អត្ថបទមួយរបស់ HealthDay News កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥បាននិយាយថា យុវជនដែលមិនសូវបានចេញទៅហាត់ប្រាណទេ តែចំណាយពេលច្រើនអង្គុយនៅលើសាឡុងមើលទូរទស្សន៍ នឹងមានសតិអន់ខ្សោយដល់ពេលឈានចូលវ័យពាក់កណ្តាលមនុស្ស។
វិទ្យាស្ថាន the Northern California Institute for Research and Education របស់មជ្ឈមណ្ឌល the Veterans Affairs Medical Center នៅ San Francisco បានធ្វើការសិក្សាលើមនុស្សក្នុងវ័យជាមធ្យម២៥ឆ្នាំ ចំនួន៣,២០០នាក់(ស្ត្រី៥៧%) ភាគច្រើនជាអ្នកដែលបានបញ្ចប់មធ្យមសិក្សា អស់ពេល២៥ឆ្នាំ។ លទ្ធផលនៃការសិក្សានេះមានចុះផ្សាយជាសាធារណៈនៅក្នុងព្រឹត្តិប័ត្រ JAMA Psychiatry កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ។
នាង Tina Hoang អ្នកដឹកនាំស្រាវជ្រាវម្នាក់បាននិយាយថា៖ ការមិនសូវធ្វើសកម្មភាពខាងរាងកាយហើយនិងការមើលទូរទស្សន៍ច្រើនពេកនៅក្នុងយុវវ័យធ្វើឱ្យគេមានសតិអន់ខ្សោយដល់ពេលចូលដល់មជ្ឈឹមវ័យ ជាពិសេសគឺមានអាយុ៥០ឆ្នាំ។
នៅក្នុងការសិក្សានេះ គេបានកំណត់ថាជាការមើលទូរទស្សន៍ច្រើនពេកកាលណាគេមើលលើសពី៣ម៉ោងក្នុង១ថ្ងៃៗ។ ចំពោះសកម្មភាពខាងរាងកាយវិញ គេបានកំណត់សកម្មភាពជាឯកតាដែលអាស្រ័យទៅតាមរយៈពេលនិងអាំងតង់ស៊ីតេនៃសកម្មភាព។ ចំណែកឯរបៀបវាស់វែងសតិ គេគិតទៅលើការចងចាំពាក្យសំដីដែលនិយាយ និងសមត្ថភាពនៅក្នុងការលើកផែនការ រៀបចំ និងអនុវត្តកិច្ចខាងស្មារតីណាមួយ។
នៅចុងបញ្ចប់នៃការសិក្សា មានអ្នកដែលគេតាមដានចំនួន១១%ដែលត្រូវបានចាត់ទុកថាមើលទូរទស្សន៍ច្រើន និង១៦%ដែលត្រូវបានចាត់ទុកថាមិនសូវធ្វើសកម្មភាពខាងរាងកាយ។ អ្នកដែលមើលទូរទស្សន៍ច្រើនមានការបាត់បង់មុខងាររបស់ស្មារតីច្រើនជាងអ្នកដែលមើលទូរទស្សន៍តិច ហើយអ្នកដែលមិនសូវធ្វើសកម្មភាពគិតគូរមិនបានលឿនដូចជាអ្នកដែលសកម្មភាពច្រើនទេ។ ចំពោះអ្នកដែលមើលទូរទស្សន៍ច្រើនផងហើយមិនសូវធ្វើសកម្មភាពផងវិញ គឺមានការឱនថយខាងសតិស្មារតីទ្វេដង។
នាង Hoang បាននិយាយថា ក្រៅពីមូលហេតុទាំងពីរនេះ វាអាចនៅមានកត្តាផ្សេងៗទៀតដែលគួរតែយកមកពិចារណាថែមទៀត ដូចជាកម្រិតនៃការអប់រំ សន្ទសន៍ម៉ាស់រាងកាយ ចំណីអាហារ ការជក់បារី ហើយនិងសុរា ជាដើម។
អ្នកនាង Susan Albers ចិត្តវិទូនៃផ្នែកចិត្តវិកលវិទ្យានិងចិត្តវិទ្យារបស់ the Cleveland Clinic in Wooster នៅ Ohio បានបញ្ជាក់បន្ថែមថា វាពិតជាមានកត្តាផ្សេងៗជាច្រើនទៀតដែលនាំឱ្យការមើលទូរទស្សន៍ច្រើននិងភាពអសកម្មក្នុងការធ្វើសកម្មភាពធ្វើឱ្យសតិស្មារតីចុះខ្សោយ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សំគាល់គឺថាកត្តាទាំងអស់នោះវាហាក់ដូចជាមកផ្តុំគ្នាយ៉ាងនេះ។
អ្វីដែលយុវវ័យត្រូវដឹងហើយជៀសវាងកុំឱ្យមានផលអាក្រក់ដល់ពេលដែលចាស់ទៅ គឺកុំមើលទូរទស្សន៍ច្រើនពេកពីក្មេង ហើយឧស្សាហ៍ធ្វើសកម្មភាពផង ដូចជាហាត់ប្រាណជាដើម៕