Untitled-2 (4)

ជីវិតតស៊ូរបស់​ គង់លីប៊ុនណាង

គង់ លីប៊ុនណាង គឺជាកូនស្រីច្បងរស់នៅក្នុងក្រុមគ្រួសារក្រីក្រមួយ មានជីវភាពក្រខ្សត់លំបាក ណាស់ ដែលមានសមាជិកតគ្រួសារបួននាក់ប៉ុណ្ណោះ ក្នុងនោះខ្ញុំមានប្អូនប្រុសម្នាក់ ។ លំនៅដ្ឋាន រស់នៅបច្ចុប្បន្ន ស្ថិតនៅភូមិ អាយ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាតំបន់ក្បែរមាត់សមុទ្រនិងហ៊ុមព័ទ្ធទៅ ដោយជួរភ្នំ ពណ៌ខៀវខ្ចីគួរឱ្យចង់គយគន់ក្រៃលែង ។ឪពុកម្តាយរបស់នាងបានផ្តល់កំណើត​ឱ្យនាង ហើយគាត់បានចិញ្ចឹម បីបាច់ថែរក្សារហូតឱ្យចូលរៀន ។តែកាលនោះនាងនៅតូច នាងខ្លាចសាលារៀនណាស់ មិនចង់ចូលរៀនទេ គិតតែពីយំ ឪពុកម្តាយបាននិយាយលួងលោមថា កូនស្រីពុក កូនត្រូវតែចូលរៀនណា៎ ដើម្បីឱ្យកូនចេះដឹង ដល់ពេលធំឡើង កូនអាចទៅធ្វើការរកប្រាក់ចិញ្ចឹមឪពុកម្តាយបានអី ។

ក្រោយពីបានស្តាប់សំដីលួងលោមរបស់ឪពុករួច ខ្ញុំក៏សប្បាយចិត្តណាស់ ហើយក៏ទារកកាតាបទៅសាលារៀន ។ពេលនោះឪពុក ម្តាយខ្ញុំរំភើប រីករាយសប្បាយចិត្តខ្លាំងណាស់ ។ ចាប់តាំងពីថ្ងៃនោះមក ឪពុករបស់ខ្ញុំតែងតែ​បង្ហាត់បង្រៀនខ្ញុំក្រោយពេលទទួលទានបាយរួច ។ កន្លងផុតបានប៉ុន្មានឆ្នាំ ជីវភាពក្នុងគ្រួសារមានការលំបាកខ្លាំង​ណាស់ ពួកគាត់ទាំងពីរបានចេញទៅរកស៊ីរៀងៗខ្លួន ហើយក៏បានយកខ្ញុំផ្ញើជាមួយគេ ដែលជាគ្រួសារ​ស្តុកស្តម្ភមួយ ។ រីឯប្អូនប្រុសខ្ញុំវិញ ម្តាយខ្ញុំបានយកទៅផ្ញើជាមួយលោកយាយជិត ខាងម្នាក់ ដោយគិតជាប្រាក់ខែឱ្យគេ ។ តើហេតុអ្វីក៏គ្រួសាររបស់យើងបែកបាក់គ្នាបែបនេះទៅវិញ? រីឯឪពុកខ្ញុំវិញគាត់មិនបានទៅរកស៊ីណាឆ្ងាយទេ គឺ គាត់នៅជិតកន្លែងដែលខ្ញុំកំពុងតែរស់នៅ ដើម្បីងាយផ្ញើប្រាក់មកឱ្យខ្ញុំរៀនសូត្រ ។ពេលវេលាដែល នាងខ្ញុំបានមករស់នៅជាមួយនឹងគេ ពីរនាក់បងប្អូនមិនសូវជាស្រួលប៉ុន្មានទេ ពួកយើងទាំងពីរនាក់តែងតែ ជួបការលំបាកច្រើន ប៉ុន្តែការរៀនសូត្ររបស់ខ្ញុំនៅតែបន្តទៅមុខ រហូតមិនដែលអាក់ខានឡើយ ។ ក្រោយពីឪពុក ម្តាយខ្ញុំបែកបាក់គ្នាមក នៅខាងក្រៅផ្ទះខ្ញុំ តែងតែឮពាក្យតិះដៀលពីអ្នកជិតខាង ពួកគេតែងតែថា ឪពុកម្តាយខ្ញុំ មិនល្អ ចេះតែទុកកូនឱ្យនៅជាមួយគេ ហេតុអ្វីកូនតែពីរនាក់សោះ ម៉្តេចចិញ្ចឹមមិនបាន ។ពាក្យស្តីបន្ទោសជាច្រើន បានប៉ះទង្គិចមកលើរូបខ្ញុំ និង ប្អូនខ្ញុំ ក្រោយពីគ្មានឪពុកម្តាយនៅក្បែរ ហើយថែមទាំងគ្មាននរណាគេឱ្យតំលៃ និងអាណិតពួកយើងទាំងពីរ។

ពួកខ្ញុំទាំងពីរនាក់បងប្អូនបាន មកស្នាក់អាស្រ័យជាមួយ និងគេអស់រយៈពេលជិត៧ឆ្នាំ ហើយតែងតែ បានជួប និងការលំបាកច្រើន និងការរស់នៅ​ ។ចាប់តាំងពីនោះមកខ្ញុំបានក្លាយខ្លួនទៅជាមនុស្សពេញវ័យ ចេះដឹង ខុសត្រូវ ស្គាល់អ្វីល្អ អ្វីអាក្រក់ជា ច្រើន ដែលកើតមាននៅក្នុងជីវិតកំព្រា គ្មានឪពុកម្តាយ នៅក្បែរ ។ពីមួយ ថ្ងៃទៅ មួយថ្ងៃ ខ្ញុំតែងតែទន្ទឹងរង់ចាំ ពួកគាត់ទាំងពីរឱ្យត្រឡប់មករស់នៅជួបជុំគ្នាវិញណាស់ ខ្ញុំពិតជាចង់ បានការថ្នាក់ថ្នម​ ការស្រលាញ់ពីឪពុកម្តាយខ្លាំងណាស់ ។រាល់ពេល ដែលខ្ញុំឃើញក្រុមគ្រួសារគេហូបបាយជុំគ្នា សើចលេងជាមួយគ្នា ខ្ញុំពិតជាចង់បានសេចក្តីសុខបែបនេះ ឱ្យមានចំពោះខ្ញុំខ្លាំងបំផុត តែផ្ទុយទៅវិញ ខ្ញុំនៅតែមិន ទាន់បានស្គាល់នូវរសជាតិនេះទេ មានពេលខ្លះបានទៅលេងផ្ទះបានតែ១ថ្ងៃប៉ុណ្ណោះ មិនដែលបានច្រើនថ្ងៃម្តងទេ  ។ ចំណែកឯការផ្តល់ប្រាក់ឱ្យខ្ញុំវិញគឺ មិនសូវបានច្រើនប៉ុន្មានទេ ព្រោះពួកគាត់ ពិបាក រកការងារធ្វើ ណាមួយ ថ្លៃឈ្នួលផ្ទះ ថ្លៃម្ហូបអាហាររបស់គាត់ក៏ថ្លៃ ។ខ្ញុំដឹងថាឪពុកម្តាយខ្ញុំមិនសូវមានប្រាក់ ដូច្នេះខ្ញុំមិនសូវសុំគាត់ដែរគឺត្រូវរកប្រាក់ដោយខ្លួនឯងខ្លះ។ សព្វថ្ងៃនេះខ្ញុំបានសន្សំមិនហ៊ានចំណាយ​មិនតែប៉ុណ្ណោះ មើលថែឆ្កែចំនួនពីរក្បាលឱ្យគេគ្រាន់បានប្រាក់បន្តិចបន្តួច ដើម្បីយកទៅផ្គត់ផ្គង់ការរៀនភាសាអង់គ្លេសពីរនាក់បងប្អូន ។ប្រាក់មើលថែរក្សាឆ្កែមួយខែ បានត្រឹមតែ ២០០០០រៀលប៉ុណ្ណោះ ក្នុងឆ្កែមួយក្បាល ។ជារៀងរាល់ព្រឹកមុនពេលខ្ញុំមករៀន ខ្ញុំបានក្រោក តាំងពីព្រឹកព្រលឹមធ្វើកិច្ចការងារផ្ទះរួចរាល់ទើបមករៀន មិនថាជារវល់យ៉ាងណាទេ ខ្ញុំត្រូវ តែឆ្លៀតពេលមករៀនអោយបានទាន់ពេល ។គ្រប់ពេលដែលខ្ញុំមានទុក្ខលំបាកឱ្យតែបានមកដល់សាលា រៀនខ្ញុំតែងតែមានមិត្តភក្តិល្អចាំជួយរំលែកទុក្ខឱ្យគ្រប់ពេលវេលាមានពួកគេ និងអ្នកគ្រូទើបខ្ញុំមានថ្ងៃនេះបាន រៀនដល់ថ្នាក់ទី១១និងគេ ។ មានអ្នកខ្លះគេមានទស្សនៈមិនល្អចំពោះខ្ញុំសោះ ពួកគេចេះតែនិយាយថា គ្មានឪពុកម្តាយនៅក្បែរ ហើយរស់នៅជាមួយគេរៀនធ្វើអ្វីទៀត ឈប់រៀនទៅតែគំនិតទាំងនោះមិនធ្វើឱ្យ ខ្ញុំយល់ស្របទេ វាធ្វើឱ្យខ្ញុំរិតតែខំរៀនថែមទៀត ។ទីបំផុតខ្ញុំបានទទួលជោគជ័យក្នុងការរៀនសូត្រ ធ្វើឱ្យ អ្នកជិតខាងប្រែជាមានទស្សនៈល្អមកលើខ្ញុំវិញ ។គេនាំគ្នានិយាយថា ឯងពិតជាអស្ចារ្យមែន ដែលអាចតស៊ូសិក្សារៀនសូត្របានដល់សព្វថ្ងៃ ។ខ្ញុំបានឭការគាំទ្រពីអ្នកជិតខាង ធ្វើឱ្យ ខ្ញុំរឹតតែខិតខំព្យាយាមរៀនឱ្យបានខ្ពស់ទៅមុខទៀត ។ចាប់តាំងពីនោះមកគ្មាននរណាម្នាក់ គេហ៊ានមាក់ងាយមកលើខ្ញុំទៀតទេ ។មានពាក្យសម្តីខ្លះបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ខ្ញុំជានិច្ច ។ខ្ញុំបានសច្ចាក្នុងចិត្តថាទោះបីជាត្រូវធ្វើការលំបាកយ៉ាងណាក៏ដោយ​ក៏ខ្ញុំ ត្រូវតែទ្រាំជំនះរាល់ឧបសគ្គទាំងពួងឱ្យ​បាន ថ្វីត្បិតតែខ្ញុំមានឪពុកម្តាយរស់នៅ ក៏ដូចជាគ្មានអញ្ចឹង ​ព្រោះមិនបានរួមរស់ជាមួយគ្នា ទើបគេនាំគ្នានិយាយថា ខ្ញុំជាកូនកំព្រា ។

ជាចុងក្រោយខ្ញុំក៏បានសិក្សារៀនសូត្រដូចគេឯងធម្មតា មានមិត្តភក្តិល្អៗ អ្នកគ្រូលោកគ្រូ ជាពិសេស លោកនាយកសាលារបស់ខ្ញុំ គាត់ទាំងនោះដូចជាឪពុកម្តាយទីពីររបស់ខ្ញុំចាំជួយជ្រោមជ្រែងលើកទឹកចិត្តផ្តល់ ឱកាសល្អៗដល់ខ្ញុំ ។អំពើល្អកន្លងទាំងនេះធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបានទេ ។ លើសពីនេះខ្ញុំមាននាងមានចិត្តស្រលាញ់មិត្តភក្តិរបស់ខ្ញុំខ្លាំងណាស់ ខ្ញុំបានប្រៀបពួកគេដូចជា ហ្វូងតារា ដែលរះបំភ្លឺជីវិតរបស់ខ្ញុំគ្រប់ពេលវេលា ព្រោះខ្ញុំចាត់ទុកពួកគេជាគ្រូពេទ្យជំនួយរកអ្វីប្រៀបពុំបានឡើយ ខ្ញុំមានមោទនៈភាពជាក្រៃលែង ដែលខ្ញុំបានជួបគេជាមិត្តភក្តិ ។

***

ដោយ ខ្មែរ​អ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered