lake_leang

រឿង បឹង​ទុំ​លែង (នៅ​ខេត្ត​បាត់ដំបង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៤៩ – ១៥៣

បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥ ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវជើងចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគ្នេយ៍ចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិទៅកាត់ត្រង់ស្ថានីយរថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧ គីឡូម៉ែត្រ រួចឈមមុខទៅទិសទក្សិណ ចម្ងាយប្រហែលជា ៤ គីឡូម៉ែត្រ យើងនឹងបានឃើញបឹង ១ ហៅថា ” បឹងទំលែង ” មានទំហំទទឹងប្រមាណ ១០០ ម៉ែត្រ បណ្ដោយ ៤០០ ម៉ែត្រ ។

បឹងនោះ សព្វថ្ងៃនេះ ជាបឹងស័ក្ដិសិទ្ធិ មានមច្ឆជាតិ គឺត្រី អណ្ដើកជាដើមច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ានទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិ គឺប្រើស ក្ដាន់ ឈ្លូស រមាំងជាដើម នៅក្នុងព្រៃជុំវិញបឹងនោះផងជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក។
រឿងព្រេងទាក់ទង នឹងដើមកំណើតនៃបឹងនោះ មានដំណាលដូចតទៅនេះ ៖
តាមចាស់ៗដំណាលតៗ គ្នាមក ដរាបដល់សព្វថ្ងៃនេះថា :
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបារមីអស្ចារ្យណាស់ ។ ថ្ងៃមួយ ព្រះអង្គគង់សត្វរមាសជាព្រះរាជយាន ជាមួយនឹងទម័កម្នាក់ឈ្មោះនាយទុំ ដើម្បីស្ដេចទៅក្រសាលនឹងស្ត្រីម្នាក់ឈ្មោះនាង មុខរាហុ៍ ។ លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយ បានទតព្រះនេត្រទៅឃើញស្ត្រីម្នាក់ មានលំនាំប្រហែលនាង មុខរាហុ៍ តែទ្រង់ទតបញ្ជាក់ទៅ ទើបទ្រង់ជ្រាបច្បាស់ថាមិនមែននាង មុខរាហុ៍ ទេ ក៏ទ្រង់ចាកចេញទីនោះហួសទៅទៀត ។ កាលទ្រង់យាងហួសទៅ ទ្រង់កាត់សំដៅគេហដ្ឋាននាង មុខរាហុ៍ លុះដល់ហើយស្ដេចចុះអំពីខ្នងរមាស ឲ្យនាយ ទុំចងរមាសនោះនៅក្រោមដើមក្រសាំង ១ ហើយស្ដេចយាងទៅក្រសាលនឹងនាង មុខរាហុ៍ ទៅ ។ ឯនាងមុខរាហុ៍ កាលបានសំណេះសំណាលនឹងព្រះមហាក្សត្រ តាមការលោកិយ ហើយក្រាបបង្គំទូលសួរព្រះមហាក្សត្រថា “ព្រះអង្គស្ដេចយាងមកនេះ ដោយយានអ្វី? ” ។ ព្រះរាជាទ្រង់តបថា ” បងមកដោយរមាស បងចងទុកក្រោមដើមក្រសាំង ” ។ រមាសស្ដាប់មិនច្បាស់ ឮតែថា “រមាសក្រសាំង” ក៏ចូលចិត្តថា “ព្រះមហាក្សត្រថាខ្លួន”ជាសត្វ-ក្រសាំង ” ទៅវិញ ក៏មានសេចក្ដីទោមនស្សដោយនឹកឃើញថា “អញមានសេចក្ដីស្មោះត្រង់នឹងលោក យកអាសាលោក ខំជូនមកទាំងយប់ទាំងអធ្រាត្រ អត់ដំណេកស្រេកបង្គុយលោកទៅជាថាឯង ក្រសាំងទៅវិញ” ។ នឹកហើយរមាសក៏បោលផ្ដាច់ខ្សែពីដើមក្រសាំងទៅ ។ ឯនាយ ទុំ ក៏រត់តាមជាប់ពីក្រោយរមាសទៅដែរ ។
ឯព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា រមាសបោលផ្ដាច់ខ្សែដូច្នោះហើយ ស្ដេចក៏ធ្វើព្រះគមនាការយាងតាមទៅដែរ ។ លុះនាយ ទុំ តាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់តែរមាសពុំព្រមឈប់សោះ ។ នាយ ទុំ បានឈរជ្រែងជើងទប់ដីជាប់ ៗ ក៏របើកទាំងផ្ទាំងៗ។
ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នេះ ក៏ទ្រង់ស្រែកប្រាប់ទៅអំពីក្រោយថា ” ទុំ លែងៗ “, ទើបនាយ ទុំ លែងរមាសនោះ ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែលចងលើខ្នងនោះទៅផង ។
ព្រះមហាក្សត្រទ្រង់ខ្ញាល់ខ្លាំងណាស់ ទ្រង់ដាក់បណ្ដាសាដល់សត្វរមាសនោះថា “ពូជអាឯង ចាប់តាំងពីថ្ងៃនេះទៅ ត្រូវស៊ីតែបន្លាជាអាហារ និងផឹកតែទឹកល្អក់ជាដរាប ” ។
ព្រោះហេតុដូច្នោះឯង បានជានៅលើខ្នងសត្វរមាសទាំងឡាយសព្វថ្ងៃនេះ មានសាច់មួយស្រទាប់នៅខ្នងសណ្ឋានដូចជាគេចងអានទុកស្បែកក្រហេងក្រហូងជាច្រើនស្រទាប់ ជាទីជ្រកនៃពួកសត្វក្អែបនិងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិណាដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបីទឹកថ្លា ក៏វាយកជើងកូរឲ្យទាល់តែល្អក់សិន ទើបបានផឹក ដោយត្រូវបណ្ដាសាព្រះមហាក្សត្រ តាំងពីពេលនោះឯង ។
ត្រង់កន្លែងដែលនាយ ទុំ តោងកន្ទុយរមាសឈរជ្រែងជើងធាក់ដីនោះ ក៏ក្លាយទៅជាបឹងមួយ មានទំហំដូចពោលបីខាងលើ ហៅថា ” បឹងទុំលែង ” ជាប់ដរាបមកដល់សព្វថ្ងៃនេះ ។
ឯភូមិជាទីលំនៅរបស់នាង មុខរាហុ៍ នោះ ក៏មានឈ្មោះប្រាកដជាប់មកថា “ភូមិមុខរាហុ៍” ដរាបមកដល់សព្វថ្ងៃនេះដែរ ។
ពី បឹងទុំលែង ទៅភូមិ មុខរាហុ៍ នេះ មានចម្ងាយប្រហែល ៨ គីឡូម៉ែត្រ ។ បើត្រូវការទៅពីបឹងទុំលែង ទៅភូមិមុខរាហុ៍ យើងត្រូវធ្វើដំណើរឈមមុខទៅទិសខាងកើតចំនួន ៨ គីឡូម៉ែត្រ ទើបបានទៅដល់ភូមិនោះ ។ តំបន់ដែលព្រះមហាក្សត្រ ទ្រង់ទតព្រះនេត្រឃើញស្ត្រីម្នាក់ប្រហែលនាង មុខរាហុ៍ នោះហៅថា ” ភូមិប្រហែល ” ជាប់តមក ប៉ុន្តែសព្វថ្ងៃនេះ គេហៅក្លាយមកថា ” ភូមិប្រហាល ឬ ប៉ាហារ ” ទៅវិញ ។ ឯភូមិប្រហាល សព្វថ្ងៃនេះនៅក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បើធ្វើដំណើរពីភូមិប្រហាលទៅភូមិមុខរាហុ៍ ត្រូវចេញដំណើរឈមមុខទៅទិសពាយ័ព្យ ប្រមាណជា ៧ ឬ ៨ គីឡូម៉ែត្រ ទើបបានដល់ទៅ ភូមិមុខរាហុ៍នោះ ។
ជាទំនៀមនៅ បឹងទុំលែង នោះ អ្នកស្រុកតែងហាមឃាត់អស់ពួកមន្ត្រី ដែលទៅនៅត្រួតត្រាលើស្រុកមោងឫស្សីនោះ មិនឲ្យដើរកាត់មុខ គឺពីខាងកើតបឹងនោះឡើយ ឲ្យដើរបានតែពីក្រោយ ដោយហេតុថា បើមន្ត្រីណាដើរកាត់មុខបឹងនោះ គេថា មន្ត្រីនោះនឹងត្រូវខូចបុណ្យថ្លោះយស ឬក៏ត្រូវរាជការផ្លាស់ចេញពីស្រុកនោះ ដោយឆាប់រហ័ស ម៉្លោះហើយអស់លោកណា ដែលនិយមជឿតាមទំនៀមនោះ មិនហ៊ានប្រព្រឹត្តកន្លងពាក្យហាមនោះឡើយ ។

១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.០០២ រៀបរៀងដោយលោក សក់-ខាត់ កាលនៅជានាយតម្រួតគុក នៅកំពត ។

ដោយ www.budinst.gov.kh
Untitled-1
Untitled-1
Untitled-1-Recovered