Untitled-1 (14)

រឿងរបស់ សមុទ្រ

ខ្ញុំឈ្មោះ ណន សមុទ្រ អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យពួក ខេត្តសៀមរាប។ ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានកូនរហូតដល់ទៅ ៧នាក់ ប្រុស ៤ នាក់ ស្រី៣នាក់  នៅក្នុងឃុំព្រៃជ្រួក ស្រុកពួក ខេត្តសៀមរាប។ ជីវភាពគ្រួសាររបស់នាងខ្ញុំក្រីក្រ ពឹងផ្អែក ទាំងស្រុងលើការធ្វើស្រែ។ ប្រភពចំណូលដែលបានមកនេះគឺមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ គ្រួសារ ដែលមានសមាជិកច្រើនឡើយ ជាហេតុធ្វើឲ្យនាងខ្ញុំតែងតែចូលព្រៃ បេះផ្លែឈើ ជីកក្តួច កាប់កូនឈើ យកទៅលក់នៅឯផ្សារក្នុងភូមិ។ នៅពេលចូលព្រៃម្តងៗ ខ្ញុំមិនដែលនឹកនាដល់ គ្រោះថ្នាក់ ជាយថាហេតុណាមួយ ដែលនឹងអាចកើតឡើងចំពោះនាងខ្ញុំជាស្រីឡើយ។ ពិសេស ខ្ញុំគិតតែមួយគត់ថា តើត្រូវធ្វើយ៉ាងណា ដើម្បីបានប្រាក់ជួយដោះស្រាយជីវភាពគ្រួសារ និងចំណាយសម្រាប់ការសិក្សា  ហើយមានពេលខ្លះខ្ញុំត្រូវស៊ីឈ្នួលគេ ដើម្បីយកលុយទៅរៀន ទៀតផង។

ម្តាយរបស់ខ្ញុំដាក់ឈ្មោះខ្ញុំថា សមុទ្រ ពីព្រោះគាត់ចង់ឱ្យខ្ញុំមានចំណេះដឹង និងសមត្ថភាព ជ្រៅជ្រះទូលំទូលាយទោះបីជាខ្ញុំមានរូបរាងតូចល្អិតក៏ដោយ នេះជាមូលហេតុដែលធ្វើឲ្យខ្ញុំខិតខំ រៀនសូត្រដើម្បីសម្រេចបំណងរបស់ម្តាយខ្ញុំ។ ដោយសាតែជីវភាពខ្វះខាត ឪពុកម្តាយរបស់ខ្ញុំ បានខិតខំធ្វើការយ៉ាងលំបាក។ ពេលវេលាដ៏សែនកក់ក្តៅដែលខ្ញុំធ្លាប់មានជាមួយម្តាយ របស់ខ្ញុំពិត ជាខ្លីណាស់។ ម្តាយរបស់ខ្ញុំបានស្លាប់គួរឲ្យអណោចអធម៌ដោយសារបាក់កម្លាំងនៅស្រែពេល ខ្ញុំអាយុបាន១៤ឆ្នាំ ពីព្រោះគាត់ខំធ្វើការធ្ងន់ធ្ងរពេក។ សូម្បីតែពាក្យមួយម៉ាត់ក៏ខ្ញុំមិនបាននិយាយ ជាមួយគាត់ជាលើកចុងក្រោយ ពីព្រោះពេលគាត់ស្លាប់ខ្ញុំកំពុងតែនៅសាលារៀន។  ក្នុងស្ថានភាព ដ៏គួរឱ្យសោកស្តាយ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីឱបសពម្តាយទ្រហោយំតែប៉ុណ្ណោះ។ ជាអកុសល ម្តាយរបស់ខ្ញុំបានលាចាកលោកដោយមិនបានមើលឃើញភាពរីកចម្រើននិង ភាពចាស់ទុំរបស់ខ្ញុំ។

ខ្ញុំមិនដែលស្រមៃថានឹងបានសិក្សាដល់ថ្នាក់ខ្ពស់ឡើយ ដោយសារស្ថានភាពដ៏សែនលំបាក របស់គ្រួសារខ្ញុំ ហើយខ្ញុំក៍ធ្លាប់គិតថាប្រហែល នឹងត្រូវបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៩ ប៉ុណ្ណោះ ពីព្រោះឪពុកខ្ញុំគ្មានលទ្ឋភាព នឹងផ្គត់ផ្គង់បន្តទៀត។ នៅពេលដែលបានឮសម្តីរបស់គាត់ ទឹកភ្នែក ខ្ញុំរមៀលធ្លាក់ទាំងមិនដឹងខ្លួនហើយខ្ញុំពិតជាមិនចង់បោះបង់ការសិក្សាដែលជាបំណងប្រាថ្នា របស់ ម្តាយខ្ញុំមុនពេលគាត់ស្លាប់ឡើយ។ សំណាងល្អអង្គការរូមធូរីដ បានលេចមុខចំពេលដែលខ្ញុំ កំពុងតែប្រឈមនឹងការបោះបង់ការសិក្សា ខ្ញុំពិតជាមានអារម្មណ៍អន្ទះសារយ៉ាងខ្លាំង ពេលដែល បានឮដំណឹងថាខ្ញុំត្រូវបានទទួលអាហារូបករណ៍ខ្ញុំគិតថាទេវតា និងព្រលឹងម្តាយរបស់ខ្ញុំពិតជាតាម ថែរក្សាជួយខ្ញុំ។ ពេលនោះខ្ញុំ ប្រៀបដូចជាមនុស្សឆ្គ្គួតម្នាក់អញ្ចឹងបេះដូងខ្ញុំលោតយ៉ាងខ្លាំង ដៃខ្ញុំញ័រ ហើយខ្ញុំដើរតែញញឹមម្នាក់ឯងគ្រប់ពេលវេលា។ នៅពេលដែលខ្ញុំប្រាប់ ដំណឹងនេះដល់ឪពុកខ្ញុំ គាត់សើចហើយគាត់ឱប និងអង្អែលក្បាលខ្ញុំ គឺថាគាត់ក៏សប្បាយចិត្ត និងមានមោទនភាព ចំពោះខ្ញុំំ ណាស់ដែរ។

ឥឡូវនេះគាត់មិនដែលហាមខ្ញុំឱ្យឈប់រៀននោះទេ ផ្ទុយទៅវិញគាត់ជំរុញលើកទឹកចិត្ត ហើយសរសើរថា ខ្ញុំជាកូនស្រីដែលឆ្លាតជាងគេបំផុត នៅក្នុងភូមិហើយគ្មាននរណាម្នាក់ខិតខំ ប្រឹង ប្រែងរៀនសូត្របានខ្ពង់ខ្ពស់ដូចខ្ញុំឡើយ។ ខ្ញុំទទួលបាននូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការសម្រាប់ការ សិក្សាពីអាហារូបករណ៍អ្វីដែលខ្ញុំត្រូវធ្វើនោះគឺត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្ញុំ។ អ្នកភូមិខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា “ឯងមិនចាំបាច់ខំរៀនសូត្រទេ វាអត់ប្រយោជន៍ឡើយ  យើងជា អ្នកស្រែក្រីក្រនៅតែជាអ្នកស្រែដដែល ទោះបីរៀនចប់ក៏មិនអាចមានលទ្ឋភាពរកការងារធ្វើ និង មានប្រាក់ខែខ្ពស់ដែរ”។ ពាក្យសម្តីទាំងនេះតែងតែលាន់រងំនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយខ្ញុំតែងតែ ប្រាប់ខ្លួនឯង ថាថ្ងៃណាមួយខ្ញុំនឹងធ្វើឱ្យអ្នកទាំងនោះមានវិប្បដិសារីចំពោះអ្វីដែលពួកគេធ្លាប់បាន និយាយ និងគិតចំពោះខ្ញុំ ព្រមទាំងគ្រួសារតាមរយៈការខិតខំរៀនសូត្រឲ្យបានចេះដឹងជ្រៅជ្រះ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថាមានតែការអប់រំទេដែលធ្វើឱ្យខ្ញុំ និងគ្រួសារអាចចៀសផុតពីភាពក្រីក្រ និងភាពល្ងង់ខ្លៅបាន។

ឥឡូវនេះខ្ញុំធ្វើបានសម្រេចហើយ ពួកគេមិនហ៊ាននិយាយបំបាក់ទឹកចិត្តឪពុកខ្ញុំដូចមុនទៀត ឡើយ។ ផ្ទុយទៅវិញពួកគេមានអារម្មណ៍ ខ្មាស់អៀន និងសោកស្តាយចំពោះការគិតខ្លី ពិសេស នៅពេលដែលពួកគេឃើញខ្ញុំមានការរីកចម្រើន  និងរៀនបានជ្រៅជ្រះ។ ខ្ញុំពិតជាមានមោទនភាព ខ្លាំងណាស់ព្រោះយ៉ាងហោចណាស់ក៏ខ្ញុំអាចបញ្ជាក់ប្រាប់គេថាការអប់រំមិនមែនដើម្បី តែការងារ នោះទេ ពោលគឺជាការបង្កើតឱកាសសម្បូរបែបសម្រាប់ ការងារនេះជាបំណងរបស់ខ្ញុំ។

ខ្ញុំត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំមិនមានការបារម្ភអ្វីទេ ពីព្រោះខ្ញុំជឿជាក់ថា ខ្ញុំនឹងប្រឡងជាប់។ តទៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាសាស្ត្រាចារ្យគណិតវិទ្យា បង្រៀននៅសាលារបស់ខ្ញុំ។ ដូច្នេះខ្ញុំអាចធ្វើជាជនគំរូសម្រាប់ភូមិខ្ញុំ និងកុមារីដទៃទៀត។ ប៉ុន្តែ សុបិន្តរបស់ខ្ញុំនឹងមិនអាចសម្រេចបានឡើយប្រសិនបើគ្មានការជួយជ្រោមជ្រែងពីអង្គការរួមធូរីដ ឬ ម្ចាស់ជំនួយនានា។

ដោយ ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered