនាងជាព្រះមាតា ទើបទ្រង់បង្គាប់ទៅសេនាបតីឲ្យធ្វើប្រាសាទ ២ ចម្ងាយអំពីព្រះដំណាក់ទៅ ៣ យោជន៍ ។ ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចហើយស្ដេចទ្រង់បង្គាប់ឲ្យនាំព្រះនាងខ្មៅ ទៅនៅទីនោះ ប្រាសាទនោះនៅខាងលិចភ្នំជីសូរ ។ តាំងពីថ្ងៃនោះទៅ ព្រះនាងកើតទុក្ខជាទម្ងន់ ណាមួយព្រះបិតាបំបរបង់ចោលឲ្យនៅតែម្នាក់ឯង ណាមួយបែកពីរសង្សារ លែងបានមកជួបសោះ ដោយមិនជ្រាបជានៅទីណា ។
គ្រានោះ មានភិក្ខុ ១ រូបឈ្មោះ កែវ លោកនិមន្តចេញពីស្រុកលោក ទៅរៀនមន្តវិជ្ជាការឯស្រុកក្រៅ លោករៀនបានចេះពូកែណាស់ លោកត្រឡប់មកស្រុកវិញគង់នៅទីមួយ (ក្នុងខេត្តតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយប្រគេនលោក ។ ដោយស្រះនោះជារបស់លោកគ្រូកែវ ទើបមានឈ្មោះថា ស្រះ កែវ ៗ រហូតដល់សព្វថ្ងៃ ។
លោកគ្រូអង្គនេះ គង់នៅយូរបន្តិចទៅ មានកិត្តិសព្ទទួទៅគ្រប់ស្រុកភូមិ ។ ព្រះនាងបានឮដំណឹងថា លោកគ្រូនោះទើបតែនិមន្តមកពីស្រុកក្រៅ ចេះមន្តវិជ្ជាការល្បីល្បាញដូច្នោះ មានព្រះបំណងចង់ជួបនឹងលោក ដើម្បីចង់ដឹងអំពីសេចក្ដីទុក្ខរបស់ព្រះនាងថា “តើថ្ងៃណានឹងស្រាកស្រាន្តស្បើយល្ហើយ ” ព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យរៀបព្រះទីន័ងដំរី  ដើម្បីទៅថ្វាយបង្គំលោកគ្រូ កែវ ។ លុះធ្វើព្រះដំណើរទៅដល់ទីកន្លែងលោកគ្រូនោះហើយ ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសព្វគ្រប់ ក៏បែកចិត្តចេញពីសង្សារចាស់ មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះ មានរូបស្អាតជាងបណ្ឌិតស្រី ពេញលក្ខណៈជាប្រុសគួរឲ្យស្រឡាញ់ ព្រះនាងដំណាលពីសេចក្ដីទុក្ខរបស់ព្រះនាងទូលលោកគ្រូសព្វគ្រប់ហើយ ក៏សំដែងអាការស្និទ្ធស្នាលហាក់ដូចជាទុកចិត្តគ្នាយូរមកហើយ ។ អាការដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ព្រះនាងនោះនាំឲ្យលោកគ្រូកែវ ស្គាល់បានថា ព្រះនាងជាប់ជំពាក់នឹងលោក ។ លោកគ្រូ កែវ អត់ទ្រាំពុំបានក៏មានចិត្តទោរទន់ទៅរកព្រះនាង ហើយមានពុទ្ធដីកាទន់ភ្លន់ទៅរក ។ កាលបើព្រះនាងបានឮពុទ្ធដីកាលោកផ្អែមល្ហែមទន់ភ្លន់មករកដូច្នេះ ក៏សង្ឃឹមថា “តទៅមុខអញនឹងមានអាង លែងកើតទុកតាំងពីថ្ងៃនេះតទៅហើយ… ។ ចាប់តាំងពីថ្ងៃនោះមក ព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្រីទេពអប្សរ ។ ចំណែកឯលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ដើម្បីដកចិត្តពីព្រះនាងនោះខ្លាំងណាស់ដែរ តែលោកដកពុំរួចសោះ ។ ពេលក្រោយមក ព្រះនាងត្រឡប់ទៅថ្វាយបង្គំសុំឲ្យលោកគ្រូស្រោចទឹក ដើម្បីឲ្យមានសិរីសួស្ដី ។ ពេលទៅស្រោចទឹកនោះ ព្រះនាងក៏រឹតតែសំដែងអាការរាក់ទាក់ទៅរកលោកគ្រូ កែវ ខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលថា “សូមឲ្យលោកម្ចាស់គង់នៅសប្បាយចុះ” ។ កាលបើឮពាក្យនោះ លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោនមុខកើតទុក្ខដោយសំដីព្រះនាង ។ អាការរបស់លោក ជាអាការប្រាប់ព្រះនាងឲ្យជ្រាបច្បាស់ថា “លោកកើតទុក្ខពីព្រោះព្រះនាង” ។ ព្រះនាងក៏រឹតតែមានសេចក្ដីស្រឡាញ់ខ្លាំងឡើងទៀត ដល់ព្រះនាងត្រឡប់ទៅព្រះដំណាក់វិញ កើតទុក្ខផ្ទំពុំលក់ សោយក្រយាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏បម្រើឲ្យរៀបចំព្រះទីន័ងដំរី ទៅនិមន្តលោកមកឯព្រះដំណាក់ព្រះនាង ។ ឯលោកគ្រូ កែវ កាលបើបានឃើញអ្នកបម្រើទៅនិមន្ត ក៏សប្បាយព្រះទ័យណាស់ បានរៀបចំដំណើរនិមន្តមកជាប្រញាប់ ។ ព្រះនាងក៏ទំនុកបម្រុងបណីតភោជន សុទ្ធតែរបស់ប្លែកៗ ។ លុះលោកនិមន្តទៅដល់ ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គ ។ លោកគ្រូ កែវ ឆាន់ពុំបាន ។ អាការដែលលោកឆាន់មិនបាននោះ ជាអាការប្រាប់ព្រះនាងឲ្យជ្រាបរឹតតែច្បាស់ ព្រះនាងក៏កើតទុក្ខខ្លាំងឡើងៗ អត់ទ្រាំកេរ្តិ៍ខ្មាសពុំបានក៏ចូលទៅទូលលោកថា ” សូមលោកម្ចាស់សឹកចាកសិក្ខាបទមកចុះ ” ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ព្រមទាំងប្រដាប់ប្រដាសព្វគ្រប់ ។
លោកទទួលព្រមតាមសំដីព្រះនាងនិមន្ត ហើយក៏សឹកចាកសិក្ខាបទជាឃរាវាសនៅរួមសុខជាមួយព្រះនាងខ្មៅ នៅក្នុងប្រាសាទនោះ ។
ដោយមានរឿងដំណាលដូច្នេះ បានជាប្រាសាទនោះ គេហៅថា ” ប្រាសាទនាងខ្មៅ ” តាំងពីនោះរហូតមក ។
ចំណេរកាលមកខាងក្រោយ មានពុទ្ធបរិស័ទជ្រះថ្លា ស្ថាបនាវត្តនៅទីនោះឡើង វត្តក៏មានឈ្មោះថា ” វត្តប្រាសាទនាងខ្មៅ ” រហូតមកដល់សព្វថ្ងៃ ។

១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់លេខ ២៧.០៣២ រៀបរៀងដោយ ចឹក-ប្រាក់ នៅពុទ្ធសាសនបណ្ឌិត្យ ។

ដោយ ពុទ្ធសាសនបណ្ឌិត្យ
Untitled-1
Untitled-1
Untitled-1-Recovered