Untitled-1 (8)

អ្វីដែលអ្នកត្រូវដឹងបើសិនចង់ក្លាយជាអ្នកអានដ៏ពូកែ

មនុស្សម្នាក់ៗមិនដូចគ្នានោះទេ​ អ្នកខ្លះមានអត្តចរិតបែបនេះ ហើយអ្នកខ្លះទៀតមានអត្តចរិតបែបនោះ។ វាសុទ្ធតែត្រូវបានកំណត់ដោយកត្តាជាច្រើនយ៉ាងដូចជា បែបបទនៃការរស់នៅ ការអប់រំ សង្គម​ ជីវភាពគ្រួសារដែលមានលក្ខនៈផ្សេងៗពីគ្នា។ កត្តាទាំងនោះបានជះឥទ្ធិពលមកលើមនុស្សម្នាក់ៗ ហើយវាកំណត់នូវអត្តចរិតរបស់យើងថាតើយើងចូលចិត្តអ្វី និងមិនចូលចិត្តអ្វី។​ ម្យ៉ាងវិញទៀត​វាក៏ពាក់ព័ន្ធទៅលើថា យើងជាប្រភេទមនុស្សដែលមានចំណូលចិត្តអានសៀវភៅ ឬក៏អត់ផងដែរ។

កត្តាដែលកំណត់ថាមនុស្សម្នាក់ក្លាយជាអ្នកចូលចិត្តអានសៀវភៅ ឬអត់ មានដូចជា គ្រួសារ បរិស្ថាន និងខ្លួនយើងផ្ទាល់តែម្តង។

១. គ្រួសារ៖

ឪពុកម្តាយរបស់យើងជាបុគ្គលដ៏សំខាន់បំផុតក្នុងរឿងនេះ ចំពោះឪពុកម្តាយដែលមានបំណងចង់ឲ្យកូនរបស់ខ្លួនក្លាយទៅជាអ្នកចូលចិត្តអានសៀវភៅ គួរធ្វើអ្វីជាច្រើនយ៉ាងដើម្បីកូនដូចតទៅនេះ៖

  • នៅពេលដែលកូននៅក្នុងផ្ទៃ ម្តាយ ឬឪពុក គួរព្យាយាមអានសៀវភៅឲ្យកូននៅក្នុងផ្ទៃស្តាប់ ធ្វើបែបនេះជារឿយៗពិតជាមានប្រយោជន៍ខ្លាំងណាស់ ព្រោះថាត្បិតថាកូនមិនទាន់កើតមកក្តី តែវាក៏អាចទទួលយកអារម្មណ៍ពីម្តាយបានដែរ។
  • នៅពេលដែលកូនកើតមក មិនទាន់ចេះនិយាយក្តី យើងព្យាយាមនិយាយជាមួយកូននូវពាក្យល្អៗ អានអំនានអប់រំឲ្យកូនស្តាប់ជារឿងរាល់យប់មុនចូលគេង វាជួយបានច្រើន ព្រោះថាក្មេងដែលមានអាយុតិច ខួរក្បាលរបស់ពួកគេគឺទទេស្អាត ប្រសិនបើយើងចង់ឲ្យពួកគេក្លាយទៅជាអ្វី ចង់ឲ្យចេះអ្វី ពួកគេនឹងទទួលបានយ៉ាងឆាប់រហ័ស។​
  • នៅពេលដែលកូនដល់អាយុត្រូវចូលរៀន ត្រូវនាំកូនទៅរៀន ហើយតាមដានការសិក្សារបស់កូនជានិច្ច ព្រមទាំងឧស្សាហ៍នាំកូនរបស់អ្នកចូលបណ្ណាល័យដើម្បីអានសៀវភៅ។ ម្យ៉ាងវិញទៀត ត្រូវចាំថា​ម្តាយឪពុកជាគំរូដល់កូនជានិច្ច ប្រសិនបើអ្នកធ្វើអ្វី​កូនអ្នកនឹងធ្វើតាម ប្រសិនបើអ្នកចូលចិត្តអានសៀវភៅ កូនរបស់អ្នកក៏មានទំនោរចូលចិត្តអានសៀវភៅដូចគ្នា។

២. បរិស្ថានជុំវិញខ្លួន៖

  • មិត្តភក្តិ កន្លែងរស់នៅ អ្នកជិតខាង សុទ្ធតែជាកត្តាដែលអាចជះឥទ្ធិពលដល់ទំនោរនៃការអានរបស់មនុស្សម្នាក់ៗផងដែរ។ ឧទាហរណ៍៖ ប្រសិនបើមនុស្សម្នាក់រស់នៅជាមួយមនុស្សដែលល្អ គេក៏អាចល្អ ប្រសិនបើសេពគប់ជាមួយអ្នកដែលចូលចិត្តដើរលេង គេក៏អាចនឹងដើរលេង ផ្ទុយទៅវិញ ប្រសិនបើសេពគប់ជាមួយនឹងអ្នករៀន គេក៏នឹងអាចក្លាយជាអ្នករៀន។ រីឯការអាន ក៏មិនមានអ្វីខុសគ្នានោះដែរ ពោលគឺប្រសិនបើមិត្តភក្តិរបស់អ្នកជាបុគ្គលដែលចូលចិត្តអានសៀវភៅ ភាគរយដែលអ្នកចូលចិត្តក៏មានច្រើនទៅតាមនឹងដូចគ្នាដែរ។
  • ម្យ៉ាងវិញទៀត ដើម្បីជាការល្អ អ្នកគួរតែទៅសូមយោបល់ពីសិស្សច្បង មិត្តភក្តិ ឬអ្នកដែលបានអានសៀវភៅច្រើនមុនអ្នក ថាតើគួរអានសៀវភៅណាខ្លះល្អ និងគួរឲ្យជក់ចិត្ត ដែលធ្វើឲ្យយើងមានអារម្មណ៍ចង់អានបន្តទៀត ព្រោះការធ្វើបែបនេះ អ្នកនឹងមិនចាំបាច់ខាតពេលវេលាអានសៀវភៅដែលមិនសូវគួរឲ្យចាប់អារម្មណ៍ ឬមិនសូវទទួលបានចំណេះដឹងច្រើន។

៣.​ ខ្លួនរបស់អ្នកផ្ទាល់៖

  • ប្រសិនបើអ្នកមានគោលបំណងក្លាយជាអ្នកអានដ៏ពូកែ និងអានបានយ៉ាងឆាប់រហ័ស អ្នកគួរតែតាំងចិត្តឲ្យបានមុតមាំ និង កំណត់ពេលវេលាអានសៀវភៅឲ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តតាមផង។
  • អានអ្វីដែលអ្នកចូលចិត្ត៖ ពិតណាស់ បើយើងធ្វើអ្វីដែលយើងមិនសូវចូលចិត្ត យើងក៏មិនអាចធ្វើវាបានល្អនោះទេ។ ការអានក៏ដូចគ្នាដែរ​ យើងគួរជ្រើសរើសប្រធានបទ ឬសៀវភៅដែលយើងចូលចិត្តមកអាន ព្រោះការធ្វើបែបនេះជួយឲ្យយើងអានបានលឿន ព្រមទាំងមិនឆាប់ធុញទ្រាន់ទៀតផង។
  • បង្កើនការអានជារឿយៗ៖ បើថ្ងៃដំបូងយើងអានបាន១ទំព័រ ថ្ងៃក្រោយទៅយើងគួរព្យាយាមអានឲ្យបាន២ទំព័រ ក្រោយមកទៀតនៅពេលការអានរបស់យើងមានល្បឿនលឿនជាងមុនហើយ យើងអាចបង្កើនទៅដល់៥ទំព័រ ឬលើសពីនេះទៅទៀតក៏បានដែរ។ យើងមិនគួរបន្ថែមតែចំនួនទំព័រនៃការអាននោះទេ ប៉ុន្តែយើងគួរបន្ថែមទាំងចំនួនពេលនៃការអានផងដែរ។ ប្រសិនបើយើងអាចធ្វើបែបនេះបាន មិនយូរទេ យើងប្រាកដជាមានទម្លាប់នៃការអានជាប្រចាំ និងក្លាយខ្លួនជាអ្នកអានដ៏ពូកែផងដែរ។

ការអានគឺជាប្រភពនៃចំណេះដឹង ប្រសិនបើគ្មានការអាននោះទេ យើងក៏មិនអាចមានវិវឌ្ឍនភាព ការអភិវឌ្ឍ និងសម្រេចបាននូវពុទ្ធិដែរ។

Post By ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered