btb_cat_temple

រឿង ប្រាសាទ​បន្ទាយ​ឆ្មារ

រឿង ប្រាសាទ​បន្ទាយ​ឆ្មារ1 (នៅ​ខេត្ត​បាត់ដំបង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៦៤ – ៧៥ ប្រាសាទ​បន្ទាយ​ឆ្មារ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​បន្ទាយ​ឆ្មារ ខេត្ត​បាត់ដំបង នៅ​ចម្ងាយ​ផ្លូវ​ប្រមាណ ១២០ គ.ម. ទិស​ខាង​ជើង​នៃ​ក្រុង​បាត់ដំបង ។ ពី​ដើម​មក តំបន់​នេះ ស្ថិត​នៅ​ក្នុង​អាថ៌កំបាំង​ណាស់ ព្រោះ​ផ្លូវ​ទៅ​មក ជា​ផ្លូវ​រទេះ រថយន្ត​ពុំ​អាច​ធ្វើ​ដំណើរ​បាន​ឡើយ មាន​តែ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ៗ ដែល​ខិត​ខំ​តស៊ូ ធ្វើ​ដំណើរ​ឲ្យ​បាន​ទៅ​ដល់​ទី​នោះ តែ​ទៅ​បាន​ដោយ​លំបាក គឺ​ត្រូវ​ប្រើ​រទេះ​គោ ឬ ជិះ​សេះ ។ នៅ​គ្រា​សព្វ​ថ្ងៃ, ទី​តំបន់​នេះ ក៏​បាន​ពង្រីក​មុខ​មាត់​ស្រស់បស់​ដែរ ក្រោម​ការ​រៀបចំ​នៃ​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម ដែល​មាន​សម្ដេច​ឪ​ទ្រង់​ដឹក​នាំ គឺ​រាជការ​បាន​ចែក​តំបន់​នេះ​ជា​ស្រុក​មួយ ហៅថា ស្រុក​បន្ទាយ​ឆ្មារ ដែល​ពី​ដើម នៅ​ជា​ឃុំ​តូច ស្ថិត​នៅ​ដាច់​ស្រយាល ។ ទី​កន្លែង​នេះ រាប់​បាន​ថា​ជា​ភូមិ​ភាគ​ព្រៃ​ភ្នំ ព្រោះ​នៅ​ចម្ងាយ​តែ ២៥ គ.ម. ប៉ុណ្ណោះ ពី​ជើង​ភ្នំ​ដង​រែក ។ ការ​ស្រាវ​ជ្រាវ​រក​ប្រវត្តិ​ពង្សាវតារ និង រឿង​ព្រេង ដែល​ទាក់​ទង​ដោយ​ប្រាសាទ​បុរាណ​នេះ ឃើញ​មាន​នៅ​រដាច់​រដោច តាម​សាស្ត្រា​ស្លឹក​រឹត​ខ្លះ តាម​មាត់​អ្នក​ស្រុក​ខ្លះ ។ យើង​លើក​យក​មក​ពោល​ក្នុង​ទី​នេះ តាម​ឯកសារ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ដែល​សមាជិក​ខេត្ត​ក្រៅ​សរសេរ​មក​ខ្លះ តាម​សាស្ត្រា​ស្លឹករឹត​នៅ​វត្ត​ថ្ម​ពួក2​ខ្លះ និង​តាម​សាស្ត្រា​បុរាណ រឿង​ព្រះ​បាទ​យសកេរ ដែល​មាន​តម្កល់​នៅ​បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ3​ខ្លះ ល្មម​ឲ្យ​ប្រមូល​សេចក្ដី​បាន ដូច​ត​ទៅ​នេះ ៖ មាន​សេចក្ដី​និទាន​ថា កាល​ពី​អង្វែង​ព្រេង​នាយ​ឆ្ងាយ​មក​ហើយ មាន​ក្សត្រ​មួយ​ព្រះ​អង្គ គ្រង​រាជ្យ​នៅ​ចម្បាក​បុរី (ត្រង់​បន្ទាយ​ឆ្មារ​សព្វ​ថ្ងៃ) មាន​ព្រះ​នាម​ថា​ព្រះ​បាទ “យសកេរ” ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សន្ដោស​មេត្តា​ណាស់, នគរ​ជិត​ខាង ក៏​ព្រះ​អង្គ​មិន​ដែល​ទ្រង់​មាន​ហេតុ​អ្វី ជា​មួយ​ឡើយ ។ ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ ក៏​បាន​ក្សេម​ក្សាន្ត​សន្តិភាព​យ៉ាង​រៀប​រយ ។ ព្រះ​កិត្តិ​នាម​ដ៏​ខ្ពង់​ខ្ពស់​នេះ បាន​លេច​ឮ​ដំណឹង​ទៅ​ដល់​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ទៀត ព្រះ​នាម​ព្រះ​បាទ ហ៊ូលូ ដែល​គ្រង​រាជ្យ​នៅ​ប្រាសាទ​ព្រៅ នាំ​ឲ្យ​ចង់​រំលោភ​អំណាច​មក​លើ​ដែន​ចម្បាក​បុរី ទើប​ថ្លែង​សារ​មួយ ទារ​យក​រាជ​សម្បត្តិ​ពី​ព្រះ​បាទ​យសកេរ ។ ដោយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ តែង​នឹង​ការ​ស្ងប់​សន្តិភាព ព្រះ​បាទ​យស​កេរ ទ្រង់​ពុំ​ព្រម​ត​សង្គ្រាម​ទេ ភៀស​ព្រះ​អង្គ​ចេញ​ពី​ព្រះ​រាជ​វាំង​ឲ្យ​ផុត កុំ​ឲ្យ​កើត​សឹក​សង្គ្រាម​បាន ព្រោះ​នាំ​ឲ្យ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​ព្រះ​អង្គ ។ ដូច្នេះ ចាប់​តាំង​ពី​ពេល​នោះ​មក បន្ទាយ​ឆ្មារ ក្នុង​ដែន​ចម្បាក​បុរី ត្រូវ​ឋិត​នៅ​ក្នុង​ការ​ឃុំ​គ្រង​នៃ​ព្រះ​បាទ ហ៊ូលូ រហូត​មក ។ លុះ​ពេល​ជា​ចំណេរ​ត​មក ព្រះ​បាទ ហ៊ូលូ មាន​បំណង​ចង់​ពង្រីក​ទឹក​ដី​ថែម​ទៀត​ផង និង​ខ្លាច​ក្រែង​ព្រះ​មហា​ក្សត្រ​អង្គ​មុន មក​ដណ្ដើម​យក​ស្រុក​វិញ​ផង ព្រះ​អង្គ​ក៏​ប្រកាស​ដល់​មហា​ជន​ថា ឥឡូវ​នេះ បើ​នរណា​មួយ អាច​យក​ការណ៍​ឲ្យ​ច្បាស់ ពី​ទី​កន្លែង​ព្រះ​បាទ​យស​កេរ​បាន ព្រះ​អង្គ​នឹង​ប្រទាន​នូវ​មាស ១០០០ តម្លឹង ។ ពេល​នោះ មាន​ពួក​ព្រាន​ដែល​ដើរ​បាញ់ តាម​ព្រៃ​ផ្សៃ​ឆ្ងាយ​ៗ ក៏​ទៅ​លប​មើល​ឃើញ​ព្រះ​បាទ​យសកេរ ជា​មួយ​ព្រះ​នាង​បទុម ជា​អគ្គ​មហេសី និង រាជ​កុមារ​វិបុលកេរ ទ្រង់​គង់​នៅ​ប្រាសាទ​តាមាន់ ដែល​ឋិត​នៅ​លើ​ខ្នង​ភ្នំ​ដង​រែក ។ ដោយ​សារ​ចង់​បាន​រង្វាន់​ជា​មាស ១០០០ តម្លឹង​នោះ ពួក​ព្រាន​កំណាច នាំ​គ្នា​លប​ចាប់​ព្រះ​បាទ​យសកេរ នៅ​ពេល​ដែល​ព្រះ​អង្គ​គង់​ស្មឹង​ស្មាធិ៍ តែ​មួយ​អង្គ​ឯង​នៅ​ក្នុង​ព្រៃ​ស្ងាត់, នាំ​យក​ទៅ​ថ្វាយ​ព្រះ​បាទ​ហ៊ូលូ ដើម្បី​បើក​យក​រង្វាន់ ។ ពេល​នោះ ព្រះ​បាទ​ហ៊ូលូ ក៏​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​ពេជ្ឈឃាដ នាំ​យក​ព្រះ​អង្គ​ទៅ​ដាក់​ទោស, យ៉ាង​ទម្ងន់ ។ នឹង​ចាប់​ថ្លែង​ពី​ព្រះ​នាង​បទុម និង ព្រះ​រាជ​បុត្រា​វិញ​ម្ដង ។ ព្រះ​នាង​សោយ​សោក​សង្រេង​សង្រៃ​ដោយ​បាត់​ស្វាមី ហើយ​ថែម​ទាំង​បាន​ទទួល​ដំណឹង​ថា ព្រះ​បាទ​ហ៊ូលូ កំពុង​តែ​ដាក់​ក្ដី​ជា​ទម្ងន់​ទៀត ។ ព្រះ​នាង​រក្សា​បុត្រា​បណ្ដូល​ហឫទ័យ នៅ​ក្នុង​ព្រៃ​អស់​រយៈ​វេលា​យ៉ាង​យូរ រហូត​ដល់​ព្រះ​រាជ​បុត្រា មាន​ព្រះ​ជន្ម ១២ វស្សា ។ ព្រះ​កុមារ ដេញ​ដោល​ពី​រឿង​រ៉ាវ​នៃ​ព្រះ​បិតា, ឯ​ព្រះ​នាង​បទុម ជា​មាតា ក៏​រាយរាប់​សព្វ​គ្រប់​ប្រទាន​បុត្រ​ស្ដាប់ ។ តាំង​ពី​ជ្រាប​រឿង​ហេតុ​នេះ​ពិត​មក ព្រះ​កុមារ​ស្រី​វិបុលកេរ តែង​តែ​នឹក​រលឹក​ព្រះ​បិតា ចង់​តែ​សង​សឹក ឲ្យ​ឃើញ​ទាន់​ហន់​តាម​កំហឹង, តែ​ព្រះ​មាតា​ចេះ​តែ​ព្រមាន​រំលឹក​ដាស់​តឿន ឲ្យ​បំភ្លេច​រឿង​នេះ​ចោល​ទៅ ព្រោះ​យើង​ឥត​គ្នីគ្នា នៅ​ក្នុង​ព្រៃ​ដូច​នេះ គ្មាន​សង្ឃឹម​នឹង​បាន​វិល​ត្រឡប់​ទៅ​កាន់​ស្រុក រក​ខុស​ត្រូវ​វិញ​បាន​ឡើយ ។ ទោះ​បី​ព្រះ​មាតា ឃាំង​ឃាត់​យ៉ាង​ណា​ក្ដី, ព្រះ​រាជ​កុមារ នៅ​តែ​ពុំ​សុខ​ព្រះ​ទ័យ​ឡើយ ពេល​មួយ ព្រះ​អង្គ​លា​ព្រះ​មាតា ទៅ​ស្វែង​សព្វ​ទិស​ទី រក​ស៊ើប​ដំណឹង​ព្រះ​បិតា ។ ការ​ស្វែង​នេះ​ប្រព្រឹត្ត​ទៅ​អស់​ពេល​ដ៏​យូរ ស្រាប់​តែ​ទៅ​ប្រទះ​ឃើញ នៅ​ត្រង់​ចន្លោះ​នៃ​បន្ទាយ​ឆ្មារ​នូវ​ក្បួន​ហែ​អ្នក​ទោស​ទៅ​សម្លាប់ ។ ព្រះ​រាជ​កុមារ ក្រឡេក​ទៅ​ស្គាល់​អ្នក​ទោស​នេះ​ជាក់​ជា​បិតា​ព្រះ​អង្គ, ទ្រង់​ក៏​ជែក​ពពួក​ហ្វូង​មនុស្ស ឆ្ពោះ​ទៅ​ដល់​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​បាទ​ហ៊ូលូ ដែល​កំពុង​តែ​គង់​ទត​ក្បួន​នេះ​ដែរ ។ ព្រះ​រាជ​កុមារ មាន​ព្រះ​បន្ទូល​ខ្លាំង​ៗ ថា ៖ – អ្នក​ទោស​នេះ ជា​បិតា​ខ្ញុំ លោក​គ្មាន​ទោស​ខុស​អ្វី​ទេ ។ ការ​ដែល​បញ្ជូន​ទៅ​សម្លាប់​នេះ គ្មាន​ហេតុ​ផល​អ្វី​ជា​សំអាង​ឡើយ, ដូច្នេះ សុំ​ឲ្យ​លែង​ភ្លាម បើ​ចង់​សម្លាប់​ណាស់ ខ្ញុំ​ស៊ូ​ឲ្យ​សម្លាប់​ខ្លួន​ខ្ញុំ​ជំនួស​វិញ ! ព្រះ​បាទ​ហ៊ូលូ ទ្រង់​បាន​ឮ​ហើយ ក៏​ភ្ញាក់​យ៉ាង​ខ្លាំង ហើយ​ត្រាស់​សួរ​ទៅ​វិញ​ថា ៖ – អ្នក​ឯង​មក​ពី​ណា បាន​ជា​ហ៊ាន​មក​និយាយ​យ៉ាង​នេះ ? យើង​នឹង​ឲ្យ​សម្លាប់​ចោល​ក្នុង​រឿណរង្គ​ឥឡូវ​នេះ រាជ​កុមារ​តប​ភ្លាម​ថា ៖ – ខ្ញុំ​ជា​រាជ​បុត្រ​នៃ​ព្រះ​បាទ​យសកេរ គឺ​អ្នក​ទោស​នេះ​ឯង ខ្ញុំ​មិន​ខ្លាច​ស្លាប់ ដោយ​សារ​អយុត្តិធម៌​ដូច្នេះ​ទេ ! ខ្ញុំ​ហ៊ាន​ស្លាប់​ជំនួស​បិតា​ខ្ញុំ ។ ព្រះ​បាទ​ហ៊ូលូ ទ្រង់​ត្រាស់​ទៀត​ថា – កុមារ​ក្លាហាន ! អ្នក​នេះ ពិត​ជា​ឪពុក​អ្នក​ឬ ? បើ​ដូច្នេះ អ្នក​ចូល​មក យើង​នឹង​ដាក់​ក្ដី​លើ​រូប​អ្នក​វិញ ! រាជ​កុមារ​ក្លាហាន ក៏​យាង​ចូល​ទៅ​ទទួល​ទោស ជំនួស​ព្រះ​បិតា​មួយ​រំពេច ។ ពេល​នោះ ព្រះ​បាទ​ហ៊ូលូ ត្រាស់​បញ្ជា​ឲ្យ​ពេជ្ឈឃាដ​ប្រហារ​ព្រះ​រាជ​កុមារ នៅ​ចំ​មុខ​បណ្ដា​ជន ដែល​កំពុង​តែ​មក​អ៊ូអរ ដើម្បី​ទុក​ជា​បម្រាម​ដល់​ជន​ទូទៅ ។ អ្នក​ស្រុក ដែល​ឈរ​មើល​ទាំង​ប៉ុន្មាន សឹង​ផ្អើល​ឈូឆរ​ដោយ​សារ​ហេតុ​ការណ៍​ចម្លែក​នេះ​។ ភ័យ​រន្ធត់ នឹក​អាសូរ​រាជ​កុមារ ខ្លះ​ស្ញប់​ស្ញែង​នឹង​ចិត្ត​ក្លៀវក្លា របស់​ព្រះ​រាជ​កុមារ​នេះ ។ ដោយ​អានុភាព​កតញ្ញុតា​ធម៌​របស់​ព្រះ​អង្គ ចំពោះ​អ្នក​ដ៏​មាន​គុណ ដាវ​ដ៏​មុត​របស់​ពេជ្ឈឃាដ ប្រែ​ត្រឡប់​ជា​មូរ​មុខ​អស់​រលីង ជា​ហេតុ​អស្ចារ្យ​ណាស់ ។ ព្រះ​បាទ​ហ៊ូលូ ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង ស្រែក​សន្ធាប់​ឲ្យ​ពេជ្ឈឃាដ​ប្ដូរ​ដាវ​ខ្មូរ​មុខ​នោះ​ចេញ យក​ដាវ​សំលៀង​មុត ហើយ​ចូល​មក​កាប់​ម្ដង​ទៀត ។ ជា​ច្រើន​លើក​ច្រើន​គ្រា ដាវ​នៅ​តែ​មូរ​មុខ ពុំ​បាន​មុត​ដាច់​សាច់​កុមារ សូម្បី​បន្តិច​ឡើយ ។ ឃើញ​ថា ចាញ់​ចេះ​ហើយ ព្រះ​បាទ​ហ៊ូលូ ឲ្យ​ពេជ្ឈឃាដ​គរ​ភ្នក់​ភ្លើង​នោះ យ៉ាង​សន្ធៅ ហើយ​ចាប់​រាជ​កុមារ បោះ​ទៅ​កណ្ដាល​ភ្នក់​ភ្លើង​នោះ, ប៉ុន្តែ​ឥត​ប្រយោជន៍​ទៀត ភ្លើង​ប្រែ​ជា​ត្រជាក់​ល្ហឹម ឥត​មាន​សៅហ្មង ដល់​សាច់​ឈាម​ព្រះ​អង្គ​កុមារ​បន្តិច​ឡើយ ។ ព្រះ​រាជ​កុមារ ទ្រង់​ក្រោក​ចេញ​ពី​ភ្នក់​ភ្លើង ដោយ​ព្រះ​ភក្ត្រ​ញញឹម​ប្រិមប្រិយ ឆ្ពោះ​ទៅ​រក​ព្រះ​បាទ​ហ៊ូលូ និង អាណា​ប្រជានុរាស្ត្រ​ទាំង​អស់ ។ ធ្វើ​ប៉ុណ្ណេះ​ហើយ ក៏​ពុំ​ទាន់​អស់​ព្រះ​ទ័យ​ទៀត ព្រះ​បាទ​ហ៊ូលូ ត្រាស់​បញ្ជា​ឲ្យ​អមាត្យ​នាំ​យក​ដំរី​ចម្បាំង ដែល​កាច​សាហាវ​មួយ​ហ្វូង នាំ​មក​ឲ្យ​ព្រេច​ព្រះ​រាជ​កុមារ​ទៀត ។ ពួក​ហ្ម បាន​បំផាយ​ហ្វូង​ដំរី​យ៉ាង​លឿន​ស្លៅ ចូល​តម្រង់​ព្រះ​រាជ​កុមារ, តែ​អស្ចារ្យ​ណាស់ ដំរី​ទាំង​អស់ លុត​ជង្គង់​ស្មើ​គ្នា នៅ​ចម្ងាយ​ពីរ​ជំហាន​ពី​មុខ​កុមារ ។ មិន​តែ​ប៉ុណ្ណោះ ដំរី​ច្បង​នៅ​មុខ​គេ បាន​លើក​ត្រកង​ព្រះ​អង្គ យ៉ាង​ថ្នាក់​ថ្នម ដាក់​លើ​ក្បាល​ខ្លួន​ថែម​ទៀត ។ ពេល​នោះ អ្នក​ស្រុក​ទាំង​អស់ ផ្អើល​ឆោឡោ ចូល​ទៅ​ចោម​រោម​ព្រះ​រាជ​កុមារ ថ្វាយ​វរ​វន្ទា​គ្រប់​ៗ គ្នា ។ ឃើញ​មហិទ្ធិឫទ្ធិ​ព្រះ​រាជ​កុមារ​ដូច្នោះ ព្រះ​បាទ​ហ៊ូលូ លួច​ភៀស​ព្រះ​អង្គ​ចេញ​បាត់​ពី​ហ្វូង​មនុស្ស ដែល​កំពុង​តែ​ជ្រួល​ច្របល់ ។ ម្ល៉ោះ​ហើយ នៅ​ពេល​ដែល​អ្នក​ផង​រួច​ពី​ការ​ជ្រួល​ជ្រើម​វិញ ស្រាប់​តែ​រក​ស្ដេច​ហ៊ូលូ​មិន​ឃើញ​សោះ ក៏​យល់​ថា ព្រះ​អង្គ​ភៀស​ចេញ​បំបាត់​ដាន ដោយ​ខ្លាច​ឫទ្ធិ​បារមី​ព្រះ​រាជ​កុមារ​វិបុល​កេរ ដែល​ឃើញ​ជាក់​ស្ដែង​អស្ចារ្យ​យ៉ាង​នេះ ។ បន្ទាប់​មក ព្រះរាជ​កុមារ​វិបុល​កេរ បាន​នាំ​ព្រះ​បិតា​គង់​លើ​ព្រះ​ទីន័ង​គជេន្ទ្រ យាង​ដំណើរ​ទៅ​ដល់​ប្រាសាទ​តាមាន់​លើ​ភ្នំ​ដង​រែក រួប​រួម​សុខ​ទុក្ខ​ជា​មួយ​ព្រះ​នាង​បទុម​យ៉ាង​សុខ​សាន្ត​ទៅ ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ដោយ​សារ​គ្រាំ​គ្រា​ក្នុង​ទារុណ​កម្ម​ផង ព្រះ​បាទ​យសកេរ​ជា​ព្រះ​បិតា ក៏​សុគត​នៅ​ទី​នោះ ។ នៅ​ពេល​បន្ទាប់​មក, ព្រះ​រាជ​កុមារ​រៀបចំ​ថ្វាយ​ព្រះ​ភ្លើង បញ្ចុះ​ព្រះ​ធាតុ យ៉ាង​ស្រួល​បួល​ក្នុង​ទី​នោះ​ឯង ។ នៅ​ពេល​បន្ទាប់​មក​ទៀត អ្នក​ស្រុក​បន្ទាយ​ឆ្មារ មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជា​អាទិ បាន​នាំ​គ្នា​រៀប​ក្បួន ទៅ​ដង្ហែ​ព្រះ​រាជ​កុមារ​វិបុល​កេរ នាំ​យក​មក​អភិសេក​ជា​ក្សត្រ​ពេញ​យស នៅ​វាំង​បន្ទាយ​ឆ្មារ, ឯ​ព្រះ​នាង​បទុម ក៏​រស់​នៅ​យ៉ាង​សុខ​សាន្ត ជា​មួយ​រាជ​បុត្រ​រហូត​ទៅ ។ រឿង​ព្រេង​នេះ ប្រហែល​គ្នា​នឹង​រឿង​ព្រេង​នៅ​ភ្នំ​ស្រី​វិបុល​កេរ្តិ៍ នៅ​ខេត្ត​សៀម​រាប ប្លែក​គ្នា​តែ​ខាង​ចុង ដែល​រឿង​ភ្នំ​ស្រី​វិបុល​កេរ្តិ៍ នៅ​សៀមរាប​ថា ព្រះ​រាជ​កុមារ​នេះ និង ព្រះ​វរ​មាតា​សុគត​ទៅ​វិញ ។ ប៉ុន្តែ​បើ​ដេញ​ដោល​រក​ឲ្យ​ឆ្ងាយ​ទៅ​ទៀត គេ​ឃើញ​រឿង​នេះ មាន​ក្នុង​គម្ពីរ “បញ្ញាសជាតក” ដែល​ជា​គម្ពីរ​បាលី​តែង​ស្រុក​អាយ នៅ​ជ្រោយ​សុវណ្ណ​ភូមិ​យើង​នេះ ។ ដូច្នេះ​អ្នក​ស្រាវជ្រាវ អាច​យល់​បាន​ពីរ​ផ្លូវ​ថា ៖ ១- ទំនង​ជា​អ្នក​ស្រុក​ខ្មែរ​យើង បាន​ឃើញ​រឿង​នេះ មាន​នៅ​ក្នុង​គម្ពីរ​បញ្ញាសជាតក​រួច​ហើយ ទើប​គេ​ស្រង់​មក​ដំណាល ភ្ជាប់​នឹង​ទី​ភ្នំ​នេះ​ទៅ ។ ២- ប្រហែល​ជា​មាន​រឿង​ព្រេង​បុរាណ​នេះ ជាប់​ដិត​ដោយ​នឹង​ភ្នំ​នេះ ភ្នំ​នោះ រួច​មក​ហើយ ទើប​អ្នក​ប្រាជ្ញ​ចេះ​ភាសា​បាលី នាំ​យក​ទៅ​តែង​បញ្ចូល​ក្នុង​បញ្ញាសជាតក ជា​ក្រោយ ។ មតិ​ទី ២ នេះ សម​ច្រើន​ដែរ ព្រោះ​មាន​រឿង​ព្រេង​ប្រចាំ​ភ្នំ ភូមិ ស្រុក យើង​ច្រើន​ណាស់ ដែល​ក្លាយ​ទៅ​ជា​រឿង​ក្នុង​បញ្ញាសជាតក ដូចជា​រឿង វរវង្ស​សូរវង្ស (ជួរ​ភ្នំ​គិរីរម្យ​សព្វ​ថ្ងៃ), ភ្នំ​នាង​កង្រី (នៅ​កំពង់ឆ្នាំង) ជាដើម ។ ចំពោះ​ពាក្យ​ថា “បន្ទាយ​ឆ្មារ” នេះ​វិញ ក៏​នាំ​ឲ្យ​មាន​ការ​ដេញ​ដោល​សន្ធឹក​ណាស់​ដែរ ។ តាម​ការ​យល់​របស់​អ្នក​ស្រាវជ្រាវ​ខ្លះ ថា​បន្ទាយ​ឆ្មារ​នេះ​បាន​ន័យ​ថា “បន្ទាយ​តូច” ឬ “វាំង​តូច” ផ្ទុយ​គ្នា​អំពី​បន្ទាយ​ធំ ឬ នគរ​ធំ ។ មតិ​នេះ ឃើញ​ថា សម​ហេតុ​ផល​ដែរ ព្រោះ​តាម​ប្រវត្តិសាស្ត្រ​យើង ក៏​ឃើញ​មាន​បន្ទាយ​ធំ​ជា​រាជធានី ដែល​ហៅថា “មហា​នគរ” ប្រែ​ថា ក្រុង​ធំ ។ ដូច្នេះ កាល​បើ​មាន​បង្កើត​ក្រុង​មួយ​ទៀត​ដែល​តូច​ល្មម ឬ ជា​រាជធានី​តូច ដែល​សម្រាប់​ស្ដេច​អនុជ ឬ ស្ដេច​ត្រាញ់​គង់​នៅ, ក៏​អ្នក​ស្រុក​អាច​សំគាល់​ហៅ​ទី​នោះ​ថា ក្រុង​តូច ឬ បន្ទាយ​តូច ឬ បន្ទាយ​ឆ្មារ4 ដូច្នេះ​ក៏​បាន​ដែរ ។ ឯ​កន្លែង​នេះ ពិត​ជា​មាន​ទីក្រុង​ចាស់​ប្រាកដ​មែន ដូចជា​ការ​ស្រាវជ្រាវ របស់​លោក​ហ្គុសលីយ៉េរ សរសេរ​ថា5 មាន​ទី​ប្រជុំ​ជន​មួយ​ឈ្មោះ ក្បាល​អន្សោង នៅ​ចម្ងាយ ២ គ.ម. ពី​ទី​នេះ ធ្លាប់​មាន​មនុស្ស​រស់​នៅ​ដល់​ទៅ​ប្រមាណ​ជា ២០០.០០០ នាក់ សុទ្ធ​តែ​ជា​ពួក​អ្នក​មាន​មុខ​ងារ មក​កសាង​ប្រាសាទ​ពី​ជំនាន់​នោះ ។ ប៉ុន្តែ ដោយ​ចំណេរ​ត​មក នៅ​តំបន់​នោះ មាន​ទឹក​ជំនន់​ជន់​លិច, មាន​កើត​ជំងឺ​ដង្កាត់​ច្រើន, ពួក​អ្នក​ស្រុក​ទាំង​នេះ ក៏​រត់​ទៅ​នៅ​ឯ​ទី​ឆ្ងាយ ពី​នេះ​បន្តិច​ទៅ​វិញ ដែល​ល្មម​រស់​នៅ​បាន​ស្រួល គឺ​ទី​រួម​ស្រុក​សុរិន្ទ សព្វ​ថ្ងៃ​នេះ ។ ហេតុ​នេះ​ហើយ​បាន​ជា​សុរិន្ទ ឡើង​ទៅ​ជា​ទី​ប្រជុំ​ជន​សំខាន់​មួយ តាំង​ពី​គ្រា​នោះ​មក ។ មិន​តែ​ប៉ុណ្ណោះ តាម​យោបល់​លោក អៃម៉ូនិញេ ថា មក​ដល់​ឆ្នាំ ១៨៨៤ ដែល​ខេត្ត​សុរិន្ទ បាន​ទៅ​សៀម​ហើយ ក៏​ចៅហ្វាយ​ខេត្ត​នេះ នៅ​តែ​មាន​ងារ​ថា ៖ ពញា​សុរិន្ទ​ភក្ដីធីន​នគរ​បន្ទាយ​សេមារ6 ។ យោបល់​នេះ ក៏​បញ្ជាក់​ថែម​ទៀត​ថា ពួក​អ្នក​ស្រុក​សុរិន្ទ មាន​ដើម​កំណើត​ពី​បន្ទាយ​ឆ្មារ​នេះ​មែន ។ តាម​ការ​ស្រាវជ្រាវ របស់​លោក សឺដែស7 បាន​បញ្ជាក់​ថា ប្រាសាទ​បន្ទាយ​ឆ្មារ កសាង​ឡើង ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន ទី ៧ គឺ​ព្រះ​អង្គ​សាង ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ នៃ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម​ស្រិន្ទកុមារ ព្រម​ទាំង​អ្នក​រួម​អាវុធ​របស់​ព្រះ​អង្គ ៤ នាក់​ទៀត ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​សមរភូមិ នៅ​គ្រា​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​ចម្ប៉ា ដែល​ចូល​មក​រុក​រាន ។ តែ​បើ​តាម​ឯកសារ​ផ្សេង​ទៀត ថា ព្រះ​បាទ​ជ័យ​វរ្ម័ន ទី ២ បាន​សាង​ក្នុង​ដើម​សតវត្ស​ទី ៩8 ។ ដូច្នេះ សរុប​សេចក្ដី​ទៅ តាម​រឿង​ព្រេង​ក្ដី សិលា​ចារឹក​ក្ដី ក៏​បង្ហាញ​បញ្ជាក់​ថា ទី​ប្រាសាទ​បន្ទាយ​ឆ្មារ​នេះ ជា​ទី​ប្រជុំ​ជន​ចាស់​ក្នុង​សម័យ​អង្គរ ល្មម​សម​គួរ​តាម​ពាក្យ​អ្នក​ស្រុក​ហៅ តាម​ទម្លាប់​ពាក្យ​ជាន់​នោះ ហៅថា “បន្ទាយ​ឆ្មារ” ដែល​បាន​ន័យ​ថា “វាំង​តូច” ។ ឯ​រឿង​ព្រេង​បន្ថែម​លើ​រឿង​រ៉ាវ​ដ៏​វែង ដូច​បាន​រៀបរាប់​មក​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ប្រឌិត​យក​ទី​កន្លែង ទៅ​ភ្ជាប់​ជា​មួយ​អក្សរ​សាស្ត្រ ឲ្យ​បាន​ន័យ​ពីរោះ​ពិសា​តែ​ប៉ុណ្ណោះ ។
ដោយ www.budinst.gov.kh
Untitled-1
Untitled-1
Untitled-1-Recovered