untitled-1-86

សាលាបឹងសាឡាងទាក់ទាញសិស្សដោយសារបរិស្ថានល្អ

នៅក្នុងសាលាបឋមសិក្សាបឹងសាឡាងក្នុងរាជធានីភ្នំពេញ សត្វគោ សេះ ទន្សាយ និងសត្វពាហនៈនានាកំពុងនាំគ្នាស៊ីស្មៅយ៉ាងសប្បាយរីករាយ ដោយមិនរវល់នឹងសិស្សានុសិស្សដែលកំពុងរត់ប្រលែងគ្នាក្នុងពេលម៉ោងចេញលេងនោះឡើយ។

ពេលខ្លះ សិស្សនាំគ្នាមកអង្អែលក្បាលពួកវាលេងដោយក្តីស្រឡាញ់។ ប៉ុន្តែ សត្វទាំងនោះមិនមានការភ្ញាក់ផ្អើល ឬភ័យខ្លាចអ្វីទាំងអស់។ តាមពិត សត្វទាំងនោះប្រហែលជាមិនចង់ឲ្យសិស្ស ឬមនុស្សទាំងអស់នៅជិតពួកវានោះទេ ប្រសិនបើវាមានជីវិតដូចសត្វដទៃនោះ។ ប៉ុន្តែ សត្វទាំងនោះតែងតែនៅស្វាគមន៍សិស្ស និងភ្ញៀវទាំងអស់នៅក្បែរខ្លោងទ្វារសាលាបឋមសិក្សាបឹងសាឡាងទាំងថ្ងៃទាំងយប់ ទោះបីពួកវាគឺជាថ្មមិនមានជីវិតក្តី។

ទោះបីជាគ្មានជីវិតក្តី សត្វទាំងនោះបានជួយឲ្យសាលាបឋមសិក្សាបឹងសាឡាងមានមុខមាត់លេចធ្លោក្នុងចំណោមសាលាបឋមសិក្សានានានៅក្នុងរាជធានីភ្នំពេញ ដោយសារវាបានជួយលើកតម្កើងបរិស្ថានសាលារៀននេះរហូតដល់បានចំណាត់ថ្នាក់លើសាលាបឋមសិក្សានានា។

«យើងគឺជាសាលារៀនលេខមួយផ្នែកបរិស្ថាន។» លោកគ្រូ យឹម ចម្រើន អាយុ៥១ឆ្នាំ ជានាយកសាលាបឋមសិក្សាបឹងសាលាឡាង បានប្រកាសដោយមោទនភាព។ «យើងមានទីធ្លាល្អ ដើមឈើ និងសួនច្បារនិងការថែទាំបានល្អ។» លោកគ្រូនិយាយបន្ថែមថា៖ «សុភាសិតនិយាយថា បរិស្ថានគឺជាជីវិត។ បរិស្ថានល្អ ជួយឲ្យសិស្សមានសុខភាពល្អ។»

ដើមឈើជាច្រើនត្រូវបានដាំក្នុងបរិវេណសាលារៀន ដើម្បីបង្កើនសោភ័ណភាព និងរក្សាបរិស្ថានសាលាឲ្យបានល្អ ព្រោះកាលណាបរិស្ថានល្អ វានឹងជួយទាក់ទាញសិស្សឲ្យចូលចិត្តសាលា និងស្រលាញ់ការសិក្សារបស់គេ។ ទោះជាយ៉ាងនេះក្តី គុណភាពសិក្សារបស់សិស្សនឹងមានការធ្លាក់ចុះ​ ប្រសិនបើវិន័យ គុណភាពបង្រៀន និងរៀន មិនត្រូវបានរឹតបន្តឹងទេ។ ហេតុដូច្នេះហើយ បានជាចំណេះដឹង និងវិធីសាស្ត្របង្រៀនរបស់​លោកគ្រូ អ្នកគ្រូនៅក្នុងសាលានេះតែងតែត្រូវបាន​ពង្រឹងយ៉ាងទៀងទាត់។ លើសពីនេះ សាលាបានផ្តល់លេខទូរស័ព្ទទៅឲ្យមាតាបិតាសិស្សគ្រប់រូប ដើម្បីឲ្យ​ពួកគាត់​ងាយ​ស្រួលទាក់ទងជាមួយសាលា ក្នុងការ​តាមដានការសិក្សារៀនសូត្រ​របស់​កូន​គាត់។ លោកនាយកបាននិយាយថា គុណភាពសិក្សារបស់​សិស្សត្រូវតែពង្រឹង ចាប់ពីបឋមសិក្សាឡើងទៅ ដើម្បីឲ្យពួកគេត្រៀមខ្លួនបានល្អ​ ពេលចូលរៀនថ្នាក់អនុវិទ្យាល័យ។ សាលារៀន មាតាបិតាសិស្ស សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ត្រូវ​តែសហការគ្នា​ឲ្យ​បាន​ស្អិតរមួត ដើម្បីធ្វើរឿងនេះ។

លោកក៏បានបន្ថែមថា លោកមិនចង់ឲ្យសាលាដទៃនិយាយដើម ថាសិស្សមកពីសាលារបស់លោកខ្សោយនោះទេ។ ទាំងគ្រូបង្រៀន ទាំងសិស្ស ត្រូវខំប្រឹងទាំងអស់គ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាព។

អ្វីដែលធ្វើឲ្យទាក់ទាញសិស្សថែមទៀតនោះ គឺគ្រូបង្រៀននៅក្នុងសាលានេះមិនមានប្រើអំពើហិង្សាទៅលើសិស្សដូចកាលពីសម័យមុនៗនោះឡើយ។ លោកនាយកបានរំឮកថា ពេលគាត់ចូលធ្វើជាគ្រូបង្រៀនដំបូងនៅក្នុង
ទសវត្ស៨០ ឪពុកម្តាយសិស្សតែងតែផ្តាំផ្ញើឲ្យគាត់វាយកូនរបស់គេស្រេចតែចិត្ត ដើម្បីឲ្យពួកគេខំប្រឹងរៀន។ តែឥឡូវនេះ ប្រសិនបើគ្រូវាយកូនសិស្ស ឪពុកម្តាយគេប្រាកដជាប្តឹងមិនខាន ពីព្រោះទាំងសិស្ស និងឪពុកម្តាយរបស់គេយល់ច្បាស់អំពីសិទ្ធិកុមារ។

លោកគ្រូនិយាយដោយភាពជឿជាក់ថា កូនសិស្សទាំងអស់ ចូលចិត្តរៀននៅក្នុងសាលាលោកណាស់ ព្រោះសាលារៀននេះ អាចចាត់ទុកថាជាសាលាកុមារមេត្រី។​ ការអះអាងរបស់លោកនាយក ប្រហែលជាមិនខុសទេ។ គ្រាន់តែម៉ោងត្រឹមតែជាង៦ព្រឹកប៉ុណ្ណោះ សិស្សានុសិស្សនាំគ្នាជិះកង់ ឬម៉ូតូទៅរៀនប្រជ្រៀតនឹងចរាចរណ៍កកស្ទះតាមដងផ្លូវជាប់នឹងលូទឹកស្អុយក្នុងសង្កាត់ស្ទឹងមានជ័យ ដើម្បីស្រូតមកឲ្យដល់សាលារៀនឲ្យបានមុនម៉ោង។​ពេលមកដល់ ពួកគេហាក់មានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង នៅពេលដែលពួកគេបានមកដល់សាលារបស់គេ ដែលមានបរិស្ថានស្អាត និងទីធ្លាធំ ប្រកបដោយម្លប់ដើមឈើ និងខ្យល់អាកាសល្អ។

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered