Untitled-2 (2)

ចង់ ដឹន ជាអ្នកម្តាយគំរូ

បើយើងធ្វើដំណើរចេញពីទីរួមខេត្តមណ្ឌលគីរី ឆ្ពោះទៅកាន់ទីរួមស្រុកពេជ្រដា ប្រហែល ១០គីឡូម៉ែត្រ បានមកដល់ភូមិមួយ ដែលមានមនុស្សរស់នៅអ៊ូរអរ គឺភូមិអូររដែត។ ក្រុមយើងបាន ឈប់នៅទីនោះ ហើយក៏បានចូលទៅផ្ទះគ្រួសារមួយ ដែលសង់ខ្ពស់ផុតពីដីមានពីរខ្នង បានឃើញ ស្ត្រីម្នាក់នៅក្នុងដៃទាំងពីរ កាន់អង្រែយ៉ាងណែនកំពុងបុកស្រូវ ដិតដាមដោយស្នាមញើសជោគជាំ ពេញអង្គប្រាណ ដើម្បីយកអង្ករសម្រាប់ដាំបាយពេលល្ងាច ដោយមានកូនស្រីប្រុសតូចៗបីបួននាក់ ជាអ្នកជួយគាត់បន្តិចបន្តួច។ ស្ថិតក្នុងទឹកមុខស្រងូតស្រងាត់ ពេលឃើញក្រុមការងារយើងទៅជួប អ្នកមីងក៏បានផ្អាកបុកស្រូវ ហើយក្រុមការងារយើងក៏បានសុំអនុញ្ញាតពីអ្នកមីង ដើម្បីសាកសួរ ព័ត៌មានមួយចំនួន ទាក់ទងនឹងរឿងរ៉ាវក្នុងគ្រួសារអ្នកមីងនិងកូនស្រី។ អ្នកមីងក៏ បានឆ្លើយតបវិញ ដោយមានសំនៀងរដឺនៗ ដែលក្រុមយើងពិបាក ស្តាប់យល់ចំពោះពាក្យពេចន៍មួយចំនួន។
គ្រានោះ អ្នកមីងក៏បានដាក់អង្រែផ្អែកទៅនឹងជញ្ជាំងផ្ទះ ហើយអញ្ជើញក្រុមការងារយើង ឱ្យឡើងលើផ្ទះ ដើម្បីផ្តល់ពេលវេលាដល់ក្រុមការងារបានសាកសួរ។ ពេលយើងសម្ភាស អ្នកមីង ក៏ បានឆ្លើយជាបន្តបន្ទាប់ដូចតទៅ ៖ នាងខ្ញុំឈ្មោះ ចង់ ដឹន  សព្វថ្ងៃមានអាយុប្រហែល៤២ឆ្នាំហើយ ខ្ញុំជាជនជាតិព្នង កើតក្នុងគ្រួសារមួយមានបងប្អូន៣នាក់ស្រី១នាក់។ ខ្ញុំជាកូនច្បង ក្នុងចំណោម បងប្អូនទាំងអស់។ ខ្ញុំមានស្រុកកំណើតនៅភូមិពូជ្រី ឃុំពូជ្រី ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។ សព្វថ្ងៃខ្ញុំរស់នៅភូមិអូររដែត ឃុំស្រែអំពូម ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។ ឪពុកនាងខ្ញុំ មាន មុខរបរជាអ្នកធ្វើចម្ការ តែគាត់បានស្លាប់ចោលខ្ញុំតាំងពីខ្ញុំនៅតូចៗមកម្ល៉េះ។ ម្តាយ នាងខ្ញុំក៏ជាអ្នក ធ្វើចម្ការដែរ គឺតាំងពីដើមរហូតដល់ឥឡូវនេះ។ សព្វថ្ងៃ ខ្ញុំមានកូន៨នាក់ស្រី៣នាក់។

ក្នុងនាមជាម្តាយម្នាក់ នាងខ្ញុំបានកាត់ចិត្តជំរុញឱ្យកូន បានរៀនសូត្រដល់ថ្នាក់ខ្ពង់ខ្ពស់ នឹងគេកុំឱ្យល្ងង់ខ្លៅ មិនចេះអក្សរដូចរូបខ្ញុំ និងឪពុករបស់គេទៀត។ ហើយម្យ៉ាងទៀត ដោយសារ ឥឡូវសាលារៀន ក៏នៅក្បែរផ្ទះផងដែរ។ ទោះបីជាសព្វថ្ងៃ ខ្ញុំនិងប្តីខ្ញុំមានដីស្រែធ្វើ ដែលមាន ទំហំត្រឹមតែ០,៥០ហិចតា និងមានដីសម្រាប់ធ្វើចម្ការបន្តិចបន្តួច ដែលមិនអាចធានាដល់ការជួយ ទ្រទ្រង់ដល់ជីវភាពគ្រួសារឱ្យបានគ្រប់គ្រាន់នោះទេ តែរូបខ្ញុំនិងប្តីតែងតែបាន ទៅរករបរស៊ីឈ្នួល គេបន្ថែមទៀត ដូចជា ធ្វើស្រែ ចម្ការ ជំរះស្មៅ និងធ្វើកិច្ចការផ្សេងៗទៀត តាមតម្រូវការការងារ របស់អ្នកគេជួល ឱ្យតែបានចំណូលបន្ថែមយកមកចិញ្ចឹមគ្រួសារ និងឱ្យកូនទៅរៀន។

កាលកូនខ្ញុំនាង បើប រៀននៅសាលាបឋមសិក្សាស្រែអំពូម និងអនុវិទ្យាល័យស្រែអំពូម ការចំណាយផ្សេងៗសម្រាប់នាង គឺអស់បន្តិចបន្តួចប៉ុណ្ណោះ ព្រោះសាលារៀននៅជិតផ្ទះ មិនអស់ ថ្លៃហូបចុកឬសោហ៊ុយសម្រាប់ការធ្វើដំណើរ ទៅកាន់សាលារៀនទេ ហើយនាងក៏មានពេលវេលា ច្រើនជួយធ្វើកិច្ចការផ្ទះ ជំនួសខ្ញុំនិងប្តីខ្ញុំផងដែរ។ លុះដល់ពេលនាងបើប បានប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) នាងខ្ញុំនិងប្តីមានការលំបាកចិត្តយ៉ាងខ្លាំង ដោយចង់ឱ្យកូន រៀនទៅដល់ថ្នាក់ខ្ពស់(វិទ្យាល័យ) តែវាឆ្ងាយពីផ្ទះ ដែលមានតែនៅទីរួមខេត្តមណ្ឌលគីរីឯណោះ។ ក្រោយមក ខ្ញុំបានឮដំណឹងពីនាយកសាលាដែលកូនស្រីខ្ញុំរៀន និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកប្រាប់ថា រៀនបានត្រឹមថ្នាក់ប៉ុណ្ណឹង បើប្រឡងចូលធ្វើគ្រូបង្រៀនថ្នាក់តូចក៏ រាជការត្រូវការដែរ ឮដូច្នោះនាងខ្ញុំនិងប្តីត្រេកអរយ៉ាងខ្លាំង ក៏បានសម្រេចចិត្តឱ្យកូនស្រីនាងខ្ញុំដាក់ ពាក្យប្រឡងចូលបម្រើការងារជាគ្រូបង្រៀន ហើយជាលទ្ឋផលក៏បានសម្រេចដូចបំណង គឺនាង បានប្រឡងជាប់ជាស្ថាពរ។ យើងខ្ញុំទាំងពីរនាក់ប្តីប្រពន្ឋសែនសប្បាយចិត្ត រកអ្វីមកប្រៀបផ្ទឹម មិន បានសោះឡើយ ព្រោះអីក្នុងពូជអំបូរខាងខ្ញុំក៏ដូចខាងឪពុកវា មិនដែលមាននរណាម្នាក់ ធ្លាប់បាន ធ្វើការរាជការនោះទេ ទើបតែពេលនេះទេ ដែលមានកូនស្រីរបស់ខ្ញុំ ជាអ្នកសម្រេចបានជោគជ័យ លើកិច្ចការនេះ។ ក្រោយពេលសប្បាយរីករាយ អបអរសាទរនូវកិត្តិយសនេះ នាងខ្ញុំនិងប្តីចាប់ផ្តើម មានការព្រួយបារម្ភឡើងវិញបន្តិច ខ្លាចក្រែងមិនមានលទ្ឋភាព ជួយឧបត្ថម្ភកូនស្រី ឱ្យបានរៀនចប់ ព្រោះការទៅរៀននៅឆ្ងាយពីផ្ទះ ច្បាស់ជាត្រូវការប្រាក់ច្រើន សម្រាប់ការហូបចុកប្រចាំថ្ងៃ សម្លៀក បំពាក់ សោហ៊ុយធ្វើដំណើរជាដើម ព្រោះសាលាគរុកោសល្យ ស្ថិតក្នុងខេត្តស្ទឹងត្រែងឯណោះ។ ឥឡូវកូនខ្ញុំ រៀនបានជិតចប់មួយឆ្នាំហើយ ត្រូវការប្រាក់សម្រាប់ការចាយផ្សេងៗ ជាមធ្យមពី ១០០.០០០រៀល ទៅ ១២០.០០០រៀល ក្នុងមួយខែៗ។ ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លង ទៅនេះ កូនស្រីខ្ញុំបានមកលេងផ្ទះបានជាង១០ថ្ងៃដែរ ហើយនាងទើបតែត្រឡប់ទៅសាលារៀន នៅឯខេត្តស្ទឹងត្រែងវិញ ក្រោយពេលបុណ្យចូលឆ្នាំថ្មី ប៉ុន្មានថ្ងៃមុននេះបន្តិច។ ពេលនោះគ្រួសារខ្ញុំ គ្មានលុយគ្រប់គ្រាន់ សម្រាប់ឱ្យកូនវិលទៅវិញទេ។ ខ្ញុំនិងប្តីខ្ញុំ បានទៅរកខ្ចីបុលប្រាក់ពីគេ (ចងការប្រាក់គេ) ដើម្បីឱ្យកូនបានវិល ត្រឡប់ទៅរៀនដូចធម្មតាវិញ ដោយមិនឱ្យកូនស្រីខ្ញុំដឹងថា នេះជាលុយខ្ចីគេទេខ្លាចនាងពិបាកចិត្តរៀនមិនកើត។ មកដល់ពេលនេះ គ្រួសារខ្ញុំជួបការលំបាក ច្រើន ដោយកូនស្រី ទៅរៀនឆ្ងាយពីផ្ទះមិនបានជួយធ្វើកិច្ចការផ្ទះទេ ហើយនាងត្រូវការលុយចាយ ច្រើនរៀងរាល់ខែ។ មិនដឹងជាឆ្នាំក្រោយការចំណាយរបស់កូនស្រីខ្ញុំក្នុងមួយខែៗ ត្រូវការប៉ុន្មានទេ? តើខ្ញុំនិងប្តីខ្ញុំត្រូវរកប្រាក់ពីណា ដើម្បីជួយចិញ្ចឹមកូនស្រីខ្ញុំឱ្យបានរៀនចប់ រួចហើយចេញមកធ្វើ ជាគ្រូបង្រៀន ដើម្បីជួយបង្រៀនសិស្សឯស្រុកភូមិវិញ ហើយក៏មិនដឹងជាត្រូវជំពាក់គេប៉ុន្មានទៀត (ច្រើនយ៉ាងណាទេ) ដល់ពេលកូននាងខ្ញុំរៀនចប់។ តែទោះជាយ៉ាងណា ខ្ញុំក៏នៅតែសប្បាយចិត្ត ដោយបានកូនស្រីម្នាក់រៀន សូត្របានចេះដឹងជ្រៅជ្រះ មានមុខមាត់សមរម្យនៅក្នុង្រសុកភូមិ ដែល តាំងពីជីដូនជីតាខ្ញុំមក មិនមាននរណាម្នាក់ចេះអក្សរមួយតួ និងបានចូលធ្វើការរាជការ ដូចនាង សោះឡើយ។

ខ្ញុំវាល្ងង់ ប្តីខ្ញុំក៏ដូចគ្នាមិនចេះអក្សរមួយតួ បំណងសំខាន់ចង់ឱ្យកូនស្រី ធ្វើជាគ្រូពេទ្យ តែ ដោយសារគ្មានលទ្ឋភាព ខ្ញុំនិងឪពុកវាក៏បានសម្រេចចិត្ត ឱ្យកូនស្រីប្រឡងចូលធ្វើគ្រូបង្រៀនទៅ។ សព្វថ្ងៃនេះនាងខ្ញុំមាន មោទនភាពក្រៃលែង និងមានអារម្មណ៍សប្បាយរីករាយឥតឧបមា ព្រោះតែ មានកូនស្រីម្នាក់បានក្លាយជាគ្រូបង្រៀន ហើយខ្ញុំពីរនាក់ប្តីប្រពន្ឋ ស៊ូទ្រាំការលំបាកគ្រប់យ៉ាង ដើម្បី ឱ្យកូនស្រីនាងខ្ញុំ បានដល់ត្រើយ។ ដោយសារការមើលឃើញគំរូខ្ញុំនិងប្តីខ្ញុំ ដាច់ចិត្តឱ្យកូនស្រីទៅ រៀនឆ្ងាយពីផ្ទះសំបែងដូច្នេះ ឥឡូវនេះ ក៏មានឪពុកម្តាយមួយចំនួន បានលះបង់កូនស្រីឱ្យនៅរៀន បន្តរហូតដល់អនុវិទ្យាល័យ ឬវិទ្យាល័យទៀតផងដោយមិនសូវមានឪពុក ម្តាយណាមួយបង្ខិតបង្ខំ កូនស្រីឱ្យឆាប់រៀបចំគូស្រករ ក្នុងវ័យក្មេងខ្ចីដូចពេលមុនៗទៀតនោះទេ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូន មីងមា និងញាតិមិត្ត ជាជនជាតិព្នងទាំងអស់ ត្រូវតែមានជំជឿជាក់ក្នុងចិត្ត ក្នុងការបញ្ជូនកូនទៅរៀនឱ្យបានដល់ថ្នាក់ខ្ពស់ ពិសេសកូនស្រី ដើម្បី ឱ្យពួកគេមានឱកាស និងលទ្ឋភាពគ្រប់គ្រាន់ ទទួលបាននូវចំណេះដឹងថ្មីៗ អាចរកការងារធ្វើបាន សមរម្យ ដើម្បីជួយអភិវឌ្ឍខ្លួនគេផ្ទាល់ គ្រួសារ និងភូមិស្រុកយើង ឱ្យបានសំបូរសប្បាយ ទៅថ្ងៃក្រោយ។ សូមកុំអាលបង្ខំឱ្យកូនស្រី ឆាប់រៀបការប្តីទាំងខ្លួននៅវ័យក្មេងខ្ចីពេក។ នាងខ្ញុំក៏សូម សំណូមពរដល់ថ្នាក់លើ សូមមេត្តាជួយឧបត្ថម្ភគាំទ្រ ចំពោះពួកខ្ញុំដែលជាជនជាតិព្នង ឱ្យបាន សិក្សារៀនសូត្រដល់គោលដៅ ពិសេសការផ្តល់កន្លែងស្នាក់នៅ អាហារហូបចុក សម្លៀកបំពាក់ រួមទាំងវត្ថុផ្សេងៗ និងសូមឱ្យថ្នាក់លើ ផ្លាស់សាលាគរុកោសល្យ សម្រាប់គរុសិស្សខេត្តមណ្ឌលគីរី ពីខេត្តស្ទឹងត្រែង ឱ្យមករៀននៅខេត្តក្រចេះវិញ ដើម្បីជួយកាត់បន្ថយការចំណាយ លើសោហ៊ុយ ធ្វើដំណើរ និងការចំណាយផ្សេងៗទៀត។

សូមចប់យោបល់ពីខ្ញុំ ចង់ ដឹន។

***

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered